សកម្មជនបរិស្ថាននិងមន្ត្រីសង្គមស៊ីវិល អស់សង្ឃឹមចំពោះរដ្ឋាភិបាលដែលនៅតែបន្តកាត់ឆ្វៀលដីគម្របព្រៃឈើ នៅខេត្តព្រះសីហនុ ឲ្យទៅក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិឯកជន។ ការលើកឡើងនេះបន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបន្តកាត់ឆ្វៀលដីគម្របព្រៃឈើ ជិត៥រយហិកតា ឲ្យទៅក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូលអិលធីឌី។
សកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកាថា រដ្ឋាភិបាលគ្មានឆន្ទៈគ្រប់គ្រាន់ក្នុងគ្រប់គ្រងថែរក្សាការពារធនធានធម្មជាតិ នៅកម្ពុជានោះទេ ពីព្រោះរដ្ឋាភិបាលនៅតែបន្តកាត់ឆ្វៀលដីព្រៃឲ្យក្រុមហ៊ុនឯកជន ដោយគ្មានស្ដាយស្រណោះឡើយ ។ លើសពីនោះរដ្ឋាភិបាលក៏មិនបានសិក្សាអំពីផលប៉ះពាល់និងបង្ហាញការវាយតម្លៃឲ្យបានត្រឹមត្រូវ ជាសាធារណៈនោះទេ ។ ការធ្វើបែបនេះ បណ្ដាលឲ្យព្រៃឈើនៅកម្ពុជានឹងបន្តបាត់បង់និងគ្មានផលប្រយោជន៍ដល់ប្រជាពលរដ្ឋនោះដែរ។
លោក លី ចាន់ដារ៉ាវុត៖ «នេះយើងឃើញថាវាហាក់បីដូចជាកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថានរបស់រដ្ឋាភិបាលតែងតែអួតអំពីការព្យាយាមនៅក្នុងការបង្កើនគម្របព្រៃឈើ ឬក៏ការការពារធនធានធម្មជាតិកន្លងមកហ្នឹងវាបីដូចជាគ្រាន់តែជាពាក្យប្រជាភិថុតិដើម្បីយកទៅបោកប្រាស់ប្រជាពលរដ្ឋទេ ប៉ុន្តែជាក់ស្ដែងសកម្មភាពយើងឃើញហើយសកម្មភាពជាក់ស្ដែងកន្លងមកហ្នឹងគឺគម្របព្រៃឈើ ដីព្រៃ ដីសាធារណៈរបស់រដ្ឋដីដែលមានធនធានធម្មជាតិច្រើនតែងតែត្រូវបានបំផ្លាញក្រោមរូបភាពអភិវឌ្ឍន៍»។
ការលើកឡើងរបស់សកម្មជនចលនាមាតាធម្មជាតិនេះ នៅបន្ទាប់ពីដឹងថា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចុះហត្ថលេខាកាត់ឆ្វៀលដីគម្របព្រៃឈើជិត ៥រយ(៤៨៦.៨៦)ហិកតារ ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឲ្យទៅក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ IIខូអិលធីឌី តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២៣ និងទើបត្រូវបានផ្សព្វផ្សាយនៅពេលនេះ។
ស្រដៀងគ្នានេះដែរ អ្នកស្រាវជ្រាវនិងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង សង្កេតឃើញថា អ្នកប្រកាសឲ្យអនុវត្តច្បាប់និងអ្នកកាត់ឆ្វៀលដីព្រៃ គឺមនុស្សតែមួយ ដូច្នេះបើទោះបីជារដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីដាក់ចេញយន្តការ ឬវិធានការយ៉ាងណាក៏ដោយ ក៏មិនអាចការការពារព្រៃឈើឲ្យមានប្រសិទ្ធភាពនោះទេ ។ លោកបន្ថែមថា ដើម្បីការពារព្រៃឈើឲ្យគង់វង្សបាន លុះត្រាតែរដ្ឋាភិបាលបញ្ឈប់កាត់ឆ្វៀលដីគម្របព្រៃឈើ ឲ្យទៅឯកជនតទៅទៀត។
លោក សេង សុខហេង៖ «ការមិនគោរពច្បាប់ ការមិនធ្វើទៅតាមនីតិវិធីច្បាប់វាជារឿងគ្រោះថ្នាក់មួយដែលធ្វើឱ្យធនធានធម្មជាតិជាពិសេសព្រៃឈើនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងវានឹងត្រូវបាត់បង់ជាបន្តបន្ទាប់អាចឈានទៅដល់ភាពហិនហោចនៅថ្ងៃអនាគត ជាមិនខានបើសិនជាសកម្មភាពនៅតែកើតឡើងដដែលជាដដែលបែបនេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២ ខែវិច្ឆិកា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ចំណែកអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងតំណាងក្រុមហ៊ុនក៏មិនអាចទាក់ទងបានដែរ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ឃើញថា រដ្ឋាភិបាលកម្ពុជាគួរតែបញ្ឈប់ការផ្ដល់ដីសាធារណៈឬដីគម្របព្រៃឈើ ទៅឲ្យក្រុមហ៊ុនឯកជន និងត្រូវងាកមកចុះធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវវិញ ជៀសវាងការផ្ដល់ដីទាំងអស់នោះ នាំឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋកំពុងអាស្រ័យផល ។
លោក វណ្ណ សុផាត៖ «នៅពេលណាដែលរដ្ឋអស់ដីគឺថា រដ្ឋយើងនឹងក្លាយទៅជារដ្ឋដែលអត់ដីព្រោះដីទាំងអស់ជាដីរបស់ក្រុមហ៊ុនរបស់ឯកជនហើយថ្មីៗនេះសោតសូម្បីតែជនជាតិបរទេស ក៏មានសិទ្ធិក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិនៅលើដីយើងដែរ អ៊ីចឹងយើងមានការព្រួយបារម្ភថាប្រជាពលរដ្ឋខ្មែរហើយនឹងរាជរដ្ឋាភិបាល និងរដ្ឋយើងហ្នឹងនឹងក្លាយទៅជារដ្ឋ នឹងមានតែប្រជាពលរដ្ឋដែលខ្វះដី ក្នុងការអាស្រ័យផលក្នុងការស្នាក់អាស្រ័យ»។
បច្ចុប្បន្ន ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរIIខូអិលធីឌី បានពុះដីជិត៥រយហិកតារ ធ្វើជាដីឡូត៍លក់។ ក្រុមហ៊ុនប៊ូយ៉ុងខ្មែរIIខូអិលធីឌី គឺជាក្រុមហ៊ុនធ្វើការផ្ដោតលើខាងវិស័យអចលនទ្រព្យ ដែលបានសាងសង់បុរី ប៊ូយ៉ុងសែនសុខ Borey Angkor និងBorey New World ជាដើម ។ លោក ជុង វ៉ាន់គឹម ជាជនជាតិកូរ៉េខាងត្បូង គឺជាប្រធានក្រុមហ៊ុន ដែលទទួលសញ្ជាតិខ្មែរ។
ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូអិលធីឌី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (Booyoung Group )ក៏ធ្លាប់បានផ្ដល់រថយន្តក្រុងចំនួន២០០គ្រឿង ដល់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែនផងដែរ។
កាលពីខែមិថុនា រដ្ឋាភិបាល នៃអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បានកាត់ដីសាធារណៈរបស់រដ្ឋជិត ១ពាន់ហិកតារឲ្យទៅក្រុមហ៊ុន C99អ៊ិនធឺណេសិនណល អ៊ីនវេសមិន (ខេមបូឌៀ) ខូអិលធីឌី (C99 INTERNATIONAL INVESTMENT (CAMBODIA) CO., LTD.) និងកាត់ដីព្រៃឧទ្យានជាតិសមុទ្រកោះរ៉ុងជិត ១ពាន់ហិកតារឲ្យទៅក្រុមហ៊ុនកូនលោក យឹម ឆៃលី ដែលជាដន្លងរបស់លោក ដោយអះអាងថា ដើម្បីធ្វើការអភិវឌ្ឍ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
