សហគមន៍​ភូមិ​ឡុំ​ខេត្ត​រតនគីរី​អះអាង​ថា ឈ្មួញ​បន្ត​កាប់​និង​ដឹក​ឈើ​​ទៅ​លក់​នៅ​វៀតណាម​ដោយ​សេរី

ដោយ ម៉ៅ សុធានី
2023.12.31
សហគមន៍​ភូមិ​ឡុំ​ខេត្ត​រតនគីរី​អះអាង​ថា ឈ្មួញ​បន្ត​កាប់​និង​ដឹក​ឈើ​​ទៅ​លក់​នៅ​វៀតណាម​ដោយ​សេរី ឈ្មួញវៀតណាមស្ទូចឈើដាក់ឡានដឹកជញ្ជូនបន្ត​នៅក្នុងទឹកដីប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។
រូបភាព៖ ផ្ដល់ដោយសកម្មជនព្រៃឈើ

ប្រជា​សហគមន៍​ភូមិ​ឡុំ នៅ​ខេត្ត​រតនគីរី តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​អះអាង​ថា ក្រុម​ឈ្មួញ​កំពុង​សម្រុកចូល​កាប់ និង​ដឹកជញ្ជូន​ឈើ ចេញ​ពី​តំបន់​ព្រៃ​ការពារ និង​ព្រៃ​សហគមន៍​ភូមិ​ឡុំ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​សេរី​ជា​រៀងរាល់ថ្ងៃ។ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​វិញ មិន​បាន​ចុះ​ទប់ស្កាត់​នោះ​ទេ ទោះបី​ពួកគេ​ស្នើ​ទៅ​អាជ្ញាធរ​ជាច្រើនសា​យ៉ាងណាក្ដី។

ប្រជា​សហគមន៍​ភូមិ​ឡុំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ក្រុម​ឈ្មួញ​បាន​លួច​ចូល​ទៅ​កាប់​និង​ដឹកជញ្ជូន​ឈើ នៅក្នុង​តំបន់​ព្រៃ​សហគមន៍​ភូមិ​ឡុំ និង​តំបន់​ការពារ​ផ្សេងទៀត យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​សេរី និង​មិនឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​មិន​មាន​វិធានការ​ច្បាប់​ទៅលើ​ក្រុម​ឈ្មួញ​នោះ​ទេ។ ក្រុម​ឈ្មួញ​បាន​កាប់​ប្រភេទ​ឈើ​កម្រ​មានតម្លៃ ដូចជា សុក្រំ ស្រឡៅ គគីរ និង​ផ្ចឹក។

សហគមន៍​បន្ត​ថា ពួកគេ​បាន​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​អើពើ​ចុះ​ជួយ​ទប់ស្កាត់​សហគមន៍​នោះ​ទេ ផ្ទុយទៅវិញ​សហគមន៍​រង​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​ជនល្មើស​និង​អាជ្ញាធរ​ដែល​ជាប់​ពាក់ព័ន្ធ​រកស៊ី​ឈើ​តំបន់​នោះ។

ប្រធាន​សហគមន៍​ព្រៃឈើ​ភូមិ​ឡុំ លោក សល់ ញុង អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម កាន់​តែ​កើត​មាន​ខ្លាំង​ឡើង ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​នោះ​ទេ ។ លោក​បន្ត​ថា ក្រុម​ឈ្មួញ​តែងតែ​លួច​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​របស់​លោក ហើយ​សហគមន៍​ពិបាក​ក្នុង​ការ​ទប់ស្កាត់​បទល្មើស ព្រោះ​ជនល្មើស​ខ្លះ​មាន​អាវុធ​កែច្នៃ​ដាក់​តាម​ខ្លួន ចំណែក​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ មិន​ព្រម​សហការ​ជាមួយ​សហគមន៍​ដើម្បី​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ឡើយ។

លោក សល់ ញុង ៖ «គេ​ចាំ​យក​លុយ ប៉ូលិស ប៉ូលិស​ព្រំដែន​ខ្លះមក​ចាំ​នៅ​ភូមិ ខ្លះ​ថា​ខ្លួន​វា​កាសែត​ដែរ​យក​លុយ​ដែរ នឹង​ហើយ​ដែល​ខ្ញុំ​ទប់​អត់​ឈ្នះ សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ចុះ​ជួយ​រាល់ថ្ងៃ»

logging1.jpg
ម៉ូតូឈ្មួញឈើដឹកឆ្លដែនចូលទៅវៀតណាម ស្ថិតនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ រូបភាព៖ ផ្ដល់ដោយសកម្មជនព្រៃឈើ

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ព្រំដែន​ច្រក​ភ្នំ​ក្រហម ដែល​មាន​ប៉ុស្តិ៍​វារៈ​ការពារ​ព្រំដែន​គោក​ប្រចាំការ​នៅ​ទីនោះ និង​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធម្មតា​ចេញចូល​ឡើយ ក្រៅពី​ក្រុម​ឈ្មួញ​ដឹកឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

ពលរដ្ឋ​ម្នាក់ថ្លែង​លាក់​ឈ្មោះ៖ «ដឹង​ពេល​ថ្ងៃ​ពេលយប់ មិន​ថា​យប់​មិន​ថា​ថ្ងៃ ឈើ​មួយថ្ងៃៗ​មាន​៥០​ទៅ​១០០​គ្រឿង​ម៉ូតូ ដឹកឈើ​អ៊ីចឹង​ណា រលូន​ហ្មង​ឥឡូវ​ដូច​ថា ដូច​ថា នៅ​ព្រំដែន​គេ​ដឹង​ទៅ​ដូច​ថា របស់​អ្វី​ដែល​យើង​ថា​ខុសច្បាប់​ហើយ ដឹង​ថា​ដល់​ប្រទេស​វៀតណាម​ហើយ បង​ឯង​គិត​មើល​ទៅ វា​យ៉ាងម៉េច»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាលខេត្ត​រតនគីរី លោក ញ៉ែម សំអឿន និង​អភិបាលស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកស្រាវជ្រាវ​និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង សង្កេត​ឃើញ​ថា សកម្មភាព​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ប្រទេស​កម្ពុជា​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅតែ​បន្ត​កើតមាន ដោយសារតែ​មន្ត្រី​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​គប់គិត​គ្នា​ជាមួយ​ឈ្មួញ ទើប​ការ​រត់ពន្ធ​ឈើ​ឆ្លងដែន​បាន។

លោក សេង សុខហេង៖ «មន្ត្រី​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន​នឹង​គឺ​ទទួល​បាន​ផលប្រយោជន៍​អំពី​បទល្មើស​ព្រៃឈើ ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ឆ្លងដែន អ៊ីចឹង​ហើយ​បាន​ជា​ដឹកជញ្ជូន​ឈើ វា​នៅតែ​រលូន​ព្រោះថា​បើសិនជា​អាជ្ញាធរ ឬក៏​សមត្ថកិច្ច​គាត់​មិន​បាន​បើកភ្លើង​ខៀវ មិន​បាន​ផ្ដល់​ឱកាស​មិន​បាន​ជួយ​សម្រួល​ទេ វា​មិនអាច​ធ្វើ​ឲ្យ​ការ​ដឹកជញ្ជូន​ឈើ នឹង​ទៅ​ក្រៅ​យ៉ាង​រលូន​នោះ​ទេ»

ព្រៃ​សហគមន៍​ភូមិ​ឡុំ ស្ថិតនៅ​ភូមិ​ឡុំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ដែល​មាន​ផ្ទៃដី​ជាង ៨​ពាន់​ហិកតារ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម បច្ចុប្បន្ន​ព្រៃ​សហគមន៍​មួយ​នេះ ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិចចារាយ​ពឹង​អាស្រ័យ ដោយ​សហគមន៍​តែងតែ​ចូល​ទៅ​រក​អនុផល​ព្រៃឈើ​នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ​២០១១​មក​ម្ល៉េះ។

សហគមន៍​ទទូច​ទៅ​រដ្ឋាភិបាល ត្រូវ​ចាត់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ទប់ស្កាត់ និង​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ បើ​ពុំ​ដូច្នោះ​ទេ​ពួកគេ​ថា ព្រៃឈើ​ដែល​នៅ​ជាប់​ព្រំប្រទល់ កម្ពុជា​-​វៀតណាម​នឹង​រង​វិនាស​ហិនហោច​ជាក់​ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។