សង្គម​ស៊ីវិល​និង​សហគមន៍​នេសាទ​នៅ​បាត់ដំបង​ចុះ​ពិនិត្យ​ការ​បំផ្លាញ​ព្រៃ​លិច​ទឹក

ដោយ ហ៊ុំ ចំរើន
2015.04.29
ដី​ព្រៃ​លិច​ទឹក បាត់ដំបង ៦២០ ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥
Photo Adhoc

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣​អង្គភាព​រួម​មាន អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប (FACT) អង្គការ​លីកាដូ (Licadho) សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ប្រជាពលរដ្ឋ​សហគមន៍​នេសាទ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេសា សហការ​គ្នា​ចុះ​ត្រួត​ពិនិត្យ​នៅ​តំបន់​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ឯកភ្នំ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រុក​រាន​ព្រៃ​លិច​ទឹក​បន្ត​ទៀត។

ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល បន្ទាប់​ពី​ចុះ​ត្រួត​ពិនិត្យ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ហើយ សុទ្ធតែ​បាន​អះអាង​ដូចៗ​គ្នា​ថា តំបន់​ព្រៃ​លិច​ទឹក​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ មាន​ការ​កាប់​រុក​រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ទាំង​ការ​រុក​រាន​ថ្មី និង​ចាស់​ជា​បន្តបន្ទាប់។ ពួក​គាត់​បន្ត​ថា ករណី​នេះ​បើ​ពុំ​មាន​ការ​ទប់ស្កាត់​ជា​បន្ទាន់​ទេ នឹង​បាត់​បង់​ព្រៃ​លិច​ទឹក​ទាំង​នោះ​អស់​ជា​ពុំ​ខាន។

ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​នេសាទ​ភូមិ​ព្រែកត្រប់ ថ្លែង​ប្រាប់​នៅ​ខាង​មុខ​សាលា​ស្រុក​ឯកភ្នំ នៅ​ថ្ងៃ​ទី​២៨ មេសា ថា ការ​កាប់​ឆ្ការ​រុក​រាន​ព្រៃ​លិច​ទឹក​យក​ដី​ធ្វើ​កសិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើង​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ហិនហោច​អស់​ព្រៃ​លិច​ទឹក​តំបន់​៣ ដែល​ជា​ដែន​ជម្រក​របស់​មច្ឆជាតិ​ប្រមាណ ៣០​ហិកតារ ហើយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​បាន​នៅ​ឡើយ​ទេ៖ «គាត់​ចេះ​តែ​រាន​មួយ​ឆ្នាំ​បន្តិចៗ​ទៅ ហើយ​ហៅ​គាត់​មក​ធ្វើ​កិច្ចសន្យា​ជា​ញឹកញាប់​ដែរ នៅ​តែ​គាត់​ឈប់​រុក​រាន​ព្រៃ​ទៀត។ បាទ! ខ្ញុំ​អរ​ណាស់​ពេល​ឃើញ​អង្គការ ហើយ​និង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទី​កន្លែង​តំបន់​ព្រៃ​លិច​ទឹក​បែប​នេះ»

ចំណែក​ឯ​មន្ត្រី​សម្រប​សម្រួល​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប និង​ដែល​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ដែរ​នោះ គឺ​អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ព្រៃ​លិច​ទឹក​នេះ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ភូមិ​ព្រែកត្រប់ ដែល​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ពី​ប្រជាពលរដ្ឋ​កាប់​រុក​រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។ អ្នកស្រី​បន្ត​ថា ក្រោយ​ពី​ចុះ​ត្រួត​ពិនិត្យ​នៅ​តំបន់​ព្រៃ​លិច​ទឹក​នោះ​មក រក​ឃើញ​ព្រៃ​ដែល​ទើប​ធ្វើ​ការ​រុក​រាន​ថ្មី​ប្រមាណ ២០​ហិកតារ និង​ដី​ព្រៃ​ដែល​រុក​រាន​ចាស់​ប្រមាណ ៧០​ហិកតារ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី​បន្ថែម​ថា នឹង​រិះរក​វិធានការ​ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ទៀត៖ «ប្រសិន​ជា​ដោះស្រាយ​នៅ​សាលា​ស្រុក​ឯកភ្នំ មិន​ចេញ​ទេ យើង​នឹង​យក​លទ្ធផល​ធ្វើ​ជា​របាយការណ៍​ដាក់​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល និង​ដាក់​ទៅ​ថ្នាក់​ខេត្ត និង​បន្ត​ដាក់​ទៅ​ថ្នាក់​ជាតិ​រហូត​ណា​ទទួល​បាន​លទ្ធផល»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អភិបាល​ស្រុក​ឯកភ្នំ លោក មាច ស៊ុំ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​កាប់​រុក​រាន​ដី​ព្រៃ​លិច​ទឹក​នោះ កន្លង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការ​ទប់ស្កាត់​ជា​ប្រចាំ ប៉ុន្តែ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​លួច​កាប់​ព្រៃ​យក​ដី ដោយសារ​ផ្ទៃ​ដី​នៅ​តំបន់​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ឯកភ្នំ មាន​ទំហំ​ធំ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ទប់ស្កាត់៖ «កន្លង​មក​យើង​ក៏​ធ្លាប់​ហៅ​គាត់​ទៅ​អប់រំ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​ការ​អនុវត្ត​របស់​យើង​កន្លង​ទៅ​មិន​បាន​ដាក់​ទោសពៃរ៍​ផ្នែក​ច្បាប់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​រុក​រាន​ព្រៃ​នោះ​តែ​ម្ដង​ទេ គឺ​យើង​ធ្វើ​ការ​ផ្សព្វផ្សាយ និង​អប់រំ​សិន លុះ​ណា​ករណី​ធ្ងន់ធ្ងរ​ទើប​យើង​អនុវត្ត​តាម​ច្បាប់»

ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល នៅ​តែ​ព្រួយ​បារម្ភ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នេះ អាច​នឹង​ហិនហោច​អស់​ព្រៃ​ទៅ​ជា​ដី​វាល​ដល់​បឹង​ទន្លេសាប​គ្មាន​សល់ ក្នុង​ពេល​ឆាប់ៗ ប្រសិន​បើ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មិន​ទប់ស្កាត់​ទាន់​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។