មន្ត្រីកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា បានចេញផ្សាយសៀវភៅរបាយការណ៍មួយ ស្ដីពីសិទ្ធិ និងករណីយកិច្ចក្នុងការការពារធនធានធម្មជាតិនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា របាយការណ៍នេះមានលក្ខណៈវិទ្យាសាស្ត្រ ហើយមានប្រយោជន៍សំខាន់សម្រាប់ភាគីពាក់ព័ន្ធប្រើប្រាស់ ដើម្បីបំពេញកាតព្វកិច្ចក្នុងការការពារធនធានធម្មជាតិ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា ស៊ី.វ៉ាយ.អិន (CYN) លោក ហេង គឹមហុង ឱ្យវិទ្យុអាស៊ីសេរីដឹងថា របាយការណ៍ស្រាវជ្រាវនេះ មានសារៈសំខាន់សម្រាប់អ្នកការពារធនធានធម្មជាតិ ពីព្រោះវាបានបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ភាគីពាក់ព័ន្ធនៅក្នុងច្បាប់ផ្សេងៗ ដូចជា រដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្ដីពីព្រៃឈើជាដើម។ លោកបន្ថែមថា កម្ពុជាជាប្រទេសដែលមានលិខិតជាតូបករណ៍ពេញលេញ នៅក្នុងការអភិរក្សធនធានធម្មជាតិ ក៏ប៉ុន្តែជាអកុសលធនធានធម្មជាតិនៅកម្ពុជា នៅតែបន្តប្រឈមពីការបំផ្លិចបំផ្លាញ ។ លោក ហេង គឹមហុង បន្តថា មូលហេតុចម្បងដែលធ្វើឱ្យធនធានធម្មជាតិនៅកម្ពុជានៅតែរងការបំផ្លិចបំផ្លាញនោះគឺអំពើពុករលួយជាប្រព័ន្ធ ដែលកើតឡើងតាមរយៈសកម្មភាពផ្សេងៗ ដូចជាការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាដើម។ លោក ហេង គឹមហុង បន្ថែមថា នៅក្នុងចំនួនប្រជាពលរដ្ឋសរុប២០០នាក់ ដែលក្រុមការងារបានសម្ភាសន៍ ៤០ភាគរយ នៃពួកគាត់បានឆ្លើយថា ពួកគាត់បានដឹង និងឃើញអំពីអំពើពុករលួយរបស់អាជ្ញាធរមានសមត្ថកិច្ច៖ «មូលហេតុសំខាន់ដែលធ្វើឱ្យគម្របព្រៃឈើនៅកម្ពុជាមានការថយចុះយ៉ាងខ្លាំង គឺកត្តាសម្បទានសេដ្ឋកិច្ច ដែលបានធ្វើឱ្យគម្របព្រៃឈើធ្លាក់ចុះយ៉ាងគំហុកជិត១០ភាគរយ (១០%)ឯណោះ ហើយកត្តាផ្សេងទៀតគឺកត្តា បន្លាស់ទីរបស់ប្រជាពលរដ្ឋ កត្តាទន្ទ្រានយកដីសាធារណៈរបស់រដ្ឋយកមកកាន់កាប់ជាឯកជន ឬក៏ការឈូសបំផ្លាញព្រៃឈើជាដើម ហើយអ្វីដែលយើងព្រួយបារម្ភនោះគឺ ភាពធ្វេសប្រហែសនៅក្នុងការបំពេញមុខងារសាធារណៈរបស់អាជ្ញាធរ និងអំពើពុករលួយហ្នឹងបានក្លាយជាកត្តាព្រួយបារម្ភបំផុតក្នុងទំនាក់ទំនងនៃការបាត់បង់គម្របព្រៃឈើនេះ។
លោក ហេង គឹមហុង ចេញផ្សាយសៀវភៅរបាយការណ៍ស្រាវជ្រាវផ្ទាល់ខ្លួនមួយស្ដីពី សិទ្ធិ និងករណីយកិច្ចការពារធនធានធម្មជាតិនៅកម្ពុជានេះ នៅថ្ងៃទី១៤ ខែកញ្ញា នៅរាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងពេញមួយព្រឹក ដោយមានយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលជាង៨០នាក់ បានចូលរួម ក្នុងនោះ អ្នកចូលរួមក៏បានសួរសំណួរ និងបញ្ចេញមតិយោបល់បន្ថែមទៅលើលទ្ធផលនៃការស្រាវជ្រាវនេះដែរ។
លទ្ធផលរបាយការណ៍ស្រាវជ្រាវដែលមានកម្រាស់ជាងមួយរយទំព័រ (១០៤ទំព័រ) នេះ បានបង្ហាញថា ធនធានធម្មជាតិ និងជីវៈចម្រុះជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ី និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋជិត ៨០ភាគរយ ដែលកំពុងតែរស់នៅជនបទ។ ការសិក្សាស្រាវជ្រាវ ក៏បានរកឃើញដែរថា សហគមន៍ដែលអាស្រ័យផលពីព្រៃឈើ ឬតំបន់ការពារធម្មជាតិ គឺមាន៥ទម្រង់ រួមមាន សហគមន៍មូលដ្ឋាន សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធនធានធម្មជាតិ សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ទេសចរណ៍។ ទោះជាយ៉ាងណា របាយការណ៍នេះបានរកឃើញថា មានប្រជាពលរដ្ឋតែ២៥ភាគរយ (២៥%)ប៉ុណ្ណោះ ដែលដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ ខណៈក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន១៤ ភាគរយ។
យុវតីមួយរូប ដែលបានចូលរួមក្នុងកម្មវិធីនេះ គឺកញ្ញា ដាំ សុស្រីនាង ថ្លែងថា កញ្ញាបានយល់កាន់តែស៊ីជម្រៅអំពីសក្ដានុពលធនធានធម្មជាតិ ដែលប្រទេសកម្ពុជាមាន ព្រមទាំងច្បាប់ និងតួអង្គពាក់ព័ន្ធផ្សេងៗ ដែលមានតួនាទីនៅក្នុងការការពារធនធានធម្មជាតិ។ ម្យ៉ាងវិញទៀត កញ្ញាបានយល់ពីតួនាទីរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីសាធារណៈបន្ថែមទៀត ដែលមានសិទ្ធិក្នុងការដាក់ពាក្យបរិហារទៅលើបុគ្គលណាមួយ ក្នុងករណីបុគ្គលនោះបានបំផ្លាញធនធានធម្មជាតិ ឬបំផ្លាញដល់ផលប្រយោជន៍សាធារណៈធ្ងន់ធ្ងរ៖ «សកម្មភាពឧក្រិដ្ឋហ្នឹង ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ដូចមានការកាប់លើសចំណុះ ក៏អីអ៊ីចឹងទៅ។ សិទ្ធិហ្នឹងបើសិនជាប្រជាពលរដ្ឋយើងអត់ប្រើប្រាស់អត់អីទេ ក៏ប៉ុន្តែបើសិនជាមន្ត្រីសាធារណៈគាត់អត់ប្រើប្រាស់ទេ គាត់នឹងមានទោសវិញ»។
ទាក់ទងទៅនឹងការចេញផ្សាយរបាយការណ៍នេះដែរ ប្រធានគម្រោងពង្រឹងអភិបាលកិច្ច លទ្ធកម្មថ្នាក់ក្រោមជាតិ នៃអង្គការ សីលការ លោក ពុធ កុលកា ថ្លែងថា របាយការណ៍របស់លោក ហេង គឹមហុង នេះមានលក្ខណៈវិទ្យាសាស្ត្រ ហើយមានប្រយោជន៍សំខាន់សម្រាប់ភាគីពាក់ព័ន្ធ ចូលរួមសហការគ្នា ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា។ លោក ពុធ កុលកា បន្ថែមថា អាជ្ញាធរមានសមត្ថកិច្ច មិនគួរបន្តច្រានចោលរបាយការណ៍ដែលបានចុះស្រាវជ្រាវដោយច្បាស់លាស់នេះទេ ហើយអាជ្ញាធរ ជាពិសេសក្រសួងពាក់ព័ន្ធគួរពិនិត្យមើលអនុសាសន៍ ដែលរបាយការណ៍បានផ្ដល់ឱ្យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារការពារធនធានធម្មជាតិ៖ «របាយការណ៍របស់គាត់មានទាំងរូបភាព មានទាំងការធ្វើស្រាវជ្រាវតាមពហុរូបភាព អ៊ីចឹងទៅវាជាទឡ្ហីករណ៍មួយ វាជាភស្តុតាងមួយដែលសង្កត់ធ្ងន់ទៅកាន់រដ្ឋាភិបាល ដែលគាត់ជាអ្នកមានកាតព្វកិច្ច នៅក្នុងការធ្វើឱ្យបញ្ហានៅក្នុងសង្គម ជាពិសេសបញ្ហាព្រៃឈើ ត្រូវបានកាត់បន្ថយ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា ដើម្បីសាកសួរអំពីរឿងនេះបានទេ នៅថ្ងៃទី១៤ ខែកញ្ញា។
របាយការណ៍ស្រាវជ្រាវស្ដីពី សិទ្ធិ និងករណីយកិច្ចការពារធនធានធម្មជាតិនៅកម្ពុជានេះ ត្រូវបានបោះពុម្ពចំនួន៥៥៥ក្បាល ហើយនឹងត្រូវចែករំលែក តាមបណ្ដាអង្គការសង្គមស៊ីវិល និងយុវជនដែលមានចំណាប់អារម្មណ៍នៅក្នុងការចូលរួមការពារធនធានធម្មជាតិ។ ក្រៅពីរបាយការណ៍សិក្សាស្រាវជ្រាវនេះ លោក ហេង គឹមហុង អះអាងថា លោកនឹងស្រាវជ្រាវលើប្រធានបទទាក់ទងនឹងធនធានធម្មជាតិបន្តទៀតនៅក្នុងពេលខាងមុខ ដោយការស្រាវជ្រាវទាំងនោះនឹងទាក់ទងអំពី តំបន់រ៉ាមសា ដែលជាតំបន់អភិរក្សព្រៃលិចទឹក និងសិទ្ធិជនជាតិដើមភាគតិចនៅក្នុងការការពារធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។