អ្នកជំនាញបរិស្ថានបារម្ភពីការផុតពូជត្រីកម្រនៅខែត្រភាគឦសាន
2016.02.06

អ្នកជំនាញបរិស្ថានបារម្ភពីការធ្លាក់ចុះចំនួនប្រភេទត្រីកម្រនៅដងទន្លេនៅខែត្រភាគឦសាន ដូចជាទន្លេមេគង្គលើ ទន្លេស្រែពក ទន្លេសេកុង និងទន្លេសេសាន។ ការបារម្ភនេះបន្ទាប់ចំនួននៃការចាប់បានត្រីកម្រក្នុងតំបន់របស់ប្រជានេសាទកាន់តែថយពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកតម្លៃត្រីដែលលក់នៅលើទីផ្សារក៏កាន់តែកើនឡើងដែរ។
អ្នកជំនាញបរិស្ថានឲ្យដឹងនៅថ្ងៃ៥ ខែកុម្ភៈ ថា លក្ខណៈភូមិសាស្ត្រជាជម្រកត្រីកម្រ ដូចជាត្រីប៉ាវាមុខពីរ ឬត្រីមុខបាក់ ត្រីប៉ាសេអ៊ី ត្រីក្អែក និងត្រីក្របី ក្នុងតំបន់កំពុងទទួលរងហានិភ័យធ្ងន់ធ្ងរ ដូចជាបម្រែបម្រួលស្ថានភាពទឹក ស្លែដុះច្រើនខុសប្រក្រតី ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការអភិវឌ្ឍទំនប់វារីអគ្គិសនី និងការមិនយកចិត្តទុកដាក់អភិរក្សតំបន់អន្លង់អភិរក្សរបស់អាជ្ញាធរ និងមន្ត្រីជំនាញ។
ទីប្រឹក្សានៃអង្គការបណ្ដាលការពារទន្លេបី លោក មៀច មាន រកឃើញថា ស្ថានភាពត្រីកម្រដូចជាត្រីប៉ាវា ប្រែពណ៌ខុសប្រក្រតី បន្ទាប់ពីលក្ខណៈភូមិសាស្ត្រដែលជាជម្រកត្រីនោះកំពុងរំខានដូចជា ការកសាងទំនប់វារីអគ្គិសនី និងការនេសាទខុសច្បាប់ជាដើម។
លោក មៀច មាន នៅមិនទាន់សន្និដ្ឋានបានយ៉ាងណានៅឡើយទេ ចំពោះការប្រែពណ៌ត្រីប៉ាវា ខុសប្រក្រតីនោះដែលលោកពុំធ្លាប់ជួប។ លោកយល់ថា ឧបសគ្គចម្បងនាំឲ្យចំនួនត្រីកម្រថយចុះ គឺស្ថានភាពទឹកមិនទៀងទាត់ ការអភិវឌ្ឍដងតាមទន្លេ ការនេសាទខុសច្បាប់ និងការមិនយកចិត្តទុកដាក់ពីរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋានទាក់ទិនការអភិរក្សនៅអន្លង់អភិរក្ស។
លោកជឿជាក់ថា ការថយចុះនៃប្រភេទត្រីក្នុងតំបន់ គឺជាសញ្ញាបង្ហាញឲ្យដឹងថា ត្រីនេះអាចនឹងផុតពូជ បើស្ថាប័នពាក់ព័ន្ធនៅតែព្រងើយកន្តើយ ចំពោះការអភិរក្សឲ្យទាន់ពេលនោះទេ៖ «ប្រភេទត្រីហ្នឹងគឺវាមានម្លុង ប្រមាណ ១០០ ទៅ ២០០គីឡូបួនជ្រុងនៅតាមដងទន្លេជាប្រភេទត្រីដែលមាននៅក្នុងតំបន់ មិនត្រូវមាននៅតំបន់ផ្សេងទេ។ បច្ចុប្បន្នយើងមិនត្រូវបានមើលឃើញថា មានការយកចិត្តទុកដាក់ ខាងរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការអភិរក្សពូជត្រីទាំងនោះ»។
ប្រភេទត្រីនៅមូលដ្ឋានដូចជា ត្រីប៉ាវាមុខពីរ ឬត្រីមុខបាក់ ត្រីប៉ាសេអ៊ី និងត្រីក្អែកជាដើម រស់នៅតំបន់សម្បូរថ្ម ស្លែ និងអន្លង់ជ្រៅនៅតាមដងទន្លេមេគង្គលើ ទន្លេសេកុង ទន្លេស្រែពក និងទន្លេសេសាន ដែលមន្ត្រីជំនាញនៅមិនទាន់មានលទ្ធផលស្ដីពីការស្រាវជ្រាវនៃការវិវឌ្ឍន៍ពងកូននៅឡើយ។ តែគេសន្និដ្ឋានថា ត្រីប្រភេទនេះអ្នកនេសាទចាប់បាននៅខែវិច្ឆិកា រហូតដល់ខែមីនា។
ប្រជាសហគមន៍នេសាទឃុំភ្លុក លោក ផៅ ម៉ៃ និយាយថា មិនមែនប្រភេទត្រីនៅក្នុងតំបន់មានការថយចុះប៉ុណ្ណោះទេ សូម្បីតែត្រីផ្សេងទៀតដែលធ្លាប់តែសម្បូរក្នុងទន្លេកាលពីប៉ុន្មានឆ្នាំមុននេះ ក៏មានការថយចុះរាល់ឆ្នាំដែរ។ លោករកឃើញថា ការបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទ ដូចជាការដាក់អួនខុសច្បាប់ ការនេសាទនៅរដូវត្រីពងកូន និងការប្រើប្រាស់ជាផ្ទុះក្នុងទន្លេ គឺជាមូលដ្ឋានចម្បងបណ្ដាលឲ្យចំនួនត្រីធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំដែរ។
លោកសង្កត់ធ្ងន់ថា ត្រីប៉ាសេអ៊ី និងត្រីប៉ាវា ជាដើមនៅឆ្នាំនេះ កម្រមានអ្នកនេសាទចាប់បានដូចឆ្នាំមុនៗណាស់។ លោកថា ប្រជានេសាទខ្លះដាក់មងក្នុងមួយថ្ងៃ មិនអាចចាប់បានត្រីប៉ាវា និងប៉ាសេអ៊ី សូម្បីតែមួយក្បាល៖ «មិនថាតែត្រីប៉ាសេអ៊ី មិនថាតែត្រីប៉ាវា មិនថាតែត្រីព្រួលទេ។ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំរកលែងឃើញហើយឥឡូវនេះ។ ចងមងអត់ជាប់ទេឥឡូវនេះ»។
នាយខណ្ឌរដ្ឋបាលជលផលខែត្រស្ទឹងត្រែង លោក ប៉ែន ឈុនឌី សម្ដែងសុទិដ្ឋិនិយមថា កាលពីអំឡុងឆ្នាំ២០១៥ ចំនួនត្រីកម្រក្នុងតំបន់ មានលក់នៅទៅផ្សារគួរចាប់អារម្មណ៍មិនចាញ់ឆ្នាំមុនៗឡើយ។ លោកទទួលស្គាល់ថា ការអភិវឌ្ឍតាមដងទន្លេ ក៏ជាផ្នែកមួយប៉ះពាល់ដល់ត្រីកម្រ និងត្រីផ្សេងទៀតដែរ តែមន្ត្រីជំនាញនៅមិនទាន់សន្និដ្ឋានពីផលប៉ះពាល់កម្រិតណានៅឡើយ ព្រោះមិនទាន់សិក្សាស្រាវជ្រាវ៖ «ទាល់តែយើងធ្វើការសិក្សាឲ្យវាលម្អិតជាមុនសិន។ ធនធានជលផលកាលណាវាមានទំនប់ច្រើន គឺវាប៉ះពាល់ហើយ មិនអត់ទេ»។
អាជីវករខែត្រស្ទឹងត្រែង លើកឡើងថា បច្ចុប្បន្នត្រីកម្រនៅមូលដ្ឋាន ដូចជាត្រីប៉ាសេអ៊ី និងត្រីប៉ាវា ជាដើមមិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ឡើយ។ ចំណែកតម្លៃត្រីប៉ាសេអ៊ី ដែលកំពុងដាក់លក់នៅលើទៅផ្សារមានតម្លៃ ១៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម ចំណែកត្រីប៉ាវា ៥ម៉ឺនរៀលមួយគីឡូក្រាម និងត្រីក្អែក តម្លៃ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕