ពលរដ្ឋ​ទាមទារ​ឱ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ប្រគល់​ដី​ព្រៃ​មេត្តា​ធម្មជាតិ​ដែល​ក្រុម​ទាហាន​ឈូស​ឆាយ​រាប់​រយ​ហិកតារ​មកវិញ

0:00 / 0:00

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ គាំទ្រ​វិធានការ​របស់​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ដែល​បាន​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បោះបង្គោល​កំណត់​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ​ឱ្យ​ច្បាស់លាស់ ដើម្បី​ការពារ​សុវត្ថិភាព​ព្រៃ​អភិរក្ស​ដែល​នៅ​សេសសល់ ពី​ការ​ឈូស​ឆាយ​ដោយ​ក្រុម​ទាហាន​ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល។

អ្នកភូមិ​ថ្លែង​បែបនេះ នៅ​ចំពោះមុខ​អភិបាលខេត្ត​រូប​នេះ និង​មន្ត្រី​ពាក់ព័ន្ធ ដែល​ចុះ​ពិនិត្យ​ដី​ព្រៃ​អភិរក្ស​មួយ​នេះ ត្រូវ​គេ​ឈូស​ឆាយ​អស់​ស្ទើរ​ទាំងស្រុង។

​ប្រជា​សហគមន៍​ទាំងនោះ រស់នៅ​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ បន្ត​អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺ​អន្តរាគមន៍ ផ្តល់​ដី​ជាង ៨​រយ​ហិកតារ (៨៨៧) ឱ្យ​ត្រឡប់មកវិញ បន្ទាប់ពី​ព្រៃស្រោង​ទាំងនេះ ត្រូវ​ក្រុម​ទាហាន​"​ង​-៧០" ឈូស​ឆាយ​អស់​ជាង ៤០០ ហិកតារ នៅ​រយៈពេល​ជាង ៥ ខែ​ចុង​ក្រោយនេះ​។ មក​ទល់​ពេល​នេះ ព្រៃ​អភិរក្ស​មួយ​នេះ នៅសល់​ព្រៃ​ជាង ៣០ ហិកតារ​ប៉ុណ្ណោះ ។

តំណាង​សហគមន៍ លោក សយ សាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១១ សីហា ថា អភិបាល​ខេត្ត​កំពង់ស្ពឺ បាន​ទទួល​សំណើ​របស់​ពួក​លោក​រួចហើយ នឹង​យក​ទៅ​ពិភាក្សា​ដោះស្រាយ​។ លោក​ថា សំណើ​នោះ ប្រជា​សហគមន៍​ស្នើ​សុំ​ឱ្យ ក្រុម​ទាហាន "​ង​-៧០" ប្រគល់​កុដិ​វត្ត​មេត្តា​ធម្មជាតិ ឱ្យ​ព្រះសង្ឃ​វិញ និង​បញ្ចប់​ការ​បាញ់​កាំភ្លើង ការ​គំរាមកំហែង រួម​ទាំង​ប្រើ​អំពើ​ហិង្សា លើ​សមាជិក​សហគមន៍ ដែល​ចូល​ព្រៃ​ប្រមូល​អនុផល​ព្រៃឈើ។

​លោក​បន្ថែម​ថា ជំហរ​របស់​ពួក​លោក ចង់បាន​ដី ជាង ៨០០ ហិកតារ ដែល​ក្រុម​ទាហាន ឈូស ឆាយ​ឱ្យ​ក្លាយជា​វាលរហោឋាន ឱ្យ​ត្រឡប់មកវិញ ដោយ​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ឱ្យ មាន​កន្លែង​សត្វ​ជ្រក រក​អនុផល​ព្រៃឈើ និង​ឃ្វាលគោ​ក្របី​៖ «ហិនហោច​បាត់បង់ ខ្ញុំ​សោកស្តាយ​ណាស់ ឯកឧត្តម ខ្ញុំ​ស្តាយ​មែនទែន​។ មន្ត្រី​បរិស្ថាន អត់​យក​ភាពស្មោះត្រង់ ប្រាប់​សហគមន៍ រំកិល​មិន​ចេះចប់ ចង់បាន​កន្លែង​ណាស់ រំកិល​កន្លែង​ហ្នឹង ដល់​ដី​ព្រៃ​សហគមន៍​រលាយ​អស់»។

កាលពី​ថ្ងៃទី៩ សីហា​កន្លង​ទៅ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង និង​មន្ត្រី​បរិស្ថាន បាន​ចុះ​ពិនិត្យ​ការ​ឈូស​ឆាយ​ព្រៃ​មេត្តា​ធម្មជាតិ។ អភិបាល​ខេត្ត​រូប​នេះ បាន​ថ្លែង​នៅ​ចំពោះមុខ​ប្រជា​សហគមន៍​ថា សំណើ​របស់​សហគមន៍ លោក​នឹង​ពិនិត្យ​ជាក់ស្តែង ដើម្បី​ប្រជុំ​គណៈកម្មការ​មួយ រក​ដំណោះស្រាយ​សមរម្យ អាច​ទទួល​យក​បាន​ទាំងអស់គ្នា​។ លោក​ថា មន្ត្រី​ជំនាញ ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់​ជាក់ស្តែង ព្រោះ​តំបន់​ឈូស​ឆាយ​នោះ ប្រជា​សហគមន៍​អះអាង​ថា ជា​តំបន់​ព្រៃឈើ​ច្រើន​។​

អភិបាលខេត្ត​រូប​នេះ បញ្ជាក់​ថា លោក​នឹង​ស្នើ​ទៅ​ក្រសួង​បរិស្ថាន បង្ហាញ​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍​នេះ​ឱ្យ​ច្បាស់លាស់ ដើម្បី​ឱ្យ​ក្រុម​ការងារ​វាស់វែង ពី​ទំហំ​ផល​ប៉ះពាល់​ជាក់ស្តែង និង​ស្នើសុំ​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​បោះបង្គោល​ព្រំ។ លោក​បាន​ណែនាំ​ឱ្យ​មេ​ទាហាន "​ង​-៧០" បញ្ឈប់​ការ​គំរាមកំហែង​កំហែង លើ​ប្រជា​សហគមន៍ ហើយ​ប្រសិន បើ​កើតមាន​អំពើ​ហិង្សា​ណាមួយ សមត្ថកិច្ច​ជំនាញ ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៖ «សហការ​ជាមួយ​ក្រសួង​បរិស្ថាន​កំណត់​ព្រំ​ព្រៃ​សិន ដើម្បី​បាត់​ទំនាស់​។ កំណត់​ព្រំ​ព្រៃ​យក​យាមការ យើង​បោះ​បង្គោលព្រំ ដាក់​សហគមន៍​ព្រៃឈើ​។ ដាក់​បែប​ហ្នឹង​យើង បាត់​ទំនាស់ រាល់ថ្ងៃ​កំពុង​ចោទ​ទៅ​សហគមន៍​ថា សល់ ៧០០ ហិកតារ ឥលូវ​មិញ​ថា​សល់ ៣០ ហិកតារ ងាប់​បាត់»។

តំណាង​សហគមន៍ លោក សយ សាត បង្ហាញ​ពី​ភាព​អយុត្តិធម៌​យ៉ាងច្រើន ដែល​ក្រុម​ទាហាន "​ង​-៧០" ប្រើ​អំណាច​ជា​យោធា ធ្វើបាប ពលរដ្ឋ និង​ប្រជា​សហគមន៍​។ លោក​បញ្ជាក់​ថា ក្រុម​ទាហាន​បាន​បាញ់​គំរាមកំហែង និង​ប្រើ​ហិង្សា​លើ​ប្រជា​សហគមន៍​ជា​បន្តបន្ទាប់ ហើយ​ថែមទាំង ប្ដឹង​តំណាង​ពលរដ្ឋ​៦​នាក់ ទៅ​តុលាការ​ទៀត​ផង​។ រីឯ​អ្នកភូមិ​ខ្លះ​ត្អូញត្អែរ បាត់គោ​ជាង ១០ ក្បាល​ហើយ ហើយ​ពួកគាត់ នៅតែ​ភ័យខ្លាច​មិន​ហ៊ាន​ចូល​ព្រៃ​ស្វែង​រកគោ​របស់​ខ្លួន​។

របាយការណ៍​របស់​ប្រជា​សហគមន៍​ឱ្យ​ដឹង​ថា ក្រោយ​ពី​កើត​មាន​ឈូស​ឆាយ​ព្រៃ​អស់​ជាង ៤០០ ហិកតារ សកម្មភាព​លប​បរបាញ់​សត្វព្រៃ និង​លួច​ដាក់​អន្ទាក់ កំពុង​កើត​មាន​ច្រើន ធ្វើ​ឱ្យ​សត្វព្រៃ​ជាច្រើន​ប្រភេទ​រួមមាន ស្វា ទោច ក្ងោក និង ជ្រូកព្រៃ​ជាដើម បន្ត​ងាប់ និង​បាត់​ខ្លួន។

លើស​ពី​នេះ ព្រៃ​សហគមន៍​នេះ មាន​សត្វ​ក្ងោក​ជិត ១០០​ក្បាល បច្ចុប្បន្ន​នៅ​សល់​តែ ៤​ក្បាល​ប៉ុណ្ណោះ សត្វ​ទោច ៤ ក្បាល ដែល​តែង​លោត​លេង​តាម​មែកឈើ នៅ​សល់​តែ ២​ក្បាល ហើយ​ស្វា​ព្រាម និង​ស្វា​ព្រៃ មាន​សរុប​ជិត ១០០ ក្បាល នៅ​សល់​តែ ១៣​ក្បាល។

ជុំវិញ​រឿងនេះ លោក ហេង គឹមហុង យល់​ថា ចំណាត់ការ​របស់​អភិបាលខេត្ត​ជា​រឿង​ល្អ តែ​ហាក់​យឺត​ពេល​បន្តិច ព្រោះ​ព្រៃឈើ​រាប់​រយ​ហិកតារ ត្រូវ​គេ​ឈូស​កម្ទេច​អស់យ៉ាង​ឆាប់រហ័ស​។ លោក​ស្នើ​ឱ្យ​អភិបាលខេត្ត​រូប​នេះ គួរតែ​ស៊ើបអង្កេត​លើ អ្នក​ដែល​ប្រើ​អាវុធ និង​អំពើ​ហិង្សា​ធ្វើបាប​ពលរដ្ឋ​បំពាន​ច្បាប់ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់។

​លោក​គិតថា ការ​ស៊ើប​អង្កេត​រឿង​នេះ ក៏​ការ​ជំរុញ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ឡើងវិញ ហើយក៏​ជា​គំរូ​ភាព​មួយ ចូលរួម​ដោះស្រាយ​បញ្ហា​នានា ដើម្បី​បញ្ចប់​ការប្រើប្រាស់​អាវុធ​គំរាមកំហែង​ពលរដ្ឋ​តាម​អំពើ​ចិត្ត​៖ «មានការ​ដោះស្រាយ​តែ​មិន​មាន​ការ​ស៊ើបអង្កេត ជុំវិញ​ករណីនេះ ហាក់បីដូចជា ការ​លើកទឹកចិត្ត​ឱ្យ​ជន​ទាំង​អស់ហ្នឹង ប្រើ​អាវុធ​ប្រឆាំង​ពលរដ្ឋ​ទៅវិញ ហើយ​ការ​គំរាមកំហែង អាច​ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​បន្ត​កើតមាន»។

​កាលពី​ខែ​សីហា ឆ្នាំ​២០២១ កន្លង​ទៅ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ឆ្វៀល​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ខ្ពស់​មាន​ទំហំ​ជិត ៣ រយ​ហិកតារ (២៦២,២៤) ហិកតារ ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុងភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​បែងចែក​ជូន​គ្រួសារ​យោធិន "​ង​-៧០" កងរថក្រោះ ៤១​គ្រួសារ សម្រាប់​សង់​លំនៅឋាន និង​បង្កបង្កើនផល។

ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា មន្ត្រី​យោធិន "​ង​-៧០" បាន​ឈូស​ឆាយ​ព្រៃ​អភិរក្ស​នេះ លើស​ពី​ការ​កំណត់ អស់​ជាង ៤០០​ហិកតារ បច្ចុប្បន្ន​ព្រៃ​សហគមន៍​ឧត្តម​ស្រែពស់ នៅ​សល់​តែ ៣០ ហិកតារ ប៉ុណ្ណោះ។

ចំណែក ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ទទូច​ឱ្យ​រដ្ឋាភិបាល និង​អភិបាលខេត្ត​កំពង់ស្ពឺ ស៊ើបអង្កេត មន្ត្រី​ខិលខូច និង​មន្ត្រី​យោធា​ខ្លះ ដែល​ប្រើ​ល្បិច​អាក្រក់ ច្បាម​យក​ដី​អភិរក្ស​នេះ ក្រោម​រូបភាព​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​មិន​ប្រក្រតី ដោយសារ​តែ​ទីផ្សារ​ដី​ឡើងថ្លៃ​ខ្ពស់។

លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​រឿង​ឱ្យ​ជ្រះស្រឡះ​ទេ គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ របស់​រដ្ឋាភិបាល​នឹង​មិន​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​គម្រោង​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​មិន​សប្បាយចិត្ត ដោយសារ​ប៉ះពាល់​បរិស្ថាន សត្វព្រៃ និង​ជីវភាព​ពលរដ្ឋ​ជា​ប្រព័ន្ធ។

ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​ហៅថា ព្រៃ​មេត្តា​ធម្មជាតិ គឺជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ហើយ​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួង​បរិស្ថាន​កាល​ពី​ឆ្នាំ​២០០២។

ប្រជា​សហគមន៍​រក​ឃើញ​ថា ផែនទី​បង្ហាញ​ពី​ទំហំ​ផ្ទៃដី ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ មាន​ផ្ទៃដី ៨០០ ហិកតារ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង ព្រៃ​នេះ ត្រូវ​ក្រុម​អ្នក​មាន​អំណាច និង ក្រុម​មន្ត្រី​យោធា​ខ្លះ លួច​កាប់​ទន្ទ្រាន​អស់​ជា​បន្តបន្ទាប់។

តំបន់​នោះ​មាន​ភូមិសាស្ត្រ​ប្រជុំភ្នំ ខ្ពង់រាប​បទ​បែន ត​ភ្ជាប់​ពី​ជ្រលង​ភ្នំ​ឱរ៉ាល់ ដែល​អាច​ធ្វើ​ឱ្យ​សត្វព្រៃ ផ្លាស់​ទី​បាន ដោយ​ងាយស្រួល ហើយ​អ្នកភូមិ​ដែល​រស់នៅ​ព័ទ្ធជុំវិញ​ព្រៃ​អភិរក្ស​នេះ តែងតែ​ទទួល​ប្រយោជន៍ ពី​ភ្ញៀវ​ទេសចរណ៍ ឃ្វាលគោ​ក្របី បេះ​បន្លែ​ផ្លែឈើ រក​ថ្នាំបុរាណ បោចវល្លិ និង​រក​ផ្សិត ជាដើម។

​បន្ថែម​ពី​នេះ​ទៀត ព្រៃ​អភិរក្ស​នេះ មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​រស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់​ព្រៃ ឈ្លូស និង ស្វា​ជាដើម កំពុង​ប្រឈម​បាត់បង់​ទីជម្រក និង​ខ្លះ​រត់​ទៅ​ជ្រក​នៅ​តំបន់​ផ្សេង ហើយ​មាន​សត្វព្រៃ​ខ្លះទៀត គេ​លួច​បរបាញ់​សម្លាប់​ធ្វើ​អាជីវកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។