សកម្មជន​បរិស្ថាន​ជិះកង់​ដាក់​ញត្តិ​ស្នើ​រដ្ឋាភិបាល​លុប​​អាជ្ញាប័ណ្ណ​នាំ​ឈើ​ចេញ​ក្រៅប្រទេស

ដោយ ជីវិតា
2023.11.17
សកម្មជន​បរិស្ថាន​ជិះកង់​ដាក់​ញត្តិ​ស្នើ​រដ្ឋាភិបាល​លុប​​អាជ្ញាប័ណ្ណ​នាំ​ឈើ​ចេញ​ក្រៅប្រទេស សកម្មភាព​ក្រុម​សកម្មជន និង​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ ​ជួបជុំគ្នា​ក្នុងយុទ្ធនាការ​ជិះ​កង់​ដាក់​ញត្តិ កាល​ពី​ថ្ងៃទី​១៦ វិច្ឆិកា ២០២៣។
រូប៖ ហ្វេសប៊ុក​សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ - KSILA

ក្រុម​សកម្មជន​បរិស្ថាន​ជិះកង់​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​អាជ្ញាប័ណ្ណ​នាំ​ចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ពិនិត្យ​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​នាំ​ចេញ​ឈើ​ទាំង​អស់ ដើម្បី​ទប់ស្កាត់​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។

ក្រុម​សកម្មជន និង​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ ចំនួន ២៥​នាក់​បាន​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ វិច្ឆិកា ហើយ​បាន​នាំគ្នា​ជិះ​កង់​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​កសិកម្ម ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ​ទៅ​ក្រៅប្រទេស​របស់​ក្រុមហ៊ុន​អង្គរ​ ផ្លាយវូត (ANGKOR PLYWOOD CO., LTD)

យុវជន​បរិស្ថាន កញ្ញា អន ស្រីឡែន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ វិច្ឆិកា ថា មន្ត្រី នៃ​ក្រសួង​កសិកម្ម​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​យុវជន ហើយ​មន្ត្រី​រូប​នោះ បាន​និយាយ​ថា យ៉ាងយូរ​បំផុត រយៈពេល ៧​ថ្ងៃ ញត្តិ​របស់​ក្រុម​យុវជន​នេះ នឹង​ទៅ​ដល់ដៃ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។ កញ្ញា​មិន​ចង់​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ នៅតែ​បន្ត​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​នោះ​ទេ។

កញ្ញា អន ស្រីឡែន៖ «ជា​សំណូមពរ​សុំ​ឲ្យ​រដ្ឋាភិបាល​ជាពិសេស ក្រសួង មន្ទីរ​ពាក់ព័ន្ធ​ផ្សេងៗ​ជួយ​ពិនិត្យ​ក៏ដូចជា​លុប​នូវ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន និង​ស៊ើបអង្កេត​ថា តើ​ក្រុមហ៊ុន​ហ្នឹង​បាន​នាំចេញ​ឈើ​ប្រណីត ដែល​ផ្ទុយ​អំពី​ច្បាប់ ដែល​កម្ពុជា​បាន​ចែង​ឬ​អត់។ ហើយ​ចំពោះ​អ្វី ដែល​ពួក​ខ្ញុំ​ជា​យុវជន​នេះ​ស្នើ​នេះ គឺជា​ប្រយោជន៍​ចំពោះ​រដ្ឋាភិបាល​ផង ហើយក៏​ជា​ប្រយោជន៍​ចំពោះ​ប្រជាជន​គ្រប់គ្នា​ផង​។ ប្រសិនជា​បាត់បង់​ព្រៃឈើ​ទៅ​មិនមែន​ប៉ះពាល់​តែ​ពួក​ខ្ញុំ​ទេ ប៉ះពាល់​សម្រាប់​មនុស្ស​គ្រប់គ្នា»

មុននឹង​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​កសិកម្ម ក្រុម​សកម្មជន​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី តែ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ពួកគាត់​យក​ទៅ​ដាក់​នៅ​ក្រសួង​កសិកម្ម ដោយ​លើក​ហេតុផល​ថា ក្រសួង​កសិកម្ម​ជា​ក្រសួង​សាមី។

ការ​ដាក់​ញត្តិ​នៅ​ថ្ងៃ​នេះ មិន​មាន​អាជ្ញាធរ​មករា​រាំង​ក្រុម​សកម្មជន​បរិស្ថាន​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១៦ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​ត្រូវ​ចុច​បិទ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​គម្រោង នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជា​អ្នក​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​លោក អូត ឡាទីន ដែល​បាន​ចូលរួម​ដង្ហែ​ញត្តិ​ជាមួយ​ក្រុម​យុវជន ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​លុប​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ​របស់​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត នឹង​ជា​ចំណែក​មួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ ដោយសារ​កន្លងទៅ​ធ្លាប់​មានការ​រកឃើញ​ថា ក្រុមហ៊ុន​នេះ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធាន​ធម្មជាតិ។

លោក អូត ឡាទីន៖ «យើង​គិតថា​បញ្ហា​បទល្មើស​វា​អាច​នៅតែ​បន្ត​កើតមាន ប្រសិនជា​ក្រុមហ៊ុន​មួយ​នេះ នៅតែ​ទទួល​បាន​អាជ្ញាប័ណ្ណ​នៅក្នុង​ការ​នាំ​ឈើ​ចេញ​ទៅ​ខាងក្រៅ ព្រោះ​បច្ចុប្បន្ន​ឈើ​ធម្មជាតិ​មិន​មាន​យកចេញ​ពី​កន្លែង​ណា​ទេ គឺ​ក្រៅ​តែ​ពី​តំបន់​ការពារ​គឺ​អត់​មាន​ទេ អ៊ីចឹង​ឈើ ដែល​នាំចេញ​ទាំងអស់​នោះ គឺជា​ឈើ ដែល​ចូល​ទៅ​កាប់​រាន ឬក៏​កាប់​ធ្វើ​អាជីវកម្ម​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ»

កាលពី​ខែ​មិថុនា ឆ្នាំ​២០១២ ក្រសួង​កសិកម្ម បាន​ផ្ដល់​សិទ្ធិ​ឱ្យ ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) វិនិយោគ​ដំណាំ​ឧស្សាហកម្ម អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ លើ​ផ្ទៃដី​ជាង ៣​ម៉ឺន ៤​ពាន់​ហិកតារ (៣៤.០០៧) ឋិត​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ និង​មួយ​ផ្នែក​ចូល​ទឹកដី​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ បន្ទាប់​មក​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) បាន​ផ្ទេរសិទ្ធិ​បើក​រោងចក្រ​អារឈើ​ទៅ​ឱ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត កាលពី​ចុងឆ្នាំ​២០១៨។

ការ​ទាមទារ​របស់​ក្រុម​អ្នកការពារ​បរិស្ថាន ឱ្យ​បញ្ឈប់​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ តែ​ជា​រឿង ដែល​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់​ចេញ​បញ្ជា​ហាមប្រាម​កន្លងមក​។ កាលពី​ឆ្នាំ​២០១៥ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក ធ្លាប់​បាន​ចេញ​បញ្ជា​ហាម​មិន​ឲ្យ​មាន​ការ​នាំ​ឈើប្រណិត​ចេញពី​កម្ពុជា ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ ក៏ប៉ុន្តែ​បទបញ្ជា​នេះ គឺ​គ្មាន​ន័យ​អ្វី​សោះឡើយ បន្ទាប់ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ លោក ហ៊ុន សែន ដដែល កាលពី​ខែធ្នូ ឆ្នាំ​២០២១ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អង្គរ ផ្លាយវូត បន្ត​កាប់​ព្រៃឈើ​និង​នាំចេញ​ក្ដារបន្ទះ ក្ដារ​កម្រាល​ការ៉ូ និង​ផលិតផល​កែច្នៃ​ផ្សេងៗ​ទៀត ចាប់ពី​ឆ្នាំ​២០២២ រហូតដល់​ឆ្នាំ​២០២៦​។ លើស​ពី​នេះ រដ្ឋាភិបាល​មិនបាន​អើពើ​ត្រួតពិនិត្យ​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ​នោះ​ទេ ដែល​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ នៅ​តែ​បន្ត​នាំ​ឈើ​កម្រ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជាពិសេស​វៀតណាម និង​ប្រទេស​ចិន ដែល​ឈើ​កម្រ​ទាំងនោះ​រួមមាន ឈើ​សុ​ក្រំ ស្រឡៅ កកោះ ឈ្លីក​និង​ផ្ចឹក ដែល​មាន​តម្លៃ​ប្រាំ​រយ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គីប ។ នេះ​បើ​យោង​តាម​វិក្កយបត្រ​នាំ​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស របស់​ក្រុមហ៊ុន​អង្គរ ប្លាយវូដ ចុះ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន។

ទោះជា​យ៉ាងណា លោក អូត ឡាទីន លើកឡើង​ថា រដ្ឋាភិបាល​អាច​បានដឹង​រួច​មក​ហើយ​អំពី​វិនាសកម្ម​ព្រៃឈើ​នៅក្នុង​តំបន់​ការពារ​បណ្ដាលមកពី​វត្តមាន​ក្រុមហ៊ុន​ទទួល​ទិញ​ឈើ និង​នាំ​ឈើ​ចេញទៅ​ក្រៅប្រទេស ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ​បង្ខំចិត្ត​ចូល​ទៅ​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ដើម្បី​បាន​ប្រាក់កម្រៃ។ លោក អូត ឡាទីន បន្ថែម​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​បើក​លំហ​សេរីភាព​ចូលរួម​ពី​សំណាក់​យុវជន សិស្ស និស្សិត អង្គការក្រៅរដ្ឋាភិបាល សហគមន៍ និង​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់ ហើយ​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុននាំចេញ​ឈើ​ទាំងអស់​ប្រសិនបើ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មេដឹកនាំ​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិ​មនុស្ស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។