ក្រុមយុវជន និងប្រជាពលរដ្ឋលើកឡើងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលគួរអន្តរាគមន៍ឱ្យមន្ត្រីពាក់ព័ន្ធផ្គត់ផ្គង់ទឹកទៅដល់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ជាជាងប្រើប្រាស់ពាក្យគំរាមកំហែងទៅដល់ប្រជាពលរដ្ឋ ដែលត្អូញត្អែរពីបញ្ហាខ្វះទឹកប្រើប្រាស់។ ប្រតិកម្មរបស់ប្រជាពលរដ្ឋបែបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមអ្នករិះគន់ពីបញ្ហាខ្វះទឹកប្រើប្រាស់។
ក្រុមយុវជនសកម្មនឹងការងារសង្គម និងប្រជាពលរដ្ឋលើកឡើងដូចៗគ្នាថា ប្រមុខដឹកនាំរដ្ឋាភិបាល គួរដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ជាជាងគំរាមកំហែងដល់ប្រជាពលរដ្ឋដែលហ៊ានរិះគន់រដ្ឋាភិបាលថា អសមត្ថភាព មិនអាចផ្គត់ផ្គង់ទឹកទៅដល់ប្រជាពលរដ្ឋ។
ពលរដ្ឋម្នាក់រស់នៅសង្កាត់ចោមចៅ៣ ដែលមិនមានទឹកប្រើប្រាស់អស់រយៈពេល ៨ថ្ងៃ គឺលោក សូត្រ លីដា ប្រាប់វិទ្យុអាស៊ីសេរីថា លោកហួសចិត្តនៅពេលថ្នាក់ដឹកនាំរដ្ឋាភិបាល ស្ដីបន្ទោសប្រជាពលរដ្ឋដែលត្អូញត្អែរអំពីការមិនមានទឹកប្រើប្រាស់។ លោកបន្ថែមថា ដោយសារមិនមានទឹកប្រើប្រាស់ លោកត្រូវជិះម៉ូតូទៅទិញទឹកស្អាត ៣ប៊ីដុង ដែលមានតម្លៃ៣ពាន់រៀល (៣,០០០រៀល) ជារៀងរាល់ថ្ងៃ ដើម្បីប្រើប្រាស់។ លោក សូត្រ លីដា បន្តថា ថ្វីត្បិតតែបញ្ហាខ្វះខាតទឹកប្រើប្រាស់ ជាបញ្ហាតូចតាច ប៉ុន្តែថ្នាក់ដឹកនាំរដ្ឋាភិបាល គួរជំរុញឱ្យមន្ត្រីក្រោមឱវាទ ផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ ប្រសើរជាងគំរាមកំហែងអ្នកដែលរិះគន់អំពីបញ្ហានេះ។
លោក សូត្រ លីដា៖ «ដល់ពេលទឹកដាច់អ៊ីចឹង គាត់ចាប់ផ្ដើមស្រែកថា អត់មានទឹកគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ មានតែឱ្យអាជ្ញាធរអ្នកពាក់ព័ន្ធជាមួយនឹងរដ្ឋាករទឹក ស្នើឱ្យរដ្ឋាភិបាលជួយមើលមែនទែន កុំឱ្យមានទៅឆ្នាំក្រោយទៀត ព្រោះមិនមែនជារឿងលេងសើចទេ ខ្ញុំខ្វះខាតទឹក ខ្ញុំដើរទិញគេមួយប៊ីដុង ៣០លីត្រ ១ពាន់ ដើរទិញគេរហូត មួយថ្ងៃ៣ជើង»។
ស្រដៀងគ្នានេះ សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ដែលផ្ទះរបស់កញ្ញា ក៏ខ្វះខាតទឹកប្រើប្រាស់ដែរនោះ លើកឡើងថា ការគំរាមកំហែងអ្នកដែលរិះគន់ពីបញ្ហាគ្មានទឹកប្រើប្រាស់ មិនបានផ្ដល់ផលចំណេញទៅដល់រដ្ឋាភិបាលនោះឡើយ។ កញ្ញាបន្ថែមថា ជាជាងស្ដីបន្ទោសពលរដ្ឋដែលត្អូញត្អែរអំពីបញ្ហាខ្វះទឹកប្រើប្រាស់ ថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាល គួរស្ដីបន្ទោសមន្ត្រីពាក់ព័ន្ធ ជាពិសេសរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមចេញមុខសុំទោសប្រជាពលរដ្ឋជាសាធារណៈ និងដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជាបន្ទាន់ ព្រោះនេះគឺជាទំនួលខុសត្រូវរបស់មន្ត្រីរាជការ ដែលទទួលប្រាក់ខែពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ។
កញ្ញា ភួន កែវរស្មី៖ «ស្នើសុំកុំឱ្យមានពាក្យសម្ដីគំរាមកំហែង ចាប់ចងទៅលើមតិរិះគន់របស់ប្រជាពលរដ្ឋ ដោយសារតែពួកយើងកំពុងតែជួបផលលំបាក ទើបយើងចង់បានដំណោះស្រាយ យើងចង់ឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់នឹងពួកយើង ពួកយើងមិនចង់បានការគំរាមកំហែង ឬក៏ការឆ្លើយតបបែបហិង្សាមកដល់ប្រជាជនខ្លួនឯងទេ»។
ប្រតិកម្មរបស់ប្រជាពលរដ្ឋបែបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមអ្នករិះគន់ពីបញ្ហាខ្វះទឹកប្រើប្រាស់ខ្លាំង នៅក្នុងវេទិកាចែកសញ្ញាប័ត្រទៅដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ កាលពីថ្ងៃទី៣០ ខែមីនា។ លោក ហ៊ុន សែន ថែមទាំងបានប្រើប្រាស់ពាក្យអសីលធម៌ និងគំរាមចាប់អ្នកដែលនៅក្រៅប្រទេស ដាក់ពន្ធនាគារផងដែរប្រសិនបើពួកគេនៅក្នុងស្រុក។
លោក ហ៊ុន សែន៖ «ប៉ុន្មានថ្ងៃនេះតំបន់មួយចំនួនខ្វះទឹកប្រើប្រាស់ គេអត់បានលើកអំពីកាលពីមុនអាតំបន់មានទឹកហ្នឹង គេអត់ដែលនិយាយទេ ដល់តែខ្វះទឹកបន្តិច វាស្រែកនោះស្រែក ស្រែកឱ្យឮហ្អែង ស្រែកឱ្យបែកក្រពះទៅ ហ្អែងប្រឹងស្រែក អ៊ីចឹងបានថា ពាក្យចាស់ធ្លាប់មានតែខ្ញុំគ្រាន់តែកែបន្តិច កុំពត់ស្រឡៅ កុំប្រដៅអាក្មេងពាល និយាយអ៊ីចេះ ពួកវានេះគឺមិនងាយប្រដៅទេ ប្រដៅអាម៉េចក៏វាមិនទៅដែរ មិនទៅទេ ប៉ុន្តែអាពួកនេះវាបានតែនៅក្រៅប្រទេសទេ បើនៅក្នុងប្រទេសខ្ញង់ កុំសូវពេក»។
កាលពីថ្ងៃទី២៣ ខែមីនា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចេញលិខិតជូនដំណឹងថា ករណីអត់ទឹកប្រើប្រាស់នេះ ដោយសារតែតម្រូវការប្រើប្រាស់ទឹក របស់ពលរដ្ឋនៅមានការកើនឡើង ដល់ទៅជាង៨៩ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃ ខណៈដែលសមត្ថភាពផលិតជាក់ស្ដែង បានប្រមាណ ៦៤ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃប៉ុណ្ណោះ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសន្យាថា នឹងដោះស្រាយ ចាប់ពីដើមខែឧសភា តទៅ រោងចក្រផលិតទឹកស្អាត នឹងផលិតទឹកបរិមាណជាង ២០ម៉ឺនម៉ែត្រគុបក្នុង ១ថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន។ ទោះជាបែបនេះក្ដីប្រជាពលរដ្ឋលើកថា ការសន្យារបស់អាជ្ញាធរពាក់ព័ន្ធនេះ ច្រើនលើកមកហើយ ប៉ុន្តែជាក់ស្ដែងពុំដែលឃើញមានដំណោះស្រាយនោះទេ ខណៈដែលបញ្ហាខ្វះទឹកប្រើប្រាស់របស់ពលរដ្ឋនេះ ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន។
បញ្ហាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញខ្វះខាតទឹក នៅតែកើតមានឡើងជារៀងរាល់ឆ្នាំ ទោះជាយ៉ាងណារហូតមកដល់ពេលនេះ គេមិនដែលឃើញមានមន្ត្រីណាម្នាក់ហ៊ានចេញមុខសុំទោសជាសាធារណៈ អំពីបញ្ហានេះឡើយ។ អ្នកវិភាគនយោបាយលើកឡើងថា ការមិនស្ដីបន្ទោស និងការពារមន្ត្រីថ្នាក់ក្រោមរបស់លោក ហ៊ុន សែន ដូច្នេះហើយ ទើបធ្វើឱ្យបញ្ហានៅក្នុងសង្គមជាច្រើននៅតែបន្តកើតមាន ដោយមិនមានដំណោះស្រាយនោះឡើយ៕