ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានស្នើទៅតុលាការអាមេរិកសុំឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដែលព្រះរាជអាជ្ញាសហរដ្ឋអាមេរិកចោទប្រកាន់ថា ពាក់ព័ន្ធនឹងអំពើរត់ពន្ធសត្វស្វា ផ្ទេរទៅមន្ទីរឃុំឃាំងរបស់ស្ថានទូតកម្ពុជានៅទីក្រុងវ៉ាស៊ីនតោនវិញ។ មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ីយល់ថា ដើម្បីបង្ការហានិភ័យលួចធ្វើដំណើរមកប្រទេសកម្ពុជាវិញ តុលាការអាមេរិកគួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការយល់ព្រមសំណើរបស់ស្ថានទូតកម្ពុជានេះ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានស្នើសុំមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដែលរដ្ឋអាជ្ញាសហរដ្ឋអាមេរិកចោទប្រកាន់ថា ពាក់ព័ន្ធនឹងការលក់សត្វស្វាក្ដាម ផ្ទេរទៅមន្ទីរឃុំឃាំងរបស់ស្ថានទូតនៅទីក្រុងវ៉ាស៊ីនតោន។
ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃក្រសួងបរិស្ថាន លោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ឃែនណើឌី (Kennedy) ទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ខណៈលោកកំពុងធ្វើដំណើរទៅចូលរួមសន្និសីទនៅទីក្រុងប៉ាណាម៉ា (Panama) ស្ដីពីការជួញដូរខុសច្បាប់លើប្រភេទសត្វជិតផុតពូជ។ លោកត្រូវបានរដ្ឋអាជ្ញាសហរដ្ឋអាមេរិកចោទប្រកាន់ពីបទជួយសម្រួលដល់ការរត់ពន្ធសត្វស្វាក្ដាម ឬស្វាកន្ទុយវែង ដែលជិតផុតពូជ។ ជាមួយគ្នានេះ អគ្គនាយករដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស ក៏ត្រូវបានចោទប្រកាន់ដែរ ប៉ុន្តែលោកកំពុងមានសេរីភាពនៅកម្ពុជានៅឡើយ។
មេធាវី ដាកូតា ខាន់ Dakota Kann ធ្វើការនៅក្រុមហ៊ុនផ្ដល់ជំនួយផ្នែកច្បាប់ អាគីន ហ្គាម (Akin Gump) ដែលមានមូលដ្ឋាននៅទីក្រុង Washington, DC ដែលទទួលបានប្រាក់ខែ ៦ម៉ឺនដុល្លារអាមេរិក (៦០.០០០ដុល្លារ) ក្នុងមួយខែ តាំងពីខែមករា ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកឱ្យមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ក៏ត្រូវបានចាត់ឱ្យការពារក្ដីលោក គ្រី ម៉ះផល ផងដែរ។
នៅក្នុងសំណើមួយដែលបានដាក់ទៅតុលាការសហព័ន្ធសង្កាត់ ញូវយ៉ក អ៊ីសស្ទើន (New York Eastern) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោកស្រី ខាន់ (Kann) បានដាក់ចេញនូវលក្ខខណ្ឌស្នើសុំនៅក្រៅឃុំសម្រាប់លោក គ្រី ម៉ះផល។
សំណើដែលគាំទ្រដោយលិខិតចុះហត្ថលេខាពីឯកអគ្គរាជទូតកម្ពុជាលោក កែវ ឈា បានលើកឡើងថា ស្ថានទូតកកម្ពុជានឹងទទួលខុសត្រូវការចំណាយផ្សេងៗ របស់លោក គ្រី ម៉ះផល ពេញ ២៤ម៉ោង ក្នុងមួយថ្ងៃ ក្នុងបរិវេណស្ថានទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោន រហូតដល់មានការកោះហៅទៅតុលាការ។
ជាមួយគ្នានេះ លិខិតបានលើកឡើងថា មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងស្ថានទូត ដើម្បីបញ្ជាក់វត្តមានរបស់លោក គ្រី ម៉ះផល ក្រោមកិច្ចព្រមព្រៀងនេះ។
ដើម្បីធានាការអនុលោមតាមច្បាប់ លោក កែវ ឈា បានយល់ព្រមក្នុងការលះបង់អភ័យឯកសិទ្ធិការទូតរបស់ស្ថានទូត ដែលធានាក្រោមច្បាប់អន្តរជាតិថា បុគ្គលិក និងការិយាល័យរបស់ស្ថានទូតនឹងមិនត្រូវបានទទួលរងនូវការស្វែងរក ការចាប់ខ្លួន ឬការជ្រៀតជ្រែកពីអាជ្ញាធរនៅក្នុងប្រទេសម្ចាស់ផ្ទះឡើយ។
លោក កែវ ឈា បានសរសេរថា "សម្រាប់គោលបំណងនេះ ស្ថានទូតនឹងលុបចោលនូវអភ័យឯកសិទ្ធិការទូត និងអភ័យឯកសិទ្ធិផ្សេងទៀតទាំងអស់ ដែលនឹងរារាំងការចូលរួមរបស់ភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងបរិវេណស្ថានទូតសម្រាប់គោលបំណងបែបនេះ"។ “ការសន្យា ការធានា និងការប្តេជ្ញាចិត្ត ដែលមានចែងក្នុងលិខិតនេះ គឺមិនអាចលុបចោលវិញបានឡើយ ហើយព្រមទទួលយក ចំពោះការស្នើសុំពីតុលាការដោយគ្មានស្ទាក់ស្ទើរ ឬមានដែនកំណត់ឡើយ។
លោក កែវ ឈា បានសរសេរថា ការផ្តល់ជូននេះត្រូវបានគាំទ្រដោយ “សិទ្ធិអំណាចពេញលេញ” របស់រដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី សុំមិនធ្វើការអត្ថាធិប្បាយនោះទេ ជុំវិញរឿងនេះ ក៏ប៉ុន្តែលោកបានឲ្យវិទ្យុអាស៊ីសេរី សាកសួរស្ថានទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោន។ រហូតមកដល់ពេលនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានទូតកម្ពុជា ដើម្បីសុំអត្ថាធិប្បាយបាននៅឡើយទេ ថ្ងៃទី២ ខែធ្នូ។
ចាប់តាំងពីការចាប់ខ្លួន លោក គ្រី ម៉ះផល ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួន ម៉េត្រូប៉ូលីថាន Metropolitan (MDC) ក្នុងទីក្រុង ប្រ៊ូកលីន (Brooklyn) ទីក្រុងញូវយ៉ក ជាកន្លែងដែលមេធាវីរបស់គាត់អះអាងថា គាត់កំពុងប្រឈមមុខនឹង "លក្ខខណ្ឌនៃការឃុំឃាំងមិនល្អ" រួមជាមួយនឹង "បញ្ហាភាសា និងភាពខុសគ្នានៃវប្បធម៌" ដែលធ្វើឱ្យការឃុំឃាំងលោក គ្រី ម៉ះផល “ពិបាកជាងជនជាប់ឃុំទូទៅ”។
ទោះជាយ៉ាងនេះក្ដី បុគ្គលម្នាក់ដែលធ្លាប់ធ្វើការជាមួយលោក គ្រី ម៉ះផល ប្រាប់វិទ្យុអាស៊ីសេរី ដោយសុំមិនបញ្ចេញឈ្មោះថា ខណៈដែលលោកមិនសូវស្ទាត់ជំនាញ លោក គ្រី ម៉ះផល អាចសន្ទនាជាភាសាអង់គ្លេសប្រកបដោយវិជ្ជាជីវៈ។
ជុំវិញរឿងនេះ ព្រះរាជអាជ្ញានាំមុខ នៃតុលាការអាមេរិក លោក ថូម៉ាស វ៉ាត់ ហ្វីតជើរ៉ល (Thomas Watts-Fitzgerald) មិនបានឆ្លើយតបនឹងសំណួរតាមអ៊ីម៉េលរបស់វិទ្យុអាស៊ីសេរីថា តើគាត់មានគម្រោងប្រឆាំងនឹងការផ្ទេរសំណើរបស់លោក គ្រី ម៉ះផល ទៅកាន់ស្ថានទូតកម្ពុជា ឬអត់ទេ។
កន្លងមក ក្រសួងកសិកម្មរបស់កម្ពុជា ដែលរាប់បញ្ចូលទាំងរដ្ឋបាលព្រៃឈើ បានចេញសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីការចាប់ខ្លួនលោក គ្រី ម៉ះផល ថា រដ្ឋាភិបាលកម្ពុជា «នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់យើង ជាពិសេស អ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេសស្របតាមអនុសញ្ញាអន្តរជាតិ។
ជុំវិញរឿងនេះដែរ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Roberson) យល់ថា ដើម្បីបង្ការហានិភ័យលួចធ្វើដំណើរមកប្រទេសកម្ពុជាវិញ តុលាការអាមេរិកគួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការពិចារណាសំណើសុំផ្ទេរលោក គ្រី ម៉ះផល ឱ្យទៅឃុំឃាំងនៅក្នុងស្ថានទូតកម្ពុជា។
លោក រ៉ូប៊ឺតសុន (Robertson) បន្ថែមថា “សហរដ្ឋអាមេរិកគួរតែទទួលស្គាល់សិទ្ធិរបស់ចុងចោទក្នុងការនៅក្រៅឃុំ ប៉ុន្តែក៏ត្រូវគិតគូរយ៉ាងប្រុងប្រយ័ត្ន ដើម្បីបង្ការហានិភ័យនៃការលួចធ្វើដំណើរចាកចេញពីសហរដ្ឋអាមេរិក ជាពិសេស ប្រសិនបើស្ថានទូតកម្ពុជាចូលរួមជួយក្នុងប្រតិបត្តិការនេះ”។ លោកថា «រដ្ឋាភិបាលកម្ពុជាមិនគួរប្រញាប់ប្រញាល់ចេញមុខការពារមន្ត្រី ដែលរងការចោទប្រកាន់ពីបទបំផ្លាញការការពារសត្វព្រៃ ដែលវាជាទំនួលខុសត្រូវរបស់គាត់នោះទេ។
ជាមួយគ្នានេះ លោក រ៉ូប៊ឺតសុន ក៏បង្ហាញការព្រួយបារម្ភពីការចង់ឱ្យលោក គ្រី ម៉ះផល់ គេចវេះមិនប្រឈមតុលាការ ដោយសារតែការជួញដូរសត្វស្វាក្ដាមនេះ ក៏អាចមានពាក់ព័ន្ធជាមួយមន្ត្រីធំៗ ផ្សេងទៀត ក្នុងរដ្ឋាភិបាលកម្ពុជា ជាពិសេស ទំនាក់ទំនងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម និងក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio Research) ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកថា កន្លងមក ក៏ធ្លាប់មានឯកសារបែកធ្លាយ ដែលបង្ហាញថា ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio Research) បានបរិច្ចាគទឹកប្រាក់ ១ម៉ឺនដុល្លារដល់គណបក្សប្រជានជនកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការបោះឆ្នោត កាលពីឆ្នាំ២០១៨ ដើម្បីទទួលការអនុញ្ញាតពីអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ស្វែងរកស្វាបង្គ្រប់ ដើម្បីនាំចេញ។
ជុំវិញរឿងក្ដីក្ដាំនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា សុំមិនធ្វើធ្វើអត្ថាធិប្បាយចំពោះការលើកឡើងរបស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិឡើយ។ ទោះជាយ៉ាងណាក្ដី កញ្ញានៅតែបន្តអះអាងថា ការនាំចេញស្វាក្ដាមទៅកាន់សហរដ្ឋអាមេរិកកន្លងមក គឺធ្វើឡើងដោយស្របទៅតាមច្បាប់ជាតិអន្តរជាតិ និងដោយគោរពតាមអនុសញ្ញាស្ដីពីការហាមប្រាមការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃ ដែលប្រឈមនឹងការជិតផុតពូជ ហៅកាត់ថា សាយតេស (CITES)៖
«ក្រសួងកសិកម្មបានខិតខំប្រឹងប្រែង និងបានស្វែងរកមេធាវី ដើម្បីការពារក្ដីជូនដល់មន្ត្រីរបស់យើង ដើម្បីឱ្យលោកទទួលបានយុត្តិធម៌ ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសកម្ពុជា ក៏ដូចជាស្ថានទូតប្រទេសកម្ពុជាប្រចាំនៅទីក្រុងវ៉ាស៊ីងតោន និងទីក្រុងញ៉ូយ៉ក។
ដោយឡែក សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត គាំទ្រចំពោះការលើកឡើងរបស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ីបាស៊ីហ្វិក ព្រោះលោកយល់ថា ការឃុំខ្លួនលោក គ្រី ម៉ះផល នេះ មិនត្រឹមតែបង្ហាញពីការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែករណីនេះ ក៏ជាការផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជាផងដែរ។ លោកថា កន្លងមកសកម្មជនបរិស្ថានធ្លាប់បានជាប់ពន្ធនាគារ ដែលមានស្ថានភាពលំបាកជាងពន្ធនាគារនៅអាមេរិកឆ្ងាយណាស់ ខណៈមន្ត្រីរដ្ឋាភិបាល និងឈ្មួញធំៗ ដែលបានសហការគ្នាបំផ្លាញបរិស្ថាន ធនធានធម្មជាតិ មិនដែលត្រូវបានចាត់វិធានការផ្លូវច្បាប់នោះឡើយ៖
«ខ្ញុំសង្ឃឹមថា ករណីនេះ ជាករណីទីមួយ ដែលនឹងអាចរកយុត្តិធម៌បាន ហើយយុត្តិធម៌នៅក្នុងការជួញដូរស្វានេះ ក៏អាចជាយុត្តិធម៌នៅក្នុងរឿងធនធានធម្មជាតិដទៃទៀត ដែលបង្ហាញថា តាមពិតទៅមន្ត្រីកាន់អំណាចមួយចំនួនហ្នឹង គឺបានបំពានតួនាទីរបស់ខ្លួនឯង យកតួនាទីរបស់ខ្លួនឯងហ្នឹងទៅរំលោភបំបានធនធានធម្មជាតិ ហើយធ្វើបាបទៅលើសកម្មជនបរិស្ថានពិតប្រាកដមែន»។
កន្លងមក របាយអង្គការអន្តរជាតិជាច្រើនបានរកឃើញថា រដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធការពារគ្នាទៅវិញទៅមក ជាមួយក្រុមមន្ត្រីរដ្ឋាភិបាល និងឈ្មួញធំៗ ដោយបានរំលោភទៅលើច្បាប់ជាតិយ៉ាងធ្ងន់ធ្ងរ ដើម្បីទាញយកធនធានធម្មជាតិ និងចែកភាគលាភឱ្យគ្នាទៅវិញទៅមក។ សកម្មជនបរិស្ថានលើកឡើងថា ករណីឃុំខ្លួនមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មនេះ គឺជាសក្ខីកម្មមួយដែលបង្ហាញថា ធនធានធម្មជាតិនៅកម្ពុជាជាច្រើនកំពុងត្រូវបានទាញយក និងបំផ្លាញ ដោយគ្មានតម្លាភាព ហើយត្រូវបានការពារដោយរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។