សកម្មជនបរិស្ថានរិះគន់រដ្ឋាភិបាលកាត់ដីឧទ្យានជាតិសមុទ្រព្រះសីហនុរាមឱ្យទៅក្រុមហ៊ុនចិនចំនួន៤
2023.10.16

សកម្មជនបរិស្ថានរិះគន់រដ្ឋាភិបាលដែលកាត់ឆ្វៀលដីនៅតំបន់ឧទ្យានជាតិសមុទ្រព្រះសីហនុរាមប្រមាណជាង ២៦ហិកតារឱ្យទៅក្រុមហ៊ុនចិនចំនួន៤ ដើម្បីធ្វើជាកន្លែងទេសចរណ៍។ ពួកគាត់សង្កេតឃើញថា គម្រោងវិនិយោគភាគច្រើនមិនបានផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋនៅមូលដ្ឋាននោះទេ ផ្ទុយវិញគឺជាការផ្ដល់សិទ្ធិអំណាចឱ្យក្រុមហ៊ុនឯកជនបំផ្លាញធនធានជាតិធម្មជាតិ ។
សកម្មជនបរិស្ថានសោកស្ដាយដែលរដ្ឋាភិបាលនៅតែកាត់ដីឧទ្យានជាតិដែលការពារដោយច្បាប់សម្រាប់ការពារដែនធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ី ដើម្បីទុកជាប្រយោជន៍ឲ្យមនុស្សគ្រប់ជំនាន់នោះឱ្យទៅក្រុមហ៊ុនឯកជនជាបន្តបន្ទាប់។
ការលើកឡើងនេះគឺបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កាត់ឆ្វៀលដីឧទ្យានជាតិសមុទ្រព្រះសីហនុរាម ទំហំជាង ២៦ហិកតារ(២៦.៥០) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឱ្យទៅក្រុមហ៊ុនចិនចំនួន៤រួមមានក្រុមហ៊ុនស៊ុយ គួ លែន (Shuiku land Co.,LTD) ក្រុមហ៊ុនស៊ីណូរាមលែន (Sinoream land) ក្រុមហ៊ុនកូហ្វូហ្វលែន (Kofuf land) និងក្រុមហ៊ុនអ៊ីជៀនជួយទិ (Yijianzhuidi )។ក្នុងចំណោមក្រុមហ៊ុនចិនចំនួន ៤នេះមានក្រុមហ៊ុនចំនួន ៣ គ្រប់គ្រងដោយថៅកែជាជនជាតិចិនឈ្មោះ វ៉ាងយីងសៀន (Wang yingxian ) និងឪឈឹងស៊ៀវ (Ou Chengxiao)។
អនុក្រឹត្យដែលវិទ្យុអាស៊ីសេរី ទើបទទួលបាននៅថ្ងៃទី១៥ ខែតុលា បង្ហាញថា លោក ហ៊ុន សែន កាត់ដីឧទ្យានជាតិសមុទ្រព្រះសីហនុរាមក្រុមហ៊ុនឯកជនទាំង៤នេះ ដើម្បីយកទីនោះធ្វើជាកន្លែងទេសចរណ៍។
ក្រុមហ៊ុននីមួយៗទទួលបានដីចន្លោះពី ៦ហិកតារ ទៅដល់ ៧ហិកតារ ក្នុងតំបន់ប្រើប្រាស់ដោយចិរភាពនៃឧទ្យានជាតិសមុទ្រព្រះសីហនុរាមនេះក្រោមការចាត់ចែងរបស់ក្រសួងបរិស្ថាន។
សកម្មជនចលនាមាតាធម្មជាតិកញ្ញា មាន លីសា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ តុលា ថា កញ្ញាព្រួយបារម្ភចំពោះគម្រោងវិនិយោគនៅតំបន់ឧទ្យានជាតិសមុទ្ររាមនេះ នឹងបំផ្លាញជីវចម្រុះ និងប្រព័ន្ធអេកូទេសចរណ៍ធម្មជាតិ។
កញ្ញា មាន លីសា៖ «អ្វីដែលរដ្ឋអាចធ្វើបាន គឺបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនឯង ជាមួយក្រុមហ៊ុនឯងជនទាំង៤ហ្នឹងក្នុងការបង្ហាញថា ការអភិវឌ្ឍពិតជាការអភិវឌ្ឍបែបអេកូទេសចរណ៍និងប៉ះពាល់ទៅប្រជាពលរដ្ឋ និងបរិស្ថាននៅទីនោះ និងសូមបង្ហាញថា ក្រុមហ៊ុនទាំង៤ហ្នឹងអាចអភិវឌ្ឍន៍បែបអេកូទេសចរណ៍ និងជាគំរូដល់ការអភិវឌ្ឍក្រោយៗទៀត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក ផៃ ប៊ុនឈឿន បានទេនៅថ្ងៃទី១៥ តុលា។
ជុំវិញបញ្ហានេះមន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា ការកាត់ដីនៅតំបន់ឧទ្យានជាតិសមុទ្ររាមឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់មិនមែនជាការផ្ដល់ផលប្រយោជន៍ ឬការលើកកម្ពស់ជីវភាពពលរដ្ឋដែលរស់នៅក្បែរតំបន់នោះទេ។ លោកសង្កេតឃើញថា រដ្ឋាភិបាលចាស់ និងរដ្ឋាភិបាលថ្មីហាក់បរាជ័យក្នុងការការពារព្រៃឈើ និងសម្បត្តិធម្មជាតិដែលធ្វើឱ្យធនធានទាំងនោះកាន់តែសឹករិចរិល។
លោក អូត ឡាទីន៖ «ការបន្តការផ្ដល់ដីសម្បទានទៅក្រុមហ៊ុនឯកជន នៅក្នុងស្ថានភាពបែបនេះក្នុងកាលៈទេសៈនេះ ខ្ញុំគិតថា រដ្ឋាភិបាលគួរតែធ្វើការពិចារណាឡើងវិញធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍហើយសហគមន៍ជាអ្នកដឹកនាំហើយដោយរដ្ឋាភិបាលជាអ្នកធ្វើជាមួយសហគមន៍ផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងទាំងជំនួយបច្ចេកទេសធនធានមនុស្ស ធនធានហិរញ្ញវត្ថុហើយធ្វើកិច្ចការងារជាមួយអាជ្ញាធរខ្ញុំគិតថាធ្វើរបៀបនេះ វាមាននិរន្តរភាពហើយពលរដ្ឋគាត់អាចទទួលបានចំណូលផង»។
កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគកន្លែងទេសចរណ៍នៅតំបន់ឧទ្យានជាតិសមុទ្ររាមនេះ ធ្លាប់មានប្រវត្តិរំលោភយកដីប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារនៅស្រុកព្រៃនប់ដែលធ្វើឱ្យប៉ះពាល់ដីធ្វើស្រែចម្ការរបស់ពួកគាត់រាប់សិបហិកតារ។
ឧទ្យានជាតិព្រះសីហនុ«រាម» ឬក្រោយមកកែប្រែទៅជាឧទ្យានជាតិសមុទ្រព្រះសីហនុរាមបានចុះបញ្ជីជាតំបន់អភិរក្សដោយព្រះរាជក្រឹត្យព្រះបាទនរោត្តម សីហនុ កាលពីឆ្នាំ១៩៩៣ ដែលមានផ្ទៃដីជិត៤ម៉ឺនហិកតារ។ កន្លងទៅអាជ្ញាធរខេត្តព្រះសីហនុធ្លាប់រងការរិះគន់ពីសកម្មជនបរិស្ថាននិងមន្ត្រីការពារបរិស្ថានថា បណ្ដែតបណ្ដោយឱ្យក្រុមឈ្មួញអចលនទ្រព្យលុបដីឆ្នេរឧទ្យានជាតិព្រះសីហនុរាម ដើម្បីពុះដីឡូត៍លក់ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ឆ្នេរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។