សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ឈូស​ឆាយ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​​តំបន់​ព្រៃឡង់​ខេត្ត​ស្ទឹងត្រែង

ដោយ ម៉ែន សុធីរ
2015.08.06
ឈូស​ដី​ព្រៃ ថាឡាបរិវ៉ាត់ ស្ទឹងត្រែង ៦២០ គ្រឿង​ចក្រ​ដែល​គេ​យក​មក​ផ្ញើ​​ពលរដ្ឋ​នៅ​ឃុំ​អន្លង់ជ្រៃ ដែល​អ្នក​ភូមិ​អះអាង​ថា គ្រឿងចក្រ​ទាំង​នេះ​ត្រូវ​បាន​គេ​ប្រើ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥
RFA/Men Sothyr

មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ដី​ព្រៃ​ស្រោង​រាប់​រយ​ហិកតារ ដែល​ជា​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រង​ការ​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ដោយ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​ចោទ​ប្រកាន់​ថា សកម្មភាព​ឈូស​ឆាយ​ដោយ​គ្រឿង​ចក្រ​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ឃុំ​កន្លង់ក្រមួន ជាប់​ព្រំ​ប្រទល់​ឃុំ​អន្លង់ជ្រៃ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​អំណាច និង​អ្នក​មាន​ប្រាក់​នៅ​ពី​ក្រោយ​ខ្នង។ ចំណែក​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា ដី​ដែល​ឈូស​ឆាយ​នោះ គឺ​សុទ្ធតែ​ជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ធ្លាប់​បាន​វាស់វែង​រួច​ហើយ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម ស៊ើប​អង្កេត​មន្ត្រី​ថ្នាក់​មូលដ្ឋាន ឬ​មន្ត្រី​រដ្ឋបាល​ព្រៃ​ខេត្ត​ស្ទឹងត្រែង ស្ដីពី​កាតព្វកិច្ច​អភិរក្ស​ព្រៃឈើ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​ការពារ​ធនធាន​ធម្មជាតិ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ស្រប​ពេល​សកម្មភាព​ឈូស​ឆាយ​បំផ្លាញ និង​កាប់​រាន​ដី​ព្រៃ​យក​មក​ធ្វើ​ជា​ដី​កម្មសិទ្ធិ​ឯកជន បាន​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ។ ចំណែក​សកម្មភាព​ឈូស​ឆាយ​កាប់​បំផ្លាញ​ព្រៃ​នេះ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា កំពុង​ក្លាយ​ជា​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ របស់​អ្នក​មាន​ប្រាក់ និង​មាន​អំណាច រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​មន្ត្រី​ជំនាញ​ហាក់​មើល​ពុំ​ឃើញ​ពី​សកម្មភាព​កាប់​ព្រៃឈើ​ខុស​ច្បាប់​សព្វថ្ងៃ។

សហគមន៍​ការពារ​ព្រៃឡង់ អះអាង​ថា បច្ចុប្បន្ន​នៅ​ឃុំ​អន្លង់ជ្រៃ ជាប់​ព្រំប្រទល់​ឃុំ​អន្លង់ក្រមួន មាន​សកម្មភាព​អាប៊ុល និង​អេស្កាវឺទ័រ ជា​ច្រើន​គ្រឿង បាន​ឈូស​ឆាយ​ដី​ព្រៃស្រោង ដើម្បី​យក​ដី​ធ្វើ​ជា​ដី​កម្មសិទ្ធិ​ឯកជន​អស់​រាប់​រយ​ហិកតារ ចាប់​តាំង​ដើម​ឆ្នាំ​២០១៥។  បន្ទាប់ពី​ការ​ឈូស​ឆាយ​នៅ​ឃុំ​ផ្សេងៗ អស់​រាប់ពាន់​ហិកតារ​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចុះ​ស៊ើប​អង្កេត និង​ទប់ស្កាត់​ឡើយ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​ចាត់​ទុក​ថា ហេតុផល​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ករណី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​យ៉ាង​ធំ​នេះ ថា​ជា​ការ​បណ្ដែតបណ្ដោយ​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន។

​សហគមន៍​ការពារ​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ព្រៃ​នៅ​ក្នុង​ឃុំ​អន្លង់ជ្រៃ ឃុំ​អន្លង់ក្រមួន ឃុំ​កាំងចាម និង​ឃុំ​ឆ្វាំង ស្រុក​ថាឡាបរិវ៉ាត់ ជា​ព្រៃស្រោង ជា​តំបន់​ព្រៃឡង់ ដែល​មាន​ដើម​ឈើ​រាប់ពាន់​ប្រភេទ និង​ជា​ជម្រក​សព្វ​ព្រៃ​ដ៏​កម្រ​មួយ​ចំនួន​ដូចជា សត្វ​ដំរី សត្វ​ខ្លា និង​សត្វ​ទន្សោង​ជាដើម ក៏​ត្រូវ​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​ពលរដ្ឋ​ជនជាតិ​ចាម និង​ពលរដ្ឋ​ចំណាក​ស្រុក​កាប់​ធ្វើជា​អាជីវកម្ម​ដើម្បី​យក​ដី​លក់​បន្ត។

បន្ថែម​ពី​លើ​នេះ ព្រៃ​នៅ​តំបន់​នោះ គឺ​ជា​ព្រៃ​ដែល​អាច​ការពារ​ពី​ការ​ភ្លើង​ឆាប​ឆេះ  ព្រោះ​ដើម​ឈើ​ធំៗ ជា​ពិសេស​គឺ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ។ ជាង​នេះ​ទៅ​ទៀត ដោយសារ​តែ​សកម្មភាព​មនុស្ស និង​ភាព​ចន្លោះ​ប្រហោង​របស់​អាជ្ញាធរ រួម​ទាំង​មន្ត្រី​ជំនាញ​ហាក់​មិន​យក​ចិត្ត​ទុកដាក់​ទប់ស្កាត់​ការ​ឈូស​ឆាយ​រាន​យក​ដី ធ្វើ​ឲ្យ​ព្រៃស្រោង​រាប់ពាន់​ហិកតារ​នៅ​តំបន់​នោះ និង​តំបន់​ភ្នំ​ម្លូរ ព្រៃឈើ​ធំៗ​ក្លាយ​ជា​វាល ដែល​គ្រប់គ្រង​កម្មសិទ្ធិ​ឯកជន និង​មួយ​ផ្នែក​ជា​កម្មសិទ្ធិ​អ្នក​មាន​អំណាច​អស់​រាប់​រយ​ហិកតារ​នៅ​ពេល​បច្ចុប្បន្ន៖ «កំពុងតែ​កាប់​ផ្ដួល​ឲ្យ​វា​ងាប់​អា​ឈើ​ធំៗ ហើយ​បាន​គេ​យក​អា​ត្រាក់​មក​ឈូស។ សព្វ​ពាហនៈ​ដូច​ជ្រូក ថា​មាន​មួយ​ចប់ ដឹង​ថា​សត្វ​ក្នុង​ព្រៃ​មាន​មួយ​ចប់ ដំរី ២២​ក្បាល»

គ្រឿងចក្រ​ដែល​គេ​យក​មក​លាក់​ទុក​ក្នុង​ឃុំ​អន្លង់ជ្រៃ ដែល​អ្នក​ភូមិ​អះអាង​ថា បាន​ឈូស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥
គ្រឿងចក្រ​ដែល​គេ​យក​មក​លាក់​ទុក​ក្នុង​ឃុំ​អន្លង់ជ្រៃ ដែល​អ្នក​ភូមិ​អះអាង​ថា បាន​ឈូស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥
RFA/Men Sothyr

 

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ នាយ​ផ្នែក​ស្ដីទី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា បញ្ជាក់​យ៉ាង​ខ្លី​ថា ទីតាំង​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ឃុំ​អន្លង់ជ្រៃ ជាប់​ព្រំប្រទល់​ឃុំ​អន្លង់ក្រមួន គឺ​ជា​ទីតាំង​ដី​ដែល​ក្រុម​និស្សិត​ធ្លាប់​វាស់វែង ផ្ដល់​ប្លង់​កម្មសិទ្ធិ​រួចរាល់​ហើយ។

លោក​ថា ប្រសិនបើ​នរណា​ឃើញ​មាន​សកម្មភាព​ឈូស​ឆាយ​ព្រៃ សូម​ទូរស័ព្ទ​រាយការណ៍​ជូន​លោក​ជា​បន្ទាន់ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ច្បាប់​ភ្លាម៖ «ជា​ដី​ព្រៃ​ជា​អី​ហ្នឹង ជួយ​ប្រាប់​ខ្ញុំ​ផង​ថា កន្លែង​ណា? ប៉ុន្តែ​ច្រើន​តែ​ទីតាំង​ដី​ដែល​គេ​ឈូស​ហ្នឹង ច្រើន​តែ​ដី​ដែល​គេ​វាស់វែង​ហើយ»

​ទាក់ទិន​បញ្ហា​នេះ អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ សីហា ថា អាជ្ញាធរ​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ស៊ើប​អង្កេត​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​នោះ​រួច​រាល់​ហើយ តែ​លទ្ធផល​សម្រេច​យ៉ាង​ណា​នោះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ដី​នៅ​តំបន់​នោះ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ មាន​ប្លង់​កម្មសិទ្ធិ​នៅ​ជាប់​ផ្លូវ​ខាង​មុខ ចំណែក​ខាង​ក្រោយ​ជា​តំបន់​ព្រៃស្រោង ហើយ​ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​ឆ្លៀត​ឱកាស​ឈូស​ឆាយ​ព្រៃ​ដើម្បី​រាន​យក​ដី​នៅ​ព្រៃ​ខាង​ក្រោយ។ តែ​ទោះជា​យ៉ាងណា​លោក​ថា អាជ្ញាធរ​កំពុង​ឃ្លាំមើល​ពី​សកម្មភាព​គ្រឿងចក្រ​របស់​ក្រុម​ឈ្មួញ​ដែល​ឈូស​ឆាយ​នោះ៖ «ដោយសារ​យើង​ទៅ​សភាពការណ៍​ហ្នឹង​វា​ផុត វា​គេច​បាត់​អស់ អ៊ីចឹង​យើង​នៅ​ចាំ​ដើម្បី​បន្ត​បង្ក្រាប​កិច្ចការ​ហ្នឹង ហើយ​ស្វែង​រក​អ្នក​ប្រព្រឹត្ត​ហ្នឹង​ដើម្បី​ផ្ដន្ទាទោស»

​យ៉ាង​នេះ​ក្តី អ្នកភូមិ​អះអាង​ថា គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ព្រៃ ភាគច្រើន​ជា​របស់​ឈ្មួញ​អ្នក​មាន​ប្រាក់​សម្រាប់​ជួល​ឈូស​ឆាយ​ព្រៃ ដោយ​គិត​ជា​ប្រាក់​ក្នុង​តម្លៃ​ចាប់​ពី ៤០០​ដុល្លារ ដល់ ៥០០​ដុល្លារ​ក្នុង​មួយ​ហិកតារ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែ​សីហា នេះ សកម្មភាព​ឈូស​ឆាយ​ត្រូវ​បាន​ផ្អាក និង​គ្រឿងចក្រ​ទាំង​នោះ​ត្រូវ​បាន​ដឹក​មក​ទុក​នៅ​ចម្ការ​អ្នក​ភូមិ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា ការ​មិន​ទទួល​ខុសត្រូវ​ចំពោះ​កាតព្វកិច្ច​ការពារ​ព្រៃ​ឈើ​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ កំពុង​បង្ក​ឲ្យ​ធនធាន​ធម្មជាតិ​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ ហើយ​ដី​ដែល​ធ្លាប់​តែ​សម្បូរ​ដោយ​ព្រៃឈើ ក៏​បាន​ក្លាយ​ទៅ​ជា​ទីវាល ក្រោម​ការ​គ្រប់គ្រង​របស់​បុគ្គល​ឯកជន​របស់​អ្នក​មាន​ប្រាក់​មាន​អំណាច។ លោក​បារម្ភ​ថា ដី​ព្រៃ​រាប់ពាន់​ហិកតារ នឹង​ត្រូវ​ក្លាយ​ជា​ដី​កម្មសិទ្ធិ​របស់​អ្នក​មាន​ប្រាក់ អ្នក​មាន​អំណាច ប្រសិនបើ​មន្ត្រី​ជំនាញ​មិន​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​វេលា។

លោក ហូ សំអុល អះអាង​ថា ភាព​ចន្លោះ​ប្រហោង​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឬ​ការ​ប្រងើយ​កន្តើយ​មិន​អនុវត្ត​ច្បាប់ រង​ការ​រិះគន់​ថា ព្រៃឈើ​បាន​ក្លាយ​ទៅជា​ទីវាល៖ «មាន​ជនខិលខូច​មួយ​ចំនួន​មក​កាប់​រុករាន​ដី​ព្រៃ​ខុសច្បាប់ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​មួយ​ទៀត មក​ឈូស​ឆាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ជួល​អា​ត្រាក់​ទៅ​ឈូស គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ហ្នឹង​ហើយ បើសិនជា​គាត់​មិន​ទទួល​ខុស​ត្រូវ មាន​ន័យ​ថា គាត់​ប្រាកដជា​មាន​ការ​ឃុបឃិត»

​ស្រដៀង​គ្នា​នេះ​ដែរ សហគមន៍​ការពារ​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​វិនាសកម្ម​ព្រៃឈើ និង​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​សហគមន៍​ការពារ​ព្រៃឡង់​ខែត្រ​ស្ទឹងត្រែង ដើម្បី​ឲ្យ​សហគមន៍​ធ្វើ​សកម្មភាព​អភិរក្ស​ដោយ​ស្របច្បាប់ និង​ចូល​រួម​ចំណែក​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​តំបន់​ព្រៃឡង់ ព្រមទាំង​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គោល​បំណង​ដើម្បី អភិរក្ស​ព្រៃឡង់ ដែល​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។

ការ​សិក្សា​ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​២០១៥ ដោយ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋ​អាម៉េរិក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា យូ.អេស.អេ.អាយ.ឌី (USAID) ឲ្យ​ដឹង​ថា ព្រៃឡង់​នៅ​កម្ពុជា គឺ​ជា​តំបន់​ដែល​មាន​ជីវចម្រុះ​លំដាប់​អន្តរជាតិ​មួយ​ក្នុង​ចំណោម​តំបន់​ជីវចម្រុះ​សំខាន់ៗ​ទាំង ១០ នៅ​ក្នុង​ពិភពលោក។ ជាង​នេះ​ទៅ​ទៀត ព្រៃឡង់​លាត​សន្ធឹង​លើ​ផ្ទៃដី​ខេត្ត ៤ ដូច​ជា​ខែត្រ​ក្រចេះ កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ និង​មាន​ប្រជា​សហគមន៍​ជាង ២​សែន ៥​ម៉ឺន​នាក់ រស់​នៅ​ក្នុង​ភូមិ​ប្រមាណ ៣៤០​ជុំវិញ​តំបន់​ព្រៃឡង់ ពឹង​អាស្រ័យ​ស្ទើរ​តែ​ទាំង​ស្រុង​លើ​អនុផល​ពី​ព្រៃឈើ​សម្រាប់​ការ​ចិញ្ចឹម​ជីវិត ដូចជា​ការ​បោច​វល្លិ​ផ្ដៅ បរបាញ់​សត្វ រក​ឃ្មុំ ដង​ជ័រទឹក និង​បន្លែ​ផ្លែឈើ​ជាដើម។ ការ​បាត់បង់​ព្រៃឈើ​នេះ គឺ​ជា​ឧបសគ្គ​ចម្បង​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច ដែល​ធ្លាប់​ពឹង​អាស្រ័យ​ផល​លើ​អនុផល​ព្រៃឈើ ដូចជា​ដង​ជ័រទឹក និង​រក​ឃ្មុំ​ជាដើម កំពុង​បាត់បង់​បន្តិច​ម្តងៗ​ពី​ការ​កាប់​បំផ្លាញ​ដើម្បី​យក​ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។