សមត្ថកិច្ច​បញ្ជូន​មន្ត្រី​ទាហាន​ម្នាក់​ និង​​​ពលរដ្ឋ​​ម្នាក់​​ចូល​គុក​រឿង​ទន្ទ្រាន​​ព្រៃ​​​នៅ​​ព្រំដែន​​ខេត្ត​​បាត់ដំបង​

ដោយ ជី វិតា
2019-08-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ុំ សារ៉ាន់ អ្នកស្រុក​សំឡូត ពេល​ជាប់​ឃុំ​​​​នៅ​កន្លែង​នគរបាល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ២០១៩ ដែល​ជាប់ចោទ​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ​តាម​ព្រំដែន​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។
លោក អ៊ុំ សារ៉ាន់ អ្នកស្រុក​សំឡូត ពេល​ជាប់​ឃុំ​​​​នៅ​កន្លែង​នគរបាល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ២០១៩ ដែល​ជាប់ចោទ​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ​តាម​ព្រំដែន​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។
រូប៖ ពលរដ្ឋ

ភរិយា​ជន​ជាប់​ឃុំ​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង​ចោទ​ប្រកាន់​ប៉ូលិស​ខេត្ត​បាត់ដំបង​ថា​ចាប់​ស្វាមី​របស់​ខ្លួន​ដោយ​អយុត្តិធម៌​​ និង​ទាមទារ​សមត្ថកិច្ច​ឱ្យ​ដោះលែង​ស្វាមី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ការ​ទាម​ទារ​នេះ​ បន្ទាប់​ពី​តុលាការ​​ចាប់​មន្ត្រី​ទាហាន​ម្នាក់ និង​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​សំឡូត​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​គុក​នៅ​​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៧ ​សីហា ក្រោម​បទ​ចោទ​ប្រកាន់​បំផុស​ឱ្យ​ពលរដ្ឋ​​ទន្ទ្រាន​ដី​ព្រៃ​​តាម​ព្រំដែន​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ​សមត្ថកិច្ច​ចាប់​ពលរដ្ឋ​ដោយ​មិន​បាន​ស៊ើបអង្កេត​លើ​រឿង​នេះ​ឱ្យ​បាន​ល្អិតល្អន់​នៅ​ឡើយ​ទេ។​

ភរិយា​ជន​ជាប់​ឃុំ​ភូមិ​ស៊ុង​១​ ឃុំ​ស៊ុង ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ អ្នក​ស្រី​ វ៉ាន់ សុខ​ឡេង​ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៨​សីហា​ថា​ ស្វាមី​របស់​អ្នក​ស្រី គឺ​លោក​ អ៊ុំ សារ៉ាន់ ពុំ​បាន​ទៅ​ទន្ទ្រាន​ដី​ព្រៃ​ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​តុលាការ​នោះ​ទេ។ អ្នក​ស្រី​បន្ថែម​ថា ស្វាមី​របស់​ខ្លួន​ជាប់​គុក​ដោយ​អយុត្តិធម៌​បំផុត​ ព្រោះ​ដី​ព្រៃ​ដែល​តុលាការ​ចោទ​ប្រកាន់​មក​លើ​ស្វាមី​នោះ ត្រូវ​បាន​មន្ត្រី​ទាហាន​ម្នាក់​ឈ្មោះ​ទូច​​ប្រាប់​ថា មេ​ទាហាន​ថ្នាក់​លើ​ចែក​ដី​ក្រវាត់​ព្រំដែន​ក្នុង​ស្រុក​សំឡូត​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ចំនួន​៣០០​គ្រួសា ​និង​ជូន​លុយ​ចំនួន ៧មឺន​រៀល (៧០.០០០) ក្នុង​មួយ​គ្រួសារ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ស្របច្បាប់។ អ្នក​ស្រី​បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​ដំណឹង​នេះ​ ប្ដី​របស់​ខ្លួន​ក៏​ប្រាប់​ដល់​អ្នក​ជិត​ខាង​ឱ្យ​នាំ​គ្នា​យក​អត្តសញ្ញាណប័ណ្ណ​ថត​ចំលង ដើម្បី​ចុះ​ឈ្មោះ​យក​ដី និង​ទទួល​លុយ​ពី​ការ​ចង្អុល​បង្ហាញ​របស់​មន្ត្រី​ទាហាន​រូប​នេះ។ អ្នក​ស្រី​បន្ត​ថា មិន​បាន​ឃើញ​ដី​ផង​ លុះ​នៅ​ថ្ងៃ​ទី១៦ សីហា សមត្ថកិច្ច​បាន​​វ៉ៃ​ខ្នោះ​ស្វាមី ​រួច​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដោយ​ចោទ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​ទៅ​វិញ៖ «ហើយ​មាន​បាន​ទៅ​ដល់​ដី​នោះ​ទេ តែ​ឥឡូវ​ខ្ញុំ​លំបាកលំបិន​ខ្លាំង​ណាស់​បើ​អត់​ពី​ប្ដី​ខ្ញុំ​គ្មាន​ប្រាក់​ចំណូល​ទេ​ ចុះ​បើ​មេ​គ្រួសារ​ទៅ​បាត់​ហើយ​ខ្ញុំ​មាន​ចំណូល​ពី​ណា​ បើ​កូន​ខ្ញុំ​ទើប​បាន ១០ខែ ខ្ញុំ​ធ្វើ​អី​កើត​។ខ្ញុំ​ចង់​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​ដោះ​ស្រាយ​រឿង​ប្ដី​របស់​ខ្ញុំ​ផង​ ហើយ​ជួយ​ដល់​គ្រួសារ​ខ្ញុំ​ផង​ ព្រោះ​ខ្ញុំ​ក្រីក្រ​អត់​មាន​អី​ហូប​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ជំទប់​ទី​២​ឃុំ​ស៊ុង​ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ម៉េង យ៉ាង​ ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​ទាហាន​ប្រចាំ​នៅ​ស្រុក​សំឡូត​​ម្នាក់​និង​ពលរដ្ឋ​ម្នាក់​។លោក​បន្ត​ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​មាន​ជីវភាព​​ក្រីក្រ​រស់​នៅ​ឃុំ​ស៊ុង ដែល​ជា​អ្នក​ចាញ់​បោក​មន្ត្រី​ទាហាន​ គឺ​ពុំ​បាន​ទៅ​ទន្ទ្រាន​ដី​នោះ​ទេ៖ «អយុត្តិធម៌​ត្រង់​ថា​មាន​អ្នក​ផ្សេង​ទៀត​ទម្លាក់​កំហុស​មក​លើក​គាត់​ ដោយ​គាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ទេ ហើយ​ដល់​ថ្នាក់​ចោទប្រកាន់​រហូត​បញ្ជូន​គាត់​ទៅ​ដាក់​គុក​ ដោយ​មិន​មាន​ការ​ដោះស្រាយ​និង​វិនិច្ឆយ​ឱ្យ​បាន​ត្រឹមត្រូវ»

លោក​បន្ត​ថា​ សមត្ថកិច្ច​បាន​បញ្ជូន​ មន្ត្រី​ទាហាន​ឈ្មោះ ទូច និង​ពលរដ្ឋ​ឈ្មោះ អ៊ុំ សារ៉ាន់ ដាក់​គុក​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ ទី១៧ សីហា ដោយ​ចោទ​ប្រកាន់​ដើរ​បំផុស​បំផុល​ប្រជាពលរដ្ឋ​ឱ្យ​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់។

ចំណែក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស៊ុង លោក​ កែវ វិបុល ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​ទាហាន​ដែល​ចាប់​ខ្លួន​ឈ្មោះ ស្វាយ ហឿន ហៅ​ ទូច នៅ​កងពល​លេខ​៥២ ប្រចាំ​នៅ​ដែល​ខេត្ត​បាត់ដំបង។ លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​នេះ​ដោយសារ​អ្នក​ទាំង២ យក​អត្តសញ្ញាណ​ប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ថត​ចម្លង​ដើម្បី​ចែក​ដី​ឱ្យ​ពួកគាត់។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​ប៉ូលិស​រូប​នេះ​មិន​បាន​បញ្ជាក់​អំពី​ដី​ដែល​ទន្ទ្រាន​នោះ​នៅ​ចំណុច​ណា​ជាក់លាក់​នោះ​ទេ​ ហើយ​លោក​ថា សមត្ថកិច្ច​អនុវត្ត​លើ​រឿង​នេះ​តាម​បញ្ជា​របស់​តុលាការ៖ «ករណី​នេះ​អត់​ទាន់​បាន​ទន្ទ្រាន​ដី​ទេ​ ហើយ​មិន​ដឹង​ថា ហេតុ​ផល​គេ​ប្រមូល​អត្តសញ្ញាណប័ណ្ណ​យក​ទៅ​ធ្វើ​អី​ទេ គ្រាន់​តែ​គេ​ប្រមូល​អត្តសញ្ញាណ​ប័ណ្ណ​របស់​ប្រជាពលរដ្ឋ​យក​ថត​ចំលង​ទុក​​ ហើយ​ខ្ញុំ​ក៏​រាយការណ៍​តាម​លំដាប់​លំដោយ​នេះ​ ហើយ​ក្រោយ​មក​លោក​ព្រះរាជអាជ្ញា​ អម​ជា​មួយ​លោក​ស្នងការ​រង​គាត់​បាន​ចុះ​មក​ធ្វើ​ការងារ​នឹង​ផ្ទាល់»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​បាត់ដំបង អ្នក​ស្រី​ ទៀង សំបូរ​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ សីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើក​ឡើង​ថា ករណី​នេះ​ប្រជាពលរដ្ឋ​ចាញ់​បោក​មន្ត្រី​ទាហាន ដោយសារ​ក្រីក្រ​មិន​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ក៏​បាន​នាំ​គ្នា​ថត​ចម្លង​អត្តសញ្ញាណ​ប័ណ្ណ​ដើម្បី​ចង់​បាន​ដី​ដាំដុះ។ លោក​បន្ត​ថា តុលាការ​គួរ​ដោះ​លែង​ប្រជាពលរដ្ឋ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​មេ​ខ្លោង​​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «បើ​សិន​ជា​គាត់​មិន​បាន​ប្រព្រឹត្ត​គ្រាន់​តែ​ជួប​ជុំ​គ្នា​ ខ្ញុំ​គិត​ថា​ការ​ឃុំ​ខ្លួន​គាត់​គឺ​វា​មិន​សម​ស្រប​ទេ​ គួរ​តែ​ធ្វើ​ការ​អប់រំ​គាត់​ហើយ​ចំណុច​សំខាន់​រក​ឱ្យ​ឃើញ​មេ​ខ្លោង​ ដែល​ធ្វើ​ការ​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​ការ​កាប់​បំផ្លាញ​ព្រៃ​យក​ដី​ គឺ​ត្រូវ​បន្ត​ស្រាវជ្រាវ​ទៀត​ ទើប​វិធានការ​ទប់​ស្កាត់​មាន​ប្រសិទ្ធភាព»

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​នេះ​ ដោយសារ​ដី​ព្រៃ​នៅ​ព្រំដែន​ស្រុក​សំឡូត​រាប់​រយ​ហិកតារ​ត្រូវ​បាន​ជនល្មើស​ជា​មន្ត្រី​ទាហាន​ប្រចាំ​ការ​នៅ​តំបន់​នោះ ជួល​ប្រជាពលរដ្ឋ​កាប់​ព្រៃ​ស្រឡះ​អស់​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ស្រព​ពេល​ដែល​​មួយ​រយៈ​ចុង​ក្រោយ​នេះ​របប​ក្រុង​ភ្នំពេញ​ដាក់​បទ​បញ្ជា​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ និង​ការ​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ធ្វើ​ឱ្យ​ជនល្មើស​ព្រួយបារម្ភ​ខ្លាច​មាន​ទោស​ ក៏​ប្រាប់​ឱ្យ​ពលរដ្ឋ​ថត​ចម្លង​អត្តសញ្ញាណប័ណ្ណ ដើម្បី​ទៅ​យក​ដី​ដែល​លួច​កាប់​ទន្ទ្រាន​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​តែ​ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល