ពលរដ្ឋរស់នៅឃុំចំនួន៣ តាមបណ្ដោយស្ទឹងស្ទោង ក្នុងស្រុកស្ទោងខេត្តកំពង់ធំ ព្រួយបារម្ភខ្វះខាតទឹកប្រើប្រាស់ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងធ្វើស្រែប្រាំងនៅឆ្នាំនេះ។ ការបារម្ភនេះ ក្រោយពីទឹកស្ទឹងស្ទោង ដែលជាប្រភពទឹកដ៏សំខាន់មួយ បំពេញតម្រូវអ្នកភូមិរាប់ពាន់គ្រួសារបានរីងហួតហែងជាបណ្តើរៗ រីឯទឹកអណ្ដូងមួយចំនួនបានរីងខះគ្មានទឹក។ អ្នកភូមិខ្លះបានជីកស្រះ និងរណ្ដៅចម្រោះទឹកកណ្ដាលស្ទឹងដោយខ្លួនឯង ដើម្បីទាញទឹកប្រើប្រាស់ជាបណ្ដោះអាសន្ន។
ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលនៃឃុំស្ទោង ខេត្តកំពង់ធំ កំពុងមានវិបត្តិខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ បង្កការលំបាកខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់។ អ្នកភូមិមួយចំនួនបានចំណាយថវិកាជាច្រើនទិញទឹកមកបរិភោគបោកគក់ ដាំស្លនិងមានពលរដ្ឋក្រីក្រខ្លះទៀតបង្ខំចិត្តប្រើប្រាស់ទឹកបាតស្ទឹង ដែលល្អក់ព្រោះតែពុំមានជម្រើស។
ពលរដ្ឋរស់នៅភូមិសំប៊ួជើង ឃុំម្សាក្រង លោក រស់ រៀង ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ កុម្ភៈថា ទឹកស្ទឹងស្ទោងបានចាប់ផ្ដើមរីងហួតជាបណ្ដើរប្រមាណ ៣សប្ដាហ៍មកហើយ និងមានតំបន់ខ្លះរីងហួតអស់ទាំងស្រុង ធ្វើឱ្យពួកគេគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់។ លោកថា អ្នកភូមិខ្លះបានជីកស្រះដោយខ្លួនឯង និងមានពលរដ្ឋខ្លះទៀតបានទួលរែកធុងជញ្ជូនទឹកយកមកប្រើប្រាស់ ធ្វើដំណើរច្រើនគីឡូម៉ែត្រ ដើម្បីស្វែងរកទឹកថ្លុកក្នុងស្ទឹងនៅកន្លែងដែលមិនទាន់រីងហួតអស់។ លោកថា ឆ្នាំនេះទឹកស្ទឹងស្ទោងរីងហួតខុសធម្មតាផ្ទុយពីឆ្នាំមុនៗ រីងនៅអំឡុងខែមេសា។ លោកបន្ថែមថាភូមិសាស្ត្រតំបន់ពួកគេរស់នៅបើជីកអណ្ដូងគ្មានទឹកប្រើនោះទេ និងមានតំបន់ខ្លះជីកអណ្ដូងជម្រៅចាប់ពី២រយម៉ែត្រ (២០០)ឡើងទៅ ទើបមានទឹកតិចតួច៖ «តាមសំណូមពរប្រជាពលរដ្ឋចង់បានឱ្យរដ្ឋាភិបាល ទប់នៅខាងក្រោម ដើម្បីស្តុកទឹក បើខ្វះទឹកគឺមានទឹកប្រើប្រាស់។ រដ្ឋាភិបាលឆ្នាំមុនៗ ធ្លាប់និយាយថា ទប់ ហើយក្រសួងធនធានទឹក មកស្រាវជ្រាវមើលវាអត់ឃើញមានទប់ទឹកថាៗ ទៅវាបាត់ជាង ១០ ឆ្នាំហើយ ដែលគ្មានទឹកប្រើ។ ពេលមានបុណ្យទានអីពិបាកទិញទឹកគេ»។
ពលរដ្ឋម្នាក់ទៀតដែលជាជនបង្គោល រស់នៅឃុំម្សាក្រងនៃឃុំស្ទោង លោក ជ័យ ចែង ឱ្យដឹងថា នៅតាមបណ្ដោយស្ទឹងមានពលរដ្ឋខ្លះទប់ទឹក ដើម្បីធ្វើស្រូវប្រាំង និងមានពលរដ្ឋខ្លះចាក់ដីចូលស្ទឹងសាងសង់ផ្ទះដែលជាមូលហេតុធ្វើឱ្យទឹកស្ទឹងកន្លែងខ្លះ គោករាក់ និងមានអ្នកភូមិខ្លះទៀតប្រើម៉ាស៊ីនបូមទឹកខ្នាតធំទាញទឹកស្ទឹងធ្វើស្រូវប្រាំង បង្កឱ្យទឹកស្ទឹងឆាប់រីកស្ងួតនៅឆ្នាំនេះ៖ «បើយើងគិតគួរ ទឹកស្ទឹងជាបញ្ហាសំខាន់យើងគួរតែស្ដារវា ព្រោះដីវារាក់ ហើយវារាក់រួមដោយសារតែពលរដ្ឋរស់នៅនៅតាមចិញ្ចើមមាត់ស្ទឹង អ្នកខ្លះគាត់ចាក់ដីសង់ផ្ទះ ហើយពេលដែលភ្លៀងមក ច្រោះដែលចាក់ ដីហ្នឹងវាហូរបុកទៅបាត់ស្ទឹង។ ពេលដែលរីកហួតពលរដ្ឋ ដែលរស់នៅតាមបណ្ដោយស្ទឹង គឺគាត់លំបាកក្នុងការប្រើប្រាស់»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិស្វាយសរ ឃុំកំពង់ចិនត្បូង ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ រៀបរាប់ថា អ្នកភូមិភាគច្រើនកំពុងដណ្ដើមគ្នាដងទឹកពីរណ្តៅច្រោះតាមស្ទឹងដែលពួកគេស្ដារកន្លងមកដើម្បីប្រើប្រាស់បានមួយគ្រា។ លោកស្រីថា អ្នកភូមិខ្លះទៀតបានចំណាយប្រាក់ជាច្រើនទិញទឹកមកប្រើប្រាស់ប្រចាំថ្ងៃដែលគេដឹកមកលក់ដល់ផ្ទះមានតម្លៃ ៣ ពាង ឬ ១គីប ៣ម៉ឺន ៥ពាន់រៀល(៣៥០០០)។ លោកស្រីបារម្ភថា ពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងរាប់ពាន់គ្រួសារកំពុងមានវិបត្តិខ្វះខាតទឹកប្រើប្រាស់ និងមានពលរដ្ឋខ្លះទៀតបង្ខំចិត្តប្រើទឹកល្អក់មិនស្អាតដែលដងពីបាតស្ទឹង និងស្រះ៖ «មួយធុង ៣ម៉ឺន ៥ពាន់ ហើយមួយធុងបាន ៣ពាង បើអ្នកក្រទៅធ្វើអណ្ដូងខ្សាច់កណ្ដាលស្ទឹង មួយថ្ងៃមួយអម្រែក ទៅ ២អម្រែក យកទៅប្រើទៅ។ ច្រើនណាស់ពលរដ្ឋរស់នៅ តាមបណ្ដោយស្ទឹងស្ទោងច្រើនណាស់ កន្លែងណា មានកន្លែងជីកយកទឹកក៏មាន ពីណាក៏អត់ក៏អត់ ពីណាមានស្រះក៏មានទៅ»។
ស្ទឹងស្ទោងមានប្រវែងជាង៤០គីឡូម៉ែត្រ លាតសន្ធឹងរហូតដល់ទន្លេសាបភ្ជាប់ទន្លេឆ្មា នៃស្រុកស្ទោងខេត្តកំពង់ធំ។ ស្ទឹងនេះជាអាយុជីវិតពលរដ្ឋរាប់ពាន់គ្រួសាររស់នៅតាមបណ្ដោយស្ទឹង ចំនួន៣ឃុំ គឺឃុំម្សាក្រង ឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង មានទម្លាប់ប្រើប្រាស់ទឹកស្ទឹងនេះបម្រើជីវភាពប្រចាំថ្ងៃ និងរកត្រីសាច់បរិភោគ ជាដើម។ អ្នកភូមិថា ប៉ុន្មានឆ្នាំចុងក្រោយនេះទឹកស្ទឹងមួយនេះផ្ដើមរីងរាក់នៅតំបន់ខ្លះដោយសារខ្វះការយកចិត្តដាក់ពីអាជ្ញាធរពាក់ព័ន្ធ និងមានកន្លែងខ្លះ មានការសាងសង់លំនៅឋាន និងចាក់ដីលុបមាត់ស្ទឹង ជាប្រយោជន៍បុគ្គលជាដើម។
មេឃុំម្សាក្រង លោក ចន វុទ្ធី ទទួលស្គាល់ថា ទឹកស្ទឹងនេះរីងហួតស្ទើរគ្រប់កន្លែង ហើយអាជ្ញាធរឃុំបានស្នើទៅក្រសួងធនធានទឹក ដើម្បីជីកស្រះនៅតាមភូមិមួយចំនួនដែលខ្វះទឹក ហើយមកទល់ពេលនេះក្រសួងបានជីកស្រះចំនួន ១៥កន្លែង តាមបណ្ដោយពោះស្ទឹងដើម្បីទាញទឹកឱ្យពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន។ លោកថា នៅឃុំម្សាក្រង មានពលរដ្ឋជាង ២ពាន់គ្រួសារ រស់នៅតាមបណ្ដោយស្ទឹងកំពុងខ្វះខាតទឹកប្រើប្រាស់ឆ្នាំនេះ ហើយការជីកស្រះរបស់អាជ្ញាធរគឺជាដំណោះស្រាយបន្ទាន់មួយជូនពលរដ្ឋ។ លោកបន្ថែមថា ថ្នាក់ដឹកនាំឃុំបានស្នើសុំក្រសួងសាមីស្ថាបនាទំនប់ទប់ទឹកមួយដែលធានាថា អាចរក្សាទឹកប្រើប្រាស់ជូនពលរដ្ឋគ្រប់គ្រាន់ទាំងប្រាំង និងវស្សា ហើយក្រសួងបានចុះវាស់វែងរួចហើយនិងគ្រោងផ្ដើមសាងសង់នៅឆ្នាំនេះ៖ «តាំងពីយូរហើយ ស្នើនេះតែមិនទាន់បាន។ មានហើយៗ លើកនេះប្រហែលជាច្បាស់លាស់ហើយ ថាធ្វើឆាប់នេះ។ ឥឡូវខាងមន្ទីរធនធានទឹកខេត្ត គាត់បានបញ្ជាឱ្យវាស់វែង ធ្វើដេវ៉ូច្បាស់លាស់ នៅតែបច្ចេកទេសគេចុះមក គន់គូរមើលទៅគេនឹងចាប់ផ្ដើម សាងសង់ទំនប់ទឹកក្នុងពេលនេះ ក្នុងឆ្នាំនេះ។ បើសាងសង់ទំនប់បាន ធ្វើស្រែប្រាំង ២ដងមួយរដូវបាន»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា តែទូរស័ព្ទលោកមិនអាចទាក់ទងបាននៅថ្ងៃទី២០ កុម្ភៈ។
ចំណែកអភិបាលខេត្តកំពង់ធំ លោក សុខ លូ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ កុម្ភៈថា ជារៀងរាល់ឆ្នាំទឹកស្ទឹងស្ទោងមានការគោករាក់ដោយអន្លើរៗ ហើយឆ្នាំនេះក្រសួងធនធានទឹកបានជីកស្រះនៅពោះស្ទឹងបានចំនួន ១៦ហើយ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ។ លោកថា អាជ្ញាធរជំនាញបានចុះសិក្សាច្រើនដងមកហើយ ដោយគ្រោងស្ថាបនាទំនប់ទប់ទឹកបំណងផ្គត់ផ្គង់ទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ ប៉ុន្តែលទ្ធភាពថវិកាធំធេងពេក។ តែទោះយ៉ាងណាលោកសង្ឃឹមថា អាជ្ញាធរនឹងដោះស្រាយរឿងនេះបាននៅឆ្នាំខាងមុខនេះ។ លោកបន្ថែមថា ចំពោះពលរដ្ឋដែលសាងសង់លំនៅឋាន និងចាក់ដីតាមបណ្ដោយអែបមាត់ស្ទឹង ដើម្បីសង់ផ្ទះលោកនឹងចាត់ឱ្យអាជ្ញាធរស្រុកចាត់វិធានការដោះស្រាយរឿងនេះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ទឹកស្ទឹងស្ទោងពុំមែនរីងហួតដោយសារពលរដ្ឋសង់ផ្ទះ ជាប់មាត់ស្ទឹងនោះទេ ព្រោះទឹកស្ទឹងតែងរីងខះជារៀងរាល់ឆ្នាំ៖ «យើងគ្រោងសាងសង់ទំនប់ស្ទាក់ទឹកក្នុងស្ទឹង យើងបានសិក្សាប៉ុន្មានដងហើយ ប៉ុន្តែលទ្ធភាពថវិកាមានទំហំធំ តែយើងសង្ឃឹមថា នៅឆ្នាំខាងមុខៗ យើងប្រាកដជាស្ដារកិច្ចការងារនេះបាន។ ចំពោះការធ្វើទំនប់ស្តុកទឹក យើងបានសិក្សាហើយ ទាំងការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រង់។ ដីចំណីស្ទឹងយើងមិនបានអនុញ្ញាតឱ្យបងប្អូនយើងសាងសង់ទេ តែកន្លងមកមានបងប្អូនយើងមួយចំនួន ខ្វះខាតហើយសាងសង់អីចឹង ចាំមើលខ្ញុំបាទនឹងចាត់ឱ្យស្រុកពិនិត្យមើលលទ្ធភាពដើម្បីឃាត់ និយាយរួមទឹកស្ទោងរីងមិនមែនបងប្អូនសាងសង់អ៊ីចឹងទេ ប៉ុន្តែវាប៉ះពាល់ខ្លះ ដោយសារកន្លែងនេះវាខ្សត់ទឹកតែម្ដង»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ក្រសួងពាក់ព័ន្ធត្រូវពិនិត្យ និងរៀបចំផែនការពិសេសមួយដើម្បីដោះស្រាយបញ្ហាបន្ទាន់ជួយពលរដ្ឋ។ លោកថា ក្រសួងជំនាញនីមួយៗ ត្រូវត្រៀមកញ្ចប់ថវិកាជាតិ ចាំជួយពលរដ្ឋរងគ្រោះនៅហ្នឹងកន្លែង ហើយប្រភេទថវិកាទាំងនោះត្រូវស៊ីចង្វាក់គ្នានឹងតម្រូវការចាំបាច់។ លោកយល់ថា ការស្តារស្រះនៅពោះស្ទឹងគួរតែធ្វើឡើងនៅរដូវប្រាំងឆ្នាំមុនៗ ព្រោះការជីកស្រះនៅគ្រាដែលទឹករីងហួតអស់នោះ លោកគ្មានសង្ឃឹមថា នឹងអាចផ្ដល់ផលល្អឱ្យពលរដ្ឋប្រើប្រាស់បានភ្លាមៗនោះទេ៖ «យើងចង់ឱ្យមានវិធានការប្រភេទបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួតក្រសួងពាក់ព័ន្ធហ្នឹង ជាពិសេសក្រសួងធនធានទឹក អាចពាក់ព័ន្ធក្រសួងកសិកម្មដែរ គេអាច ត្រូវតែពិនិត្យមើល ហើយនិងរៀបចំផែនការពិសេសមួយ សម្រាប់ដោះស្រាយបញ្ហាបន្ទាន់ ធ្វើដូចនេះដើម្បីជួយពលរដ្ឋ ហើយក្នុងនោះដែរ រដ្ឋាភិបាលគួរតែលូកដៃ ចំពោះការលក់ទឹកក្នុងតម្លៃថ្លៃឱ្យទៅពលរដ្ឋ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពង់ធំ លោក សុខ រដ្ឋា ពន្យល់ថា ដីចំណីស្ទឹងគឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋគ្មានបុគ្គលណាមួយមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅបង្កើតជាសម្បត្តិឯកជនបាននោះទេ។ លោកថា ប្រសិនបើជាអាជ្ញាធរបណ្ដោយឱ្យមានការសាងសង់លំនៅឋាន ឬសំណងរឹងតាមមាត់ស្ទឹងវានឹងបង្កប៉ះពាល់ដល់សោភ័ណភាពស្ទឹង និងធ្វើឱ្យទឹកស្ទឹងរីងរាក់ខាតប្រយោជន៍ពលរដ្ឋ និងសង្គមជាតិ៖ «ទ្រព្យសម្បត្តិរដ្ឋគេអត់មានចែងពីអាជ្ញាយុកាលទេ។ អ៊ីចឹងពុំមានបុគ្គលណាអាចយកទ្រព្យសម្បត្តិសាធារណរដ្ឋទៅបង្កើតសិទ្ធិឯកជនបានទេ។ បើសិនជាករណីហ្នឹងកើតឡើង ពលរដ្ឋដែលរស់នៅក្នុងតំបន់ហ្នឹងអាចដាក់ពាក្យបណ្តឹងបរិហារមកស្ថាប័នអយ្យការបាន»។
មន្ត្រីសង្គមស៊ីវិលបន្ថែមថា កង្វះទឹកប្រើប្រាស់និងគ្រោះរាំងស្ងួត នៅឆ្នាំ២០១៩នេះ គឺជាសញ្ញាបង្ហាញពីភាពងាយរងគ្រោះខ្លាំងសម្រាប់ពលរដ្ឋនៅមូលដ្ឋាន។ ពួកគេត្រូវខាតបង់ទ្រព្យនិងសត្វពាហនៈជាពិសេសគឺខ្វះខាតទឹកប្រើប្រាស់ជាដើមដែលជាឧបសគ្គរុញច្រាន ឱ្យជីវភាពពួកគេធ្លាក់ចុះ។ លើសពីនេះក្រសួងពាក់ព័ន្ធត្រូវរៀបចំស្ថាបនាទំនប់មួយចំនួនបង្ហូរទឹក ក្នុងកម្រិតណាមួយដើម្បីស្វែងរកដំណោះស្រាយរួម ធ្វើយ៉ាងណាទាញយកទឹកពីប្រភពសំខាន់ៗ មកជួយពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់។ ពួកគេចាត់ទុកថា ខ្វះខាតទឹកប្រើប្រាស់គឺជាគ្រោះអាសន្នមួយដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយ និងកំណត់ទិសដៅរយៈពេលវែង ដោយប្រើកញ្ចប់ថវិកាពិសេសមួយសម្រាប់ដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋបានភ្លាមៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។