អង្គការអភិរក្សដំរី និងសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី បង្ហាញការឈឺចាប់ខ្លោចផ្សារ ពីផលប៉ះពាល់ជីវិតសត្វដំរីព្រៃ ដែលកំពុងរស់នៅក្នុងព្រៃអភិរក្សក្នុងខេត្តនេះ កំពុងប្រឈមបញ្ហាខ្វះទឹកនៅរដូវប្រាំង។ ពួកគេអះអាងថា អាជ្ញាធរនៅតែខ្វះការយកចិត្តទុកដាក់ ជីកស្រះទឹក និងស្ដារទឹកបឹងធម្មជាតិក្នុងព្រៃអភិរក្ស ដើម្បីផ្គត់ផ្គង់ប្រភពទឹកសំខាន់ៗ នៅកន្លែងដែលដំរីរស់នៅ និងឆ្លងកាត់។
នាយកអង្គការការពារសត្វដំរីដែលមានមូលដ្ឋាននៅខេត្តមណ្ឌលគិរី លោក ឃុន ឌីយ៉ូន ឱ្យដឹងនៅថ្ងៃទី១២ កុម្ភៈថា គ្រោះរាំងស្ងួតនៅរដូវប្រាំង បានកើតមានជារៀងរាល់ឆ្នាំ បណ្ដាលឱ្យប្រភពទឹកសំខាន់ៗ ក្នុងព្រៃអភិរក្ស រីងស្ងួតហួតហែង បង្កប៉ះពាល់ធ្ងន់ធ្ងរដល់សត្វដំរីព្រៃ និងសត្វព្រៃផ្សេងទៀត។ លោកថា អង្គការរបស់លោក បានស្នើជាច្រើនសារ ឱ្យក្រសួងបរិស្ថាន យកគ្រឿងចក្រស្ដារត្រពាំង និងទឹកអូរធម្មជាតិក្នុងព្រៃដែលមានស្រាប់ ដើម្បីផ្ដល់ប្រភពទឹកសម្រាប់សត្វព្រៃអាស្រ័យផលនៅរដូវប្រាំង។ ក៏ប៉ុន្តែកម្មវត្ថុនេះ មិនទាន់ត្រូវបាន ក្រសួងសាមីដោះស្រាយនៅឡើយទេ៖ «ខ្ញុំមានការសោកស្ដាយ កាលណាឃើញដំរី ខាងខ្ញុំមានបុគ្គលិកបរទេស គាត់បានរាយការណ៍មកខ្ញុំអ៊ីចឹងមានភាពស្រងេះស្រងោច ហើយមានភាពខ្លោចផ្សាក្នុងចិត្តថា យើងអត់ទាន់បានអនុវត្តកិច្ចការងារហ្នឹង។ ហើយដឹងថា សត្វព្រៃយើងនឹងខ្វះទឹកហើយ ប៉ុន្តែយើងនឹងនៅស្ងៀម មិនព្រមចាត់ចែងកិច្ចការហ្នឹង ទុកឱ្យសត្វព្រៃជួបគ្រោះថ្នាក់បែបហ្នឹង។ ខ្ញុំមានការសោកស្ដាយអ៊ីចឹង » ។
លោក ឃុន ឌីយ៉ូន បារម្ភថា ប្រសិនបើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធមិនដោះស្រាយបញ្ហានេះទេ ជីវិតសត្វដំរីព្រៃ និងសត្វព្រៃកម្រផ្សេងទៀត នឹងប្រឈមហានិភ័យខ្ពស់ ដោយសារគ្រោះរាំងស្ងួតនៅរដូវប្រាំង បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ជីវិតសត្វព្រៃជារៀងរាល់ឆ្នាំ៖ «ខ្ញុំគិតថា យើងជីកកន្លែងដដែល ត្រពាំងដែលមានស្រាប់ៗ ហ្នឹង វាមកនៅកន្លែងដដែលហ្នឹងទេ។ យើងជីកឱ្យជ្រៅ ហើយយើងជម្រាល ឱ្យវាឡើងចុះបាន ដូចជម្រាលសមុទ្រអ៊ីចឹង។ សមុទ្រអត់មានច្រាំងបាក់ទេ គឺវាជម្រាលតិចៗ សត្វតូច និងសត្វធំ វាចូលអាស្រ័យទៅតាមជម្រាលហ្នឹងបាន។ កាលណា ជម្រាលទឹកជ្រៅចេះតែមានកូនសត្វចេះផឹកទឹកហ្នឹងបាន » ។
កាលពីថ្ងៃទី ១១ កុម្ភៈ ថ្មីៗនេះ ដំរីឈ្មោលជំទង់មួយក្បាល អាយុប្រហែល ២០ឆ្នាំ បានធ្លាក់ចូលក្នុងរណ្ដៅជ្រៅ ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ តំបន់នោះ ជាប់ព្រំប្រទល់ដែនជម្រកសត្វព្រៃកែវសីមា និងអតីតដែនជម្រកសត្វព្រៃស្នួលដែលរដ្ឋាភិបាលរំសាយចោល។ ដំរីមួយក្បាលនេះ ត្រូវបានមន្ត្រីជំនាញ អង្គការសង្គមស៊ីវិល ពលរដ្ឋ និងអាជ្ញាធរ ជួយសង្គ្រោះចេញពីរណ្ដៅនោះទាន់ពេល។ មន្ត្រីសង្គមស៊ីវិលចាត់ទុកថា គ្រោះរាំងស្ងួតអាច ជា មូលហេតុ ធ្វើឱ្យដំរីព្រៃមួយក្បាលនេះ បង្ខំចិត្តចុះផឹកទឹកក្នុងរណ្ដៅនេះ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បកស្រាយថា កាលពីឆ្នាំមុនមាន ករណីគ្រោះរាំងស្ងួត ប៉ះពាល់សត្វព្រៃ ហើយក្រសួងគិតថា គ្រោងនឹងរៀបចំបង្កើតអាងស្តុកទឹក ដើម្បីរក្សាទឹកសម្រាប់សត្វព្រៃដែរ។ ក៏ប៉ុន្តែសម្រាប់ឆ្នាំនេះលោកថា មិនទាន់ទទួលបាន របាយការណ៍ពីមន្ត្រីជំនាញ រាយការណ៍ពីបញ្ហាខ្វះទឹកនៅឡើយទេ ព្រោះក្នុងព្រៃអភិរក្ស មានភ្លៀង ធ្លាក់ និងមានទឹកអូរធម្មជាតិខ្លះ ដែលទឹកនោះអាចគ្រប់គ្រាន់សម្រាប់សត្វព្រៃ៖ «នៅខេត្តមណ្ឌលគិរី កាលពីឆ្នាំទៅហ្នឹង ដោយសារតែប្រភពទឹកមានការរាំងស្ងួតគឺ សត្វដំរីមួយចំនួនគឺបានចូលមក ភូមិស្រុករបស់ពលរដ្ឋ ដើម្បីរកទឹកដែរ ប៉ុន្តែមកដល់ឆ្នាំនេះ រហូតមកដល់ខែកុម្ភៈនេះ យើងមិនទាន់មានរបាយការណ៍ណាមួយ ពីមន្ត្រីជំនាញរបស់យើងនៅតាមខេត្តថា មានការជួបប្រទះបញ្ហា កង្វះទឹកអីទេ ព្រោះនៅតំបន់នោះ ដូចជា មិនមានបញ្ហាអី ព្រោះមានភ្លៀងធ្លាក់ជោកជាំ និងមានអូរមួយចំនួនមានទឹកនៅកន្លែងហ្នឹង » ។
សហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក ក្រើង តុលា យល់ថា ក្រសួងបរិស្ថាន គួរតែជីកស្រះ និងស្ដារទឹកអូរឱ្យច្រើន ក្នុងព្រៃអភិរក្ស ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់សត្វដំរីព្រៃ និងសត្វព្រៃផ្សេងទៀត ខណៈកន្លងទៅលោកសង្កេតឃើញថា សត្វព្រៃងាប់អស់ជាបន្តបន្ទាប់ ដោយសារខ្វះទឹក នៅរដូវប្រាំង។ លោកថា សត្វដំរីព្រៃ និងសត្វព្រៃផ្សេងទៀត បានធ្វើដំណើរជាច្រើន គីឡូម៉ែត្រក្នុង ព្រៃអភិរក្ស ទម្រាំដល់ប្រភពទឹកអូរធម្មជាតិបរិភោគ៖ «តាមខ្ញុំមើលឃើញ ខ្វះច្រើនមែនទែន ទម្រាំដល់អូរ ប្រហែលចូល ១០ ទៅ ២០ គីឡូក្រាមអីបានដល់អូរមួយ។ ខ្ញុំគិតថា គួរតែមានកន្លែងណា ដែលយើងអាចជីកបាន យើងជីកទុក ឱ្យវាមានកន្លែងមុជទឹក និងផឹកទឹក។ ទាំងមនុស្ស និងសត្វមិនប្រាកដថា ទៅដល់នោះ ចាំស្រែកទឹក អត់ទេ គួរតែមានឱ្យច្រើនកន្លែង » ។
អង្គការការពារសត្វដំរី (ELIE) រកឃើញថា ចាប់ពីឆ្នាំ២០១៧ រហូតដល់ដើមឆ្នាំ២០២០ នេះ មានដំរី ៩ក្បាលហើយ ដែលបានងាប់ ព្រោះតែជំងឺ ការបរបាញ់ខុសច្បាប់ ការបាញ់សម្លាប់ដោយសារតែដំរីចុះប្រេង និងមូលហេតុផ្សេងទៀត។ បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានដំរីចិញ្ចឹមចំនួន ៣៨ក្បាល ក្នុងនោះមួយចំនួនស្ថិតក្រោមការថែរក្សា និងចិញ្ចឹមដោយអង្គការការពារដំរី និងដំរីមួយចំនួនទៀត ជាកម្មសិទ្ធរបស់ជនជាតិដើមភាគតិចព្នង។ ក្រសួងបរិស្ថានអះអាងថា បច្ចុប្បន្នដំរីព្រៃនៅប្រទេសកម្ពុជាមានជាង ៥០០ក្បាល ក្នុងនោះមាននៅខេត្តមណ្ឌលគិរីជាង ២០០ក្បាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។