ពលរដ្ឋ​ថា ការ​​ចាក់​ដី​លុប​ផ្នែក​ខ្លះ​នៃ​ទន្លេ​បាទី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់

ដោយ ប្រាជ្ញ ចេវ
2024.12.11
ពលរដ្ឋ​ថា ការ​​ចាក់​ដី​លុប​ផ្នែក​ខ្លះ​នៃ​ទន្លេ​បាទី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់ ទិដ្ឋភាពទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នុង ស្រុក​បាទី ខេត្តតាកែវ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ទន្លេ​បាទី​​ព្រួយបារម្ភ​ថា ការ​ចាក់​ដី​​លុប​ផ្នែក​ខ្លះ​នៃ​ទន្លេ​បាទី​បាន​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់។ ការ​លើក​ឡើង​នេះ​គឺ​ស្រប​ពេល​មាន​ឡាន​ដឹក​ដី​ជា​ច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ចាក់​ដី​បំពេញ នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេបាទី ប៉ុន្តែ​ពលរដ្ឋ​មិន​ទាន់​ដឹង​ថា ខាង​ភាគី​ក្រុម​ហ៊ុន​ឯកជន​ណា​មួយ ឬ​ក៏​អាជ្ញាធរ​ឡើយ​ដែល​ចាក់​ដី​លុប​នេះ ។

ស្ថិត​នៅ​ខាង​ក្រោម​នៃ​រមណីយដ្ឋាន​ទន្លេបាទី​​​​ស្ទើរ​តែ​ទាំង​ស្រុង​មាន​ស្មៅ​ដុះ​ខ្ចី​ ហើយ​ផ្ទៃ​ទឹក​ចាប់​ផ្ដើម​រីង​ស្ងួត​​​ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​បិទ​ទំនប់​ទឹក​នៅ​ខាង​លើ។ ពលរដ្ឋ​​​​​មួយ​ចំនួន​​​​កាន់​​បាវ​​ និង​កណ្ដៀវ​​ចុះ​​ច្រូត​ស្មៅ​ឱ្យ​គោ​ក្របី​របស់​ពួកគាត់​​ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​កំពុង​បង់​សំណាញ់​​​យក​ត្រី​​ចង្វា​ ត្រី​ក្រាញ់​ និង​ត្រី​អណ្ដែង​ជា​ដើម​សម្រាប់​ធ្វើ​ម្ហូប។ ​​​​​

ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ទន្លេបាទី​កំពុង​​ច្រូត​ស្មៅ​​ លោក​ ជា​ ប៉ូច​ ថា ទី​តាំង​ដែល​លោក​កំពុង​ច្រូត​ស្មៅ​​នេះ​គឺជា​ទន្លេ​បាទី​​ដែល​មាន​ទឹក​ពេញ​​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ហើយ​​មាន​ឡាន​ដឹក​ដី​​ចាក់​​ដី​លុប​ទន្លេ​​បាទី​​ផ្នែក​ខាង​ក្រោម​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ លោក​​មិន​ទាន់​ដឹង​ថា ការ​​លុប​ទន្លេ​​បាទី​បាន​បម្រើ​ផល​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​នោះ​ទេ​ ប៉ុន្តែ​លោក​​ព្រួយ​បារម្ភ​​ថា ផ្ទៃ​ទឹក​នៃ​ទន្លេ​​បាទី​នឹង​រួម​តូច​ទៅ​ ហើយ​ធ្វើ​ឱ្យ​​​​ប៉ះ​ពាល់​​​​ប្រភព​ត្រី​​​​ សម្រស់​នៃ​ផ្ទៃ​​ទន្លេបាទី​​ និង​ការ​អត្តសញ្ញាណ​នៃ​ខេត្ត​តាកែវ​ផង​ដែរ។

លោក ជា ប៉ូច «រដ្ឋាភិបាល​ យើង​មិន​ហ៊ាន​ថា​មិន​ហ៊ាន​អី​ទេ​ ព្រោះ​អី​រដ្ឋាភិបាល​លោក​ត្រូវ​ការ​អភិវឌ្ឍន៍​ទៅ​ក្រែង​លោ​ថ្ងៃ​ក្រោយ​វា​ល្អ​ជាង​ហ្នឹង​ទៀត​ទៅ​យើង​មិន​ដឹង​ តែ​បើ​អត់​ល្អ​ទេ​ យើង​ប្រជាជន​បង់​ខាត​ច្រើន​​ ត្រី​សាច់​អី​យើង​មក​រក​ទន្លេ​​បាទី​ហ្នឹង​ណា»

រមណីយដ្ឋាន​ទន្លេបាទី​​ស្ថិត​នៅ​ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្ត​តាកែវ ហើយ​រមណីយដ្ឋាន​​​នេះ​ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ឱ្យ​មក​​ គយ​គន់​ថ្ងៃ​លិច និង​ជិះ​ទូក​កម្សាន្ត​​​ជា​ដើម​។ ទោះ​ជា​យ៉ាង​ណា​ អតីត​លោក​នាយក​រដ្ឋ​មន្ត្រី​​​​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២២​ កន្លង​ទៅ​បាន​បាន​សម្រេច​កាត់​ឆ្វៀល​ដី​តំបន់​ប្រវត្តិសាស្ត្រ​ទន្លេបាទី​ជាង ២​រយ​ហិកតារ (២២២ប្រគល់​ឱ្យ​បុគ្គល​​ម្នាក់ ឈ្មោះ ស្រ៊ុន ប៊ុន​លាភ ដែល​ស្ថិត​នៅ​ឃុំ​ទ្រា ខេត្ត​កណ្ដាល​ និង​​ឃុំ​ក្រាំងធ្នង់​ខេត្ត​តាកែវ ប៉ុន្តែ​អនុក្រឹត្យ​មិន​បាន​បញ្ជាក់​ថា នឹង​បុគ្គល​រូប​នេះ​នឹង​យក​ដី​ទៅ​ធ្វើ​អ្វី​នោះ​ឡើយ​​។ រដ្ឋាភិបាល​រក្សា​ទុក​ផ្ទៃ​​ទឹក​ទន្លេបាទី​ត្រឹម​​តែ​៩៧​ ​ហិកតារ​ប៉ុណ្ណោះ​ជា​សម្បត្តិ​​រដ្ឋ។

ឡាន​​ដឹក​ដី​ជា​ច្រើន​គ្រឿង​បើក​បរ​កាត់​ទន្លេ​បាទី​នេះ​ ​ទៅ​​​ចាក់​ដី​​បំពេញ​​ផ្នែក​ខាង​ក្រោម។ នៅ​ក្បែរ​ទន្លេ​បាទី​​ គេ​ក៏​​ឃើញ​មាន​ការ​ដាក់​លក់​​ដី​ ផ្ទះ​ល្វែង​ និង​បុរី​​ជា​ហូរ​ហែ​ផង​ដែរ។

ទន្លេ​បាទី​ស្ថិត​នៅ​​ក្បែរ​ភ្នំ​តាម៉ៅ​ និង​​​​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​រដ្ឋាភិបាល​គ្រោង​​នឹង​បើក​​​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។ នៅ​ក្បែរ​ទន្លេ​បាទី​ក៏​មាន​​​​ប្រាសាទ​តាព្រហ្ម ដែល​សាង​សង់​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី៧ និង​​ប្រាសាទ​យាយ​ពៅ​ដែល​កសាង​ឡើង​ក្នុង​សតវត្ស​ទី១២ ផង​ដែរ។

ពលរដ្ឋ​​​កំពុង​​​បង់​​សំណាញ់​ លោក​ ចាន់ តឿ​​ លើក​ឡើង​ថា លោក​តែង​មក​រក​ត្រី​នៅ​ទី​នេះ​​នៅ​ថ្ងៃ​ដែល​លោក​សម្រាក​ពី​ការងារ​​ជា​ជាង​សំណង់។ លោក​​​បាន​ចំណាយ​ពេល​មួយ​ព្រឹក​ហើយ​ ប៉ុន្តែ​លោក​នៅ​តែ​មិន​អាច​រក​​​ត្រី​គ្រប់​គ្រាន់​​​សម្រាប់​អាហារ​មួយ​ពេល​​ឱ្យ​​​ក្រុម​គ្រួសារ​បាន​នៅ​​ឡើយ​។

លោក ចាន់ តឿ ថា​ទន្លេ​បាទី​បាន​ផ្ដល់​ផល​ប្រយោជន៍​​ដោយ​ផ្ទាល់​​ដល់​ពលរដ្ឋ​ចំនួន​ពីរ​ស្រុក​គឺ​ ​កណ្ដាលស្ទឹង​ ​ខេត្ត​កណ្ដាល​ និង​​​ស្រុក​បាទី ខេត្ត​តាកែវ តាមរយៈ​​​ការ​ធ្វើ​ស្រែ​ នេសាទ​ត្រី​ និង​រក​កម្រៃ​ពី​ភ្ញៀវ​ទេសចរ​ជា​ដើម។ លោក​សង្ឃឹម​ថា រដ្ឋាភិបាល​អាច​នឹង​លុប​ចោល​​​គម្រោង​​​ទាំង​ឡាយ​ណា​​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​​​ ឬ​ឈាន​ដល់​ទន្លេ​​បាទី​នេះ។

លោក ចាន់ តឿ«គ្រាន់​ថា​ភាគ​ច្រើន​គេ​មិន​ចង់​ឱ្យ​លុប​បំបាត់​​​ មិន​ចង់​​​លុប​​បំបាត់​ដើម្បី​អី​ អាហ្នឹង​​របស់​កេរ្តិ៍​ពី​ដូន​តា​​​ តែ​ដល់​ពេល​បច្ចុប្បន្ន​ឥឡូវ​​មិន​គិត​ដូច​ពី​ដើម​ទេ»

ដោយ​ឡែក​​សកម្មជន​បរិស្ថាន​ កញ្ញា​ ធួន ស្រីពៅ លើក​ឡើង​ថា ទន្លេបាទី​គឺ​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ​​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​​​បាន​ ហើយ​ការ​កាត់​ឆ្វៀល​ដី​តំបន់​ប្រវត្តិសាស្ត្រ​ទន្លេបាទី​ទៅ​ឱ្យ​បុគ្គល​ជន​នេះ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​ការ​កាត់​ឆ្វៀល​ទន្លេបាទី​​នេះ​នឹង​ធ្វើ​​​​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​លែង​ទទួល​បាន​អត្ថប្រយោជន៍​​បែប​នេះ​តទៅ​ទៀត។

កញ្ញា​ ធួន ស្រីពៅ«ពួក​យើង​អត់​ចង់​ឃើញ​​​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​​បន្ត​នៅ​ក្នុង​ជំនាន់​នេះ​ទេ​​ ព្រោះ​​យើង​ចង់​ឱ្យ​បញ្ឈប់​​​ត្រឹម​ជំនាន់​នេះ​ យើង​អត់​ចង់​ឱ្យ​​កូន​ចៅ​ជំនាន់​ក្រោយ​មក​ដៀល​ពួក​យើង​ជា​យុវជន​​ ដែល​ជា​ខ្មែរ​នៅ​ជំនាន់​នេះ​ត្រូវ​បាត់​បង់​ធនធាន​ធម្មជាតិ​ ដែល​មិន​បន្សល់​ទុក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​នោះ​ទេ»

ទាក់​ទង​នឹង​ករណី​នេះ​​អ្នកនាំ​ពាក្យ​សាលា​ខេត្ត​កណ្ដាល​លោក ឌឹម បូរ៉ា ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​​​អំពី​​​ការ​​​ចាក់​ដី​លុប​ផ្ទៃ​បឹង​នៃ​ទន្លេ​បាទី​​នៅ​ឡើយ​ទេ។

ចំណែក​​​​​អភិបាល​ខេត្ត​តាកែវ​ លោក វ៉ី សំណាង​ ថា​លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ការ​​ចាក់​ដី​លុប​ទន្លេ​បាទី​​នៅ​ឡើយ​​ដែរ ប៉ុន្តែ​លោក​គ្រោង​នឹង​ជួប​​​ជា​មួយ​​​ឈ្មោះ​​​ ស្រ៊ុន ប៊ុនលាភ​ ដើម្បី​ធានា​ថា ការ​អភិវឌ្ឍ​​នឹង​មិន​ប៉ះពាល់​ដល់​​ពលរដ្ឋ​ និង​បរិស្ថាន។

លោក វ៉ី សំណាង«បើ​មិន​ទាន់​ដឹង​គាត់​យក​អភិវឌ្ឍ​ធ្វើ​អី​ផង​​​ ផល​ប្រយោជន៍​ពូ​ម៉េច​អាច​ឆ្លើយ​ប្រាប់​បាន​​ ពេល​ខ្ញុំ​ជួប​គាត់​ ពេល​គាត់​ឡើង​គម្រោង​ ឡើង​អី​​អាហ្នឹង​បាន​យើង​ដឹង​ថា ផល​ប៉ះពាល់​​ ឬ​ក៏​ផ្នែក​សេដ្ឋកិច្ច​វា​រីក​ចម្រើន​យើង​ម៉េច​​ ផល​ប៉ះពាល់​សង្គម​ ផល​ប៉ះពាល់​បរិស្ថាន​យ៉ាង​ម៉េច»

រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា បុគ្គល ស្រ៊ុន ប៊ុនលាភ​ ជា​អ្នក​ជំនួញ​ ឬ​មន្ត្រី​រាជការ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​កន្លង​មក​ ​​​ អ្នកស្រុក​បាទី ឱ្យ​ដឹង​ថា បុគ្គល ស្រ៊ុន ប៊ុនលាភ នេះ​ពួកគាត់​ធ្លាប់​ឮ​តែ​ឈ្មោះ​តែប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​សង្ស័យ​ថា ការ​ចាក់​ដី​បំពាន​ចូល​ផ្ទៃ​ទឹកទន្លេ​បាទី ពី​សំណាក់​អ្នក​មាន​អំណាច​កន្លងមក​នេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​រូប​នេះ​នៅ​ពី​ក្រោយខ្នង។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​អាច​ទាក់​ទង​សុំ​ការ​ឆ្លើយ​តប​ ​បុគ្គល ស្រ៊ុន ប៊ុនលាភ​ បាន​ទេ​ នៅ​ថ្ងៃ​ទី៩​ ខែ​ធ្នូ។

នាយក​ប្រតិបត្តិ​ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង មាន​ប្រសាសន៍​​​​ថា​រដ្ឋាភិបាល​គួរ​តែ​​បញ្ឈប់​នូវ​ការ​កាត់​ដី​អនុប្រយោគ​ឱ្យ​ទៅ​ក្រុម​បុគ្គល​ឯក​ជន​មួយ​ក្រុម​ដែល​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​នោះ​ទេ​ ប៉ុន្តែ​​ពួកគេ​បែរ​​បំផ្លាញ​​ធនធាន​ធម្មជាតិ​ និង​ផល​ប្រយោជន៍​សហគមន៍​​ទៅ​វិញ។

លោក ហេង គឹមហុង«ហើយ​បើ​យើង​នាំ​គ្នា​លុប​អ៊ីចឹង​ទៅ​ ប្រជាពលរដ្ឋ​គាត់​ជា​អ្នក​រង​គ្រោះ​មុន​គេ​ អ៊ីចឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​ បន្ទាប់​មក​គឺ​រដ្ឋ​ដែល​ខាត​បង់​​មុន​គេ​ដែល​ខាត​បង់​ផល​ប្រយោជន៍​សាធារណ​របស់​ខ្លួន​​ហើយ​ៗ​ ខាត​បង់​ផល​ប្រយោជន៍​រដ្ឋ​ទៀត​ ហើយ​អ្នក​ដែល​បាន​ពី​ផល​ប្រយោជន៍​​ពី​ការ​អភិវឌ្ឍន៍​គឺ​មនុស្ស​ម្នាក់​ពីរ​នាក់​ហ្នឹង​ ដូច្នេះ​​ជា​រឿង​មួយ​ដែល​យើង​មាន​ការ​ព្រួយបារម្ភ​ ហើយ​រដ្ឋ​ត្រូវ​ពិចារណា​ឡើង​វិញ»

អតីត​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន និង​​បច្ចុប្បន្ន​​​ជា​ប្រធាន​ព្រឹទ្ធសភា​​បាន​កាត់​ដី​បឹង​ធម្មជាតិ​ជា​ច្រើន​​ក្នុង​ពេល​ដែល​លោក​បាន​កាន់​អំណាច​ជិត​៤០​ឆ្នាំ​មក​នេះ ទៅ​ឱ្យ​ក្រុម​បក្ខពួក​​ដែល​ជិត​ស្និទ្ធ​​​នឹង​លោក​រួម​មាន​​បឹង​តាមោក​ បឹង​កក់​ និង​បឹងទំពន់ នៅ​រាជធានី​ភ្នំពេញ​​។ ក្រៅ​ពី​ការ​បំផ្លាញ​​បឹង​ធម្មជាតិ​ហើយ​នោះ​ ពលរដ្ឋ​បាន​រង​​គ្រោះ​ពី​ការ​បណ្ដេញ​ចេញ​ បាត់​បង់​​មុខ​របប​ចិញ្ចឹមជីវិត​ ​ហើយ​ពលរដ្ឋ​ខ្លះ​រង​អំពើ​ហិង្សា​រហូត​ដល់​ជាប់​ពន្ធនាគារ​ក៏​មាន​ដោយ​សារ​សកម្មភាព​តស៊ូ​មតិ​ការពារ​ផ្ទះ​សម្បែង​របស់​ពួកគាត់។ ពលរដ្ឋ​ និង​​អ្នកឃ្លាំមើល​សង្គម​ថា​ដើម្បី​បញ្ឈប់​ការ​លុប​ទន្លេបាទី​​ជោគជ័យ​បាន​ ពលរដ្ឋ​គ្រប់រូប​​ហ៊ាន​តវ៉ា​ជា​មួយ​រដ្ឋាភិបាល​ដូច​ជា​ករណី​​សួន​សត្វ​ភ្នំ​តាម៉ៅ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។