ប្រជាសហគមន៍ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ស្នើឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យ ពង្រឹងវិធានការដកហូតកាំភ្លើងច្នៃតាមផ្ទះអ្នកភូមិ និងទប់ស្កាត់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ។ ពលរដ្ឋអះអាងថា ក្រោយពីក្រុមជនល្មើសនៅបន្តប្រើប្រាស់កាំភ្លើងច្នៃ និងដាក់អន្ទាក់សម្លាប់សត្វព្រៃក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័នជាបន្តបន្ទាប់។
បើទោះបីជារដ្ឋាភិបាលបានចេញវិធានការតឹងរ៉ឹងទប់ស្កាត់ និងដាក់បម្រាមមិនឱ្យប្រើប្រាស់កាំភ្លើងច្នៃសម្លាប់សត្វព្រៃ ក៏ប៉ុន្តែប្រជាសហគមន៍សង្កេតឃើញថា ពលរដ្ឋមួយចំនួននៅតែប្រើប្រាស់ឧបករណ៍នេះ ដោយលួចលាក់ ដើម្បីលបបរបាញ់សត្វព្រៃក្នុងតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័ន និងតំបន់អភិរក្សផ្សេងៗ ទៀត។
ប្រជាសហគមន៍បារម្ភថា កាំភ្លើងកែច្នៃពុំមែនប្រឈមតែសត្វព្រៃប៉ុណ្ណោះទេ អ្នកការពារព្រៃឈើ ក៏កំពុងប្រឈមសុវត្ថិភាពដែរ នៅពេលដែលពួកគាត់ចុះល្បាតព្រៃម្តងៗ ឃាត់ចាប់បទល្មើស។
សមាជិកព្រៃសង្ឃសហគមន៍រុក្ខាវន្ត ព្រះតេជព្រះគុណ តោន ប៊ុនលីន មានថេរដីកានៅថ្ងៃទី៦ កុម្ភៈថា អ្នកភូមិមួយចំនួនរស់នៅជាប់ព្រៃសហគមន៍នៅតែប្រើប្រាស់កាំភ្លើងច្នៃដោយលួចលាក់ និងតែងតែលបបរបាញ់សត្វព្រៃ ធ្វើអាជីវកម្ម។
ព្រះអង្គបន្ថែមថា កាំភ្លើងច្នៃមានសមត្ថភាពសម្លាប់ជីវិតសត្វ និងមនុស្សយ៉ាងសាហាវដូចកាំភ្លើងពិតដែរ ហើយក្រុមជនល្មើសតែងតែប្រើកាំភ្លើងនេះ ឆ្លុះបាញ់សត្វព្រៃនៅពេលយប់៖
ព្រះតេជព្រះគុណ តោន ប៊ុនលីន៖ «កាំភ្លើងកែច្នៃអត់មានសំឡេង ដូចកាំភ្លើងខ្យល់ ក៏សំបូរដែរ។ តែយើងអត់ដឹងថា ផ្ទះអ្នកណាមាន និងផ្ទះអ្នកណាមិនមាន។ កាំភ្លើងឮស្នូលបាញ់សត្វដែរ ជូនកាលអាត្មានៅជិតហ្នឹងអត់មានចូលទេខ្លាចដែរ ពេលវាមានកាំភ្លើងដៃ វាខ្លាចជាប់គុកវា វាយប្រហារមកលើយើងខ្លះដែរហើយ។ បើថ្ងៃដែរអាច»។
ព្រះតេជព្រះគុណ តោន ប៊ុនលីន បន្ថែមថា ជារៀងរាល់ឆ្នាំ ចាប់ពីខែមករា ដល់ខែ មិថុនា នៅរដូវប្រាំង ពេលមានភ្លៀងកក់ខែម្តងៗ ស្មៅលាស់ខ្ចី សត្វព្រៃជាច្រើនប្រភេទផ្អើលទៅផឹកទឹក និងស៊ីស្មៅ នៅក្បែរតំបន់បឹងធម្មជាតិមួយកន្លែង ក្នុងព្រៃសហគមន៍ដែលជាហេតុធ្វើឱ្យព្រានព្រៃ កំណត់ទីតាំងសំខាន់ៗ ដែលសត្វព្រៃរកចំណី និងផឹកទឹក នៅជុំវិញបឹងនេះ។
រីឯសត្វព្រៃខ្លះរងគ្រោះដោយសារអន្ទាក់ និងសត្វខ្លះទៀត ត្រូវគេលបបរបាញ់ធ្វើអាជីវកម្មជារៀងរាល់ឆ្នាំ។
ប្រជាសហគមន៍បានកត់ត្រាថា អំឡុងឆ្នាំ២០២២ សត្វទន្សោងងាប់ចំនួន ៦ក្បាល សត្វប្រើសងាប់ចំនួន ៦ក្បាល ហើយនៅក្នុងឆ្នាំ២០២៣ ទន្សោងងាប់ ៣ក្បាល ឈ្លូស ៣ក្បាល ប្រើស ៣ ក្បាល ជ្រូកព្រៃ ៤ក្បាល និងសត្វក្ងោកមួយក្បាលទៀតងាប់ ដោយសារជាប់អន្ទាក់ ការប្រើអគ្គិសនីឆក់ និងការប្រើកាំភ្លើងច្នៃលបបរបាញ់នៅពេលយប់។ រីឯប្រជាសហគមន៍បានដោះអន្ទាក់បានជាង ៦០០អន្ទាក់ ក្នុងឆ្នាំ២០២៣ និងជាង ១០អន្ទាក់ទៀត នៅដើមឆ្នាំ២០២៤ នេះ។
ឆ្លើយតបរឿងនេះ ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ លោក ភួង លីណា ប្រាប់វិទ្យុអាស៊ីសេរីថា ប្រសិនបើរកឃើញជនណាមួយ ប្រើប្រាស់អាវុធកែច្នៃក្នុងតំបន់ការពារ មន្ត្រីជំនាញនឹងអនុវត្តច្បាប់ ១០០ភាគរយ ផ្អែកតាមបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោកថា មន្ទីរបរិស្ថានសហការជាមួយប្រជាសហគមន៍ អាជ្ញាធរដែនដី រួមទាំងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធបន្តអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ដែលជាផ្នែកមួយទប់ស្កាត់មិនឱ្យមានឧបករណ៍កែច្នៃ និងអាវុធកែច្នៃជាដើម។
លោក ភួង លីណា៖«គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពមិនឱ្យមានអាវុធកែច្នៃ និងឧបករណ៍កែច្នៃផ្សេងៗ ក្នុងភូមិ/ឃុំរបស់គាត់ទេ។ ការផ្សព្វផ្សាយពីភូមិ/ឃុំមានសុវត្ថិភាពវាជាផ្នែកមួយទប់ស្កាត់អាវុធកែច្នៃ ដែលគាត់យកទៅប្រើប្រាស់ក្នុងតំបន់ការពារ។ បើគាត់ប្រើប្រាស់អាវុធនៅតំបន់ការពារផ្ទាល់ ពីពេលនេះ យើងនឹងអនុវត្តច្បាប់ ១០០ភាគរយតែម្ដង»។
ព្រៃសង្ឃសហគមន៍រុក្ខាវ័នមានផ្ទៃដីជាង ៣ម៉ឺន ហិកតារ (៣០.២៥៤ហិកតារ) ស្ថិតនៅស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ព្រៃអភិរក្សនេះ មានបឹងធម្មជាតិដ៏ស្រស់ស្អាតមួយដែលមានទំហំ ៦ពាន់ហិកតារសំបូរត្រី ក្រពើ ជីវចម្រុះ ផ្ដល់ប្រភពទឹកយ៉ាងសំខាន់ ដល់សត្វព្រៃជាច្រើនប្រភេទរស់នៅដូចជាសត្វខ្ទីង ទន្សោងស្វាប្រើស ខ្លារខិន ត្រដក់ធំ ពង្រូលខ្លាឃ្មុំតូច ឆ្កែព្រៃ ទោច និងសត្វក្ងោកជាដើម។ ប្រជាសហគមន៍ថា សត្វព្រៃដ៏កម្រទាំងនេះ ថយចុះជារៀងរាល់ឆ្នាំ ហើយសត្វខ្លះទៀតបានផុតពូជ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ថា ករណីនេះប្រសិនបើរដ្ឋាភិបាលដាក់ចេញយន្តការហើយ ក៏ប៉ុន្តែមិនបានកំណត់ជាបញ្ហាអាទិភាព រកឫសគល់ផលិតកាំភ្លើងច្នៃ និងដាក់ទោសទណ្ឌលើអ្នកពាក់ព័ន្ធឱ្យតឹងតែងនោះទេ លោកជឿថា បញ្ហានេះនឹងមិនអាចដោះស្រាយមានប្រសិទ្ធភាពឡើយ។
លោក អូត ឡាទីន៖ «កន្លងទៅរដ្ឋាភិបាលធ្លាប់ជោគជ័យហើយ ក្នុងការប្រមូលអាវុធសម័យសង្គ្រាម ខ្ញុំក៏ចង់ឃើញភាពជោគជ័យរបស់រដ្ឋាភិបាលមួយដំណាក់កាលទៀតដែរ ក្នុងការលុបបំបាត់អាវុធកែច្នៃទូទាំងប្រទេសព្រោះវា គំរាមកំហែងធ្ងន់ធ្ងរដល់សត្វព្រៃ និងក្រុមអ្នកការពារព្រៃឈើ។ នៅឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ យុវជនម្នាក់ប្រើកាំភ្លើងច្នៃវាយប្រហារអ្នកភូមិទាំង ប្តី និងប្រពន្ធ ដោយការប្រើកាំភ្លើងច្នៃ»។
ប្រជាសហគមន៍សង្កេតឃើញថា សត្វខ្ទីង និងទន្សោង រួមទាំងសត្វកម្រជាច្រើនទៀត បានថយចុះជារៀងរាល់ឆ្នាំ ដែលជាហេតុធ្វើឱ្យពួកគាត់ព្រួយបារម្ភ ខ្លាចក្រែងសត្វកម្រទាំងនេះផុតពូជ នៅថ្ងៃអនាគត ប្រសិនបើអាជ្ញាធរមិនរកមធ្យោបាយអភិរក្សឱ្យបានច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។