ក្រុមអង្គការសមាគម ក្រុមយុវជន និងសកម្មជនការពារព្រៃឈើប្រមាណប្រមាណ ៤០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា បានរួមគ្នាប្រារព្ធពិធីបុណ្យបង្សុកូលបែបពុទ្ធសាសនា ដើម្បីគម្រប់ខួប ១០ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈីដ៏ល្បីល្បាញម្នាក់ គឺលោក ឈុត វុទ្ធី។ ពិធីបុណ្យនេះ ធ្វើឡើងក្នុងការិយាល័យផ្ទះសាមគី្គ ក្នុងរាជធានីភ្នំពេញ បំណងរំឭកវីរភាពអង់អាចក្លាហាន និងពលិកម្មរបស់លោក ឈុត វុទ្ធី និងបន្តទាមទាររកយុត្តិធម៌ជូនរូបលោក រួមទាំងក្រុមគ្រួសារ។
សកម្មជនការពារព្រៃឈើលោក សាន់ ម៉ាឡា ប្រាប់វិទ្យុអាស៊ីសេរីថា ការប្រារព្ធពិធីនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបន្តស្វែងរកយុត្តិធម៌ដល់លោក ឈុត វុទ្ធី និងក្រើនរំឭកដល់សាធារណជន កុំឱ្យភ្លេចរូបលោកដែលលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ។
លោកថា ពិធីនេះក៏ចង់ពញ្ញាក់អារម្មណ៍រដ្ឋាភិបាលថា ពួកលោកមិនដែលភ្លេចអំពើអយុត្តិធម៌ ឬការបាញ់សម្លាប់វីរជនព្រៃឈើរូបនេះមួយវេលាណាទេ៖ «ការរៀបចំកម្មវិធីបង្សុកូលព្រឹកមិញនេះ វាជាផ្នែកមួយដែរ ដើម្បីបង្ហាញទៅកាន់រដ្ឋាភិបាលថា យើងមិនដែលភ្លេចពីភាពអយុត្តិធម៌ ឬក៏អំពើ បាញ់សម្លាប់ដ៏សាហាវព្រៃផ្សៃនេះទេ ហើយយើងនៅតែទទូចដល់រដ្ឋាភិបាលពន្លឿន រកយុត្តិធម៌ដល់សង្គមជាតិ និងក្រុមគ្រួសារ និងលោកឈុត វុទ្ធី ខ្លួនឯងដែរ »។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានឃាតកខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ ការបាញ់សម្លាប់នេះធ្វើឡើងក្នុងពេលដែលលោកកំពុងបំពេញបេសកកម្មក្នុងខេត្តកោះកុងដើម្បីស៊ើបអង្កេតពីឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។