ស្រូវ​ប្រាំង​នៅ​ខេត្ត​តាកែវ​ប្រមាណ​១ពាន់​ហិកតារ​ត្រូវ​ក្រៀម​ស្វិត​ព្រោះ​អត់​ទឹក​ស្រោចស្រព

ដោយ វោហារ ជាតិ
2015-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​នៅ​ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ដើរ​ពិនិត្យ​វាល​ស្រែ​ប្រាំង​​កំពុង​ក្រៀម​ស្វិត​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៥។
កសិករ​នៅ​ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ដើរ​ពិនិត្យ​វាល​ស្រែ​ប្រាំង​​កំពុង​ក្រៀម​ស្វិត​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៥។
RFA

ស្រូវប្រាំង​របស់​កសិករ​នៅ​ឃុំ​ព្រះបាទជាន់ជុំ ប្រមាណ​១ពាន់ហិកតារ កំពុង​ក្រៀម​ស្វិត​ព្រោះ ខ្វះ​ទឹក​ស្រោចស្រព។ ក្រុម​កសិករ​កំពុង​ព្រួយ​យ៉ាង​ខ្លាំង​ថា ស្រូវ​ពួក​គាត់​ដែល​ទើប​មាន​អាយុ​ប្រហែល​មួយ​ខែ នឹង​អាច​ងាប់​អស់​ក្នុង​រយៈពេល​មួយ​អាទិត្យ​ទៀត បើ​សិន​ជា​រដ្ឋាភិបាល ​មិន​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​នោះ​ទេ។

កសិករ​ធ្វើ​ស្រូវប្រាំង​នៅ​៤​ភូមិ គឺ​ភូមិ​ពោធិ៍​រោង ត្រពាំង​ស្រង់ ជ្រោយ និង​ភូមិ​ព្រៃធំ ក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ សរុប​ប្រមាណ​១​ពាន់​ហិកតារ កំពុង​ត្រូវ​ការ​ទឹក​ស្រោចស្រព​ជាបន្ទាន់។

កសិករ​មួយ​ចំនួន​បាន​ចុះ​ទៅ​ពិនិត្យ​ស្រូវ​ប្រាំង​របស់​ពួក​គាត់ ស្ថិត​ក្នុង​តំបន់​អាងទឹក​ទន្លាប់ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ បញ្ជាក់​ថា អ្នក​ភូមិ​បាន​ចំណាយ​ដើម​ទុន​ច្រើន ធ្វើ​ស្រូវ​ប្រាំង​ដោយ​រំពឹង​ថា​នឹង​បាន​ផល​គ្រាន់​ចិញ្ចឹម​ជីវិត​នៅ​ឆ្នាំ​ក្រោយ តែ​ជា​អកុសល​ទឹក​អាង​ឆ្នាំ​នេះ​រីង​ហួតហែង ចំណែក​ពួក​គាត់​មិន​មាន​លទ្ធភាព​បូម​ទឹក ​ពី​ព្រែក​ដែល​មាន​ចម្ងាយ​រាប់​គីឡូ​ម៉ែត្រ ពី​ស្រែ​ពួក​គាត់​បាន។

សព្វថ្ងៃ​ពួកគាត់​ខំ​បួងសួង ឲ្យ​មាន​ភ្លៀង​កក់ខែ ក្រែង​ស្រូវ​គាត់​អាច​រស់​បាន​រស់​បាន​មួយ​រយៈ​ទៀត​ ក្នុង​ពេល​ទន្ទឹង​មើលផ្លូវ​ក្រែង​លោក​រដ្ឋាភិបាល​ជួយ «សំឡេង​កសិករ​ត្អូញ​ត្អែរ​រួម​គ្នា»

ពួកគាត់​បាន​តវ៉ា​ថា នៅ​ប្រឡាយ​ក្បែរ​នោះ​មាន​ទឹក​ស្រោចស្រព​ដែរ តែ​ត្រូវ​គ្រប់គ្រង​ដោយ​ឯកជន​ដែល​គេ​ស្ដុក​ទឹក​ទុក​លក់ សម្រាប់​កសិករ​ទិញ​ស្រោចស្រព​ស្រូវ​ដែរ តែ​ពួក​អ្នក​ភូមិ​ហាក់​ពិបាក​នឹង​ទាក់​ទង​ទិញ​ទឹក​នោះ​ទៅ​ទៀត។

ចំណែក​ប្រធានមន្ទីរ​ធនធាន​ទឹក​ស្រុក​គិរីវង់ លោក អ៊ូច ឡា ឲ្យ​ដឹង​ថា លោក​បាន​រាយការណ៍​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត​ហើយ​តែ​នៅ​មិនទាន់​ទទួល​ចម្លើយ អំពី​ផែនការ​ជួយ​កសិករ ឬ​យ៉ាង​ណា នៅ​ឡើយ៖ «មិន​ដឹង​ថា​មាន​ឬ​មិន​មាន​ទេ បើ​សិន​ជា​មាន​ទ្រង់​ទ្រាយ​ធំ ទ្រង់ទ្រាយ​ថ្នាក់​ដល់​រាប់​ម៉ឺន​លីត្រ ហើយ​ម៉ាស៊ីន​ (បូម​ទឹក) នឹង​សុទ្ធ​ម៉ាស៊ីន​ធំៗ ព្រោះ​អន្តរាគមន៍​ចូល​អាងទឹក តែ​ខាង​ខ្ញុំ​នេះ​អត់​មាន​ផែន​ការ​បូម​ចូល​អាង​ទឹក​ទេ។ បាទ​យើង​បាន​ត្រឹម​តែ​រាយការណ៍»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ស្រុក​គិរីវង់ និង​ប្រធាន​មន្ទីរ​ជលផល​ខេត្ត​បាន​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម។

ក៏ប៉ុន្តែ​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា បញ្ជាក់​ថា លោក​នឹង​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ ទាំងនោះ​ប្រសិន​ជា​មាន​ប្រភព​ទឹក​នៅ​ក្បែរ៖ «អត់​អី​ទេ ខ្ញុំ​សុំ​ជម្រាប​ជូន​អញ្ចេះ ជា​បទបញ្ជា​ហើយ​មិន​មែន​ទើប​តែ​កន្លែង​នេះ​មួយ​ទេ កន្លែង​ណា​ក៏​ដោយ នេះ​ជា​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ក្នុង​ករណី​មាន​ប្រភព​ទឹក គឺ​យើង​ត្រូវតែ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ទាំង​មធ្យោបាយ​និង​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន បើ​តំបន់​អត់​មាន​ប្រភព​ទឹក​យើង​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ដែរ»

ខេត្ត​តាកែវ​សព្វថ្ងៃ គឺ​ជា​ខេត្ត​មួយ​ផលិត​ស្រូវ​ប្រាំង និង​វស្សា​បាន​ច្រើន មិនចាញ់​ខេត្ត​បាត់​ដំបង​ប៉ុន្មាន​ទេ ដោយសារ​តំបន់​ភាគច្រើន នៃ​ខេត្ត​នេះ​ មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្មែរអើយខ្មែរនៅធ្វើស្រែរដល់ណាទៀត ព្រោះផុតសម័យរដ្ឋាភិបាល​ធារាស្រ្តហើយ កាលនោះបើខ្វះទឹកអត់ម៉ាស៊ីនអត់ប្រេង គេកាប់ឈើ​លក់យកលុយទិញអោយ តែពេលនេះមកដល់សម័យធាក់រា​សាស្រ្ត​គឺវាប្រេះក្រហែងអញ្ចឹងឯង នៅបាត់ដំបងក៏ដូចគ្នាដែរ តែកុំភ័យអីស្រូវ​ងាប់​អស់កាលណាអ្នកនិងស្រួលកាលហ្នឹង នាំគ្នាមកធ្វើការរោងច័ក្រ មានម៉ាស៊ីនត្រជាក់​មានប្រាក់ខែហូបស្រួលជាង ហើយបើចង់ទៅធ្វើ​ខ្ញុំគេនៅក្រៅប្រទេសបានដុល្លាទៀត ភ័យធ្វើអីសម័យតេជោទៅហើយ​លោកនិងមិនទុកអោយរាស្រ្តណាម្នាក់ស្លាប់ដោយអត់បាយឡើយ កុំភ័យអីបាទ។

Feb 17, 2015 09:43 PM

គេហទំព័រ​ទាំងមូល