រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ គឺលោក អូន ព័ន្ធមុនីរ័ត្ន សម្រេចបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ មន្ត្រីសង្គមស៊ីវិលជំរុញដល់អាជ្ញាធរឱ្យពន្លឿននីតិវិធីក្នុងការផ្តល់ជំនួយនានា ដល់ពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាក។
សមាសភាពក្រុមការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃលើផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំរបស់ពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនាន់នោះ ពួកគេសុទ្ធសឹងតែជាមន្ត្រីនៃគណបក្សកាន់អំណាច។ ក្នុងនោះអ្នកដែលទទួលខុសត្រូវចំពោះការងាររួម គឺមានអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទចំនួន ៣នាក់ ដែលមានលោក តូច ប៊ុនហួរ អ្នកស្រី ហោ ម៉ាលីន និងសមាជិកចំនួន ៧រូបផ្សេងទៀត។ ក្រៅពីនេះ ក៏មានអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងសមាជិកចំនួន ៥៦រូបទៀត ដើម្បីត្រួតពិនិត្យ និងជួយដោះស្រាយបញ្ហាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។
លោក អូន ព័ន្ធមុនីរ័ត្ន បង្កើតក្រុមការងារនេះឡើងបន្ទាប់ពីលោកទទួលមុខតំណែងមួយទៀត គឺជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម ក្រោយពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
សេចក្ដីសម្រេចក្នុងការបង្កើតក្រុមការងារនេះចុះ កាលពីថ្ងៃទី៩ ខែតុលា លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា អនុរដ្ឋលេខាធិការ និងសមាជិកនៃក្រសួងកសិកម្ម មានតួនាទីពន្លឿនការវាយតម្លៃផលប៉ះពាល់ខូចខាត និងលទ្ធផលក្នុងស្ដារឡើងវិញនៃដំណាំស្រូវ និងដំណាំរួមផ្សំរបស់ពលរដ្ឋ ដែលខូចខាតដោយសារគ្រោះទឹកជំនន់។
ទាក់ទងនឹងរឿងនេះដែរ កសិករម្នាក់រស់នៅឧត្ដរមានជ័យ គឺលោក សុគន្ធ សំរឹទ្ធ រិះគន់ថា ការជ្រើសតាំងលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងកសិកម្មបណ្ដោះអាសន្ន ដែលមានការបង្កើតក្រុមការងារជួយដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះព្រោះទឹកជំនន់នេះទំនងជាគ្មានប្រសិទ្ធភាពឡើយ ព្រោះលោកមើលឃើញថា ប្រព័ន្ធដឹកនាំរដ្ឋបច្ចុប្បន្នមានគោលនយោបាយ និងបក្សតែមួយ។ លោកឱ្យដឹងទៀតថា នៅខេត្តឧត្តរមានជ័យមានស្រុកមួយចំនួន ដូចជា ស្រុកអន្លង់វែង ទឹកជំនាន់នៅតែបន្តហក់ឡើងខ្លាំង ដែលបានបំផ្លាញផលដំណាំពលរដ្ឋនៅតំបន់នោះជាបន្តបន្ទាប់។ ប៉ុន្តែ មកដល់ពេលនេះ លោកមិនទាន់ឃើញមានអាជ្ញាធរណាអើពើជួយដល់ពលរដ្ឋនៅឡើយទេ។
លោក សុគន្ធ សំរឹទ្ធ បន្តលើកឡើងទៀតថា ជំនួសឱ្យមានការបង្កើតក្រុមការងារនេះ រដ្ឋាភិបាលគួរតែមានគោលនយោបាយច្បាស់លាស់ និងចាត់តាំងមន្ត្រី ដែលមានឆន្ទៈពិតប្រាកដ ដើម្បីអភិរក្សធនធានធម្មជាតិ។ លោកជឿជាក់ថា ធនធានព្រៃឈើ បឹងបួរ ទន្លេឆ្នេរសមុទ្រ ដែលត្រូវបំផ្លិចបំផ្លាញកន្លងមកនេះ ជាដើមហេតុបណ្ដាលឱ្យកើតមានទឹកជំនាន់កាន់តែខ្លាំង៖ « ខ្ញុំមើលឃើញថា ក្រោយធនធានធម្មជាតិ ត្រូវបានបំផ្លាញ គឺមានធាតុអាកាសគឺវាប្រែប្រួល។ ទីមួយគឺ ដល់ពេលខែវស្សា គឺទឹកជំនន់លិចផលដំណាំរបស់ប្រជាពលរដ្ឋ។ ទីពីរ ដល់ពេលរដូវប្រាំង បែបជាក្ដៅខ្លាំងទៅវិញ ក្នុងការដូចថា បំផ្លាញធនធាន ឬក៏ដោយសារតែយើងបាត់បង់ធនធានធម្មជាតិហ្នឹងហើយ ធ្វើឱ្យយើងជួបគ្រោះធម្មជាតិមកដល់ប្រជាពលរដ្ឋយើង មកដល់មនុស្សលោកទាំងមូល »។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន (CCFC) យល់ថា ការបង្កើតក្រុមការងារជួយ ពលរដ្ឋរងគ្រោះទឹកជំនន់នេះជារឿងប្រសើរ។ ទោះជាយ៉ាងណាក្ដី លោកនៅតែស្នើដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធពន្លឿននីតិវិធីក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងរៀបចំផ្តល់ពូជស្រូវ និងជំនួយនានា ដល់ពលរដ្ឋដែលកំពុងនៅតំបន់ប្រឈមរងគ្រោះទឹកជំនាន់៖ « ទីពីរ គឺការតម្រូវការទុនបច្ចេកទេសថវិកាជាដើម ក្នុងការស្ដារនៅពេលទឹកជំនន់ស្រកទៅ។ អ៊ីចឹងពូជដាំដុះ បន្លែអីហ្នឹង គឺជារឿងសំខាន់មួយ ដើម្បីជួយដល់កសិករក្នុងការគ្រប់គ្រង ឬស្ដារសេដ្ឋកិច្ចពួកគាត់ឡើងវិញ »។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី៩ តុលា បានបង្ហាញថា ខេត្តសៀមរាបមានស្រុកចំនួន៩ បានរងប៉ះពាល់ដោយទឹកជំនន់ ដែលបានប៉ះពាល់ដំណាំស្រូវ ៣២.៤៦៥ហិកតារ ដែលមានចំនួនពលរដ្ឋ ២.៥៦២៣គ្រួសារ ដោយក្នុងនោះដំណាំស្រូវរងការបំផ្លិចបំផ្លាញមាន ២.៧៨៣ហិកតារ។ ចំណែកខេត្តកំពង់ធំ បានរងផលប៉ះពាល់នូវដំណាំស្រូវសរុប ២៧.៣៤៥ហិកតារ ខណៈផលដំណាំស្រូវ ដែលខូចខាតមាន ៩.៥០០ហិកតារ ដែលមានពលរដ្ឋ ១.៥២២៣គ្រួសារ។
កាលពីថ្ងៃទី៨ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា ស្ថានភាពទឹកជំនន់ ដែលជនលិចតាមបណ្ដាខេត្តមួយចំនួន។ លោក ហ៊ុន សែន បង្ហាញរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថា ជំនន់ទឹកភ្លៀងបានជនលិចឃុំចំនួន ៧៧០ឃុំ នៃខេត្តចំនួន២២ ដែលមានជាអាទិ៍ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងខេត្តព្រះវិហារជាដើម។ លោក ហ៊ុន សែន បញ្ជាក់ថា ដំណាំស្រូវ ១៥១.៤១២ហិកតារ និងដំណាំរួមផ្សំផ្សេងទៀត ៤០.១២៤ហិកតារ ត្រូវបានលិច ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនខូចខាត ប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
