អាជ្ញាធរ​​ខេត្តសៀមរាប មិន​​ទទួល​​ញត្តិ​ក្រុម​យុវជន​ ដែល​​ស្នើ​ឱ្យ​ឈប់​​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប

ដោយ ម៉ៅ សុធានី
2022.03.30
Share on WhatsApp
Share on WhatsApp
អាជ្ញាធរ​​ខេត្តសៀមរាប មិន​​ទទួល​​ញត្តិ​ក្រុម​យុវជន​ ដែល​​ស្នើ​ឱ្យ​ឈប់​​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប យុវជនបរិស្ថាន លោក ថុន រដ្ឋា។
រូប៖ ហ្វេសប៊ុក ថុន រដ្ឋា

អាជ្ញាធរ​ខេត្តសៀមរាប ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ​មិន​ទទួល​យកញត្តិ​របស់​ក្រុម​យុវជន​ជិត ៥០​នាក់ ​ដែល​ផ្តិត​មេដៃ ​ស្នើឱ្យ​អាជ្ញាធរកែលម្អ​សោភ័ណ្ឌភាព​បរិស្ថាន តាម​ដង​ស្ទឹង​សៀមរាប ដែល​គេ​បង្ហូរ​ទឹកស្អុយ​ចូល​ស្ទឹង ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយនេះ​ទេ។ ​ក្រុម​យុវជន​ដែល​ស្រលាញ់​បរិស្ថាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​អាជ្ញាធរ​ខេត្ត​សៀមរាបមិនទទួក​យក​ញត្តិ​របស់​​ពួកគេ​ដើម្បី​​ចាត់​វិធានការ​តាម​ការ​ស្នើ​សុំ​។

យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​ម្នាក់ ​ប្រាប់​វិទ្យុអាស៊ីសេរី ​នៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ថា​ មន្ត្រី​សាលាខេត្ត​សៀមរាបលោក សុខ ផល ​មិន​​ទទួល​ញត្តិ​របស់​ពួកលោក​នោះ​ទេ ​ដោយ​លើក​ហេតុផល​ថា​ ពួក​លោក ពុំមែន​ជា​ពលរដ្ឋ​រស់​នៅ​ខេត្តសៀមរាប​ដែល​រងផល​ប៉ះពាល់​នោះ​ឡើយ​។​ លោក​បន្ត​ថា​ មន្ត្រី​សាលាខេត្ត​បាន​បង្វែរ​ឱ្យ​ពួកលោក ​យក​ញត្តិ​នេះ ​ដាក់​ជូន​មន្ទីរសាធារណៈការ​ខេត្ត​ ដើម្បី​ដោះស្រាយ​។

តំណាង​ក្រុម​យុវជន​បរិស្ថាន​លោក ​ថុន រដ្ឋា ​ចាត់​ទុក ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​នេះ​ថា ជា​ការ​បង្ក​លក្ខណៈ​ស្មុគស្មាញ ​និង​មាន​ចេតនា​គេច​វេះ​ មិន​ទទួលខុសត្រូវ សំអាត​​បរិស្ថាន ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ស្រប​តាម​ច្បាប់ ​និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​។ ​លោក​បន្ថែម​ថា ​ក្នុង​ពេល​ពួកលោក​យក​ញត្តិ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​ និង​បង្ហោះ​វីដេអូ​ផ្សាយ​ផ្ទាល់ (Live) តាម​បណ្តាញ​សង្គម ​បង្ហាញ​ពី​បំណង​នៃ​ការ​ដាក់​ញត្តិ​នេះ​ ហើយ​អាជ្ញាធរ​មួយចំនួន​បាន​និយាយ​ដៀមដាម ​ក្នុង​ន័យ​​គំរាម​កំហែង​ដល់​ពួកលោក​៖ «យើង​ឃើញ​ថា ​ឱ្យ​តែ​ដាក់​ញត្តិ​ស្នើ​សុំ​ណា​មួយ​ទៅ​ស្ថាប័ន​រដ្ឋ​ហ្នឹង​ហាក់​បី​ដូចជា​ មិន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​សាធារណជន​ទេ ​ធ្វើ​យ៉ាង​ណា​បង្ក​លក្ខណៈងាយ​ស្រួល​ ធ្វើ​យ៉ាង​ណា​ឱ្យ​គាត់​មាន​ភាព​ស្មុគស្មាញ​ថា​ លើក​ក្រោយ​មិន​ចង់​ធ្វើ ​និង​មិន​ចង់​ខ្វល់​ពី​បញ្ហា​ទាំង​អស់​ហ្នឹង​»។

ខ្លឹមសារញត្តិ ​ដែល​មាន​ស្នាម​មេដៃ ​ក្រុម​យុវជន ​ជិត​ ៥០​នាក់ (៤៦ក្នុង​បំណង​ដាក់​ជូន​អភិបាល​ខេត្តសៀមរាប  កែ​លម្អ​សោភ័ណ្ឌភាព​បរិស្ថាន​ស្ទឹង​សៀមរាប  ក្រោយ​ពី​ពួកគេ​ប្រទះ​ឃើញ ​មាន​ទឹក​ស្អុយ​ហូរ​ចេញ​ពី​លូ បណ្តោយ​ស្ទឹង​សៀមរាប ​ដោយមាន​កាក​សំណល់​សំរាម​មក​ជាមួយ​ ធ្វើ​ឱ្យ​ទឹកស្ទឹង​ប្រែ​ជា​ល្អក់​ពណ៌ខ្មៅ ​មាន​ក្លិន​​ស្អុយ​។ ​លើស​ពី​នេះ ​ក្នុង​ក្រុង​សៀមរាប​ អាជ្ញាធរ​បាន​សង់​អាង​ចម្រោះ​ទឹក​កខ្វក់​តម្លៃ ​១៤ ​លាន​ដុល្លារ ​ដែល​ជា​កញ្ចប់​ថវិកា​របស់​រដ្ឋ​ ប៉ុន្តែ​បច្ចុប្បន្ន​ពុំ​មែន​បម្រើ​ប្រយោជន៍​សាធារណៈ​នោះ​ទេ ​បែរ​ជា​កន្លែង​ចឹញ្ចឹមត្រី​ទៅ​វិញ​។

វិទ្យុអាស៊ីសេរីមិនទាន់អាចទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តសៀមរាបលោក ទៀ សីហា បាននៅឡើយទេ នៅថ្ងៃទី៣០ ខែមីនា។ ប៉ុន្តែមន្ត្រីសាលាខេត្ត លោក សុខ ផល បានប្រាប់ក្រុមយុវជនឱ្យយកញត្តិនេះ ដាក់ជូនមន្ទីរសាធារណៈការខេត្ត ដើម្បីដោះស្រាយបញ្ហានេះ។

អនុប្រធាន​មន្ទីរ​សាធារណការខេត្តសៀមរាបលោក ហាប់ មី ​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ លោក​ពុំ​ទាន់​ទទួលញត្តិ​របស់​ក្រុម​យុវជន​ទាំង​នេះ​ទេ​។ លោក​ថា ​លោក​ស្វាគមន៍​ចំពោះ​ការ​ដាក់​ញត្តិ​នេះ​ និង​បាន​ជំរុញ​ឱ្យ​ក្រុមយុវជន​ គួរតែ​សហការ ​និង​សួរនាំ​អាជ្ញាធរ​ជំនាញ ​បកស្រាយ​រឿង​នេះ​ ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ជាមុនសិន​៖ «គាត់​មាន​លុយ​ប៉ុន្មាន​ឱ្យ​កែ ​ធ្វើ​ម៉េច​បច្ចេក​ទេស?​ ខាង​ក្រុម​យុវជន​បរិស្ថាន​គេ​ថា ​ម៉េច?​ មាន​សួរ​គេ​អត់ ​ហើយ​លក្ខណៈ​ជា​ប្រព័ន្ធ​វា​យ៉ាង​ម៉េច​?»។

ពលរដ្ឋ​រស់​នៅ​ក្រុង​សៀមរាប ​អាំង ​ឆាល ​ថ្លែង​ថា​ ការ​បង្ហូរ​ទឹកស្អុយ​ចូល​ស្ទឹងសៀមរាប​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ​ដោយ​អាជ្ញាធរ​មិន​យកចិត្តទុក​ដាក់​ដោះស្រាយ​ ដែល​ធ្វើឱ្យ​ទឹកស្ទឹង​ប្រែ​ជា​ល្អក់​ពណ៌ខ្មៅ ​កខ្វក់​ ដោយសារ​មាន​លូបង្កប់​ក្នុង​ដី​ជា​ច្រើន​កន្លែង ​បង្ហូរ​ទឹក​បង្គន់​ចូលស្ទឹង​។ លោក​យល់​ថា ​បើ​អាជ្ញាធរ​មាន​ឆន្ទៈ​ដោះស្រាយ​រឿង​នេះ​ មិន​ពិបាក​នោះ​ទេ​។

ជុំវិញ​រឿង​នេះ ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាននៃ​សមាគម​អាដហុកលោក ប៉ែន ប៊ុណ្ណារ៍ ​ពន្យល់​ថា ​អាជ្ញាធរ​មាន​ករណីកិច្ច​ទទួល​យកសំណូមពរ​របស់​ពលរដ្ឋ​មក​ដោះស្រាយ​ ដោយ​មិន​រើសអើង​ថា ​ពលរដ្ឋ​រស់​នៅ​តំបន់​ណា​នោះ​ទេ ​។ ​លោក​បន្ត​ថា ​ការ​រក​ឃើញ​ របស់​ក្រុម​យុវជន​ទាំង​នេះ ​ជា​ចំណុច​ល្អ ​ដែល​អាជ្ញាធរ​គួរតែ​ដោះស្រាយ ​ដើម្បី​ចូលរួម​កែ​លម្អ​ចំណុច​ខ្វះខាត​របស់​ខ្លួន​៖ «យើង​សូម​សរសើរ​ឆន្ទៈ​មោះមុត ​របស់​កម្លាំង​យុវជន​ហ្នឹង​ដែរ​ វារុញ​អាជ្ញាធរ​ខេត្ត​នេះ ​ឱ្យ​គិត​ពី​ផល​ប៉ះពាល់​បរិស្ថាន​ទឹក​ស្ទឹង ​ដែល​ហូរ​ចូល​ដោយ​ទឹក​ស្អុយ​ហ្នឹង​»។

ញត្តិ​របស់​ក្រុម​យុវជន ​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​នេះ​ លើក​កម្ពស់​សោភ័ណភាព​បរិស្ថាន​ស្ទឹង​សៀមរាប​ដែល​ជា​ស្ទឹង​ប្រវត្ថិសាស្ត្រ ដើម្បី​ពលរដ្ឋ​អាច​ប្រើប្រាស់​ទឹក​បាន ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។ ពួកគេ​បារម្ភ​ថា ទឹក​កខ្វក់​ទាំង​នេះ ​មាន​ក្លិនស្អុយ ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស ​សត្វ ​ជីវចម្រុះ​ ការ​នេសាទ​ត្រី និង​ ការប្រើប្រាស់​ទឹក​របស់​ប្រជា​កសិករ​ជាដើម​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។