លោក ហ៊ុន សែន ស្នើ​អាស៊ាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​គ្រោះ​មហន្តរាយ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទប់ស្កាត់​គ្រោះ​មហន្តរាយ។ ការ​លើក​ឡើង​នេះ គឺ​ក្នុង​ពេល លោក ហ៊ុន សែន ចូលរួម​ថ្លែង​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ដើម្បី​ស្វែងរក​វិធី​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ចំណែក​អង្គការ​សង្គម​ស៊ីវិល ស្នើ លោក ហ៊ុន សែន ជួយ​ការពារ​បរិស្ថាន​ដោយ​ធានា​ថា កុំ​ឲ្យ​មាន​វិនាសកម្ម​ព្រៃ​ឈើ។

ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់ នៅ​គ្រា​ដែល​មេ​ដឹក​នាំ​នៃ​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន ប្រាថ្នា​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ដំណាច់​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​អាស៊ាន ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា វិធានការ​សំខាន់ៗ​សម្រាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នោះ គឺ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់​រហ័ស នៃ​ការ​កើត​មាន​គ្រោះ​មហន្តរាយ​ផ្សេងៗ ដើម្បី​ឲ្យ​ប្រទេស​នីមួយៗ​បាន​ព្យាករ និង​ត្រៀម​លក្ខណៈ​ទប់ស្កាត់​ជា​មុន៖ «ថ្នាក់​ដឹក​នាំ​ដែល​ពិភាក្សា​នៅ​ថ្ងៃ​នេះ គប្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​ឲ្យ​បាន​ល្អ ទៅ​លើ​បញ្ហា​ទាក់ទង​នឹង​ការ​ផ្តល់​ព័ត៌មាន​ជូន​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់។ ឧទាហរណ៍ ជំនន់​ដែល​កើត​ឡើង ខាង​ប្រទេស​ឡាវ អាច​ផ្តល់​ព័ត៌មាន​ឆាប់​រហ័ស​ដល់​កម្ពុជា ហើយ​កម្ពុជា ក៏​ផ្តល់​ព័ត៌មាន​ឆាប់​រហ័ស​ដល់​វៀតណាម ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​បែប​នេះ»

ទន្ទឹម​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា បន្ថែម​ថា ប្រទេស​ជា​សមាជិក​អាស៊ាន ត្រូវ​ជួយ​អភិវឌ្ឍ​សមត្ថភាព​បច្ចេកទេស និង​ស្ថាប័ន ព្រម​ទាំង​ផ្តល់​ចំណេះ​ជំនាញ និង​បទពិសោធន៍​ផ្សេងៗ​អំពី​របក​គំហើញ​ថ្មីៗ ដើម្បី​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

នៅ​ពេល​បច្ចុប្បន្ន គ្រោះ​មហន្តរាយ​បាន​កើត​ឡើង​ញឹកញាប់ និង​ទំហំ​កាន់​តែ​ធំ ដែល​ពិបាក​ប៉ាន់ស្មាន។

ថ្លែង​បិទ​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លើក​ទី​៣ នេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង មើល​ឃើញ​ថា តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ងាយ​រងគ្រោះ​ពី​បាតុភូត​ធម្មជាតិ ដែល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ បង្ក​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទ្រង់ទ្រាយ​ធំ​អស់​រាប់​ពាន់​លាន​ដុល្លារ។

លោក ហោ ណាំហុង បញ្ជាក់​ដែរ​ថា សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ គឺ​គ្រោះ​មហន្តរាយ​បង្ក​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ មិន​ត្រឹម​តែ​ការ​បាត់បង់​ជីវិត និង​វិនាសកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ប្រភព​នៃ​អសន្តិសុខ​របស់​ពលរដ្ឋ​ទាំង​ផ្នែក​អាយុ​ជីវិត ម្ហូប​អាហារ និង​ភាព​ក្រីក្រ ហើយ​រារាំង​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ទៀត​ផង។

ដើម្បី​ប្រយុទ្ធ​នឹង​គ្រោះ​ធម្មជាតិ​នេះ រដ្ឋាភិបាល​កម្ពុជា ជឿជាក់​ថា ការ​ធ្វើ​ការ​ឆ្លើយ​តប​រួម​គ្នា​របស់​អាស៊ាន ក៏ដូចជា​ពិភពលោក នឹង​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នេះ​ឲ្យ​នៅ​កម្រិត​ទាប។

ដោយឡែក​ទាក់ទិន​នឹង​គ្រោះ​មហន្តរាយ​នេះ ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ដែល​ឃ្លាំ​មើល​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​ការពារ​ក្រុមហ៊ុន​ឯកជន ឲ្យ​បន្ត​កាប់​ឈើ​ដោយ​ខុស​ច្បាប់ និង​ដឹក​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​នោះ ព្រៃ​ឈើ​កម្ពុជា នឹង​ហិនហោច​គ្មាន​សល់ ហើយ​នឹង​បណ្ដាល​ឲ្យ​កើត​ឡើង​នូវ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ លោក​បន្ថែម​ថា វិធានការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​សម្រាប់​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា នោះ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​គិតគូរ​ការពារ​ព្រៃ​ឈើ​ឡើង​វិញ៖ «ព្រៃ​ឈើ​មាន​តួនាទី​សំខាន់ ដែល​ជា​ប្រព័ន្ធ​ការពារ​ផ្នែក​បរិស្ថាន ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ ប្រសិន​បើ​ព្រៃ​ឈើ​អស់​ហើយ ថា​តើ​បរទេស ឬ​ក៏​នាយក​រដ្ឋមន្ត្រី គាត់​មាន​លទ្ធភាព​អី​ដើម្បី​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ មាន​ន័យ​ថា ប្រជាពលរដ្ឋ​សាមញ្ញ​ដេក​រង់ចាំ​តែ​ស្លាប់»

ទាក់ទង​នឹង​គម្រប​ព្រៃ​ឈើ​ធម្មជាតិ​សរុប​នៅ​កម្ពុជា វិញ លោក អ៊ូច ឡេង បញ្ជាក់​ថា គឺ​នៅ​សល់​ប្រមាណ ២០% ប៉ុណ្ណោះ។ ឫសគល់​នៃ​ការ​បាត់បង់​ព្រៃ​ឈើ​នេះ​ហើយ ទើប​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា បាន​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់ធ្ងរ ដូចជា​អាកាសធាតុ​ប្រែប្រួល​ក្តៅ​ខ្លាំង គ្រោះ​រាំង​ស្ងួត ខ្យល់​ព្យុះ និង​ការ​ស្លាប់​មនុស្ស​ដោយសារ​ទឹក​ជំនន់​ជាង ២០០​នាក់ និង​ស្លាប់​ដោយសារ​រន្ទះ​បាញ់​ជាច្រើន​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។