កសិដ្ឋាន​កាបូន​កម្ពុជា​ជំរុញ​ឲ្យ​ដាំ​កូន​ឈើ​ដើម្បី​ស្រូប​យក​ឧស្ម័ន​ពុល

ដោយ អ៊ុក សាវបូរី
2014.08.05
ដាំ​កូន​ឈើ ព្រៃវែង ៦១០ ក្រុម​សិស្ស​ដាំ​កូន​ឈើ​ក្នុង​បរិវេណ​សាលា នា​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Ouk Savborey

កសិដ្ឋាន​កាបូន​កម្ពុជា (Cambodia Farmland Carbon) ហៅ​កាត់​ថា កាហា្វកា (CAFACA) កំពុង​ធ្វើ​សកម្មភាព​ជួយ​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ ដោយ​គម្រោង​ដាំ​កូន​ឈើ ដើម្បី​ឲ្យ​ស្រូប​យក​ខ្យល់​ពុល ឬ​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស។

ក្រៅ​ពី​ធ្វើ​ឲ្យ​បរិស្ថាន​ប្រសើរ​ឡើង គម្រោង​នេះ​នឹង​ជួយ​បង្កើន​កម្រិត​ជីវភាព​សហគមន៍​កសិករ​នៅ​ក្នុង​ខេត្ត​ចំនួន​៥ មាន​ខេត្ត​ព្រៃវែង កំពត កំពង់ស្ពឺ តាកែវ និង​ខេត្ត​សៀមរាប តាម​រយៈ​ការ​លក់​ធាតុ​កាបូន។

គម្រោង​ដាំ​កូន​ឈើ​ជាង ៣៥​ម៉ឺន​ដើម នៅ​ក្នុង​ខេត្ត​ទាំង​៥ របស់​កសិដ្ឋាន​កាហ្វាកា នឹង​បញ្ចប់​នៅ​ក្នុង​ខែ​តុលា ហើយ​កសិដ្ឋាន​នេះ​រំពឹង​ថា នឹង​អាច​បង្កើន​ការ​លក់​ធាតុ​កាបូន​របស់​កម្ពុជា ទៅ​អោយ​ប្រទេស​មហា​អំណាច​មួយ​ចំនួន។

ករណី​នេះ កសិដ្ឋាន​កាហ្វាកា កំពុង​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដាំ​ដើម​ឈើ​ឲ្យ​បាន​ច្រើន​នៅ​តាម​សាលា​រៀន វត្ត​អារាម សង​ខាង​ផ្លូវ មាត់​ប្រឡាយ ជើង​ទំនប់ ស្រះ​សហគមន៍ ជាដើម។

នាយក​ប្រតិបត្តិ​អង្គការ​សេដាក (CEDAC) លោក សំ វិទូ ពន្យល់​ថា ដើម​ឈើ​ត្រូវ​ការ​ដក​ដង្ហើម​ផ្ទុយ​ពី​មនុស្ស គឺ​ដើម​ឈើ​ស្រូប​យក​ខ្យល់​ពុល ឧស្ម័ន​កាបូនិច ហើយ​វា​បញ្ចេញ​ខ្យល់​អុកស៊ីហ្សែន​មក​វិញ។ ដើម​ឈើ​ស្រូប​យក​ឧស្ម័ន​កាបូនិច​នេះ​ទៅ​ក្នុង​សាច់​ឈើ ហើយ​ដើម​ឈើ​វា​ធំ​ធាត់​ដោយសារ​ឧស្ម័ន​នេះ។ លោក​ថា ការ​ដាំ​ដើម​ឈើ​បាន​ច្រើន វា​ស្រូប​ខ្យល់​ពុល​ពី​បរិយាកាស​កាន់​តែ​ច្រើន ហើយ​ប្រទេស​កម្ពុជា បាន​ចំណូល​ពី​ការ​លក់​ធាតុ​កាបូន ដែល​ដើម​ឈើ​បាន​ស្រូប​នោះ។ លោក​ថា ដើម​ឈើ​១​ដើម អាច​ស្រូប​កាបូន​ពី​បរិយាកាស​បាន ១៨​គីឡូ ក្នុង​រយៈពេល​១​ឆ្នាំ៖ «អ៊ីចឹង​ការ​លក់​កាបូន​មាន​ន័យ​ថា យើង​ដាំ​ដើម​ឈើ ដើម្បី​ឲ្យ​ដើម​ឈើ​ហ្នឹង​ស្រូប​នូវ​ឧស្ម័ន​កាបូនិច ហើយ​យក​ទៅ​ស្តុក​នៅ​ក្នុង​ដើម។ អ៊ីចឹង​បាន​គេ​អាច​គណនា​ថា ហេតុ​អី​បាន​ជា​ចេញ​ជា ១៨​គីឡូ? ដោយសារ​តែ​វា​ស្រូប​ទៅ​បង្កើត​ទៅ​ជា​សាច់​ឈើ ស្លឹក​ឈើ​ហ្នឹង គឺ ១៨​គីឡូ​ក្នុង​១​ឆ្នាំ»

អ្នក​គ្រប់គ្រង​កសិដ្ឋាន កាហា្វកា លោក ហេង ឬទ្ធា ថ្លែង​ថា សហគមន៍​នឹង​លក់​កាបូន​នេះ​ទៅ​ប្រទេស​ដែល​បំភាយ​ខ្យល់​ពុល​ក្នុង ១​តោន គឺ​តម្លៃ ៣​ដុល្លារ។ លោក​ថា តម្លៃ ៣​ដុល្លារ​ក្នុង​១​តោន​នេះ គឺ​ផ្តល់​ជូន​ទៅ​សហគមន៍​ដែល​ថែទាំ​ដើម​ឈើ​ទុក​ឲ្យ​វា​ស្រូប​ឧស្ម័ន​កាបូនិច មិន​មែន​ឲ្យ​ពលរដ្ឋ​កាប់​ដើម​ឈើ​ទេ មិន​តែ​ប៉ុណ្ណោះ កាហ្វាកា គាំទ្រ​ឲ្យ​សហគមន៍​មាន​ចំណូល​ពី​ផល​នៃ​ការ​ទុក​ឲ្យ​ដើម​ឈើ​នៅ​គង់វង្ស ហើយ​រាប់​យក​លុយ​ពី​ដើម​ឈើ​នោះ​វិញ។ បន្ថែម​លើ​នោះ កាហ្វាកា បាន​ជូន​លុយ​ពី​ការ​ដាំ​កូន​ឈើ​ក្នុង​១​ដើម ៣០០​រៀល។ ២​ឆ្នាំ​ក្រោយ​ពី​ដាំ​ដើម​ឈើ​ដុះ​ល្អ វា​ស្រូប​ខ្យល់​ពុល ពេល​នោះ​អ្នក​ដាំ​ដើម​ឈើ នឹង​ទទួល​បាន​លុយ​ផ្សេង​ទៀត​ពី​លក់​ធាតុ​កាបូន។

លោក ហេង ឬទ្ធា៖ «ហើយ​អាជីវកម្ម​គាត់​មួយ​ចំនួន​ហ្នឹង វា​ពាក់ព័ន្ធ​នឹង​ការ​បំពុល​បរិយាកាស។ អ៊ីចឹង​គាត់​មាន​កាតព្វកិច្ច​ថា​ត្រូវ​តែ​សម្អាត​បរិយាកាស ដែល​បំពុល​ដោយសារ​អាជីវកម្ម​របស់​គាត់ ហើយ​គាត់​ក៏​ផ្តល់​ជា​មូលនិធិ​ហ្នឹង​មក​កាហ្វាកា ហើយ​កាហ្វាកា យក​ទៅ​ដាំ​ដើម​ឈើ​សម្អាត​បរិយាកាស​ហ្នឹង​វិញ។ ខ្ញុំ​ឧទាហរណ៍ ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចុះ​ក្នុង​១​ឆ្នាំ គាត់​មាន​ឡាន ១០០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន។ អ៊ីចឹង គាត់​បញ្ចេញ​ផ្សែង​ពុល​មក ឧទាហរណ៍​ថា​ក្នុង​១​ឆ្នាំ ១.០០០​តោន​នៃ​ឧស្ម័ន​ពុល អ៊ីចឹង​គាត់​ត្រូវ​មាន​កាតព្វកិច្ច​សម្អាត​អា​ខ្យល់ ១.០០០​តោន ដែល​គាត់​បំពុល​ហ្នឹង​ទៅ​វិញ។ ហើយ​សម្អាត​តាម​បែប​ណា គឺ​តាម​រយៈ​ការ​ដាំ​ដើម​ឈើ ដើម្បី​ស្រូប​ខ្យល់​ពុល​ហ្នឹង​មក​វិញ»

លោក ហេង ឬទ្ធា ពន្យល់​ថា ខ្យល់​ពុល​មាន​ឧស្ម័ន​កាបូនិច ឧស្ម័ន​មេតាន ជាដើម គឺ​បាន​ចេញ​កើត​ពី​ផ្សែង​ហុយ​ពី​គ្រឿងយន្ត យន្តហោះ រោងចក្រ ជាដើម។ លោក​ថា ប្រទេស​ឧស្សាហកម្ម​មួយ​ចំនួន កំពុង​បំភាយ​ឧស្ម័ន​នោះ​ទៅ​បរិយាកាស នាំ​ឲ្យ​អាកាសធាតុ​ប្រែប្រួល។ ផែនដី​ឡើង​កម្ដៅ​ដោយសារ​ឧស្ម័ន​ពុល​ទាំង​នោះ ទៅ​ទម្លុះ​ស្រទាប់​អូហ្សូន​ដែល​ជួយ​បាំង​កម្ដៅ​ថ្ងៃ កុំ​ឲ្យ​ផែនដី​ក្តៅ។ មូលហេតុ​នេះ កាហ្វាកា នាំ​សិស្ស អាជ្ញាធរ និង​សហគមន៍ ឲ្យ​ដាំ​ដើម​ឈើ ដើម្បី​ជួយ​ការពារ​ស្រទាប់​អូហ្សូន។

នាយក​រង​វិទ្យាល័យ ជា ស៊ីម រក្ស​ជ័យ លោក សុន សុផាត ឲ្យ​ដឹង​ថា នៅ​ក្នុង​វិទ្យាល័យ​នេះ បើ​គិត​ពី​ការ​ដាំ​ដើម​ឈើ​ពី​មុន និង​កំពុង​ដាំ សរុប​មាន​ចំនួន ១.៥០០​ដើម។ លោក​ថា ដើម​ឈើ​ចម្រុះ ១.០០០​ដើម បាន​ដាំ​ពី​មុន គឺ​បាន​ដុះ​មាន​កម្ពស់​ធំ​បន្តិច​ហើយ។ បើ​គិត​ពី​ដើម​ឈើ​នោះ​ស្រូប​បាន​ឧស្ម័ន​ពុល​ពី​បរិយាកាស គឺ​ស្រូប​បាន​ច្រើន​តោន​ហើយ។ លោក សុន សុផាត បន្ត​ថា ពេល​នេះ​សិស្ស​សាលា​កំពុង​ដាំ​ដើម​អង្កាញ់​ចំនួន ៥០០​ដើម​បន្ថែម​ទៀត នៅ​ក្រោយ​អគារ​សិក្សា៖ «ជាទូទៅ ដាំ​តាំង​ពី​ដំបូង​នោះ ខ្ញុំ​មិន​ទាន់​បាន​លុយ​ពី​កាហ្វាកា​ហ្នឹង​ផង ព្រោះ​ខ្ញុំ​គិត​ថា នេះ​ជា​ចំណង់​ចំណូល​ចិត្ត ហើយ​ខ្ញុំ​ចង់​បាន​ម្លប់​នៅ​ពេល​ដែល​បាន​ឈើ​វា​កើត​ហើយ បាន​ខ្ញុំ​គិត​ថា ទៅ​យក​លុយ​ពី​កាហ្វាកា​មក ដើម្បី​អភិវឌ្ឍ​សាលា​បន្ត»

សិស្ស​ថ្នាក់​ទី​១១ វិទ្យាល័យ ជា ស៊ីម រក្ស​ជ័យ ឈ្មោះ ហ៊ុន កែវមុន្នី អះអាង​ថា ដើម​ឈើ​ជួយ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​លើ​ផែនដី ជួយ​ផ្តល់​នូវ​ខ្យល់​អុកស៊ីហ្សែន និង​ស្រូប​យក​ឧស្ម័ន​កាបូនិច។ លោក ហ៊ុន កែវមុន្នី បន្ត​ថា ក្រោយ​ពី​មាន​កាហ្វាកា ជំរុញ​ឲ្យ​ដាំ​ដើម​ឈើ​ក្នុង​សាលា​រៀន សិស្ស និង​គ្រូ នាំ​គ្នា​ថែទាំ​ដើម​ឈើ ដើម្បី​លក់​កាបូន៖ «ថ្ងៃ​នេះ​ខ្ញុំ​ដឹង​ពី​ផល​ប្រយោជន៍​នៃ​ការ​ដាំ​ដើម​ឈើ​នេះ គឺ​ដាំ​ដើម​ឈើ​វា​អាច​ស្រូប​យក​ឧស្ម័ន​កាបូនិច ហើយ​វា​អាច​បញ្ចេញ​ឧស្ម័ន​អុកស៊ីហ្សែន សម្រាប់​មនុស្ស​ដក​ដង្ហើម។ ជួយ​កាត់​បន្ថយ​កម្ដៅ​នៅ​លើ​ផែនដី ជួយ​ថែរក្សា​សីតុណ្ហភាព​នៅ​លើ​ផែនដី និង​ទប់ស្កាត់​ទឹក​ជំនន់ ខ្យល់​ព្យុះ ហើយ​និង​ជួយ​ថែ​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​លើ​ផែនដី»

យុវតី វេ សានី អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ដាំ​ដើម​ឈើ ហើយ​កុំ​កាប់​ដើម​ឈើ ព្រោះ​វា​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​ទប់​ដី​កុំ​ឲ្យ​ហូរ​ច្រោះ ជួយ​ទាក់ទាញ​ដុំ​ពពក​បង្កើត​ទឹក​ភ្លៀង ជាដើម៖ «បើ​សិន​ម្នាក់​ហ្នឹង​ដាំ​ដើម​ឈើ​មួយ​ដើម គឺ​នៅ​ប្រទេស​យើង​ហ្នឹង គឺ​ពោរពេញ​ទៅ​ដោយ​ដើម​ឈើ ហើយ​សុំ​កុំ​ឲ្យ​កាប់​បំផ្លាញ ត្រូវ​តាម​ថែរក្សា​ដើម​ឈើ»

ក្រៅ​ពី​សិស្ស​សាលា​ដែល​ដាំ​ដើម​ឈើ​ក្រោយ​អគារ​សិក្សា មាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាភ្នំ កំពុង​ដាំ​កូន​អង្កាញ់​តាម​ជើង​ទំនប់។

បុរស​ឈ្មោះ គង់ ហឿន នៅ​ភូមិ​ស្ដៅកោង ឃុំ​ស្ពឺក ឲ្យ​ដឹង​ថា គាត់​ដាំ​ដើម​អង្កាញ់​សង​ខាង​ទំនប់ ដើម្បី​កុំ​ឲ្យ​ដី​ខ្នង​ទំនប់​ហូរ​តាម​ទឹក។ លោក​បន្ត​ថា មេឃ​ក្តៅ​ដើម​ឈើ​វា​ផ្តល់​ម្លប់​នៅ​ពេល​គាត់​ចូល​ជ្រក ការ​ដក​ដង្ហើម​របស់​គាត់ គឺ​ងាយ​ស្រួល៖ «បើ​មាន​ដើម​ឈើ យើង​មាន​ភាព​ត្រជាក់ត្រជុំ​ច្រើន បើ​យើង​នៅ​កណ្ដាល​វាល​អ៊ីចឹង ដល់​យើង​អត់​ទាន់​មាន​ដើម​ឈើ​អ៊ីចឹង យើង​ក្តៅ​ក្រហល់ក្រហាយ​ខ្លាំង​ដែរ ការ​ដក​ដង្ហើម​រាង​ថប់ៗ​ដែរ ដូច​យើង​នៅ​កណ្ដាល​ថ្ងៃ អត់​មាន​ម្លប់​អី​ជ្រក​អ៊ីចឹង។ ដល់​មាន​អី​ជ្រក​ទៅ យើង​មាន​អារម្មណ៍​ស្រស់​ថ្លា ដោយសារ​យើង​មាន​ចំហាយ​ខ្យល់ ហើយ​នៅ​ក្នុង​ម្លប់»

មេ​ឃុំ​ស្ពឺក លោក នេត សារួន ឲ្យ​ដឹង​ថា ឃុំ​នេះ​ដាំ​កូន​ឈើ​អង្កាញ់​បាន​ជិត ២​ម៉ឺន​ដើម។ ក្រៅ​ពី​ដើម​ឈើ​មាន​ប្រយោជន៍​ក្នុង​សហគមន៍ ឃុំ​នេះ​ក៏​បាន​ចំណូល​ពី​ការ​លើក​ទឹក​ចិត្ត​ឲ្យ​លក់​កាបូន ដែល​កាហ្វាកា បាន​សន្យា​ទិញ​ក្នុង​រយៈពេល ២០​ឆ្នាំ៖ «ទី​២ គឺ​បាន​ផល​ប្រយោជន៍​ពេល​បាន​លក់​កាបូន​នេះ​ទៅ​ប្រចាំ​ឆ្នាំ ប្រយោជន៍​នោះ គឺ​បាន​មក​សហគមន៍ ប្រជាពលរដ្ឋ​ត្រូវ​បាន​ផល​ហ្នឹង។ ពេល​បាន​លុយ​យក​មក​ទី​១ ជួយ​កែ​សម្រួល​នៅ​ក្នុង​មូលដ្ឋាន ដូចជា​ថ្នល់​ដាច់ ដូចជា​លូ​បាក់​បែក​អី​អ៊ីចឹង​ទៅ យើង​ជួស​ជុល ហើយ​មួយ​ចំណែក​ទៀត កសិករ​យើង​ដាំ​ហ្នឹង​បាន​ផល​ប្រយោជន៍​ទៅ​គាត់​ផ្ទាល់​ដែរ បាន​ឈើ​ប្រើ»

អភិបាល​រង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង លោក ម៉ម កាយ ថ្លែង​ថា ក្នុង​ស្រុក​នេះ ប្រជាពលរដ្ឋ​ចូល​ចិត្ត​ដាំ​ដើម​អង្កាញ់ និង​ដើម​សង្កែ ដែល​ផ្តល់​ជា​ម្លប់​ជ្រក​ឲ្យ​សម្បូរ​អុកស៊ីហ្សែន​ផង ជួយ​ទប់​ការ​ហូរ​ច្រោះ​ដី​ផង និង​ស្រូប​យក​ឧស្ម័ន​ពុល​ផង។ បន្ថែម​លើ​នោះ វា​ជួយ​ឲ្យ​កសិករ​យក​ស្លឹក​អង្កាញ់ និង​ស្លឹក​សង្កែ ធ្វើ​ជី​ធម្មជាតិ ហើយ​ដើម​វា​ធ្វើ​អុស និង​គ្រឿង​សង្ហារិម៖ «ដោយ​ការ​សហការ​របស់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​មាន​ការ​ចូលរួម​ជួយ​ជ្រោមជ្រែង ក៏​ដូច​ជា​ការ​សហការ​របស់​កាហ្វាកា គម្រោង​អាជីវកម្ម​កាបូន​កម្ពុជា ហ្នឹង បាន​និង​កំពុង​ដាំ​ចំនួន ១០​ម៉ឺន​ដើម ប៉ុន្តែ​យើង​បាន​និង​កំពុង​ដាំ​ហ្នឹង​បាន ៨​ម៉ឺន​ហើយ នៅ​តែ ២​ម៉ឺន​ដើម​ទៀត យើង​នឹង​ដាំ ក៏​ដូច​ជា​បាន​បណ្ដុះ»

ពេល​បច្ចុប្បន្ន បរិយាកាស និង​អាកាសធាតុ​លើ​សកលលោក កំពុង​ប្រែប្រួល​ខ្លាំង ហើយ​មាន​បណ្ដា​ប្រទេស និង​តំបន់​មួយ​ចំនួន បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​រួច​ទៅ​ហើយ។ ប្រទេស​មហា​អំណាច និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ចាប់​ផ្ដើម​គាំទ្រ និង​លើក​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ទៅ​លើ​សកម្មភាព​ទាំង​ឡាយ ដែល​ជួយ​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ ធ្វើ​ឲ្យ​បរិយាកាស​ប្រសើរ​ឡើង។

បញ្ហា​ទាំង​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា អង្គការ​សេដាក និង​អង្គការ ណ័រដេកូ (NORDECO) នៃ​ប្រទេស​ដាណឺម៉ាក បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ សហការ​អនុវត្ត​គម្រោង​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ​ឈ្មោះ​ថា "កសិដ្ឋាន​កាបូន​កម្ពុជា" ហៅ​កាត់​ថា កាហ្វាកា។

ក្រៅ​ពី​ការ​ដាំ​ដើម​ឈើ កសិដ្ឋាន​កាបូន​កម្ពុជា ក៏​មាន​ផលិតកម្ម​ជួយ​គាំពារ​បរិស្ថាន ដូចជា ចង្ក្រាន​ចម្អិន​អាហារ​មិន​បំភាយ​ផ្សែង​ពុល និង​ម៉ាស៊ីន​ថាមពល​អគ្គិសនី​ពី​លាមក​សត្វ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។