សង្គម​ស៊ីវិល៖ ឈ្មួញ​មួយ​ចំនួន​សម្រុក​យក​ធនធាន​ធម្មជាតិ​ខណៈ​នយោបាយ​ជាប់​គាំង

ក្នុង​ពេល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រទូស្តរាយ​គ្នា​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ហើយ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មិន​ចេញ​នេះ គឺ​ជា​ឱកាស​ដែល​ផ្ដល់​ឱ្យ​ពួក​ឈ្មួញ និង​ជន​ឱកាស​និយម​ខ្លះ កាន់​តែ​សម្រុក​ប្រមូល​យក​ធនធាន​ធម្មជាតិ​ជា​ច្រើន​ប្រភេទ ទាំង​នៅ​ក្នុង​ទឹក លើ​ដី និង​ក្រោម​ដី។

0:00 / 0:00

តើ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ចន្លោះ​អន្តរកាល​នៃ​ការ​បង្កើត​សភា និង​រដ្ឋាភិបាល​ថ្មី​នេះ អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់​បង់​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​នោះ?

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ និង​អភិរក្ស​ធនធាន​ជល​ផល រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​មើល​ឃើញ​ថា ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ច្រើន​ប្រភេទ នៅ​ខេត្ត​ភាគ​ឧត្តរ កំពុង​បាត់​បង់​យ៉ាង​គំហុក។

ការ​បាត់​បង់​ដោយ​មិន​មាន​វិធាន​ការ​ទប់ស្កាត់ គឺ​នៅ​ក្នុង​ពេល​ដែល​គណបក្ស​ធំៗ​២ ជា​អ្នក​មាន​សំឡេង​គាំទ្រ​ច្រើន​ពី​ម្ចាស់​ឆ្នោត រវល់​តែ​ជាប់​តតាំង​គ្នា​រឿង​ឈ្នះ​ចាញ់ មិន​ពន្លឿន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ឱ្យ​បាន​ឆាប់ៗ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ខ្លះ​នៃ​ខេត្ត​ចំនួន​៣ បាន​ត្រឹម​តែ​ដឹង​ថា ធនធាន​ធម្មជាតិ​នៅ​ជិត​តំបន់​ពួក​គេ​រស់នៅ កំពុង​ទទួល​រង​ការ​បំផ្លាញ ក៏ប៉ុន្តែ ពួក​គេ​មិន​មាន​លទ្ធភាព​អ្វី​ដើម្បី​ការពារ​ឱ្យ​គង់វង្ស​ទេ។

បុរស​អ្នក​នេសាទ​ម្នាក់ រស់នៅ​ឃុំ​កំពង់ឃ្លាំង នៃ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប។ គាត់​បាន​មាន​ប្រសាសន៍​ថា រយៈពេល​ជាង ១​ខែ​មក​នេះ សកម្មភាព​នេសាទ​ត្រី​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប នា​រដូវ​ហាម​ឃាត់ កំពុង​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម និង​ឃុំ​អន្លង់សំណរ ស្រុក​ជីក្រែង។ សកម្មភាព​នេសាទ​ខុស​ច្បាប់​ដោយ​ប្រើ​ឧបករណ៍​ឆ្នុក ដើម្បី​ចាប់​យក​កូន​ត្រី​តូចៗ ប្រហែល​ជា ១​តោន ឬ ២​តោន​ក្នុង​១​ថ្ងៃៗ៖ «ឆ្នុក​ដាក់​យក​កូន​ត្រី​រៀល កូន​ត្រី​កំភ្លាញ កូន​ត្រី​ក្រាញ ប៉ុនៗ​ក្រចក​ដៃ។ ក្នុង​១​យប់ ក្នុង​ម្នាក់​ចាប់​បាន ១​តោន ទៅ ២​តោន យក​ទៅ​លក់​ធ្វើ​ត្រី​នុយ ឱ្យ​ត្រីរ៉ស់ ត្រី​ឆ្ដោរ​ស៊ី។ ចាប់​តាំង​ពី​តំបន់​ម្ដុំ​ស្រកា​ត្រី ឃុំ​កំពង់ឃ្លាំង រហូត​ទៅ​ដល់​មាត់​ខ្លា ឃុំ​អន្លង់សំណរ។ អា​ហ្នឹង​កើត​មាន​រយៈពេល​ប្រហែល​ជា ១​ខែ​ហើយ។ ក្នុង​ពីរ​ឃុំ​នេះ តិច​បំផុត​ក៏​មាន ៥០០​ឆ្នុក»

នៅ​ខេត្ត​សៀមរាប ដែរ ក្រៅ​តែ​ពី​បទ​ល្មើស​នេសាទ​នៅ​ក្នុង​បឹង​ទន្លេសាប គឺ​សកម្មភាព​កាប់​ឈើ​នៅ​លើ​ខ្នង​ភ្នំ​គូលែន នៃ​ស្រុក​ស្វាយលើ ដែល​ជា​តំបន់​ឧទ្យាន​ជាតិ ក៏​កំពុង​កើត​មាន​យ៉ាង​ខ្លាំងក្លា​គួរ​ឱ្យ​ព្រួយ​បារម្ភ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ធនធាន​ជលផល បាន​មើល​ឃើញ​ថា ក្នុង​១​រយៈពេល​ចាប់​តាំង​ពី​យុទ្ធនាការ​ឃោសនា រហូត​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ បាន​កន្លង​ផុត​ទៅ គឺ​សកម្មភាព​នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប នៅ​តែ​បន្ត​កើត​មាន​ជា​ច្រើន​កន្លែង និង​ច្រើន​ខេត្ត។

មន្ត្រី​សម្រប​សម្រួល​កម្មវិធី​បឹង​ទន្លេសាប របស់​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជល​ផល (Fact) លោក មិញ ប៊ុនលី បាន​មាន​ប្រសាសន៍​ថា ការ​នេសាទ​ត្រី​ខុស​ច្បាប់​ដោយ​ប្រើ​ឧបករណ៍​ឆ្នុក បរ លូ និង​ស្បៃ​មុង​ជាដើម កំពុង​កើត​មាន​នៅ​ក្នុង​ទន្លេសាប នៃ​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បទ​ល្មើស​នេសាទ​ទាំង​នោះ គឺ​មាន​ចំណាត់​ការ​តិចតួច​ពី​អាជ្ញាធរ។

លោក មិញ ប៊ុនលី៖ «កាល​ពី​មុន​បោះ​ឆ្នោត​រយៈពេល ១​ខែ​ហ្នឹង យើង​ឃើញ​ថា ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​បោះ​ឆ្នោត​ហ្នឹង អាជ្ញាធរ និង​ជំនាញ លោក​មមាញឹក​នឹង​ការ​ត្រៀម​ខ្លួន​ចូល​រួម​ឃោសនា​អី គាត់​អត់​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ហ្នឹង​ទេ។ ដល់​ពេល​បោះ​ឆ្នោត​រួច​ទៅ ហើយ​យ៉ាង​ណា​ក៏ដោយ បទ​ល្មើស​នៅ​តែ​បន្ត ដូច​ជា​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ ដែល​ចាត់​វិធាន​ការ​ទៅ​លើ​បទ​ល្មើស​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ឡើយ»

ចំណែក​នៅ​ឯ​ខេត្ត​ព្រះវិហារ វិញ មាន​សេចក្តី​រាយការណ៍​ថា ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ចេញ​ពី​តំបន់​ជាច្រើន នៅ​តែ​បន្ត​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​អាជ្ញាធរ​ខេត្ត ឬ​ក៏​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ណា​ធ្វើ​ការ​សកម្ម​ដើម្បី​បង្ក្រាប​ទេ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​នៃ​ស្រុក​រវៀង លោក ស្វាយ ភឿន បាន​រិះគន់​ថា ក្រុមហ៊ុន និង​ឈ្មួញ​មួយ​ចំនួន នៅ​តែ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ព្រះវិហារ មិន​ទាន់​ថយ​ចុះ​ទេ។ លោក ស្វាយ ភឿន បាន​បញ្ជាក់​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ទាំង​នោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​ចំនួន បាន​ជា​មិន​ចាត់​វិធាន​ការ​បង្ក្រាប៖ «ពី​ថ្ងៃ​ទី​៣០-៣១ ហ្នឹង វា​មាន ៥​ឡាន ដែល​ខ្ញុំ​ឃើញ​វា​ចេញ​ទៅ ខាង​ជ័យសែន សុទ្ធតែ​ឡាន​កុងតឺន័រ​ធំៗ ដូច​ជា​មាន​ក្រុមហ៊ុន​របស់ ទ្រី ភាព ហ្នឹង​ឯង វា​អត់​មាន​ប៉ុន្មាន​ទេ។ យើង​មិន​អាច​ទប់ស្កាត់​បាន​ទេ ដោយ​មន្ត្រី​រាជការ ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ​ជំនាញ​ពិសេសៗ រដ្ឋបាល​ព្រៃ​ឈើ​ហ្នឹង ចុះ​ទៅ​ប្រមូល​ឈើ ដើម្បី​ប្រើ​រូបភាព​ឈើ​អាជីវកម្ម។ នេះ​ជា​ការ​មើល​ឃើញ​របស់​យើង គឺ​វា​ទៅ​វិធីសាស្ត្រ​បែប​ហ្នឹង»

នៅ​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដែរ ក្រៅ​ពី​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ក៏​កំពុង​មាន​ការ​ជីក​យក​រ៉ែ​មាស​ខុស​ច្បាប់​ជាច្រើន​កន្លែង។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​រវៀង បាន​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម ខ្លះ និង​ក្រុមហ៊ុន​ចិន ខ្លះ កំពុង​ប្រើ​គ្រឿង​ម៉ាស៊ីន​ជីក​រូង​ភ្នំ ដើម្បី​កើប​យក​រ៉ែ​មាស​ជាច្រើន​កន្លែង​នៅ​តំបន់​ភ្នំ​លុង នៃ​ឃុំ​រមទម្យ។ រ៉ែ​មាស​ជាច្រើន​តម្លឹង ត្រូវ​ជន​បរទេស​ប្រមូល​យក​ក្នុង​១​ថ្ងៃៗ។ ចំណែក​នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ វិញ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​រយ​នាក់​ក្នុង​១​ថ្ងៃៗ ត្រូវ​ឈ្មួញ​ជួល​ឱ្យ​ឆ្លង​ដែន​ខុស​ច្បាប់ ទៅ​កាប់​ឈើ​គ្រញូង​មក​លក់​ឱ្យ​ពួក​គេ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ បាន​ឱ្យ​ដឹង​ថា សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ កំពុង​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ជិត​តំបន់​គាត់​រស់នៅ៖ «ម្សិលមិញ​ម្សិលម្ង៉ៃ​ហ្នឹង ដឹក​ចុះ​មក ៥០-៦០​ដុំ​នោះ តាម​ផ្លូវ​ច្រក​ចំបក់កោង។ ដឹក​ទាំង​ឡានៗ យប់​មិញ​ដឹក​សឹង​ទល់​ភ្លឺ។ អា​ចាប់​ក៏​ចាប់ បាញ់​ក៏​បាញ់»

ការ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ស្លាប់ និង​រង​របួស​ជា​ញឹកញាប់​ដោយសារ​ទាហាន​ថៃ បាញ់។

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​តែ​សម្ដែង​កង្វល់​លើ​បញ្ហា​ទាំង​នេះ ដោយសារ​តែ​បច្ចុប្បន្ន​មាន​មេ​ទាហាន និង​អ្នក​មាន​អំណាច​ខ្លះ កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​របរ​ខុស​ច្បាប់​ទាំង​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ពិបាក​បង្ក្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។