មន្ត្រី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​រិះគន់​សកម្មភាព​ជីក​ដី​លុប​អូរ​ឬ​ព្រែក​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង ខេត្ត​ព្រះសីហនុ បាន​រិះគន់​សកម្មភាព​ជីក​កាយ​ដី​ឧទ្យាន​ជាតិ​រាម និង​ដី​ភ្នំ ដើម្បី​ចាក់​លុប​ព្រែក​អូរ និង​ឆ្នេរ​សមុទ្រ​ជាដើម នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ពិសេស​វិស័យ​ទេសចរណ៍។

បញ្ហា​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កំពុង​មាន​វិធានការ​ទៅ​លើ​អ្នក​ចាក់​ដី​លុប​មាត់​អូរ ឬ​ព្រែក ដែល​បង្ក​ឲ្យ​មាន​ការ​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ និង​បំផ្លាញ​សោភណភាព ខេត្ត​ទេសចរណ៍​មួយ​នេះ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក លី ឌី បាន​ថ្លែង​រិះគន់​ទៅ​លើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​នៅ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​រាម និង​ជីក​ដី​ភ្នំ​មួយ​ចំនួន ដើម្បី​យក​ដី​ចាក់​លុប​មាត់​អូរ ព្រែក ឬ​មាត់​សមុទ្រ​ជាដើម ថា​គ្មាន​អាជ្ញាធរ​ហាមឃាត់។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ឧសភា ថា លោក​បាន​ឃើញ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​ដី​ភ្នំ​នៅ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​រាម និង​ភ្នំ​មួយ​ចំនួន​ទៀត មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ មាន​រូបភាព​អនាធិបតេយ្យ​បំផុត។

ផ្ដើម​ពី​បញ្ហា​នេះ លោក​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​មាន​វិធានការ ឬ​ដាក់​បទបញ្ជា​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​ដី​នៅ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​រាម ឬ​ដី​ភ្នំ​ផ្សេង​ទៀត​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យ​បាន​ទាល់​ពេលវេលា ព្រោះ​បច្ចុប្បន្ន​នេះ ឃើញ​ឈ្មួញ ឬ​បុគ្គល​មាន​អំណាច​បាន​ប្រើ​គ្រឿងចក្រ​ជីក​យក​ដី​ដឹក​ចាក់​លុប​មាត់​អូរ និង​មាត់​សមុទ្រ​ជាដើម ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​គ្មាន​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ទប់ស្កាត់​ទេ។

លោក លី ឌី៖ «បញ្ហា​ជីក​កកាយ​ដី​ភ្នំ​នៅ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​រាម ឬ​ដី​ភ្នំ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ របស់​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច គឺ​មាន​ភាព​អនាធិបតេយ្យ​បំផុត ដើម្បី​យក​ទៅ​ចាក់​រំលោភ​យក​ដី​មាត់​អូរ ព្រែក និង​ឆ្នេរសមុទ្រ​ជាដើម។ ជាក់ស្ដែង​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម មាន​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល បាន​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​មន្ត្រី​ទាំង​នោះ ត្រឹម​មាន​ឋានៈ​ជា​អភិបាល​ខេត្ត ក៏​មិន​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់ ឬ​គ្រប់​ដណ្ដប់​សកម្មភាព​របស់​មន្ត្រី​ល្មើស​នោះ​ដែរ»

​លោក លី ឌី សមាជិក​ក្រុមប្រឹក្សា ខេត្ត​ព្រះសីហនុ បាន​ចាត់​ទុក​ការ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ប្រើ​គ្រឿង​ចក្រ​ជីក​កកាយ​ដី​ភ្នំ ពិសេស​ដី​ភ្នំ​នៅ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​រាម ថា​ជា​ការ​ឃុបឃិត​ដោយ​មន្ទីរ​រ​ពាក់​ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ។ ជាង​នេះ លោក​ថា ក៏​មាន​សកម្មភាព​ឃុបឃិត​ចាក់​ដី​រំលោភ​យក​តំបន់​អភិរក្ស​ដើម​កោងកាង សម្រាប់​ជា​ជម្រក​មច្ឆា​សមុទ្រ ក៏​កំពុង​កើត​មាន​នៅ​មូលដ្ឋាន​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ផ្ដើម​ដោយ​ថ្នាក់ដឹកនាំ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏​កំពុង​កើត​មាន​អនាធិបតេយ្យ និង​គ្មាន​ការ​ទប់​ស្កាត់​ដែរ។

លោក លី ឌី៖ «ខ្ញុំ​សំណូមពរ​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ពិសេស​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន សូម​ឲ្យ​ពិនិត្យ​មើល​ច្បាប់​ឆ្នេរ ឬ​ច្បាប់​ភ្នំ​ជា​ដើម​ឡើង​វិញ។ តើ​សកម្មភាព​ជីក​កកាយ​ដី​ពី​តំបន់​ភ្នំ ឬ​ឧទ្យាន​ជាតិ​រាម តើ​បុគ្គល​ទាំង​នោះ​យក​ច្បាប់​អ្វី​មក​អនុវត្ត ជាពិសេស​ដី​នៅ​តំបន់​ឆ្នេរ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ មាន​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ឬ​ឆ្នេរ​ឯករាជ្យ ជាដើម តើ​យក​ច្បាប់​អ្វី​មក​អនុវត្ត ដែល​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន​ទៅ​លើ​ឆ្នេរសមុទ្រ​នោះ។ ដូច្នេះ​ស្នើ​ឲ្យ​សម្ដេច​ពិនិត្យ ឬ​បើក​មើល​ច្បាប់​ឆ្នេរ​ឡើង​វិញ តើ​ការ​អនុវត្ត​របស់​មន្ត្រី​ពាក់ព័ន្ធ​កន្លង​មក​ខុស ឬ​ត្រូវ​ច្បាប់?»

ស្រដៀង​គ្នា​ដែរ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ី.អិន.រ៉ូ (CNRO) សាខា ខេត្ត​ព្រះសីហនុ ក៏​ថ្លែង​រិះគន់​សកម្មភាព​ចាក់​ដី​លុប​មាត់​អូរ ឬ​ព្រែក ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​លិចលង់​លំនៅឋាន​ពលរដ្ឋ​នេះ​ដែរ។ លោក​បន្ត​ថា សកម្មភាព​ជីក​កកាយ​ដី​បរិវេណ​ឧទ្យាន​ជាតិ​រាម គឺ​កំពុង​មាន​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​ទាមទារ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

​លោក សុខ សុខុម ថ្លែង​បន្ត​ថា ដី​ចំណី​មាត់​ព្រែក ឬ​អូរ​ជាដើម ពិសេស​ឧទ្យាន​ជាតិ​រាម មិន​គួរ​ឲ្យ​មាន​សកម្មភាព រំលោភ​ចាក់​ដី ឬ​ជីក​ដី​ទៅ​បម្រើ​ជា​កម្មសិទ្ធិ​ឯកជន នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភណភាព​ខេត្ត​ព្រះសីហនុ ទៀត​ទេ ព្រោះ​សកម្មភាព​នេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អនាគត។

លោក សុខ សុខុម៖ «អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​បាន​ប្រសើរ​នៅ​ថ្ងៃ​អនាគត។ បញ្ហា​នេះ រដ្ឋាភិបាល ឬ​ប្រមុខ​ដឹកនាំ មិន​មែន​ទុក​បណ្ដោយ​ឲ្យ​បុគ្គល​មួយ​ក្ដាប់​តូច ដើរ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ភ្នំ ឬ​ដី​បរិវេណ​ឧទ្យាន​ជាតិ និង​ដី​តំបន់​ឆ្នេរ​សមុទ្រ ឈាន​ដល់​ចាក់​ដី​លុប​សមុទ្រ​ជា​ដើម ដើម្បី​ធ្វើ​កម្មសិទ្ធិ​ឯកជន​តាម​អំពើ​ចិត្ត​នោះ​ទេ។ បញ្ហា​នេះ គឺ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ព្រោះ​បាន​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ»

ត្រង់​ចំណុច​នេះ លោក សុខ សុខុម ក៏​បាន​ស្នើ​ដល់​លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​មាន​វិធានការ​ទប់ស្កាត់​រាល់​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ ឬ​ដី​បរិវេណ​ឧទ្យាន​ជាតិ​រាម ដែល​កំពុង​ធ្វើ​សកម្មភាព​រាល់​ថ្ងៃ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ក្នុង​នាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល រាល់​សកម្មភាព​ឈូស​ឆាយ​ដី​ភ្នំ ឬ​ដី​បរិវេណ​ឧទ្យាន​ជាតិ យក​ដី​ទៅ​ចាក់​លុប​សមុទ្រ គឺ​ជា​ទង្វើ​មិន​ស្រប​ច្បាប់​ទេ។ ដូច្នេះ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ និង​ឲ្យ​មាន​ប្រសិទ្ធភាព»

​បញ្ហា​នេះ លោក ប្រាក់ សមប្រាថ្នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះសីហនុ ថ្លែង​បដិសេធ​ថា មិន​បាន​ដឹង​ឮ​លើ​ករណី​ជីក​កកាយ​ដី​ភ្នំ ឬ​ឧទ្យាន​ជាតិ​រាម​នោះ​ទេ។ ប៉ុន្តែ​លោក​សន្និដ្ឋាន​ថា សកម្មភាព​ប្រើ​គ្រឿងចក្រ​នៅ​ម្តុំ​បរិវេណ​ឧទ្យាន​ជាតិ​រាម អាច​ទំនង​ជា​ការ​ជីក​ពង្រាប​ដី​នៅ​ក្នុង​ដី​ឡូត៍​ឯកជន ដែល​មាន​កម្មសិទ្ធិ​ត្រឹមត្រូវ។

ទោះ​យ៉ាង​ណា លោក ប្រាក់ សមប្រាថ្នា បាន​ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ ជួយ​សហការ​ផ្ដល់​ព័ត៌មាន​ទាក់ទង​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ ឬ​ដី​រដ្ឋ​ផ្សេងៗ​ទៀត មក​កាន់​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ដើម្បី​ឈាន​ដល់​ចុះ​ពិនិត្យ ឬ​ទប់ស្កាត់​ជាក់ស្ដែង៖ «បើ​គាត់​ដឹក​អាចម៍​ដី​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ ឬ​ដឹក​លក់​ទៅ​កាន់​ទីតាំង​ផ្សេង ឆ្ងាយ​ពី​ទី​តាំង​ដើម ហើយ​មិន​បាន​សុំ​ច្បាប់​ពី​មន្ទីរ​រ៉ែ និង​ថាមពល​គឺ​ជា​ការ​ខុស​ច្បាប់។ ប៉ុន្តែ​បើ​ដឹក​ដី​ដើម្បី​ចាក់​ពង្រាប​នៅ​ក្នុង​ដី​ឡូត៍​ឯកជន​មិន​ខុស​ច្បាប់ ឬ​មិន​ចាំបាច់​សុំ​ច្បាប់​ពី​មន្ទីរ​នោះ​ទេ ព្រោះ​មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មន្ទីរ​រ៉ែ និង​ថាមពល​គ្រប់គ្រង​ឡើយ។ បញ្ហា​នេះ​វា​ស្ថិត​ក្រោម​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ទៅ​វិញ​ទេ»

​ទាក់ទិន​បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ឧសភា ថា អាជ្ញាធរ​ខេត្ត​នេះ កំពុង​មាន​វិធានការ​ទៅ​លើ​សកម្មភាព​ចាក់​ដី​លុប​មាត់​អូរ ឬ​ព្រែក ផ្ដើម​ដោយ​បុគ្គល​មួយ​ចំនួន​ធ្វើ​កម្មសិទ្ធិ​ជា​បណ្តើរៗ​រួច​ហើយ។ ​លោក​ថ្លែង​ថា មិន​បាន​ដឹង​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​ដី​បរិវេណ​ឧទ្យាន​ជាតិ​រាម នៅ​ឡើយ​ទេ ប៉ុន្តែ​អះអាង​ថា នឹង​បញ្ជូន​មន្ត្រី​ឲ្យ​ចុះ​ពិនិត្យ​លើ​ករណី​នេះ។

លោក ឈិត សុខុន បន្ថែម​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ខេត្ត​កំពុង​មាន​វិធានការ​ទៅ​លើ​សកម្មភាព​ចាក់​ដី​លុប​អូរ​ធម្មជាតិ មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុង និង​ខេត្ត​ព្រះសីហនុ ដែល​ឈ្មួញ ឬ​ឯកជន​បាន​ចាក់​ដី​លុប​មាត់​អូរ​នេះ​ធ្វើ​កម្មសិទ្ធិ នាំ​ឲ្យ​ទឹក​មិន​អាច​ហូរ​ចូល​សមុទ្រ និង​លិចលង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​តំបន់​នេះ៖ «យើង​ត្រូវ​រក្សា ឬ​ស្តារ​អូរ​ធម្មជាតិ​មួយ​កន្លែង​មាន​ទីតាំង​នៅ​សង្កាត់​លេខ​៤ ឲ្យ​បាន​ធំ​ទូលាយ​ឡើង​វិញ ពីព្រោះ​បច្ចុប្បន្ន​នេះ មាន​អ្នក​មាន​បុគ្គល​មួយ​ចំនួន​បាន​ចាក់​ដី​លុប​អូរ​ធម្មជាតិ​មួយ​នេះ យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ ប៉ុន្តែ​អូរ​នេះ មាន​ប្លង់​ព័ន្ធ​របស់​មន្ទីរ​សុរិយោដី​ត្រឹមត្រូវ ដោយ​មាត់​អូរ​មាន​ទំហំ​ចាប់​ពី ១៥​ម៉ែត្រ ទៅ ២៥​ម៉ែត្រ។ យើង​មាន​វិធានការ​ទប់ស្កាត់​រាល់​សកម្មភាព​ចាក់​ដី​រំលោភ​មាត់​អូរ​នេះ ដើម្បី​ទុក​អូរ​ធម្មជាតិ​មួយ​នេះ ដើម្បី​រំដោះ​ទឹកភ្លៀង​កុំ​ឲ្យ​ជន​លិច​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុង​សង្កាត់​លេខ ៤ ផង និង​ដើម្បី​ថែរក្សា​អូរ​ធម្មជាតិ មិន​ឲ្យ​បាត់បង់​ទៅ​លើ​បុគ្គល​​នៅ​ថ្ងៃ​អនាគត»

​ទោះជា​បែបនេះ​ក្តី លោក លី ឌី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មក​ពី​គណបក្ស​ប្រឆាំង​រិះគន់​ថា អាជ្ញាធរ​ខេត្ត​នេះ គួរ​បង្ការ​ទប់ស្កាត់​រាល់​សកម្មភាព​ចាក់​ដី​រំលោភ​ដី​មាត់​អូរ ព្រែក ឬ​ឆ្នេរសមុទ្រ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ជា​មុន មិន​មែន​មាន​ការ​រំលោភ​បំពាន​រួច​ហើយ ទើប​មាន​សកម្មភាព​ទប់ស្កាត់​ជា​ក្រោយ​នោះ​ទេ។ ជាង​នេះ លោក​ក៏​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន ឲ្យ​ជួយ​ពិនិត្យ​ចំពោះ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​តំបន់​ឧទ្យាន​ជាតិ​រាម ដែល​កំពុង​ធ្វើ​សកម្មភាព​រាល់​ថ្ងៃ​នេះ ព្រោះ​បាន​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ។

​គេហទំព័រ​របស់​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ថា ឧទ្យាន​ជាតិ​រាម ត្រូវ​បាន​ប្រកាស​ដោយ​ព្រះរាជ​ក្រឹត្យ ដាក់​ជា​តំបន់​អភិរក្ស​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រោះ​ទីតាំង​ភូមិសាស្ត្រ​តំបន់​នេះ ជា​តំបន់​ធម្មជាតិ មាន​តម្លៃ​វិទ្យាសាស្ត្រ អប់រំ និង​កម្សាន្ត​ជាដើម។

​ឧទ្យាន​រាម មាន​ទីតាំងនៅ​ភាគ​ខាង​កើត​នៃ​ទីប្រជុំជន​ខេត្ត​ព្រះសីហនុ ប្រមាណ​ជិត ២០​គីឡូម៉ែត្រ។ កន្លង​មក​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ឧទ្យាន​ជាតិ​រាម ក៏​មាន​បើក​បម្រើ​សេវា​ទេសចរណ៍​ជូន​ភ្ញៀវ​ដើរ​កម្សាន្ត​តាម​កោះ តាម​មធ្យោបាយ​ទូក ឬ​ថ្មើរ​ជើង ឆ្ពោះ​ទៅ​កាន់​តំបន់​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន មាន​ដី​កោះ និង​ព្រៃភ្នំ​ជាដើម។

ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​តំបន់​នេះ ពួកគេ​អាច​ទស្សនា​សត្វព្រៃ មាន​ស្វា ប្រើស ជ្រូកព្រៃ បក្សាបក្សី​ជា​ច្រើន​ប្រភេទ និង​ផ្សោត​ជាដើម នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង ២​ម៉ឺន​ហិកតារ។ ឧទ្យាន​នេះ​មាន​ព្រៃភ្នំ ព្រែក មាត់​សមុទ្រ កោះ ច្រាំង និង​មាន​ផ្កាថ្ម​ជាដើម​សម្រាប់​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។