រដ្ឋ​បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជិត​៥០០​រយ​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​​ក្រុមហ៊ុន​ប៊ូយ៉ុង​ខ្មែរ

សកម្មជន​បរិស្ថាន​និង​មន្ត្រី​សង្គម​ស៊ីវិល អស់សង្ឃឹម​ចំពោះ​រដ្ឋាភិបាល​ដែល​នៅតែ​បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិឯកជន​។ ការ​លើកឡើង​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ ជិត​៥​រយ​ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូលអិលធីឌី។

សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​គ្រប់គ្រាន់​ក្នុង​គ្រប់គ្រង​ថែរក្សា​ការពារ​ធនធានធម្មជាតិ នៅ​កម្ពុជា​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​នៅតែ​បន្ត​កាត់​ឆ្វៀល​ដី​ព្រៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​គ្មាន​ស្ដាយស្រណោះ​ឡើយ ។ លើស​ពី​នោះ​រដ្ឋាភិបាល​ក៏​មិនបាន​សិក្សា​អំពី​ផល​ប៉ះពាល់​និង​បង្ហាញ​ការវាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​សាធារណៈ​នោះ​ទេ ។ ការ​ធ្វើ​បែបនេះ បណ្ដាល​ឲ្យ​ព្រៃឈើ​នៅ​កម្ពុជា​នឹង​បន្ត​បាត់បង់​និង​គ្មាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នោះ​ដែរ។

លោក លី ចាន់ដារ៉ាវុត៖ «នេះ​យើង​ឃើញថា​វា​ហាក់បីដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ក្រសួង​បរិស្ថាន​របស់​រដ្ឋាភិបាល​តែងតែ​អួត​អំពី​ការ​ព្យាយាម​នៅក្នុង​ការ​បង្កើន​គម្រប​ព្រៃឈើ ឬក៏​ការ​ការពារ​ធនធានធម្មជាតិ​កន្លងមក​ហ្នឹង​វាបី​ដូចជា​គ្រាន់តែ​ជា​ពាក្យ​ប្រជាភិថុតិ​ដើម្បី​យក​ទៅ​បោកប្រាស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ជាក់ស្ដែង​សកម្មភាព​យើង​ឃើញ​ហើយ​សកម្មភាព​ជាក់ស្ដែង​កន្លងមក​ហ្នឹង​គឺ​គម្រប​ព្រៃឈើ ដីព្រៃ ដី​សាធារណៈ​របស់​រដ្ឋ​ដី​ដែល​មាន​ធនធាន​ធម្មជាតិ​ច្រើន​តែងតែ​ត្រូវ​បាន​បំផ្លាញ​ក្រោម​រូបភាព​អភិវឌ្ឍន៍»។

ការ​លើកឡើង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នេះ នៅ​បន្ទាប់ពី​ដឹង​ថា អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជិត ៥​រយ​(៤៨៦.៨៦)​ហិកតារ ស្ថិតនៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II​ខូអិលធីឌី តាមរយៈ​អនុក្រឹត្យ ចុះ​ថ្ងៃទី​៧​ខែកក្កដា ឆ្នាំ​២០២៣ និង​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ពេល​នេះ។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រាវជ្រាវ​និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង សង្កេត​ឃើញ​ថា អ្នក​ប្រកាស​ឲ្យ​អនុវត្ត​ច្បាប់​និង​អ្នក​កាត់​ឆ្វៀល​ដី​ព្រៃ គឺ​មនុស្ស​តែមួយ ដូច្នេះ​បើទោះបី​ជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ថ្មី​ដាក់ចេញ​យន្តការ ឬ​វិធានការ​យ៉ាងណាក៏ដោយ ក៏​មិនអាច​ការ​ការពារ​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ។ លោក​បន្ថែម​ថា ដើម្បី​ការពារ​ព្រៃឈើ​ឲ្យ​គង់វង្ស​បាន លុះត្រាតែ​រដ្ឋាភិបាល​បញ្ឈប់​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ ឲ្យ​ទៅ​ឯកជន​តទៅទៀត។

លោក សេង សុខហេង៖ «ការ​មិន​គោរព​ច្បាប់ ការ​មិន​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​វា​ជា​រឿង​គ្រោះថ្នាក់​មួយ​ដែល​ធ្វើ​ឱ្យ​ធនធាន​ធម្មជាតិ​ជាពិសេស​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​វា​នឹង​ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់​អាច​ឈាន​ទៅដល់​ភាព​ហិនហោច​នៅ​ថ្ងៃ​អនាគត ជាមិនខាន​បើសិនជា​សកម្មភាព​នៅតែ​កើតឡើង​ដដែល​ជា​ដដែល​បែបនេះ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។ ចំណែក​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន និង​តំណាង​ក្រុមហ៊ុន​ក៏​មិនអាច​ទាក់ទង​បាន​ដែរ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត យល់ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បញ្ឈប់​ការ​ផ្ដល់​ដី​សាធារណៈ​ឬ​ដី​គម្រប​ព្រៃឈើ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ត្រូវ​ងាក​មក​ចុះ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​វិញ ជៀសវាង​ការ​ផ្ដល់​ដី​ទាំងអស់​នោះ នាំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល ។

លោក វណ្ណ សុផាត៖ «នៅ​ពេល​ណា​ដែល​រដ្ឋ​អស់​ដី​គឺ​ថា រដ្ឋ​យើង​នឹង​ក្លាយទៅជា​រដ្ឋ​ដែល​អត់​ដី​ព្រោះ​ដី​ទាំងអស់​ជា​ដី​របស់​ក្រុមហ៊ុន​របស់​ឯកជន​ហើយ​ថ្មីៗ​នេះ​សោត​សូម្បីតែ​ជនជាតិ​បរទេស ក៏​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​នៅ​លើ​ដី​យើង​ដែរ អ៊ីចឹង​យើង​មានការ​ព្រួយបារម្ភ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ហើយនឹង​រាជរដ្ឋាភិបាល និង​រដ្ឋ​យើង​ហ្នឹង​នឹង​ក្លាយទៅជា​រដ្ឋ នឹង​មានតែ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី ក្នុង​ការ​អាស្រ័យ​ផល​ក្នុង​ការ​ស្នាក់​អាស្រ័យ»។

បច្ចុប្បន្ន ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ​IIខូអិលធីឌី បាន​ពុះ​ដី​ជិត​៥​រយ​ហិកតារ ធ្វើជា​ដី​ឡូត៍​លក់។ ក្រុមហ៊ុន​ប៊ូយ៉ុងខ្មែរ​IIខូអិលធីឌី គឺជា​ក្រុមហ៊ុន​ធ្វើការ​ផ្ដោត​លើ​ខាង​វិស័យ​អចលនទ្រព្យ ដែល​បាន​សាងសង់​បុរី ប៊ូយ៉ុងសែនសុខ Borey Angkor និង​Borey New World ជាដើម ។ លោក ជុង វ៉ាន់គឹម ជា​ជនជាតិ​កូរ៉េខាងត្បូង គឺជា​ប្រធាន​ក្រុមហ៊ុន ដែល​ទទួល​សញ្ជាតិ​ខ្មែរ។

ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូអិលធីឌី ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (Booyoung Group )​ក៏​ធ្លាប់​បាន​ផ្ដល់​រថយន្តក្រុង​ចំនួន​២០០​គ្រឿង ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​ផង​ដែរ។

កាលពី​ខែ​មិថុនា រដ្ឋាភិបាល នៃ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​ពាន់​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន C99​អ៊ិនធឺណេសិនណល អ៊ីនវេសមិន (ខេមបូឌៀ) ខូអិលធីឌី (C99 INTERNATIONAL INVESTMENT (CAMBODIA) CO., LTD.) និង​កាត់​ដី​ព្រៃ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជិត ១​ពាន់​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន​កូនលោក យឹម ឆៃលី ដែល​ជា​ដន្លង​របស់​លោក ដោយ​អះអាង​ថា ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។