បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត សោកស្តាយពុំបានធ្វើពិធីបុណ្យព្រៃឡង់តាមការគ្រោងទុក ដោយសារក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាត។ តំណាងសហគមន៍ព្រៃឡង់ក្នុងខេត្តនីមួយៗ ត្រូវបានអាជ្ញាធរស្រុកកោះហៅ បង្ខំឱ្យធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពនានា ក្នុងព្រៃការពារធម្មជាតិមួយនេះ។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង បានបង្ខំចិត្តផ្អាកធ្វើពិធីបុណ្យព្រៃឡង់នៅឆ្នាំនេះ ដោយសារអាជ្ញាធរមិនអនុញ្ញាត។ ពួកគេអះអាងថា សមត្ថកិច្ចចម្រុះរាប់សិបនាក់ បានពង្រាយនៅចំណុចភ្នំជី ដែលជាកន្លែងប្រជាសហគមន៍គ្រោងប្រារព្ធពិធីបុណ្យ ដើម្បីគំរាមចាប់ខ្លួនតំណាងពួកគាត់ ប្រសិនបើពុំផ្អាកសកម្មភាពទាំងនោះទេ។
ក្រុមស្នូលព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ឱ្យដឹងនៅថ្ងៃទី២៤ កុម្ភៈថា ថ្មីៗ នេះ អាជ្ញាធរស្រុកបានកោះហៅ ពួកលោកណែនាំឱ្យឈប់ធ្វើសកម្មភាព ក្នុងព្រៃឡង់ និងបង្ខំឱ្យលោក ផ្ដិតមេដៃលើកិច្ចសន្យាមួយ ក៏ប៉ុន្តែលោកបានបដិសេធ។ លោកថា មូលហេតុដែល អាជ្ញាធរហាមពួកលោក មិនឱ្យធ្វើពិធីបុណ្យព្រៃឡង់ ដោយសារ សហគមន៍ព្រៃឡង់ មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរថា ជាការកាច់បំបាក់សកម្មភាពការពារព្រៃឈើរបស់ពលរដ្ឋ ដើម្បីលាក់បាំងបទល្មើសព្រៃឈើខ្នាតធំក្នុងព្រៃអភិរក្សនេះ៖ «ខ្ញុំគិតថា ទង្វើទាំងអស់នេះ គឺរំលោភសិទ្ធិមនុស្សទាំងស្រុង ហើយទី២ ខុសទៅលើគោលការណ៍ច្បាប់។ ច្បាប់ផ្សេងៗ ដូចយើងអត់ទាន់ឃើញថា រៀបចំបុណ្យខុសច្បាប់ទេ »។
ប្រជាសហគមន៍ព្រៃឡង់ទាំងបួនខេត្តមានបំណងរួមប្រារព្ធពិធីបុណ្យព្រៃឡង់នេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ កុម្ភៈ នៅចំណុចតំបន់ភ្នំជី ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ពិធីបុណ្យនេះ ធ្វើឡើងក្នុងបំណងរំឭកគុណព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់គង់វង្ស ដើម្បីរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ដែលមានជីវភាពពឹងផ្អែកលើព្រៃឈើ ក្នុងព្រៃឡង់។
ក្រុមស្នូលព្រៃឡង់ខេត្តស្ទឹងត្រែង លោក គង់ រី ប្រាប់អាស៊ីសេរីថា ពួកលោក ក៏ត្រូវអាជ្ញាធរស្រុកថាឡាបរិវ៉ាត់ កោះហៅណែនាំឱ្យផ្អាកធ្វើពិធីបុណ្យនេះដែរ។ លោកថា អាជ្ញាធរប្រាប់ឱ្យតំណាងសហគមន៍ ឈប់ធ្វើសកម្មភាពនានា ក្នុងព្រៃឡង់ដោយគ្មានច្បាប់អនុញ្ញាត បើពុំដូច្នោះទេ នឹងប្រឈមចំពោះមុខច្បាប់៖ «យើងធ្វើពិធីបុណ្យបំបួសក្នុងព្រៃឡង់នេះគឺ វាជាសាសនា ប្រជាពលរដ្ឋខ្មែរដែលធ្លាប់ ប្រារព្ធធ្វើបុណ្យជារៀងរាល់ឆ្នាំមកហើយ ហើយបើសិនជាមិនឱ្យធ្វើបុណ្យហាក់ដូចជា ទុកព្រៃនៅកន្លែងហ្នឹងឱ្យឈ្មួញចូលបំផ្លាញព្រៃហ្នឹងជាបន្តទៀត »។
អាស៊ីសេរីពុំទាន់អាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង លោក អេង ភីរុង បាននៅឡើយទេនៅថ្ងៃទី២៤ កុម្ភៈ ព្រោះទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកលើក។
ក៏ប៉ុន្តែ អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន វិញលោកបង្ហើបយ៉ាងខ្លីថា មូលហេតុដែលលោកមិនអនុញ្ញាតឱ្យពលរដ្ឋប្រារព្ធពិធីបុណ្យព្រៃឡង់ ព្រោះមានគោលការណ៍ណែនាំ ពីក្រសួងបរិស្ថាន។ លោកបញ្ជាក់ថា ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងមួយ ពុំអនុញ្ញាតឱ្យពលរដ្ឋប្រារព្ធពិធីបុណ្យនេះទេ៖ « ហ្នឹងទាល់តែសួរទៅក្រសួងបរិស្ថាន ព្រោះមានសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន » ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកទង្វើរបស់អាជ្ញាធរថា បង្អាក់កាតព្វកិច្ចរបស់ពលរដ្ឋ ការពារសម្បត្តិជាតិ ស្របតាមរដ្ឋធម្មនុញ្ញ។ លោកអំពាវនាវឱ្យក្រសួងសាមី ពិចារណាទង្វើនេះឡើងវិញ ព្រោះសកម្មភាពរបស់ពលរដ្ឋ ផ្តល់ប្រយោជន៍ច្រើនដល់សង្គមជាតិ មិនគួររារាំង និងគំរាមកំហែងនោះទេ៖ «ក្រសួងបរិស្ថានគួរតែចេញលិខិត ដើម្បីឱ្យគាត់ចូលរួមការពារធនធានធម្មជាតិហ្នឹង កុំឱ្យធ្វើរឿងហ្នឹងទៅជាស្មុគស្មាញទាររកច្បាប់នេះ ច្បាប់នោះ ពិបាកគ្រាន់តែការពារព្រៃឈើខ្លួនឯងសោះ។ ផ្តល់លិខិតឱ្យគាត់ទៅគាត់មានសិទ្ធិសេរីភាព »។
មកទល់ពេលនេះ ២ឆ្នាំហើយ ដែលបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) ត្រូវបានគេហាមឃាត់មិនឱ្យចុះល្បាតការពារព្រៃឡង់ផ្ទុយពីអ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់បែរជាអាចចូលព្រៃឈើ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ដោយសេរី។ ពួកគេអះអាងថា ក្នុងពេលដែលក្រសួងបរិស្ថានហួងហែងពលរដ្ឋមិនល្បាតព្រៃឡង់ ព្រៃអភិរក្សមួយនេះបានក្លាយជាទីផ្សារកាប់ឈើទ្រង់ទ្រាយធំជាច្រើនខែមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។