ក្រុមសកម្មជនព្រៃឈើដែលចុះល្បាតរកបទល្មើសព្រៃក្នុងតំបន់ព្រៃឡង់ អះអាង ខាងសមត្ថកិច្ចចម្រុះ មានខាងមន្ទីរបរិស្ថាន រដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថ នៅតែតាមស្វែងរកមុខ និងចាប់ខ្លួនពួកគេ។ សង្គមស៊ីវិល យល់ថា ប្រសិនបើមានការអនុវត្តបទបញ្ជាបែបនេះ គឺធ្វើផ្ទុយពីបំណងរបស់ប្រមុខរដ្ឋាភិបាល ដែលតែងតែអំពាវនាវដល់ អាជ្ញាធរទាំងអស់សហការគ្នាជាមួយពលរដ្ឋ ដើម្បីរក្សាការពារព្រៃឈើឲ្យនៅគង់វង្ស។
សកម្មជនបរិស្ថាន ដែលសកម្មរឿងព្រៃឈើ លោក ហេង ស្រស់ ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះទាំង៤ខេត្តជុំវិញតំបន់ព្រៃឡង់ នៅតែបន្តចុះស្វែងរកតាមចាប់ខ្លួនសកម្មជនព្រៃឈើ៤នាក់ ដែលចុះល្បាតនិងប្រមូលយកភស្តុតាងកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់របស់ក្រុមហ៊ុន ស៊ីង បាយអូថិក (Think Biotech)។
លោក ហេង ស្រស់ ឲ្យដឹងថា ក្រុមលោកទទួលបានដំណឹងអំពីការស្វែងរកចាប់ខ្លួននេះ ពីមន្ត្រីបរិស្ថាន និងមេការក្រុមហ៊ុន ប៉ុន្តែជាសំណាងល្អ ពួកគេចាកចេញពីព្រៃមុនពេល សមត្ថកិច្ចចុះទៅដល់៖ «រហូតមកដល់ម៉ោង គេនៅតែព្យាយាមបញ្ជូនកម្លាំងគេបន្ថែមពីលើទៀត ឲ្យចូលទៅរកក្នុងតំបន់ព្រៃឡង់ហ្នឹង។ បើតាមដំណឹងហ្នឹង គឺមិនសហការទេ គឺគេចូលទៅចាប់ខ្លួនពួកខ្ញុំចេញពីតំបន់ព្រៃឡង់ កុំឲ្យចូលទៅថតបទល្មើសព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់។ វាមាន ៥តំបន់ដែលពួកខាងក្រុមហ៊ុនបញ្ជាឲ្យកម្មករចូលទៅកាប់ ដែលកំពុងតែរកការកាប់បំផ្លាញពីក្រុមហ៊ុន ស៊ីង បាយអូថិក ហ្នឹង»។
សកម្មជនបរិស្ថានវ័យក្មេងរូបនេះ លើកឡើងថា ការប្រើប្រាស់កម្លាំងសមត្ថកិច្ចចម្រុះដល់ទៅ៤ខេត្ត តាមស្វែងរកមុខក្រុមអ្នកការពារព្រៃឈើ គឺជារឿងមួយដែលមិនទំនង និងគួរឲ្យងើយឆ្ងល់ជាខ្លាំង ព្រោះពួកលោក មិនជាជនបទល្មើសទៅកាប់បំផ្លាញសម្បត្តិធម្មជាតិរបស់ជាតិ ដូចខាងក្រុមហ៊ុនទាំងអស់នោះឡើយ៖ «ខ្ញុំគិតថារដ្ឋាភិបាល គាត់គួរតែខ្មាសដល់សកម្មជនដែលពួកគាត់លះបង់ទាំងកម្លាំងកាយ ទាំងថវិកា ទាំងកម្លាំងចិត្ត ក្នុងការការពារកុំឲ្យមានការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា បែរជាមន្ត្រីក្រោមឱវាទរបស់គាត់ហ្នឹង មកធ្វើទុក្ខបុកម្នេញមកលើសកម្មជនព្រៃឈើ ដូចជាមានរូបភាព ការចាប់ចង ការគំរាមកំហែង។ ដូចជានៅតំបន់ភ្នំព្រេច កាលនោះ បានពលរដ្ឋម្នាក់ជួយពួកខ្ញុំទាន់ពេលហ្នឹង គឺគេបាញ់ពួកខ្ញុំទៅហើយ។ គេភ្លយមាត់ថា អូពូ ! បើមិនមែនពូ បាញ់បាត់ហើយ។ នេះជាភាសាមួយដែលគំរាមកំហែងដល់សកម្មជនដែលពួកគាត់លះបង់ដើម្បីការពារព្រៃឈើ និងជាសម្បត្តិធនធានធម្មជាតិ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយបំភ្លឺរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី និងអ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បានទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ ។
ទន្ទឹមគ្នានេះ អាស៊ីសេរីព្យាយាមសុំការបំភ្លឺពីស្នងការនគរបាលខេត្តក្រចេះ លោក លន់ សុផាត ប៉ុន្តែត្រូវលោកចុចផ្ដាច់ទៅវិញ នៅពេលឮសំនួរទាក់ទងនឹងរឿងនេះ។ ចំណែកស្នងការនគរបាលខេត្ត ៣រូបទៀត អាស៊ីសេរី មិនអាចទាក់ទងបានទេ ដោយហៅចូល តែគ្មានអ្នកទទួល ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងប្រាប់អាស៊ីសេរីថ្មីៗ នេះថា ការធ្វើយុទ្ធនាការចុះល្បាតតំបន់ព្រៃឡង់នេះ គឺជាសិទ្ធិរបស់សកម្មជនបរិស្ថាន ប៉ុន្តែលោកស្នើឱ្យពួកគេធ្វើសកម្មភាពស្របទៅតាមច្បាប់។
អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនកុរណា មានប្រសាសន៍ថា ប្រសិនមានការដាក់ពង្រាយកម្លាំងតាមចាប់ខ្លួនសកម្មជនព្រៃឈើ ដូចតាមការលើកឡើងមែន នោះគឺជាការអនុវត្តបទបញ្ជាដែលធ្វើផ្ទុយ ពីបំណងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សហការគ្នាជាមួយប្រជាសហគមន៍ ដើម្បីទប់ស្កាត់រាល់បទល្មើសព្រៃឈើ កុំឲ្យបន្តកើតមាន៖ «យើងសូមកោតសរសើរពួកគាត់ទៅវិញទេ ដែលពួកគាត់ហ៊ានលះបង់ពេលវេលា ដែលទៅស្រាវជ្រាវរកបទល្មើសព្រៃឈើទាំងអស់ហ្នឹង ដែលសមត្ថកិច្ចយើងជាច្រើនរូបមានការទទួលខុសត្រូវតំបន់ហ្នឹង មានការឆក់ល្វែង អត់បានចុះទៅដល់តំបន់រំលោភបំពានកាប់បំផ្លាញព្រៃឈើទាំងអស់ហ្នឹង គួរតែមានការលើកទឹកចិត្ត និងកោតសរសើរពួកគាត់វិញ ទើបជារឿងល្អ។ ផ្ទុយពីហ្នឹង គួរតែមានការសហការគ្នាដើម្បីទប់ស្កាត់ ចាប់ជនល្មើសប្រព្រឹត្តបទល្មើស ទាំងអស់ហ្នឹង យកទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ វាជារឿងគួរធ្វើ និងត្រឹមត្រូវបំផុត ដែលសាធារណជន សាទរ រវាងកិច្ចសហការហ្នឹង និងការបំពេញតួនាទីរបស់សមត្ថកិច្ចទទួលខុសត្រូវក្នុងតំបន់ហ្នឹង នោះជារឿងល្អបំផុតដែលសង្គមស៊ីវិលយើងចង់ឃើញ»។
ក្នុងពេលចុះល្បាតព្រៃឡង់២យប់៣ថ្ងៃកន្លងមកនេះ ក្រុមសកម្មជនបរិស្ថាន រកឃើញឈើមូលធំៗ ប្រមាណជាង ២ពាន់ដើម ដែលបានត្រូវគេកាប់ផ្ដួលចោល នៅ៥ចំណុចផ្សេងគ្នា ហើយឈើទាំងនោះភាគច្រើន ជាឈើដែលអ្នកស្រុកដុតយកជ័រទឹកលក់ ។ ពួកគេបានថតរូបភាព និងវីដេអូ ទុកជាភស្តុតាង ដើម្បីដាក់ជូនរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តច្បាប់ ចុះបិទក្រុមហ៊ុនអារឈើទាំងអស់នៅទូទាំងប្រទេសកម្ពុជា ។
ក្រុមសកម្មជនព្រៃឈើ សង្ស័យលើអាជ្ញាធរ ដែលអាចជាប់ពាក់ព័ន្ធនឹងការទទួលសំណូក ពីក្រុមហ៊ុនព្រៃ ទើបបានជាព្យាយាមស្វែងរកចាប់ខ្លួនពួកគេ នៅក្នុងព្រៃឡង់ ដើម្បីបិទបាំងភាពមិនប្រក្រតី នៃឧក្រិដ្ឋកម្មព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។