អាជីវករ និងប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិលេខ៥១ តភ្ជាប់ពីចំណុចផ្សារថ្នល់ទទឹង ដល់ផ្សារឧត្ដុង្គ ចម្ងាយជាង ៤០គីឡូម៉ែត្រ ដែលជាព្រំប្រទល់ខណ្ឌចែករវាងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល បានត្អូញត្អែរពីបញ្ហាផ្លូវខូច និងធូលីដីលាយថ្មហុយប៉ះពាល់ដល់សុខភាព។
តើអាជ្ញាធរ និងរាជរដ្ឋាភិបាល មានវិធានការដោះស្រាយយ៉ាងណាលើបញ្ហានេះ?
ការកសាងផ្លូវថ្នល់ ឬស្ពាន គឺជាមោទនភាពរបស់គណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាល ហើយតែងតែអួតប្រាប់ប្រជាពលរដ្ឋអំពីស្នាដៃរបស់ខ្លួនក្នុងចំណោមសមិទ្ធផលផ្សេងទៀតដែលបានកសាង។ ប៉ុន្តែសមិទ្ធផលទាំងនោះមានខ្លះធ្វើគ្មានគុណភាព ឬប្រើមិនបានយូរ ដូចជាផ្លូវជាតិលេខ៥១ នេះ ជាដើម។ ផ្លូវស្ទើរខូចទាំងស្រុងដោយអ្នកខ្លះបន្ទោសឡានដឹកធ្ងន់ និងខ្លះថាមកពីគុណភាពផ្លូវ។
នៅដើមផ្លូវ និងចុងកំណាត់ផ្លូវជាតិលេខ៥១ សម្បូរទៅដោយតូបលក់ម៉ាស ឬស្បៃពាក់មុខការពារធូលីដីហុយជូនអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។ អាជីវករ និងពលរដ្ឋខ្លះ បានហៅ ឬដាក់នាមផ្លូវនេះបែបលេងសើចថា ផ្លូវជាតិហុយលេខ១ គឺពួកគាត់សំដៅលើផ្លូវជាតិលេខ៥១ ដែលហុយខ្លាំងនៅរដូវប្រាំង និងរដូវវស្សាមានភក់ជ្រាំ ឬជង្ហុករអិលលំបាកធ្វើដំណើរជាង ៣ឆ្នាំហើយ ហើយមានពលរដ្ឋជាច្រើនធុញទ្រាន់បញ្ហានេះ។
ច្រមុះពាក់ម៉ាស ដៃម្ខាងរវល់ប្រែសាច់គោ និងសាច់ក្រកអាំងកុំឲ្យខ្លោច គឺអ្នកស្រី អឿន ថុល ជាអាជីវករលក់ម្ហូប និងបាយនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ឋិតនៅឃុំព្រះស្រែ នៃស្រុកឧត្ដុង្គ មានប្រសាសន៍ថា រយៈពេលជិត ៣ឆ្នាំហើយដែលគ្រួសារអ្នកស្រី និងពលរដ្ឋជាច្រើនទៀតរស់នៅក្នុងសភាពធុញថប់ និងលំបាករកស៊ីបណ្ដាលមកពីបញ្ហាធូលីហុយ។ អ្នកស្រីបន្តថា ទាំងនៅរដូវប្រាំង និងរដូវវស្សា គាត់ឃើញគេចាក់ដីលាយថ្មលុបរណ្ដៅដែលខូច ប៉ុន្តែផ្លូវនៅតែខូច និងហុយកាន់តែខ្លាំង នៅពេលឡានកុងតឺន័រដឹកឈើ ដំឡូង និងឡានដឹកសាំងរាប់រយគ្រឿងក្នុង១ថ្ងៃបរកាត់៖ «ហុយរាល់ថ្ងៃហ្មង លក់ដូរពិបាក ព្រោះប្រឡាក់នេះប្រឡាក់នោះអ៊ីចឹងទៅបង។ ហុយពីរបីឆ្នាំហើយ ឃើញគេឈូសឲ្យរាបស្អាតមិនបានវាខូចវិញដដែល ហើយនៅតែហុយ ព្រោះសម្បូរឡានធំៗបើកកាត់រាល់ថ្ងៃ»។
ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅស្រុកពញាឮ ខេត្តកណ្ដាល អ្នកស្រី ថន សឿងថេង ថ្លែងបញ្ជាក់ថា បច្ចុប្បន្នអ្នកស្រីមានកូនតូចៗចំនួនបីនាក់ ហើយកាលពីពេលថ្មីៗ កូនប្រុសពៅរបស់គាត់មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ទើបព្យាបាលជាសះស្បើយ។ អ្នកស្រីថា ជំងឺនេះអាចកើតចេញពីបញ្ហាធូលីដីលាយកម្ទេចថ្មហុយខ្លាំងពេក ហើយបច្ចុប្បន្នមានអ្នកភូមិច្រើនទៀតបារម្ភពីបញ្ហាសុខភាពដែរ៖ «ខ្លាចតែកូនតូចៗឈឺដោយសារធូលីដីហុយ ដូចជាពេលវាហូបចំណីប៉ះពាល់សុខភាព ព្រោះខ្ញុំអត់នៅ ទៅធ្វើការបាត់ៗ។ លំបាកណាស់ពេលធ្វើដំណើរ ទាល់តែពាក់ម៉ាស ខ្ញុំចង់ឲ្យគេធ្វើផ្លូវនេះឲ្យបានស្អាត»។
ទាក់ទងបញ្ហានេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក នូ វឌ្ឍនៈ ថ្លែងទទួលស្គាល់ថា ស្ថានភាពផ្លូវជាតិលេខ៥១ ពិតជារងនូវការខូចខាតមែន ដោយសារចំនួនឡានចរាចរច្រើន និងផ្ទុកទម្ងន់ធ្ងន់ៗមិនថួនល្មមនឹងស្ថានភាពផ្លូវ ប៉ុន្តែខាងក្រសួង និងអាជ្ញាធរពាក់ព័ន្ធ នឹងមានវិធានការស្រោចទឹកកុំឲ្យហុយ នៅស្របពេលដែលក្រុមការងារជួលផ្លូវនោះកំពុងដំណើរការ ដើម្បីឲ្យអាចធ្វើចរាចរបានបណ្ដោះអាសន្ន ទម្រាំដល់ដើមឆ្នាំ២០១៦ នឹងចាប់គម្រោងស្ដារឡើងវិញរបស់កំណាត់ផ្លូវជាតិនេះទាំងស្រុង។ លោកបន្តថា បច្ចុប្បន្ន ផ្លូវនេះមានថវិកាថែទាំ និងជួសជុលប្រចាំឆ្នាំ គឺក្នុង ១គីឡូម៉ែត្រប្រើទឹកប្រាក់ប្រមាណ ២.៥០០ដុល្លារ៖ «អារឿងហុយអីយើងខ្ញុំតែងពង្រឹងមន្ទីរឲ្យយកចិត្ដទុកដាក់ថែទាំប្រចាំ ព្រោះមានថវិកាជាតិមួយចំនួនដែរ ព្រោះផ្លូវនោះពិបាក និងទ្រុឌទ្រោមពេក។ តាមពិតផ្លូវអស់ហ្នឹង គឺស្ដារដើម្បីប្រើប្រាស់ក្នុងកម្រិតចរាចរតិច ហើយស្រាល ប៉ុន្តែបច្ចុប្បន្នមានចរាចរច្រើនដូចផ្លូវអាស៊ាន ហើយមិនអាចទ្របាន»។
លោកបញ្ជាក់ថា ក្រសួងនឹងពិភាក្សាផ្នែកបច្ចេកទេស និងសម្របសម្រួលប្រាក់កម្ចីរបស់ប្រទេសចិន ដើម្បីដំណើរការគម្រោងស្ដារឡើងវិញនេះ ប៉ុន្តែក្នុងទំហំទឹកប្រាក់ប៉ុន្មាននោះ លោកមិនទាន់ដឹងច្បាស់នៅឡើយ។ ប៉ុន្តែបច្ចុប្បន្ន លោកនឹងជំរុញទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីបង្កើនការយកចិត្តទុកដាក់លើការលំបាក និងបញ្ហាសុខភាពពលរដ្ឋបណ្ដាលមកពីបញ្ហានេះ។
ចំណែកអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី ថ្លែងថា រដ្ឋាភិបាល និងអាជ្ញាធរមិនសូវមានការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាផ្លូវខូច ឬដីហុយប៉ះពាល់ដល់ការលក់ដូរ និងសុខភាពរបស់ប្រជាពលរដ្ឋនោះទេ។ តាមយោបល់លោក អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនដែលទទួលបានការសាងសង់ផ្លូវណាមួយ ត្រូវមានបទអន្តរាគមន៍ផ្នែកសុខាភិបាល ដើម្បីធានានូវសុខភាព និងផលប៉ះពាល់ផ្សេងៗរបស់ពលរដ្ឋ។ លោកបន្តថា តំណាងរាស្ត្រមានតួនាទីសំខាន់ក្នុងការពិនិត្យ និងតាមដានគម្រោងអភិវឌ្ឍន៍ផ្លូវនានាតាំងពីដើមទីរហូតដល់ចប់ ប៉ុន្តែតំណាងរាស្ត្របច្ចុប្បន្នគិតគូររឿងនយោបាយ និងចង់កេងចំណេញផ្នែកនយោបាយច្រើនជាងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៖ «វាមិនរំខានតែរឿងសុខភាពទេ គឺរំខានការធ្វើដំណើរ សិទ្ធិប្រកបមុខរបរ ហើយអត់មានការទទួលខុសត្រូវទេ»។
ផ្លូវជាតិលេខ៥១ ចម្ងាយជាង ៤០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង ខេត្តកណ្ដាល ទៅដល់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារឧត្ដុង្គ ខេត្តកំពង់ស្ពឺ។ កំណាត់ផ្លូវជាតិនេះ កសាងដោយគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅអំឡុងឆ្នាំ២០០៣។ បច្ចុប្បន្ន ផ្លូវនេះខូចខាតស្ទើរទាំងស្រុង ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវភាគច្រើនរអ៊ូរទាំនឹងការលំបាកធ្វើដំណើរ ដីហុយ និងប្រើពេលយូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។