សកម្មជន និង​អ្នក​ឃ្លាំមើល​បរិស្ថាន​ប្រកាស​ឈប់​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា

ដោយ ទីន ហ្សាការីយ៉ា
2022.08.03
Share on WhatsApp
Share on WhatsApp
សកម្មជន និង​អ្នក​ឃ្លាំមើល​បរិស្ថាន​ប្រកាស​ឈប់​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា រូបភាពឈូសឆាយ និង​កាប់ព្រៃនៅភ្នំតាម៉ៅ ដែលពលរដ្ឋ​ថត កាលពីថ្ងៃទី៣០ និង​ទី៣១ ខែសីហា ឆ្នាំ2០២២ ក្រោយ​ពី​រដ្ឋាភិបាល​​ធ្វើ​អនុបយោគ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ ឱ្យ​ទៅ​ក្រុមហ៊ុន​អចលនទ្រព្យ ឡេង ណាវ៉ាត្រា របស់​លោក ឡេង ភត្រា និង​ក្រុមហ៊ុន​សំណង់ ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) របស់​លោក ឃុន សៀ សម្រាប់​វិនិយោគ​ធ្វើ​ជា​ផ្ទះ​ល្វែង ខុនដូ​លក់។
រូបភាពពីពលរដ្ឋ

ក្រុម​សកម្មជន និង​អ្នក​ឃ្លាំមើល​បរិស្ថាន រួម​គ្នា​ប្រកាស​ធ្វើ​ពហិការ ឈប់​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ព្រម​ទាំង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ដទៃ​ទៀត បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះ​បាន​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ។ ពួក​គេ​ថា ពហិការ​នេះ​ធ្វើ​ឡើង ដើម្បី​ឱ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ និង​ត្រូវ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ជា​បន្ទាន់ បើ​ពុំ​នោះ​ទេ វា​នឹង​បណ្ដាល​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ធំធេង​ទាំង​ក្រុមហ៊ុន និង​ប្រទេស​ជាតិ។ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​នៅ​ក្នុង​ចំណែក​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​នោះ​ឡើយ។

ក្រុម​យុវជន សកម្មជន អ្នក​ឃ្លាំមើល​បរិស្ថាន ព្រមទាំងអង្គការសង្គមស៊ីវិលនៅថ្ងៃទី៣ សីហា បាន​ប្រកាស​គោល​ជំហរ​របស់​ខ្លួន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ការ​ធ្វើ​ពហិការ ដោយ​បញ្ឈប់​នូវ​រាល់​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) ដែល​បាន​ឈូស​ឆាយ​វាតទី​លើ​ដី​ព្រៃ​ភ្នំ​តាម៉ៅ កាល​ពី​ថ្ងៃ​ទី១ សីហា។ យុទ្ធនាការ​ពហិការ​ទាំង​នោះ រួម​មាន ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ដាក់​សញ្ញា​ទ្រុង​ជ្រូក និង​សរសេរ​អក្សរ​ថា សង្គ្រោះ​ភ្នំ​តាម៉ៅ» និង​ពហិការ​ណាវ៉ាត្រា»

យុវតី​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ កញ្ញា ធួន ស្រីពៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣ សីហា​ថា កញ្ញា​ចូលរួម​ក្នុង​ការ​ធ្វើ​ពហិការ​នេះ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ ស្មារតី​ស្រឡាញ់ និង ការពារ​ធនធាន​ធម្មជាតិ ដែល​កំពុង​រង​ការ​គំរាម​កំហែង​ពី​ឈ្មួញ​ទាំង​នោះ។ នៅ​លើ​បណ្ដាញ​សង្គម​របស់​កញ្ញា​បាន​សរសេរ​ថា «ចាប់​ពី​វិនាទី​នេះ​ត​ទៅ ខ្ញុំ​ធ្វើ​ពហិការ ឈប់​ស្ដាប់ ឈប់​គាំទ្រ​បទ​ចម្រៀង​នៃ​ក្រុមហ៊ុន Galaxy Navatra ព្រម​ទាំង​គម្រោង​អចលនវត្ថុ​ទាំង​ឡាយ​របស់​ក្រុមហ៊ុន​នេះ រួម​ទាំង ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ជា​ដើម។

កញ្ញា​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​លែង​ទទួល​បាន​ការ​គាំទ្រ និង​បាត់បង់​ប្រាក់​ចំណូល ព្រមទាំង​បង្ហាញ​ថា ប្រជាជន​ខ្មែរ​មិន​ពេញ​ចិត្ត ចំពោះ​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ពេល​នេះ​ទេ។ ទន្ទឹម​គ្នា​នេះ កញ្ញា​ជឿជាក់​ថា បើ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ក្នុង​ការ​ធ្វើ​ពហិការ​នេះ​កាន់​តែ​ច្រើន នោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ​បាន​ជាក់​ជា​មិន​ខាន។ កញ្ញា​បន្ត​ថា សកម្មភាព​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​ភ្នំ​តាម៉ៅ កំពុង​បង្ក​ជា​វិនាសកម្ម​ថ្មី​មួយ​ទៀត​ដល់​សត្វព្រៃ និង​ប្រជាពលរដ្ឋ ដែល​ទាញ​ប្រយោជន៍​ពី​ព្រៃ​នេះ តាម​រយៈ​អនុផល​ព្រៃ​ឈើ និង​ទេសចរណ៍។ យុវតី​រូប​នេះ​បន្ថែម​ថា បើ​ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅ​តែ​បន្ត​បំផ្លាញ​ធនធាន​ធម្មជាតិ នៅ​តំបន់​ភ្នំ​តាម៉ៅ​បន្ត​ទៀត​នោះ ក្រុមហ៊ុន​នឹង​រង​ការ​ស្អប់​ខ្ពើម​ពី​ប្រជាជន​ខ្មែរ​កាន់​តែ​ខ្លាំង៖ «សម្រាប់​ខ្ញុំៗ ចាត់​ទុក​ការ​ឈូស​ឆាយ​វាតទី​ជម្រក​សត្វព្រៃ​ភ្នំ​តាម៉ៅ​នេះ ជា​រឿង​ដែល​អាក្រក់​បំផុត ដែល​រឿង​ដែល​មនុស្ស​ធម្មតា​ធ្វើ​មិន​បាន។ ដែល​ចូលរួម​ថែរក្សា ឬ​អត់? ដែល​ចូលរួម​ដាំ​ទុក​ពី​អង្កាល់​អត់? ដែល​មក​ឈូស​ឆាយ​ឆៅៗ នេះ។ គេ​ថែរក្សា​រាប់​ឆ្នាំ​ហើយ មក​ឈូស​ឆាយ​ប្រើ​រយៈ​ពេល​មួយ​ថ្ងៃ​ពីរ​ថ្ងៃ ហើយ​ដូច​ជា​អត់​ស្រឡាញ់​ធនធាន​ធម្មជាតិ​សូម្បី​តែ​បន្តិច។ […] បំផ្លាញ ដើម្បី​សូម្បី​តែ​ជម្រក​សត្វ ហើយ​ថ្លៃថ្នូរ​ប៉ុណ្ណា​ទៀត មាន​តម្លៃ​អី​ទៀត»

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) គាំទ្រ យុទ្ធនាការ​ពហិការ​របស់​ក្រុម​យុវជន និង​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​មួយ​បង្ហាញ​ពី​ការ​ការពារ​ធនធាន​ធម្មជាតិ​ដោយ​អហិង្សា។ លោក​បន្ត​ថា មាន​តែ​ការ​ធ្វើ​ពហិការ​នេះ​តែ​មួយ​គត់ ដែល​ជា​ជម្រើស​ល្អ​ក្នុង​ការ​តតាំង​នឹង​ការ​បំផ្លិចបំផ្លាញ​មួយ​នេះ នៅ​ក្នុង​ប្រទេស ដែល​មិន​គោរព​គោលការណ៍​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ជា​មួយ​គ្នា​នេះ លោក​ចាត់​ទុក​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​នៅ​ពេល​នេះ ជា​កំហុស​ធ្ងន់ធ្ងរ និង​ជា​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​មួយ​ទៀត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​គប់គិត​ជាមួយ​បុគ្គល ដែល​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​លោក។ លោក​ថា បណ្ដា​ឈ្មួញ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ឈូស​ឆាយ​ព្រៃ​ភ្នំ​តាម៉ៅ គឺ​សុទ្ធតែ​ជា​អ្នក​ធ្លាប់​បរិច្ចាគ​លុយ​វាល់​លាន​ដុល្លារ​ទៅ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន កន្លង​មក។ លោក​បន្ត​ទៀត​ថា ទោះបីជា​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​នៅ​តែ​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ​ធ្វើ​ការ​ឈូស​ឆាយ​ព្រៃ​ភ្នំ​តាម៉ៅ ដោយសារ​តែ​ផល​ប្រយោជន៍​បក្ស​ពួក​របស់​លោក ហ៊ុន សែន៖ «រឿង​អាទិភាព​ហ្នឹង គឺ​លុយ ហើយ​នៅ​ក្នុង​អា​លុយ​ហ្នឹង គឺ​មាន​ប្រយោជន៍​ហិរញ្ញវត្ថុ ប្រយោជន៍​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន ដូច​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជា​ដើម»

ក្រុម​សកម្មជន​បរិស្ថាន អះអាង​ថា រដ្ឋាភិបាល​បាន​ធ្វើ​អនុបយោគ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ ឱ្យ​ទៅ​ក្រុមហ៊ុន​អចលនទ្រព្យ ឡេង ណាវ៉ាត្រា របស់​លោក ឡេង ភត្រា ដែល​គេ​ស្គាល់​ថា ជា​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​សំណង់ ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) របស់​លោក ឃុន សៀ សម្រាប់​វិនិយោគ​ធ្វើ​ជា​ផ្ទះ​ល្វែង ខុនដូ​លក់។ វា​មិន​ខុស​ពី​រាល់​ដង​នោះ​ឡើយ ដែល​ពួក​គេ​ចាត់​ទុក​ការ​ឈូស​ឆាយ​ដី​ព្រៃ ឬ​លុប​បឹង​យក​សាង​សង់​លំនៅឋាន​ប្រណិតៗ លក់​ទៅ​ឱ្យ​អ្នក​មាន​ក្រោម​រូបភាព​អភិវឌ្ឍន៍​ប្រទេស​នោះ។

លោក ឡេង ណាវ៉ាត្រា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឧកញ៉ា​មួយ​រូប ដែល​បាន​បរិច្ចាគ​ថវិកា​រាប់​លាន​ដុល្លារ​ទៅ​ឱ្យ​រដ្ឋាភិបាល ក្នុង​រយៈ​ពេល ៤ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​កាល​ពី​ខែកក្កដា ឆ្នាំ២០១៨។ ក្នុង​នោះ​លោក​បាន​បរិច្ចាគ​ទៅ​កាន់​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំៗ ចំនួន ៥ដង ដោយ​សរុប​ជា​ទឹក​ប្រាក់​ចំនួន ៥លាន ៦២ម៉ឺន ដុល្លារ​អាមេរិក (.៦២០.០០០ដុល្លារ​អាមេរិក)

ក្រោយ​ពី​ការ​បរិច្ចាគ​រួច​មក គេ​សង្កេត​ឃើញ​លោក​ឧកញ៉ា​រូប​នេះ​ទទួល​បាន​ការ​ផ្ដល់​ដី​សម្បទាន​ពី​រដ្ឋាភិបាល​សម្រាប់​សាងសង់​លំនៅឋាន ផ្ទះល្វែង និង​លក់​ជា​ដី​ឡូត៍​យ៉ាង​គគ្រឹកគគ្រេង។

ទាក់ទិន​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សុខុន ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​បាន​នៅ​ឡើយ​នោះ​ទេ នៅ​ថ្ងៃ​ទី៣ សីហា។

ដោយ​ឡែក នាយក​ក្រុមហ៊ុន​សំណង់ ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) លោក ឃុន សៀ បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​មិន​មែន​ជា​អ្នក​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​នោះ​ឡើយ៖ «សួរ​ឱ្យ​ច្បាស់​ទៅ​ថា អ្នក​កាប់​ជា​អ្នក​ណា? សួរ​សិន​ថា អ្នក​ណា​ជា​អ្នក​កាប់ ហើយ​ឱ្យ​ច្បាស់​បន្តិច​ទៅ​ថា អ្នក​ណា​កំពុង​តែ​កាប់​ហ្នឹង សួរ​ឱ្យ​ច្បាស់​បន្តិច​សិន​ទៅ។ ចុះ​បើ​មិន​មែន​ខ្ញុំ​កាប់​អា​ហ្នឹង​ម៉េច​វិញ អា​ហ្នឹង​សួរ​ឱ្យ​បង​ឯង​សួរ​ឱ្យ​ច្បាស់»

សារ​ព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា ផ្ទៃដី ៧០០ហិកតា ត្រូវ​បាន​ស្នើសុំ​ដោយ​ក្រុមហ៊ុន TP Moral Group របស់​ឧកញ៉ា ឃុន សៀ ខណៈ​ផ្ទៃដី​មួយ​ដែល​មិន​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​ទំហំ និង​បញ្ជាក់​ថា ជា​ផ្ទៃដី​ដែល​មាន​ទំហំ​ធំ​ជាង​គេ ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ម្ចាស់​ផលិតកម្ម​ចម្រៀង​កាឡាក់ស៊ី របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា។ ជាមួយ​គ្នា​នេះ គេ​គ្រោង​ឈូស​ព្រៃ​ភ្នំ​តាម៉ៅ​ក្នុង​ទំហំ​ប្រមាណ ១.៥០០ហិកតា ដោយផ្ទៃដីទាំងមូលមានទំហំជាង ២.៥០០ហិកតារ​ប៉ុណ្ណោះ។

ក្រុម​យុវជន សកម្មជន អ្នក​ឃ្លាំមើល​បរិស្ថាន ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ក្រុមហ៊ុន​ទាំង​នេះ​កំពុង​ទទួល​សិទ្ធិ​ពេញ​ទំហឹង​ពី​រដ្ឋាភិបាល ក្នុង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ដែល​នៅ​សេសសល់​តិចតួច​ក្រោម​ពាក្យ​ថា អភិវឌ្ឍ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។