​អ្នក​ស្រឡាញ់​ព្រៃឈើ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ក្រសួង​អនុញ្ញាត​ឱ្យ​ពួកគេ​ចុះ​ល្បាត​ព្រៃឡើងវិញ​

0:00 / 0:00

ព្រះសង្ឃ​ ​និស្សិត​ ​យុវជន​ ​និង​ប្រជា​សហគមន៍​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​រាប់​ជិត​ ​១​ពាន់​នាក់​ ​បាន​រួមគ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ ​និង​តាម​មូលដ្ឋាន​របស់​ពួកគេ​រៀងៗខ្លួន​ ​ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ ​បញ្ឈប់​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ការពារ​ព្រៃឈើ​រ​របស់​ពលរដ្ឋ​។​

សកម្មជន​ការពារ​ព្រៃឈើ​លោក​ ​ហេង​ ​ស្រស់​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​យុទ្ធនាការ​នេះ​នឹង​ធ្វើ​រហូត​ទាល់តែ​ក្រសួង​សាមី​អនុញ្ញាត​ឱ្យ​ពួក​លោក​​ចុះ​ល្បាត​ព្រៃ​ដូច​សព្វ​មួយដង​វិញ​។​ ​លោក​បញ្ជាក់​ថា​ ​យុទ្ធនាការ​នេះ​ ​ដើម្បី​បំផុស​ចលនា​តាម​បណ្តាញ​សង្គម​ ​និង​ដើរ​ហែ​ក្បួន​ដាក់​បដា​ ​នៅ​តំបន់​ជុំវិញ​ព្រៃ​ការពារ​ធម្មជាតិ​ទាំងអស់​ទូទាំង​ប្រទេស​ ​ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ ​ដោះស្រាយ​ក្តី​កង្វល់​របស់​ពួកគេ​៖​ ​«យើង ចង់​បង្ហាញ​សារ​ហ្នឹង​ទៅ​ឱ្យ​រដ្ឋាភិបាល​ ​និង​ពិភពលោក​បាន​ដឹង​ថា​ ​ពល​រដ្ឋកម្ពុជា​អត់មាន​សិទ្ធិ​ចូលរួម​ការពារ​ព្រៃឈើ​ទេ​ ​តែ​អ្នក​ដែ​លកាប់​បំផ្លាញ​ព្រៃឈើ​ ​មាន​សិទ្ធិ​ចូ​លកាប់​ក្នុង​តំបន់​ព្រៃ​ការពារ​។​ ​អ្នកការពារ​មិន​មាន​សិទ្ធិ​ចូល​ការពារ​ ​អ្នក​កាប់​មាន​សិទ្ធិ​ចូ​លកាប់​ ​ »​

រយៈពេល​ ​២​ស​ប្តាហ៍​ កន្លងទៅ​នេះ​ ​ក្រុម​អ្នក​ស្រ​ឡាប់​បរិស្ថាន​បាន​ធ្វើ​យុទ្ធនាការ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​រួម​មាន​ ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វន្ត​ ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​សហគមន៍​នៅ​ជាប់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ​ ​ព្រៃ​សហគមន៍​អូរ​ដាស់​ស្គរ​ ​និង​ព្រៃ​ព្រះ​រកា​របស់​ខេត្ត​ព្រះវិហារ​។​ ​យុទ្ធនាការ​នេះ​ពួកគេ​បាន​ដើរ​ហែ​ក្បូន​ ​កាន់​បដា​ ​លើក​ពាក្យស្លោក​សរសេរ​ថា​ ​ល្បាត​ព្រៃ​ដោយសេរី​ ​និង​មេត្តា​កុំ​កាប់​ឈើ​ ​សូម​ជួយ​ថែរក្សា​ព្រៃ​មរកត​ដូនតា​យើង​។​ ​លើស​ពី​នេះ​ ​ពួកគេ​បាន​ផលិត​វីដេអូ​ខ្លី​ៗ​ ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​ទីកន្លែង​​ចូលរួម​ការពារ​ព្រៃ​ទាំងអស់គ្នា​។​

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​ ​និង​តស៊ូមតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N) លោក​ ​ហេង​ ​គឹម​ហុង​ ​យល់ថា​ ​ទង្វើ​របស់​​​ក្រសួង​បរិស្ថាន​ ​ដែល​ហាម​ប្រជា​សហគមន៍​មិន​ឱ្យ​ល្បាត​ព្រៃ​ ​គឺ​ផ្ទុយពី​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។​ ​លោក​ថា​ ​ក្រុម​យុវជន​នឹង​ត្រៀម​ដាក់​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​ដើម្បី​ពិភាក្សា​រក​ច្រកចេញ​ ​ធ្វើ​យ៉ាងណា​ឱ្យ​សេរីភាព​ការពារ​ព្រៃឈើ​ត្រូវ​អនុវត្ត​ឱ្យ​ទូលំទូលាយ​៖​ ​«​យើង នឹង​ធ្វើសកម្មភាព​ជាបន្តបន្ទាប់​ទៀត​ ​ទាំង​ទម្រង់​អន​ឡា​ញ​ផង​ ​ទាំង​ទម្រង់​ ​កៀរគរ​ផ្សេងៗ​ទៀត​ ​ទាំង​កា​រដាក់​ញត្តិ​ដោយ​ផ្ទាល់​ជាដើម​ហ្នឹង​ ​ដើម្បី​ធ្វើ​យ៉ាងណា​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​ ​ហើយ​ជាពិសេស​ខ្ញុំ​ជឿជាក់​ថា​ ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ ​នឹង​ចូលរួម​ឥរិយា​បទ​បែប​នេះ​ ​ពីសំណាក់​រដ្ឋបាល​ការពារ​ព្រៃឈើ​ហ្នឹង​ ​ »​

ចំណែក​ ​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹង​ត្រែង​លោក​ ​គង់​ ​រី​ ​គាំទ្រ​យុទ្ធការ​នេះ​ ​ហើយ​ប្រជា​សហគមន៍​នឹង​ត្រៀម​ខ្លួន​ធ្វើ​យុទ្ធនាការ​នៅ​តាម​មូលដ្ឋាន​ ​ដើម្បី​ដាស់​ស្មារតី​ឱ្យ​ពលរដ្ឋ​រួមគ្នា​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​។​ ​លោក​ថា​ ​នៅ​គ្រា​ដែល​អាជ្ញាធរ​ហាម​ពលរដ្ឋ​មិន​ឱ្យ​ល្បាត​ព្រៃ​នេះ​ ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​ឡង់​មិន​ថមថយ​ឡើយ​ ​ហើយ​ការ​ទទួលសំណូក​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ ​នៅតែ​កើតមាន​ដដែល​ៗ​៖​ ​«​មន្ត្រី​បរិស្ថាន​មិន​ឱ្យ​ពលរដ្ឋ​ ​និង​សហគមន៍​ចូល​ពិនិត្យ​តំបន់​ព្រៃឈើ​ ​វា​ប៉ះពាល់​សហគមន៍​ធ្ងន់ធ្ងរ​បំផុត​ ​គឺ​ការ​គំរាមកំហែង​ ​ដើម្បី​កុំ​ឱ្យ​យើង​ចូលក្នុង​ព្រៃ​ ​ឃើញ​បទល្មើស​ព្រៃឈើ​ដឹក​ចេញ​។​ ​ដើម​ឈើ​​ប៉ុន្មាន​​ដែល​យើង​ធ្លាប់ទៅ​បំបួស​ ​ឥឡូវ​ក្លាយ​ជា​គល់ឈើ​អស់ហើយ​ ​ក្នុង​តំបន់​ព្រៃ​ឡង់​ ​ហើយ​យើង​ចូល​ទៅ​ថត​យក​ព័ត​មានអី​ ​គាត់​មិន​ឱ្យ​យើង​ទៅ​ទេ​ ​ »​

ឆ្លើយតប​រឿង​នេះ​ ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​ប្រាប់​អាស៊ី​សេរី​តាម​បណ្តាញ​សង្គម​សិ​ក​ណ​ល​ (​Signal​)​ថា​ ​ការ​ធ្វើ​យុទ្ធនាការ​ ​ឬ​ការ​ដង្ហែ​រ​ក្បួន​នៅ​ក្រៅ​តំបន់​ការពារ​ធម្មជាតិ​ជា​សិទ្ធិ​របស់​ពួកគេ​ ​តែ​គួរ​គោរព​វិធានការ​របស់​​​ក្រសួងសុខាភិបាល​។​ ​លើស​ពី​នេះ​ ​ក្រសួង​បរិស្ថាន​គ្មាន​ភាព​ចាំបាច់​ត្រូវ​ឆ្លើយឆ្លង​នឹង​យុទ្ធនាការ​ខុស​បរិ​បទ​នេះ​ទេ​ ​ហើយ​ក្រសួង​សាមី​ ​នៅតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដោយ​មិន​លើកលែង​ចំពោះ​បទល្មើស​ទាំងឡាយ​ណា​ ​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​ ​លោក​ចោទ​ថា​ ​អង្គការសង្គម​ស៊ីវិល​មួយ​ចំនួន​មាន​ជំងឺ​​តួឯក​ខាង​ធនធានធម្មជាតិ​កុំ​ព្យាយាម​បំពានច្បាប់​ ​និង​លើកទឹកចិត្ត​ក្រុម​អ្នក​រំលោភច្បាប់​។​ ​លោក​បដិសេធ​ថា​ ​ទង្វើ​របស់​​​ក្រសួង​បរិស្ថាន​ ​ពុំមែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជន​ណា​ម្នាក់​ឡើយ​។​

កាលពីដើម​ ខែកុម្ភៈ​ កន្លងទៅ​ ​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​លោក​ ​សុខ​ ​ច័ន្ទ​សុជាតិ​ ​បាន​បដិសេធ​សំណើ​របស់​ក្រុម​យុវជន​ ​ដែល​ដាក់​លិខិត​ស្នើសុំ​អាជ្ញាធរ​ចុះ​ល្បាត​ព្រៃ​ ​ដោយ​លើក​ហេតុផល​ថា​ ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ​ពុំបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ និង​ចុះ​អនុសារណៈ​យោគយល់​ (​M​OU )​ជាមួយ​ក្រសួង​បរិស្ថាន​។​

មកទល់​ពេលនេះ​ ​២​ឆ្នាំ​ហើយ​ ​ដែល​អាជ្ញាធរ​​មិន​អនុញ្ញាត​ឱ្យ​ប្រជា​សហគមន៍​ ​និង​ក្រុម​យុវជន​ ​ចុះ​ល្បាត​ព្រៃ​នោះ​ទេ​ ​ដោយ​លើក​ហេតុផល​ថា​ ​ប្រជា​សហគមន៍​មិន​សុំច្បាប់​អនុញ្ញាត​ ​ហើយ​នៅ​គ្រា​ដែល​ពួកគេ​សុំច្បាប់​ចុះ​ល្បាត​ព្រៃ​ម្តងៗ​ ​អាជ្ញាធរ​តែងតែ​បដិសេធ​។​ ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​មាត្រា​ ​២​៩​ ​ចែង​ថា​ ​ពលរដ្ឋ​មាន​សិទ្ធិ​ ​និង​ករណី​កិច្ច​ក្នុង​ការចូលរួម​ស្តារ​ ​ការពារ​ ​និង​អភិ​រក្ស​ធនធានធម្មជាតិ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។