មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅខេត្តកែប ជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យស្រាយបំភ្លឺករណីបណ្ដោយឱ្យក្រុមហ៊ុនឯកជន រំលាយភ្នំទ្រូងអណ្ដើក ដើម្បីយកដី និងថ្មធ្វើអាជីវកម្ម។ ពួកគេអះអាងថា ការរំលាយភ្នំធម្មជាតិមួយនេះ អាជ្ញាធរហាក់លាក់បាំងព័ត៌មាន ប៉ុន្តែ អាជ្ញាធរចោទ ពលរដ្ឋដែលរិះគន់រឿងនេះថា ជាក្រុមបក្សប្រឆាំងទៅវិញ។
អង្គការសង្គមស៊ីវិល និងពលរដ្ឋនៅមិនទាន់ស្ងប់អារម្មណ៍នៅឡើយទេ ករណីអាជ្ញាធរអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ដែលពួកគេមិនស្គាល់ឈ្មោះ និងឈ្មួញមួយចំនួន កាយភ្នំទ្រូងអណ្ដើកយកដី និងថ្ម ធ្វើអាជីវកម្ម ហើយមកទល់ពេលនេះភ្នំធម្មជាតិមួយនេះ ខូចរូបរាងទាំងស្រុងហើយ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកែប និងខេត្តកំពត លោក យន់ ផល្លី ឱ្យដឹងនៅថ្ងៃទី១៩ វិច្ឆិកាថា ការរំលាយភ្នំធម្មជាតិ ដើម្បីធ្វើអាជីវកម្ម បង្កផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គមជាច្រើន ជាពិសេស ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅតំបន់នោះផ្ទាល់តែម្ដង។ លោកថា អាជីវកម្មកាយដី និងយកថ្មភ្នំនេះ ធ្វើឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែពុំឃើញអាជ្ញាធរផ្សព្វផ្សាយជាសាធារណៈ ពីគម្រោងវិនិយោគ និងគោលការណ៍អនុប្បយោគនោះទេ។ លោកចាត់ទុកការរំលាយភ្នំនេះថា ជាទង្វើខុសច្បាប់៖ «ពលរដ្ឋមួយចំនួនលោកអាស្រ័យផលដោយសារ តំបន់ភ្នំ ឬអាស្រ័យអនុផលព្រៃឈើហ្នឹង។ រងការបំផ្លាញទៅពលរដ្ឋរស់នៅជុំវិញហ្នឹង ការអាស្រ័យផល អនុផលព្រៃនៃព្រៃឈើ នៅតំបន់ភ្នំហ្នឹងគឺលែងទទួលបានហើយ អ៊ីចឹងវាអាចធ្វើឱ្យមានការ ចំណាកស្រុកផ្សេងៗ រកការងារធ្វើនៅឆ្ងាយ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ការរំលាយភ្នំធម្មជាតិមួយនេះធ្វើឱ្យបាត់បង់ព្រៃឈើ ជម្រកសត្វព្រៃ ហើយពលរដ្ឋរាប់រយគ្រួសាររស់នៅតំបន់នោះ បាត់បង់ទីកន្លែងអាស្រ័យផលជាដើម។ លោកបន្ថែមថា ពលរដ្ឋភាគច្រើន ខ្លាចរអាមិនហ៊ានចេញមុខតវ៉ាប្រឆាំងការរំលាយភ្នំធម្មជាតិមួយនេះទេ។
ពលរដ្ឋរស់នៅភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ លោក ឥន្ទ សុធា មានប្រសាសន៍ថា ក្រុមពលរដ្ឋមិនពេញចិត្តចំពោះការបំផ្លាញភ្នំធម្មជាតិមួយនេះទេ និងចង់ឱ្យអាជ្ញាធរស្រាយបំភ្លឺ។ លោកថា ភ្នំទ្រូងអណ្ដើកកំពុងរងការបំផ្លាញដល់កម្រិតកំពូល និងអាចឈានទៅរកការបាត់បង់រូបរាងទាំងស្រុង។ លោកអះអាងថា ការធ្វើអាជីវកម្មថ្មភ្នំនេះធ្វើឱ្យហុយធូលីចូលផ្ទះ និងមានសំឡេងលាន់ឮខ្លាំងចេញពីការបំផ្ទុះថ្ម រំខានការរស់នៅរបស់អ្នកស្រុកជាច្រើនគ្រួសាររស់នៅតំបន់នោ៖ «យើងមានការសោកស្តាយដែរ កាលមុនយើងធ្លាប់រកឧស និងឃ្វាលគោ។ កាយមកវាប៉ះពាល់ ធ្លាក់កំទិចហ្នឹងមក ប៉ះពាល់ដំណាំជិតខាង។ ស្តាយខ្លាំងដែល ព្រោះភ្នំយើងតាំងពីរយូរលុងមកហើយ ឥឡូវគេរំលាយសាបសូន្យ ហើយវាក្បែរថ្នល់ទៀត។ ក្មេងក្រោយៗ វាបាត់សាបសូន្យលែងស្គាល់ភ្នំហើយ។ បើយើងគិត វាមិនគួររំលាយទេបង ក្បែរថ្នល់ជាតិយើងទៀត » ។
ឆ្លើយតបរឿងនេះ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកែប លោក យស់ មុនី ចាត់ទុកអ្នករិះគន់រឿងនេះ ជាក្រុមបក្សប្រឆាំង។ លោកថា អាជ្ញាធរជាតិបានវិនិយោគភ្នំនេះឱ្យក្រុមហ៊ុនឯកជនជាង ១០ឆ្នាំមកហើយ ដើម្បីយកថ្ម និងដី អភិវឌ្ឍផ្លូវសំខាន់ៗ ក្នុងប្រទេសៗ លោកបដិសេធមិនបញ្ជាក់លម្អិតថា តើរដ្ឋាភិបាលវិនិយោគភ្នំនេះឱ្យក្រុមហ៊ុនណានោះទេ? ចំពោះសំណួរថា តើរដ្ឋាភិបាលបានធ្វើអនុប្បយោគភ្នំនេះឬទេ មុនសម្រេចវិនិយោគឱ្យក្រុមហ៊ុនឯកជន លោក យល់ មុនី ឆ្លើយថា លោកមិនដឹងរឿងនេះទេ តែលោកគ្រាន់តែដឹងថា ភ្នំនេះបានវិនិយោគឱ្យក្រុមហ៊ុនឯកជន និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ៖ «អនុប្បយោគ និងមិនអនុប្បយោគ ខ្ញុំអត់ដឹងទេ ! តែអាជ្ញាប័ណ្ណហ្នឹង វាមានចេញដោយក្រសួងរ៉ែ និងថាមពល វាមានពីរទៅ បីក្រសួងឯកភាព មុនគេធ្វើអាជីវកម្ម គឺមានក្រសួងកសិកម្ម និងក្រសួងបរិស្ថាន។ ខាងក្រសួងរ៉ែ ដូចអត់ធ្វើអនុប្បយោគទេ ព្រោះដីហ្នឹងជាដីរដ្ឋ ដីណាក៏ដីរដ្ឋដែរ តែដីរដ្ឋនេះ អាជីវករគេធ្វើរ៉ែ » ។
មន្ត្រីនាំពាក្យសមាគម អាដហុក ADHOCលោក ស៊ឹង សែនករុណា ពន្យល់ថា ភ្នំធម្មជាតិចាត់ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយប្រសិនបើរដ្ឋចង់វិនិយោគ ត្រូវធ្វើអនុប្បយោគភ្នំនេះ ជាទ្រព្យឯកជនរបស់រដ្ឋជាមុនសិន។ លោកថា លក្ខខណ្ឌនៃការធ្វើអនុប្បយោគ ត្រូវវាយតម្លៃផលប៉ះពាល់បរិស្ថានច្បាស់លាស់ និងត្រូវគ្រប់គ្រងចំណូលចំណាយជូនរដ្ឋជាដើម៖ «គេធ្វើអនុប្បយោគទៅឱ្យក្រុមហ៊ុនណាមួយ ដីទាំងអស់ហ្នឹងគេបានធ្វើការសិក្សា គេវាយតម្លៃផលប៉ះពាល់បានត្រឹមត្រូវ និងយកវាប្រើប្រាស់ជាប្រយោជន៍ សម្រាប់សង្គមជាតិយ៉ាងម៉េចខ្លះអ៊ីចឹង ? ក៏ប៉ុន្តែរូបភាពខ្លះ មិនមែនអ៊ីចឹងទេ យកធ្វើអនុប្បយោគហើយ ធ្វើការវិនិយោគឱ្យក្រុមហ៊ុន ចេញរូបភាពបំផ្លាញ និងគ្មានការគ្រប់គ្រងចំណូល និងចំណាយហ្នឹងគ្មានតម្លាភាពទេ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ សង្កេតឃើញថា កន្លងទៅអាជ្ញាធរពាក់ព័ន្ធតែងធ្វេសប្រហែស បណ្ដោយឱ្យក្រុមហ៊ុនឯកជន និងឈ្មួញខ្លះបំផ្លាញធនធានធម្មជាតិ ហើយការគ្រប់គ្រងថវិកា បង់ពន្ធជូនរដ្ឋ ក៏មិនច្បាស់លាស់ផងដែរ។
ច្បាប់ភូមិបាលឆ្នាំ ២០០១ មាត្រា ១៦ ចែងថា ទ្រព្យសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានទេ ហើយទ្រព្យកម្មសិទ្ធិទាំងនោះ មិនអាចកំណត់អាជ្ញាយុកាលបានឡើយ៕
(ភ្នំទ្រូងអណ្ដើក នៅខេត្តកែប ដែលអាជ្ញាធរបណ្ដោយឱ្យក្រុមហ៊ុនឯកជន រំលាយ ដើម្បីយកដី និងថ្មធ្វើអាជីវកម្ម។ រូប៖ សមាគមអាដហុក ថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៩)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។