ក្រុមហ៊ុន​ចិន​កំពុង​ជីក​យក​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ភ្នំ​ជី​នៃ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ

ដោយ សុជីវី
2023.11.17
ក្រុមហ៊ុន​ចិន​កំពុង​ជីក​យក​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ភ្នំ​ជី​នៃ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ទិដ្ឋភាពពីលើ​នៃក្រុមហ៊ុន​ចិន​ឡាតឆេង​(Late Cheng Mining Development Co Ltd) ដែល​កំពុងជីក​យក​រ៉ែ​មាស ទ្រង់ទ្រាយ​ធំ ក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ទឹកដី ខេត្ត​កំពង់ធំ។
Photo Provided ឬអ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ

សកម្មភាព​ជីកដី​រែង​យក​រ៉ែ​មាស ដោយ​ប្រើ​គ្រឿងចក្រ និង​រំសេវ​ផ្ទុះ​របស់​ក្រុមហ៊ុន​ចិន​និង​ក្រុម​បុគ្គល​ឯកជន​មួយចំនួន​ទៀត​កំពុង​កើត​មាន​ទ្រង់ទ្រាយ​ធំ យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ភូមិសាស្ត្រ​ចាប់ពី​តំបន់​ភ្នំ​ជី​ក្នុង​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ នៃ​ខេត្តកំពង់ធំ​រហូត​ទៅ​ដល់​ព្រំប្រទល់​តំបន់​រលោះ នៃ​ស្រុក​សំបូរ ខេត្ត​ក្រចេះ។

សកម្មភាព​រែង​យក​រ៉ែ​មាស​ទាំងនេះ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ជាច្រើន​ទៅលើ​ធនធាន​ធម្មជាតិ បរិស្ថាន និង​សុខភាព​មនុស្ស​សត្វ​គួរ​ឱ្យ​ព្រួយបារម្ភ។

ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​និង​បរិស្ថាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ចិន​និង​ឯកជន​មួយចំនួន​ទៀត​កំពុង​ធ្វើ​សកម្មភាព​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​គ្រឿងចក្រ និង​ជាតិ​រំសេវ​ផ្ទុះ​ដើម្បី​ជីក​យក​រ៉ែ​មាស​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ជា​ព្រៃ​បៃតង​ធំ​ជាងគេ​បំផុត​របស់​ទ្វីបអាស៊ី​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា។

សកម្មភាព​ជីក​យក​រ៉ែ​មាស​ទាំងនោះ​ហាក់​មិន​ចំហ​ទេ ដោយ​គេ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬក៏​អ្នកស្រាវជ្រាវ​នានា មិន​ឱ្យ​ចូល​ទៅ​កាន់​តំបន់​ពួកគេ​បាន​ឡើយ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ នៅក្នុង​ខេត្តកំពង់ធំ មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចិន​មួយចំនួន​កំពុង​យក​គ្រឿងចក្រ ម៉ាស៊ីន​ស្វាន​ព្រមទាំង​ជាតិ​រំសេវ​ទៅ​ដាក់​បំផ្ទុះ​បំបែក​ថ្ម ដើម្បី​កើប​យក​រ៉ែ​មាស នៅ​ភូមិ​ស្នង​អន ភូមិ​ស្រែ​ព្រីង និង​តំបន់​កំណប់​នៃ​ឃុំ​សុចិត្រ​ស្រុក​សណ្ដាន់។

បណ្ដាញ​សហគមន៍​ដដែល​បញ្ជាក់​ទៀត​ថា លោក​ទើបតែ​បាន​ចូល​ទៅ​កាន់​តំបន់​នោះ ហើយ​បាន​ប្រទះឃើញ​កន្លែង​រែង​យក​រ៉ែ​មាស​ចំនួន ​២​រណ្ដៅ ក្នុង​ទំហំ​ដី​ជាច្រើន​ហិកតារ ក៏ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាងណា​លោក​មិនបាន​ដឹង​ឱ្យ​ប្រាកដ​ថា តើ​មាន​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​មាស​នៅ​តំបន់​នោះ​ទេ ពី​ព្រោះតែ​កន្លែង​ដែល​គេ​ជីក​យក​រ៉ែ​មាស​ទាំងនោះ គេ​មិន​បាន​បោះ​ព្រំប្រទល់ ឬក៏​ដាក់​សញ្ញា​ដើម្បី​បញ្ជាក់​ពី​ម្ចាស់​ក្រុមហ៊ុន​ឡើយ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «ខ្ញុំ​ដឹង​តែ​ក្រុមហ៊ុន​មួយ​ទេ ក្រុមហ៊ុន​ចិន​គេ​កំពុង​រុករក​រ៉ែ ខ្ញុំ​បានឃើញ​ដូចជា​២​រណ្ដៅ​នៅ​ស្នង​អន និង​នៅ​តំបន់​កំណប់​។ បើ​តាម​យើង​មើលទៅ​ទំហំ​រុករក​រ៉ែ​ហ្នឹង​ឃើញ​មួយ​កន្លែងៗ​ទំហំ ១​គីឡូម៉ែត្រ​បួន​ជ្រុង ២​គីឡូម៉ែត្រ​បួន​ជ្រុង បើ​គិត​ជា​ហិកតារ​ក៏​ច្រើន​ដែរ។ គេ​មាន​ម៉ាស៊ីន​ខួង ហើយ​គេ​ដាក់​រំសេវ​បំផ្ទុះ​ថ្ម ឱ្យ​បាក់បែក​ហើយ​គេ​ចាប់ផ្ដើម​ប្រើ​កម្មករ​គ្រឿងចក្រ​អី​ចូល​ទៅ​ក្នុង​នោះ​ដើម្បី​កាយ​យក​រ៉ែ​តែម្ដង»

ចំណែក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ម្នាក់​ទៀត​នៅ​ខេត្ត​ក្រចេះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ​ក៏បាន​ឱ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា ថា សកម្មភាព​ជីក​យក​រ៉ែ​មាស​ជា​ទ្រង់ទ្រាយ​ធំ​នេះ កំពុង​កើតមាន​នៅក្នុង​ឃុំ​សុចិត្រ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជាប់​គ្នា​រហូត​មក​ដល់​ព្រំប្រទល់​ស្រុក​សំបូរ ខេត្ត​ក្រចេះ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «ក្រុមហ៊ុន​ចិន​នៅ​ខាង​ស្នង​អន រលោះ​តូច ភ្នំ​ជី ជាប់​នៅ​ខាង​ព្រំប្រទល់​ស្រុក​សំបូរ​ខេត្តក្រចេះ ប៉ុន្តែ​នៅក្នុង​តំបន់​រលោះ​ហ្នឹង​អត់​ដំណើរការ​ទេ នៅ​ស្នង​អន​ទឹកដី ខេត្ត​កំពង់ធំ​ច្រើនជាង។ យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ ដោយសារតែ​ការ​ជីក​រក​រ៉ែ​ហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​អ្នក​រស់នៅ​ជុំវិញ​ហ្នឹង ឬក៏​ប៉ះពាល់​ដល់​ព្រៃឈើ សត្វព្រៃ។ យើង​ដឹង​ស្រាប់​ហើយ​បើ​មាន​ធាតុ​ថ្នាំពុល​ឬក៏​គ្រឿងផ្ទុះ​អី​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សត្វព្រៃ និង​ធម្មជាតិ​នៅ​ជុំវិញ»

តាម​របាយការណ៍​របស់​ក្រុម​ស៊ើបអង្កេត​ដែល​កំពុង​តាមដាន​សកម្មភាព​ជីក​រ៉ែ​មាស​នោះ បាន​រក​ឃើញ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ឡាត ឆេង ម៉ាញនីងឌីវែលឡុបមែន (Late Cheng Mining Development Co Ltd) ដែល​ទទួល​បាន​ដី​សម្បទាន​នៅក្នុង​តំបន់​នោះ កាលពី​ឆ្នាំ​២០២០-២០២៣​ក៏ប៉ុន្តែ គេ​មិនដឹង​ប្រាកដ​ទេ​ថា តើ​ក្រុមហ៊ុន​នោះ បាន​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​មាស​ស្របច្បាប់ ឬក៏​យ៉ាងណា​ទេ។ ក្រៅ​តែ​ពី​ក្រុមហ៊ុន​ចិន​ឈ្មោះ​ឡាត ឆេង ក៏​មាន​ក្រុម​ឯកជន​ជាច្រើន​ទៀត កំពុងតែ​សម្រុក​ជីក​យក​រ៉ែ​មាស​ហើយក៏​អាច​ជីក​យក​រ៉ែ ថ្មកំបោរ​និង​ត្បូង​នៅក្នុង​ភូមិសាស្ត្រ​ជាប់ៗ​គ្នា​នោះ​ដែរ។

សកម្មភាព​ជីក​យក​រ៉ែ​មាស​ទាំងនោះ​ហាក់​កំពុង​មាន​ភាព​អនាធិបតេយ្យ​យ៉ាង​ខ្លាំង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​មាន​ថ្នាក់​ឃុំ និង​ស្រុក​ជាដើម​មិន​ហ៊ាន​និយាយ​និង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទេ ហាក់​ខ្លាច​អំណាច​ក្រុម​ជន​ជីក​យក​ធនធាន​ធម្មជាតិ​ទាំងនោះ។

ក្រុម​ស៊ើបអង្កេត​រ៉ែ​មាស​តំបន់​ព្រៃ​ឡង់ ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​តំបន់​ជីកដី​រែង​យក​រ៉ែ​មាស មាន​ទំហំ​រាប់​សិប​គីឡូម៉ែត្រ ដោយ​លាតសន្ធឹង​តាំងពី​ជើងភ្នំ​ជី តំបន់​ដូន​ពៅ ស្រែ​ព្រីង​ភូមិ​ស្នង​អន​របស់​ឃុំ​សុចិត្រ នៃ​ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ​សំដៅ​ទៅ​ទិស​ខាងជើង​រហូត​ទៅ​ទល់​គ្នា និង​ព្រំប្រទល់​ឃុំ​រលោះ នៃ​ស្រុក​សំបូរ ខេត្ត​ក្រចេះ។

សកម្មជន​ការពារ​បរិស្ថាន​និង​ព្រៃឈើ​មួយ​រូប ដែល​កំពុង​ស៊ើបអង្កេត​រឿង​នេះ​ឱ្យ​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុម​អ្នក​ជីក​យក​រ៉ែ​មាស​នៅ​តំបន់​ទាំងនោះ ហាក់​មានអំណាច​ខ្លាំង​ដោយ​គេ​មាន​ក្រុម​អភិរក្ស នៃ​ក្រសួង​បរិស្ថាន និង​កម្លាំងប្រដាប់អាវុធ​មួយ​ចំនួន​ទៀត​នៅ​ប្រចាំ​ការពារ មិន​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន អ្នកស្រាវជ្រាវ ឬក៏​មនុស្ស​ចម្លែក​អាច​ចូល​ទៅ​តំបន់​ពួកគេ​បាន​ឡើយ។ បច្ចុប្បន្ន​នេះ កម្លាំងប្រដាប់អាវុធ​ការពារ​ក្រុម​អ្នក​ជីក​យក​រ៉ែ​មាស តែង​បាញ់​គំរាម​មនុស្ស​ចម្លែក​ណា​ដែល​បើកឡាន ឬក៏​ម៉ូតូ​ចូល​ទៅ​ធ្វើ​ឱ្យ​ទាំង​អ្នក​ដំណើរ​ទៅ​កាន់​ទីនោះ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​មានការ​ភ័យខ្លាច ចំពោះ​សន្តិសុខ​ផ្ទាល់ខ្លួន​ហើយ​មិន​ហ៊ាន​និយាយ​អំពី​សកម្មភាព​ទាំងឡាយ​ប្រាប់​ទៅ​អ្នក​ចំណូល​ថ្មី​ឬក៏​ក្រុម​អ្នកសារព័ត៌មាន​នោះ​ទេ។

ក្រុម​អ្នកស៊ើប​អង្កេត​បង្ហាញ​ថា សកម្មភាព​ជីក​យក​រ៉ែ​មាស នៅ​តំបន់​ព្រៃ​ឡង់​នៃ​ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ​នោះ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ជាច្រើន​ផ្នែក ដូចជា​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​រាប់​ម៉ឺន​ហិកតារ និង​ធ្វើ​ឱ្យ​សត្វព្រៃ​ទទួល​រង​ការ​ប្រមាញ់ ប៉ះពាល់​ដល់​ដី​បញ្ចុះសព​របស់​ជនជាតិ​ដើម​ភាគតិច ប៉ះពាល់​ដីស្រែ និង​ចំការ​ស្វាយចន្ទី របស់​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ​ដោយ​ម្ចាស់​មិន​ហ៊ាន​តវ៉ា​ទាមទារ​សំណង​សមស្រប​ជាដើម។ ក្រៅ​ពី​នេះ​ការប្រើ​សារធាតុ​គីមី ដើម្បី​រែង​យក​រ៉ែ​មាស រួច​បង្ហូរ​ចូល​ទឹក ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ និង​សុខភាព​មនុស្ស​ផង​ដែរ។ បន្ថែម​លើ​នេះ​ការដ្ឋាន​អណ្ដូងរ៉ែ​មាស​ក៏​មាន​គ្រោះថ្នាក់ បាក់​ដី​សង្កត់​កម្មករ​ខ្មែរ និង​ជនជាតិ​ចិន​ស្លាប់​មួយ​ចំនួន។ បណ្ដាញ​ស៊ើបអង្កេត​មួយ​រូប​អះអាង​ថា តាម​លោក​ដឹង​ក្នុង​រយៈពេល​២​ឆ្នាំ​មក​នេះ អណ្ដូងរ៉ែ​មាស​នៅ​តំបន់​ស្រុក​សណ្ដាន់ ធ្លាប់​បាក់​ដី​សង្កត់​កម្មករ​ស្លាប់​ចំនួន២​លើក​មក​ហើយ ក៏ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​ត្រូវ​គេ​បិទបាំង​មិន​ឱ្យ​ដឹង​ច្បាស់លាស់ និង​លេចឮ​ដល់​ក្រុម​អ្នកសារព័ត៌មាន​ទេ។

ក្រៅពី​កម្មករ​អណ្ដូងរ៉ែ​មាស​រងគ្រោះ​ស្លាប់ ដោយ​ការ​បាក់​ដី​សង្កត់​នោះ គឺ​កម្មករ​ជាច្រើន​ទៀត​ក៏​រងគ្រោះថ្នាក់​ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ពី​ព្រោះតែ​នៅ​តាម​ការដ្ឋាន​ជីក​យក​រ៉ែ​មាស​ទាំងនោះ គេ​ដឹង​ថា ថៅកែ​បាន​ទិញ​គ្រឿងញៀន​យក​ទៅ​ឱ្យ​កម្មករ​ប្រើប្រាស់​ដើម្បី​ឱ្យ​ឧស្សាហ៍​ធ្វើការ​និង​មិន​ចេះ​នឿយហត់។

ទោះជា​យ៉ាងណា វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការអធិប្បាយ​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​លោក អ៊ឹង ឌីប៉ូឡា អភិបាលខេត្ត​កំពង់ធំ លោក ងួន រតនៈ និង​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​១៥ វិច្ឆិកា។

បច្ចុប្បន្ន​នេះ មិនមែន​មានតែ​ក្រុមហ៊ុន​ចិន​ឡាតឆេង​(Late Cheng Mining Development Co Ltd) មួយ​ប៉ុណ្ណោះ​ទេ ដែល​កំពុងតែ​ជីក​យក​រ៉ែ​មាស ទ្រង់ទ្រាយ​ធំ ក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ទឹកដី ខេត្ត​កំពង់ធំ។

បណ្ដាញ​ការពារ​បរិស្ថាន​និង​ព្រៃឈើ​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ទ្រី ភាព ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​និង​ការ​ជីក​យក​រ៉ែ​មាស និង​ត្បូង​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​រវៀង នៃ​ខេត្តព្រះវិហារ​ដែរ។ បណ្ដាញ​ការពារ​បរិស្ថាន និង​ព្រៃឈើ​ដដែល អះអាង​ទៀត​ថា សកម្មភាព​ជីក​យក​រ៉ែ​មាស​របស់​ក្រុមហ៊ុន ទ្រី ភាព មាន​ទ្រង់ទ្រាយ​ធំ​ជាង​ក្រុមហ៊ុន​ចិន​នោះ​ផង ដោយ​គេ​តែង​ដឹកជញ្ជូន​តាម​សាឡាង​ធំៗ​យក​ទៅ​ចំរាញ់​នៅ​ក្រៅ​ប្រទេស។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «យើង​ឃើញ​មាន​ដឹក​គ្រឿងចក្រ​ចូល ហើយ​មាន​កម្មករ​ធ្វើការ មានការ​ឈូស​ឆាយ​ធ្វើ​ទំនប់​និង​មានការ​រែង​រ៉ែ​អីហ្នឹង ខ្ញុំ​មិន​ដឹង​ថា ប៉ុណ្ណា​ទេ ប៉ុន្តែ​ការដ្ឋាន​មាន​ទំហំ​ធំ​។​ខេត្ត​ព្រះវិហារ​នៅ​ម្ដុំ​ភូមិ​រវៀង គឺ​ផ្លូវជាតិ​បាក់​ខ្ទេច ដោយសារ​ឡាន​ធំ​ៗ​ដឹកជញ្ជូន​រ៉ែ​មាស និង​ត្បូង ពី​ព្រះវិហារ​ដើម្បី​ចុះទៅ​សាឡាង​ដើម្បី​យក​ទៅ​ចំរាញ់។ ខ្ញុំ​តាមដាន​ឃើញ​ដឹក​យក​មក​ដល់​ខេត្ត​កំពង់ឆ្នាំង»

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)​លោក នី សុខា មាន​ប្រសាសន៍​ថា លោក​នៅ​មិនទាន់​បាន​ទទួល​ព័ត៌មាន​ស្ដីពី​សកម្មភាព​ជីក​រ៉ែ​មាស​ដ៏​ធំ​នោះ ពី​មន្ត្រី​របស់​លោក​នៅក្នុង​ខេត្ត​កំពង់ធំ​នៅ​ឡើយ​ទេ។

បើទោះបីជា​យ៉ាងណា​លោក នី សុខា យល់​ថា រាល់​ការ​ធ្វើ​សម្បទាន​ដីធ្លី​ឬក៏​ការ​ប្រគល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុមហ៊ុន​ណាមួយ​រុករក​សម្បត្តិ​ធម្មជាតិ​ក៏ដោយ គឺ​ត្រូវ​តែ​មាន​ការចូលរួម​វាយតម្លៃ​ការ​ប៉ះពាល់​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ជាមុន ហើយ​ចំពោះ​សម្បទាន​ទាំងឡាយ​ណា​ដែល​ធ្វើ​មិន​បាន​សិក្សា​មិន​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ហាមឃាត់​មិន​ឱ្យ​អ្នកជំនាញ​ចូល​ទៅ​ត្រួត​ពិនិត្យ និង​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ លោក​យល់ថា​នោះ​គឺជា​សម្បទាន​មួយ​ដែល​មិន​ត្រឹមត្រូវ​តាមច្បាប់​ទេ។

លោក នី សុខា៖ «បើសិនជា​សម្បទាន​ហើយ​មាន​ផល​ប៉ះពាល់​ទៅលើ​បរិស្ថាន មានការ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​គឺ​រដ្ឋាភិបាល​ត្រូវ​យក​ទៅ​ពិនិត្យ​ឡើងវិញ​អំពី​សម្បទានិក​ហ្នឹង ហើយ​គេ​អាច​នឹង​ដកហូត​មកវិញ​បាន​ដែរ​។ រដ្ឋាភិបាល​គួរតែ​ពិចារណា​ឡើងវិញ​ចំពោះ​សម្បទាន​បែប​ហ្នឹង​ពីព្រោះ​ថា​ទ្រព្យសម្បត្តិ​ទាំងអស់​នេះ គឺជា​របស់​ជាតិ ដូច្នេះ​ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​សម្បទាន​វា​ត្រូវ​ធ្លាក់​មក​ដៃ​រដ្ឋ​ដែល​ជា​អ្នកគ្រប់គ្រង​ឱ្យ​ធ្លាក់​ចូល​មក​ក្នុង​ថវិកា​ជាតិ»

ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២០ មក​គេ​ដឹង​ថា អណ្តូង​រ៉ែ​មាស​ពាណិជ្ជកម្ម​ខ្នាត​ធំ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​ឡាត ឆេង ម៉ាញនីងឌីវែបឡបមែន​(Late Cheng Mining Development Co Ltd) ដែល​គេ​ហៅ​ផង​ដែរ​ថា "​ចុងចេង​" បាន​ចាប់ផ្តើម​អភិវឌ្ឍ​នៅ​លើ​ដី​នៃ​តំបន់​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ ហើយ​សកម្មភាព​ជីក​យក​រ៉ែ​មាស ទំនងជា​ចាប់ផ្ដើម​តាំងពី​ខែមេសា​ឆ្នាំ​២០២១​មក​ម្ល៉េះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ស្នងការ​រាជធានី​ភ្នំពេញ​ច្រាន​ចោល​ការ​លើកឡើង​របស់​ស្ថានទូត​រុស្ស៊ី​ពី​អសន្តិសុខ​នៅ​ក្រុង​ភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។