សមាគមបណ្ដាញយុវជនកម្ពុជារកឃើញបទល្មើសជួញដូរសត្វព្រៃបន្តកើតមាននៅតំបន់ព្រៃឡង់
2023.09.16

សមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានចេញរបាយការណ៍ថ្មី រកឃើញបទល្មើសជួញដូរសត្វព្រៃបន្តកើតមានជាហូរហែនៅតាមតំបន់ព្រៃឡង់ និងតំបន់ខេត្តទេសចរមួយចំនួន ដូចជាខេត្តសៀមរាបជាដើម។ ការរកឃើញនេះបង្ហាញថា ដោយសារតែកង្វះការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងពីសំណាកមន្ត្រីអាជ្ញាធរមូលដ្ឋាន និងកង្វះការដាក់ទោសទណ្ឌលើជនល្មើស។
សមាគមបណ្ដាញយុវជនកម្ពុជា(CYN) ដែលធ្វើការផ្នែកតស៊ូមតិលើបញ្ហាជួញដូរសត្វព្រៃ និងទប់ស្កាត់បទល្មើសព្រៃឈើ បានចេញរបាយការណ៍ទំហំ៥៧ទំព័រនៅថ្ងៃទី១៥ ខែកញ្ញាថា បទល្មើសជួញសាច់សត្វព្រៃនៅតែបន្តកើតមានហើយសាច់សត្វព្រៃទាំងនោះដាក់លក់នៅតាមភោជនីយដ្ឋាន ទីផ្សារ និងតំបន់ទីប្រជុំជន ដោយពុំមានមន្ត្រីអាជ្ញាធរណាចុះបង្ក្រាបនោះឡើយ។
ការលើកឡើងនេះនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី ការជួញដូរសាច់ព្រៃនៅជុំវិញព្រៃឡង់ នៃប្រទេសកម្ពុជា ដែលធ្វើមួយព្រឹកនៅរាជធានីភ្នំពេញ ហើយមានយុវជនចូលជិត១០០នាក់ ក្នុងនោះ ក៏មានសមាជិកបណ្ដាញព្រៃឡង់មកពីខេត្តផ្សេងៗផងដែរ។
សមាគមបណ្ដាញយុវជនកម្ពុជាលើកឡើង ក្នុងរបាយការណ៍ថា ទីតាំងលក់សាច់សត្វព្រៃ និងត្រីអភិរក្សខុសច្បាប់ចំនួន ៥៧កន្លែង ដូចជា នៅតាមផ្សារ ភោជនីយដ្ឋាន និងរមណីយដ្ឋាន ជុំវិញតំបន់ការពារធម្មជាតិព្រៃឡង់ និងតំបន់ផ្សេងៗ រួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ ខេត្តស្ទឹងត្រែង សៀមរាប និងឧត្តរមានជ័យ។
របាយការណ៍ដដែលបង្ហាញថា ប្រភេទសាច់សត្វព្រៃដែលជួញដូរ គឺប្រភេទពពួកសត្វទន្សោង ប្រើស ខ្លាឃ្មុំ និងសត្វកែះ។ ចំណែក នៅរដូវបិទនេសាទតំបន់ទន្លេមេគង្គ ក៏ប្រទះឃើញការលក់ដូរត្រីអភិរក្សនៅតាមទីផ្សារផងដែរ គឺប្រភេទត្រីមេពូជ ដូចជាត្រីត្រសក់ ត្រីក្របី និងត្រីខ្លាជាដើម។
ប្រធានស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ដែលជាអ្នកចងក្រងរបាយការណ៍នេះ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែកញ្ញានេះថា របាយការណ៍នេះ បានចំណាយពេល៣ខែ ពីខែមិថុនា ដល់សីហា ២០២៣ ដើម្បីចងក្រង លោកបន្តថា ករណីបទល្មើសជួញដូរសត្វនៅតែបន្តកើតមានជាហូរហែនេះ ដោយសារតែកង្វះការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងពីសំណាកមន្ត្រីអាជ្ញាធរពាក់ព័ន្ធ។
លោក ហេង គឹមហុង៖ «កត្តាដែលនៅតែមានបទល្មើសសត្វព្រៃនេះ កត្តាទី១គឺទាក់ទងទៅនឹងកម្សោយការអនុវត្តច្បាប់ ដោយសារតែយើងឃើញមានការដាក់លក់ជាចំហមួយចំនួនអត់ឃើញមានការអន្តរាគមន៍អ៊ីទេ។ កត្តាទី២ គឺដោយសារតែការធ្វើអាជីវកម្ម កាលណាសត្វព្រៃត្រូវបានគេធ្វើអាជីវកម្មធ្វើឱ្យមានតម្រូវការដូច្នេះ ក៏ជាកត្តាមួយទាក់ទាញឱ្យប្រជាពលរដ្ឋមូលដ្ឋាន ឬក្រុមអ្នកប្រមាញ់ខុសច្បាប់ហ្នឹងគឺគាត់នឹងដាក់ទិសដៅក្នុងការប្រមាញ់បន្ថែមទៀតដែរ អ៊ីចឹងវាជារឿងមួយដែលយើងមានការព្រួយបារម្ភមែនទែន»។
សមាគមបណ្ដាញយុវជនកម្ពុជាបង្ហាញថា បច្ចុប្បន្ននេះ ករណីជួញដូរសាច់ព្រៃកំពុងតែពេញនិយមនៅតាមតំបន់ទេសចរណ៍ ហើយកំពុងបង្កគ្រោះថ្នាក់ និងជំរុញឱ្យមានសកម្មភាពប្រមាញ់សត្វខុសច្បាប់ និងការជួញសត្វព្រៃដោយបើកចំហ។ នៅក្នុងនោះ ខេត្តស្ទឹងត្រែង ត្រូវបានរកឃើញ មានលក់សាច់សត្វព្រៃខុសច្បាប់ និងត្រីអភិរក្សដោយបើកចំហ និងញឹកញាប់ច្រើនជាងបណ្ដាខេត្តផ្សេងៗ។
ប្រធានបណ្ដាញព្រៃឡង់ប្រចាំខេត្តកំពង់ធំ លោក ហឿន សុភាព លើកឡើងថា ករណីបទល្មើសជួញដូរសត្វព្រៃនៅតំបន់ការពារព្រៃឈើ ជាពិសេសព្រៃឡង់ វាហាក់ដូចជារឿងសាមញ្ញ ស្របពេលមន្ត្រីអាជ្ញាធរតាមមូលដ្ឋានពុំដែលអើពើចុះបង្ក្រាបលើករណីនេះឡើយ។ លោកបន្តថា សព្វថ្ងៃនេះនៅតំបន់ព្រៃឡង់ តែងតែជួបប្រទះអន្ទាក់ចាប់សត្វព្រៃជាញឹកញាប់ ដូចជាសត្វស្វា ទន្សោង និងជ្រូកព្រៃជាដើម។ លោកទទូចឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែពង្រឹងការអនុវត្តច្បាប់ឱ្យតឹងរ៉ឹង។
លោក ហឿន សុភាព៖ «សូមឱ្យលោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត លោកគួរតែគិតមើល រៀបចំពីការចុះស្រាវជ្រាវ មន្ត្រីតាមមូលដ្ឋានដែលអសមត្ថភាព ដែលមានអំពើពុករលួយច្រើន អ៊ីចឹងសូមឱ្យរៀបចំផែនការនេះដើម្បីបញ្ចៀសនៅក្នុងការងារអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយប្រសិទ្ធភាពលុះត្រាណាដែលយើងធ្វើការស្រាវជ្រាវ មានការដកចេញមន្ត្រីអសមត្ថភាពសិនបានយើងអាចធ្វើបាន»។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន ប្រាប់វិទ្យុអាស៊ីសេរី ថា ករណីបទល្មើសជួញដូរសត្វព្រៃនៅតំបន់ការពារធនធានធម្មជាតិ ព្រៃឡង់នេះ លោក ពុំទាន់មានការឆ្លើយតប ឬវិធានការអ្វីនោះទេ ដោយសារតែ លោកពុំទាន់ក្ដោបបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ តែយ៉ាងណា លោកថា ករណីនេះ នឹងពិនិត្យឡើងវិញ នៅពេលខាងមុខ។
លោក ផៃ ប៊ុនឈឿន៖ «ខ្ញុំនឹងធ្វើការឱ្យបានម៉ត់ចត់តិចជាមួយនឹងក្រុមជំនាញ ហើយនិងខេត្តដើម្បីបានព័ត៌មានគ្រប់ជ្រុងជ្រួយ ទើបបានអាចឆ្លើយជាមួយនឹងក្មួយបាន ព្រោះរឿងពាក់ព័ន្ធចំណុចនឹងមិនអាចឆ្លើយបានទេ វាអត់មានព័ត៌មានគ្រប់គ្រាន់»។
កាលពីដើមឆ្នាំ២០២២ ក្រសួងបរិស្ថាន ក៏បានធ្វើយុទ្ធនាការ«អន្ទាក់ សូន្យ»ដើម្បីទប់ស្កាត់បទល្មើសបរបាញ់សត្វព្រៃខុសច្បាប់ដែលរង់ការគំរាមកំហែងដល់ជីវិតសត្វព្រៃ។ យុទ្ធនាការនេះ ក្រសួងបានអនុវត្ត៦ខែ គិតចាប់ពីខែមីនា ដល់ខែតុលា ឆ្នាំ២០២២។ ទោះយ៉ាងណា យុទ្ធនាការនេះ ត្រូវបានសកម្មជនបរិស្ថាន និងប្រជាពលរដ្ឋរិះគន់ថា ពុំមានប្រសិទ្ធភាពនោះទេ ខណៈបទល្មើសជួញដូរ និងការបរបាញ់សត្វព្រៃនៅតំបន់ការពារធនធានធម្មជាតិ នៅបន្តកើតមានស្ទើរតែរាល់ថ្ងៃ ដោយពុំមានអាជ្ញាធរណាអើពើបង្ក្រាបឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។