សហគមន៍​ថា ឈ្មួញ​មាន​អំណាច​កំពុង​ឈូស​​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃឆែបព្រះរការ​ជាច្រើន​ហិកតារ​ធ្វើ​កម្មសិទ្ធិ

ដោយ ម៉ៅ សុធានី
2024.03.23
សហគមន៍​ថា ឈ្មួញ​មាន​អំណាច​កំពុង​ឈូស​​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃឆែបព្រះរការ​ជាច្រើន​ហិកតារ​ធ្វើ​កម្មសិទ្ធិ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានរកឃើញការកាប់បំផ្លាញព្រៃព្រះរការ ស្រុកត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាលពីខែ​សីហា ឆ្នាំ​២០២១។
រូប៖ CYN

សហគមន៍​ការពារ​ព្រៃឈើ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ អះអាង​ថា ក្រុម​ឈ្មួញ​មាន​អំណាច​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប-ព្រះរការ​ជាច្រើន​ហិកតារ​ធ្វើជា​កម្មសិទ្ធិ​ឯកជន ដោយ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ជួយ​ទប់ស្កាត់ និង​មាន​វិធានការ​ចំពោះ​ជនល្មើស​នោះ​ទេ។ សង្គម​ស៊ីវិល​យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​និង​មាន​តម្លាភាព។

សហគមន៍​ការពារ​ព្រៃឈើ រស់នៅ​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្ត​ព្រះវិហារ អះអាង​ថា ក្រុម​ឈ្មួញ​ដែល​មាន​តួនាទី​ជា​មន្ត្រី​អង្គភាព​យោធា កំពុង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដីព្រៃ​សហគមន៍​ចំនួន​២ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប​-​ព្រះ​រការ ក្នុង​នោះ​មាន ព្រៃ​សហគមន៍​ព្រះ​លាន និង​ព្រៃ​សហគមន៍​ចង្ហាធំ អស់​រាប់​សិប​ហិកតារ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ហើយ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ជួយ​ទប់ស្កាត់​សហគមន៍ និង​មិន​មាន​វិធានការ​ទៅលើ​ជនល្មើស​នោះ​ទេ បើ​ទោះ​បី​ពួកគេ​បាន​រាយការណ៍ ទៅ​ទៅ​មន្ត្រី​ជំនាញ​យ៉ាងណាក្ដី។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​កំពង់ស្រឡៅ លោក កេន សុគន្ធ អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​មីនា ថា មាន​មន្ត្រី​យោធា​សឹក​រង​ភូមិភាគ​៤ ស្រុក​ឆែប ឈ្មោះ ឆៅ ហន បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ដែល​ស្ថិត​ក្នុង​ដែន​ជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រការ និង​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ អស់​ជាច្រើន​ហិកតារ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ឯកជន ហើយ​បញ្ហា​នេះ​សហគមន៍​បាន​រាយការណ៍ និង​បាន​បញ្ជូន​ឈ្មោះ​ជនល្មើស​ទាំងនោះ​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ប៉ុន្តែ​នៅ​មិនទាន់​ឃើញ​មាន​វិធានការ និង​អនុវត្ត​ច្បាប់​ទៅលើ​ជន​ប្រព្រឹត្ត​ឡើយ។ លោក​បន្ថែម​ថា អ្នកភូមិ​សង្ស័យ​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​តំបន់​នោះ​គប់គិត​គ្នា​ជាមួយ​ជនល្មើស ទើប​មិន​មាន​វិធានការ​បែប​នេះ។

លោក កេន សុគន្ធ៖ «ប្រជាពលរដ្ឋ​ទាំងអស់គ្នា​គាត់​អត់​សប្បាយចិត្ត សម្រាប់​ប្រជាពលរដ្ឋ សហគមន៍​ចុះ​ល្បាត​ទៅ​ជួប​ប្រជាពលរដ្ឋ​កាប់​ទន្ទ្រាន​ចុះ​ហាមឃាត់ គាត់​ឈប់​បាន​គាត់​ស្ដាប់ ដល់​អ្នក​មាន​អំណាច​យើង​ចុះទៅ​ហាមឃាត់​គេ​អត់​បាន ដោយសារ​គេ​មានអំណាច​គាត់​នៅ​រឹង​រុះ អ៊ីចឹង​វា​លំបាក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សមាជិក​គាត់​អត់​សប្បាយ​ចិត្តត្រង់​ថា សហគមន៍​យើង​ធ្វើ​អ្វី​គេ​មិនកើត​ហាម​បាន​តែ​ប្រជាពលរដ្ឋ សម្រាប់​អ្នក​ធ្វើ​ការ​មាន​អំណាច​ហាម​មិន​បាន វា​អត់​មាន​តម្លាភាព វា​អត់​ស្មើភាព​គ្នា»

សហគមន៍​ម្នាក់​ដែល​បាន​ចុះ​ទៅ​ហាមឃាត់​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ លោក ហ៊ុន រ៉ា ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ទាំងនោះ បម្រុង​ប្រើប្រាស់​អំពើ​ហិង្សា ទៅ​លើ​សហគមន៍ ដែល​បាន​ហាមឃាត់​មិន​ឲ្យ​ឈូស​ឆាយ​ដី​ព្រៃ និង​ដី​អាស្រ័យ​ផល​របស់​សហគមន៍។

លោក ហ៊ុន រ៉ា៖ «ខ្ញុំ​បាន​ជម្រាប​អាជ្ញាធរ​រួចហើយ ប៉ុន្តែ​គេ​មិនដឹង​ទេ ចាំ​មើល​ក្រសួង​បរិស្ថាន​គេ​ដោះស្រាយ ពីមុខ​ចាត់វិធានការ​ប្រជាពលរដ្ឋ​ដែល​គាត់​កាប់​ឆ្វៀល​តិចតួច​ជិត​ដី​សហគមន៍ គាត់​កាប់​នឹង​កាំបិត​និង​ពូថៅ​មិន​ច្រើន​ទេ ដូច​១​ឆ្នាំ​បាន ១​ស្រែ ២​ស្រែ​អ៊ីចឹង​វិញ​គាត់​ហាម​ឃាត់​ដូចគ្នា ដល់​ពេល​គេ​ដាក់​គ្រឿងចក្រ​អត់​ហ៊ាន​ទៅ​ទប់ស្កាត់​គេ​ផង អត់​ឃើញ​ទៅ​ហាម​គេ​ផង»

សហគមន៍​លើកឡើង​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប និង​ចាត់វិធានការ​ចំពោះតែ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​ពួកគេ​កាប់ឆ្ការ​ដី​សម្រាប់​អាស្រ័យ​ផល​ដើម្បី​ចិញ្ចឹមជីវិត​តែប៉ុណ្ណោះ ចំណែក​ក្រុម​ឈ្មួញ​មាន​លុយ​និង​មានអំណាច អាជ្ញាធរ​ទាំងនោះ​មិន​អើពើ​នោះ​ទេ លើស​ពី​នោះ​បាន​ជួយ​កាង​ការពារ​ក្រុម​ជនល្មើស​ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក ណុប វុទ្ធី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក ស៊ុង ច័ន្ទសុជាតិ បាន​ទេ នៅ​ថ្ងៃទី​២៣ ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល​។ ចំណែក​មន្ត្រី​យោធា​សឹក​រង ភូមិភាគ​៤ លោក ឆៅ ហន ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកគ្រប់គ្រង​កម្មវិធី អង្គការ​ពន្លក​ខ្មែរ លោក តែម វេន សង្កេត​ឃើញ​ថា បច្ចុប្បន្ន​មន្ត្រី​រដ្ឋាភិបាល​កំពុងតែ​មមាញឹក​ក្នុង​ការ​ចុះ​បង្ក្រាប និង​អនុវត្ត​ច្បាប់​ទៅលើ​បទល្មើស​ដែល​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅក្នុង​តំបន់​ការពារ រហូតដល់​មាន​ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដូច្នេះ​លោក​ជំរុញ​ឲ្យ​មន្ត្រី​របស់​រដ្ឋាភិបាល ត្រូវតែ​បង្ក្រាប និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព និង​មិន​ត្រូវ​លើកលែង​ឲ្យ​បុគ្គល​ណាមួយ​នោះ​ទេ។

លោក តែម វេន៖ «ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​សិក្សា​ធ្វើការ​អង្កេត​ករណីនេះ និង​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​តាម​នីតិវិធី ដើម្បី​ជួយ​ទៅ​ដល់​បងប្អូន​ប្រជា​សហគមន៍​របស់​យើង​នៅ​មូលដ្ឋាន»

ព្រៃ​សហគមន៍​ចង្ហា​ធំ និង​ព្រៃ​សហគមន៍​ព្រះ​លាន មាន​ផ្ទៃដី​ជិត ៣​ពាន់​ហិកតារ ស្ថិតនៅ​ឃុំ​កំពង់ស្រឡៅ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ក្នុង​ភូមិ​សាស្ត្រ​ដែន​ជម្រក​សត្វព្រៃ​ឆែប​-​ព្រះរការ។ ព្រៃ​សហគមន៍​ទាំងពីរ​នេះ សម្បូរ​ទៅ​ដោយ​ដើមឈើ​កម្រ​គ្រប់​ប្រភេទ មាន​ដូចជា សុក្រំ កកោះ និង​ធ្នង់ ដែល​ជា​ជម្រក​សត្វ​ជាច្រើន​ប្រភេទ​ថែម​ទៀត។

យោង​តាម​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​កាល​ពី​ថ្ងៃ​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​សម្រេច​បង្កើត​ដែន​ជម្រក​សត្វព្រៃ​ឆែប​-​ព្រះរការ ដែល​មាន​ផ្ទៃដី ជាង​៣០​ម៉ឺន (៣៤៧.៥៦៨)​ហិកតារ ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។