ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​រិះគន់​អាជ្ញាធរ​ខេត្ត​រតនគិរី ដែល​បណ្ដោយ​ឱ្យ​ជនបរទេស​លួច​កាយ​រ៉ែ​មាស​ខុសច្បាប់

0:00 / 0:00

ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន​លើកឡើង​ថា អាជ្ញាធរ​ខេត្ត​រតនគិរី គួរតែ​ចាត់​វិធានការ​ច្បាប់​តឹងរ៉ឹង​ចំពោះ​អ្នក​ដែល​លួច​ចូល​មក​កាយ​រ៉ែ​មាស នៅ​ស្រុក​តាវែង ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ជាជាង​ការ​បណ្ដេញ​ពួកគេ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ ពួកគាត់​ថា ការ​ធ្វើ​បែប​នេះ​មិនអាច​ធានា​ថា ជនបរទេស​ទាំង​នោះ​នឹង​លែង​ត្រឡប់​មក​កម្ពុជា​នោះ​ឡើយ។

ពលរដ្ឋ​លើកឡើង​ថា អាជ្ញាធរ​ខេត្ត​រតនគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ នៅ​តំបន់​កន្ទុយ​នាគ ខេត្ត​រតនគិរី ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ខុសច្បាប់​ទាំងនេះ កាន់​តែ​រីក​ធំ​ឡើង រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​គ្រឿងចក្រ​ដើម្បី​កាយ​រុករក​រ៉ែ។

ពលរដ្ឋ​រស់នៅ​ខេត្ត​រតនគិរី ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែ​មីនា ថា ករណី​លួច​ជីក​រ៉ែ​ដោយ​ខុសច្បាប់ ស្ថិត​ក្នុង​តំបន់​កន្ទុយ​នាគ ស្ថិត​ក្នុង​ស្រុក​តាវែង នេះ កើតឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ រហូតដល់​ភូមិសាស្ត្រ​កន្ទុយ​នាគ ស្ទើរ​ក្លាយជា​សម្បុក​កណ្ដៀរ​ដ៏​ធំ​មួយ​។ លោក​បន្ត​ថា ដំបូង​ឡើយ​ការ​ជីក​យក​រ៉ែ​មាស​នេះ ធ្វើ​ឡើងជា​លក្ខណៈ​ប្រពៃណី​ទ្រង់ទ្រាយ​តូច ដោយ​ប្រើ​ដៃ និង​ចប​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក មាន​ជនជាតិ​វៀតណាម មួយ​ចំនួន​បាន​លួច​ចូល​មក​ធ្វើ​សកម្មភាព​កាយ​រ៉ែ​មាស នៅ​តំបន់​កន្ទុយ​នាគ កាន់តែ​ច្រើនឡើង ដោយ​ពួកគេ​បាន​បង់ប្រាក់​ទៅ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន រហូត​ធ្វើ​ឱ្យ​សកម្មភាព​កាយ​រ៉ែ​មាស កាន់តែ​រីក​ធំ​ជាង​មុន និង​មាន​ការ​ប្រើប្រាស់​គ្រឿងចក្រ​ទៀត​ផង។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «គេ​សុទ្ធតែ​បង់លុយ ទើប​នៅ​សុខ គេ​អ្នកគ្រប់គ្រង។ បើ​និយាយ​ពី​ឈើ គឺ​រលាយ​រលត់​អស់​ហើយ​។ រលាយ​រលត់​អស់​ហើយ​ឈើ ទើប​គេ​រក​នៅ​ពីក្រោម​ដី​ម្ដង»។

ការ​រិះគន់​នេះ គឺ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចុះ​ត្រួតពិនិត្យ និង​រក​ឃើញ​បទល្មើស​ធនធាន​រ៉ែ ចំនួន​៦​ទីតាំង ស្ថិត​ក្នុង​តំបន់​កន្ទុយ​នាគ​ស្ថិត​ក្នុង​ភូមិសាស្ត្រ ស្រុក​តាវែង ដោយ​មាន ៣​ទីតាំង​ជា​អាជីវកម្ម​អនាធិបតេយ្យ និង​៣​ទីតាំង​ទៀត​កំពុង​រៀបចំ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ខុសច្បាប់​។ ក្នុង​នោះ​អាជ្ញាធរ​បាន​រក​ឃើញ​អេស្កាវ៉ាទ័រ​ចំនួន ៤​គ្រឿង ព្រមទាំង​ឧបករណ៍​មួយ​ចំនួន​ទៀត និង​ឃាត់ខ្លួន​ជនល្មើស​ចំនួន ២៦​នាក់ ដែល​ជា​ជនជាតិ​វៀតណាម។ ជនជាតិ​វៀតណាម​ដែល​ធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​មាស​ខុសច្បាប់ នៅក្នុង​ទឹកដី​កម្ពុជា ទាំង​២៦​នាក់​នេះ ត្រូវ​បាន​ពិន័យ​តាម​ច្បាប់​ការងារ ធ្វើ​កិច្ចសន្យា និង​បណ្ដេញ​ទៅ​ប្រទេស​កំណើត​វិញ​តាម​ច្រក​អូរយ៉ាដាវ កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា។

ទោះជា​យ៉ាងណា ការ​បញ្ជូន​ក្រុម​ជនបរទេស ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់ ឱ្យទៅ​កាន់​ប្រទេស​កំណើត​វិញ​ដោយ​ងាយស្រួល​បែបនេះ បាន​ធ្វើ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​រិះគន់​ថា ជា​ចំណាត់ការ​ដ៏​ធូររលុង និង​ទន់ខ្សោយ ដែល​នាំ​ឱ្យ​អ្នក​ធ្វើ​អាជីវកម្ម​បរទេស​ទាំងនោះ លែង​ខ្លាច​ច្បាប់ ហើយ​ពួកគេ​នឹង​ត្រឡប់​មក​ធ្វើ​អាជីវកម្ម​ខុសច្បាប់​សាជាថ្មី​។ លើស​ពី​នេះ ពួកគាត់​ថា អាជ្ញាធរ​កម្ពុជា​ធ្លាប់​អនុវត្ត​ច្បាប់​តឹងរ៉ឹង​គ្មាន​ធម៌​មេត្តា​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​។ ជាក់ស្ដែង​ដូច​ករណី​ដុត​ផ្ទះសម្បែង យក​ដីធ្លី និង​ចាប់ខ្លួន​ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ ខណៈ​ជាមួយ​ជនបរទេស​ដែល​ចូល​លុក​លុយ​បំផ្លាញ​ធនធាន​ធម្មជាតិ អាជ្ញាធរ​បែរ​ជា​ដោះលែង​ពួក​គេ​ងាយស្រួល​បែប​នេះ​ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី លោក អ៊ុង ហួរ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​មីនា។

ទាក់ទិន​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន មើលឃើញ​ថា ទំហំ​នៃ​អាជីវកម្ម​កាយ​រ៉ែ​មាស​នេះ គឺ​លើស​ពី​លក្ខណៈ​គ្រួសារ និង​ពុំ​មាន​ការ​ត្រួតពិនិត្យ​តាម​ស្តង់ដារ​នៃ​ការ​ទាញ​យក​រ៉ែ ដែល​ជា​ហេតុ​ឈាន​ដល់​ការ​បំផ្លិច​បំផ្លាញ​ធនធាន​រ៉ែ​ធម្មជាតិ​របស់​កម្ពុជា។

លោក អូត ឡាទីន៖ «រាជរដ្ឋាភិបាល​គួរតែ​ធ្វើការ​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់​ទៅ ហើយ​ការ​បំផ្លិចបំផ្លាញ​ឬក៏​ការ​ដកហូត​នូវ​ធនធាន​រ៉ែ​ដែល​ខុសច្បាប់​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​នេះ មែនទែន​ទៅ​វា​គឺជា​សកម្មភាព​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រទេស​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ធ្វើការ​អនុវត្ត​ច្បាប់ ហើយ​អាច​ធ្វើ​ការ​ផាកពិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​គឺ​យើង​អាច​យក​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​យក​មក​ធ្វើការ​អនុវត្ត​ដោយ​មិន​មាន​ការ​លើកលែង»។

នៅ​រយៈពេល​ចុងក្រោយ​នេះ ក្រសួង​រ៉ែ​បាន​បើក​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​មួយ​ចំនួន រួម​មាន​ខេត្តមណ្ឌលគិរី ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ ជាដើម ដែល​ភាគច្រើន​នៃ​សកម្មភាព​ជីក​រ៉ែ​នេះ មានការ​ប្រែប្រួល​ពី​លក្ខណៈ​គ្រួសារ ដែល​ធ្វើ​ដោយ​ដៃ​និង​ឧបករណ៍​សាមញ្ញ ទៅជា​ប្រើ​គ្រឿងចក្រ រំសេវ​ជាតិ​ផ្ទុះ និង​សារ​ធាតុគីមី ដោយមាន​ការ​ជីក​រូង​ជា​អណ្ដូងរ៉ែ​ក្រោម​ដី។

ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន ទទូច​ឱ្យ​អាជ្ញាធរ ពិសេស​នៅ​តាម​តំបន់​មាន​ធនធាន​រ៉ែ ឱ្យ​យកចិត្តទុកដាក់​ការពារ និង​ត្រួតពិនិត្យ​ធនធាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​អ្នក​មាន​អំណាច ឬ​ជនបរទេស​ណាមួយ​ចូល​ទៅ​បំពាន​ដោយ​សេរី​បែបនេះ​ឡើយ និង​ត្រូវ​ដាក់​ទោសទណ្ឌ​ទៅលើ​ជនល្មើស​ទាំងនោះ​ទៅតាម​ច្បាប់​ដើម្បីឱ្យ​ពួកគេ​រាងចាល​លែង​ធ្វើ​បែប នេះ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។