មន្ត្រីសង្គមស៊ីវិលខេត្តកោះកុងទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតឧកញ៉ាម្នាក់ និងអ្នកពាក់ព័ន្ធរំលោភយកដីព្រៃកោងកាង
2022.11.16

មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍នេសាទ រស់នៅខេត្តកោះកុងបន្តទាមទារឱ្យអាជ្ញាធរខេត្តនេះ ស៊ើបអង្កេត ឧកញ៉ាម្នាក់ រួមទាំងអ្នកពាក់ព័ន្ធ បានរំលោភយកដីព្រៃកោងកាង អស់ជាច្រើនហិកតារ ដើម្បីពុះដីឡូត៍ធ្វើអាជីវកម្ម។ ពួកគាត់អះអាងថា អាជ្ញាធរមូលដ្ឋានខេត្តនេះ នៅតែបើកដៃឱ្យបុគ្គលមានអំណាច ឈូសឆាយរំលោភយកដីព្រៃកោងកាងជាបន្តបន្ទាប់។
ព្រៃកោងកាង ឋិតនៅចំណុចកំពង់ឡាន ភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល កំពុងទទួលរងការឈូសឆាយ ចាក់ដីលុប ដើម្បីពុះដីឡូត៍លក់ ដោយមានផ្នែកខ្លះ ធ្វើអាជីវកម្មបូមខ្សាច់ ក្នុងតំបន់ព្រៃកោងកាងអស់ជាច្រើនហិកតារ។
ប្រជាសហគមន៍នេសាទ និងមន្ត្រីសង្គមស៊ីវិលសង្ស័យថា អាជ្ញាធរមូលដ្ឋានខ្លះ ឃុបឃិតគ្នា ជាមួយឧកញ៉ា អ៊ឹង ឃាង និងក្រុមអ្នកមានអំណាចផ្សេងទៀត បំផ្លាញសម្បត្តិជាតិដ៏ធំធេងទាំងនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកោះកុងលោក ថោង ច័ន្ទតារា ប្រាប់វិទ្យុអាស៊ីសេរីថា ដីព្រៃកោងកាងឋិតក្នុងឃុំដងពែង បន្តទទួលរងការឈូសឆាយ និងដាក់ដីលុប ដើម្បីពុះដីឡូត៍ធ្វើអាជីវកម្មអស់ជាង ១០ហិកតារ នៅរយៈពេលជាង ៦ខែចុងក្រោយនេះ។ លោកថា ក្រោយពីឈូសឆាយព្រៃកោងកាងអស់ ក្រុមឈ្មួញបានពុះដីឡូត៍ លក់ ដោយគ្មានការស៊ើបអង្កេតនៅឡើយទេ មកទល់ពេលនេះ។ រីឯដីព្រៃកោងកាង នៅក្បែរៗ នោះ ក៏កំពុងទទួលរងការឈូសឆាយ ទន្ទ្រានធ្វើជាកម្មសិទ្ធិអស់ជាបន្តបន្ទាប់ដែរ។
លោក ថោង ច័ន្ទតារា៖ «វាគ្មានចំណាត់ការទីទេ នៅទ្រឹងហ្នឹងទៅ សកម្មភាពដាក់ដីលុបព្រៃកោងកាង និងកាប់បំផ្លាញនៅតែបន្ត ដូចអត់មានអាជ្ញាធរណាហាមឃាត់ និងទប់ស្កាត់។ នៅផ្នែកខាងហ្នឹង ព្រៃកោងកាងរេចរឹល កាន់តែធំទៅៗ»។
ប្រជាសហគមន៍នេសាទខេត្តកោះកុងសង្កេតឃើញថា ព្រៃកោងកាងនៅតំបន់នោះ មានផ្នែកខ្លះ ត្រូវគេកាប់ទន្ទ្រាន ធ្វើជាទីតាំងបូមខ្សាច់លក់ជាច្រើនខែមកហើយ។ ពួកគាត់សង្ស័យថា ឧកញ៉ា អ៊ឹង ឃាង និងក្រុមអ្នកមានអំណាចមួយចំនួនទៀត គឺជាមេខ្លោង បំផ្លាញជម្រកត្រីពងកូនទាំងនេះ។
ប្រជាសហគមន៍នេសាទរស់នៅស្រុកស្រែអំបិល លោក អុយ រុន ឱ្យដឹងថា សកម្មភាពបំផ្លាញដីព្រៃកោងកាងកាន់តែរីកធំឡើងជារៀងរាល់ថ្ងៃ ដោយក្រុមអ្នកមានអំណាចនៅពីក្រោយខ្នង ពុំមានអាជ្ញាធរណាអើពើនោះឡើយ។ លោកអះអាងថា ការបំផ្លាញនេះ ប៉ះពាល់ដល់ជម្រកត្រីពងកូន សត្វស្លាប ជីវចម្រុះសមុទ្រ និងជីវភាពប្រជាសហគមន៍ ដោយបាត់បង់ទីកន្លែងនេសាទត្រីសមុទ្រលក្ខណៈគ្រួសារ។
លោក អុយ រុន៖ «ទី១ ប៉ះពាល់ធនធានធម្មជាតិ និងផលប្រយោជន៍ពលរដ្ឋ ការរស់នៅ និងការអាស្រ័យផលរបស់ពលរដ្ឋ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ ពីឧកញ៉ា អ៊ឹង ឃាង បាននៅឡើយទេ នៅថ្ងៃទី១៥ វិច្ឆិកា ដោយទូរស័ព្ទរបស់លោកពុំអាចទាក់ទងបាន។
ចំណែកអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និងប្រធានមន្ទីរបរិស្ថានលោក ហ៊ុន ម៉ារ៉ាឌី ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ប្រជាសហគមន៍ និងមន្ត្រីសង្គមស៊ីវិលបានស្តីបន្ទោស អាជ្ញាធរខេត្តកោះកុងថា អសមត្ថភាពការពារទ្រព្យសម្បត្តិជាតិ ដោយបន្តបណ្តែតបណ្តោយឱ្យក្រុមអ្នកមានអំណាច ឈូសឆាយ ទន្ទ្រាន និងកាប់ផ្តួលដីព្រៃកោងកាង ធ្វើជាសម្បត្តិបុគ្គលដោយគ្មានការអនុវត្តច្បាប់។
លោក ថោង ច័ន្ទតារា បន្ថែមថា អាជ្ញាធរតែងតែរកលេសឆ្លើយដោះសាយករួចខ្លួន និងព្យាយាមលាក់បាំងព័ត៌មាន ពីសកម្មភាពបំផ្លាញដីព្រៃកោងកាង ដែលឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មន្ត្រីសង្គមស៊ីវិលរូបនេះស៊ើបដឹងថា ក្នុងខេត្តកោះកុង មានព្រៃកោងកាង ជាច្រើនតំបន់ទៀត ជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់របស់អ្នកភូមិ ទាក់ទាញភ្ញៀវទេសចរ ក៏ទទួលរងការចាក់ដីលុប និងទន្ទ្រានកាន់កាប់ធ្វើអាជីវកម្មដែរ។ រីឯអាជ្ញាធរគ្មានភាពច្បាស់លាស់ អនុវត្តច្បាប់ឱ្យយូរអង្វែងនោះឡើយ នៅតែបណ្តែតបណ្តោយឱ្យបុគ្គលមានមានអំណាចបំពានច្បាប់ដដែលៗ។
លោក ថោង ច័ន្ទតារា៖ «ដែលអាជ្ញាធរ និងមន្ត្រីជំនាញគេឃុបឃិតគ្នា ជាប្រព័ន្ធ និងអ្នកបំផ្លាញ ច្រើនតែមានខ្នងឥទ្ធិពល ធំជាង អាជ្ញាធរ និងមន្ត្រីជំនាញក្នុងខេត្តហ្នឹង។ គេមើលខ្សែសិន បានមានចំណាត់ការ បើខ្សែធំទៅ គេចេះនៅស្ងៀមៗ បទល្មើសចេះតែរលូនទៅ»។
លោកថា កន្លងទៅ អាជ្ញាធរគ្រាន់តែតម្រូវឱ្យជនល្មើសកាយដីចេញ ធ្វើកិច្ចសន្យាទទួលស្គាល់កំហុស និងតម្រូវឱ្យដាំកូនកោងកាងឡើងវិញតែប៉ុណ្ណោះ។ ចំណែកអាជ្ញាធរពាក់ព័ន្ធ ដែលឃុបឃិតគ្នាបំផ្លាញសម្បត្តិជាតិ តែងតែរួចខ្លួន គេចពីការទទួលខុសត្រូវផ្នែកច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។