ក្រុមអង្គការសង្គមស៊ីវិលគាំទ្រ ចំណាត់ការរបស់សហភាពអឺរ៉ុប (EU) បានឯកភាពលើកិច្ចព្រមព្រៀងហាមនាំចូលផលិតផល ដែលដុតបំផ្លាញព្រៃឈើ។ ពួកគាត់រំពឹងថា វិធានការនេះនឹងរួមចំណែក ទប់ស្កាត់ការកាប់រុករានទន្ទ្រានព្រៃឈើទ្រង់ទ្រាយធំ ដើម្បីយកដីធ្វើកសិកម្ម ដោយក្រុមអ្នកមានអំណាច និងឧកញ៉ា ឃុបឃិតជាមួយអាជ្ញាធររដ្ឋាភិបាល។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធធនធានធម្មជាតិចាត់ទុកវិធានការរបស់សហភាពអឺរ៉ុប ជាក្តីសង្ឃឹមថ្មីមួយ សម្រាប់កម្ពុជាដែលបន្តរងគ្រោះ ដោយសារ សកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើគ្រប់តំបន់អភិរក្ស ដើម្បីយកដីធ្វើកសិកម្មទ្រង់ទ្រាយធំ។
កាលពីថ្ងៃទី៦ ខែធ្នូ សមាជិកសភានិងរដ្ឋាភិបាលសហភាពអឺរ៉ុបបានព្រមព្រៀងហាមការនាំចូលផលិតផលទាំងឡាយ ដែលរួមចំណែកបំផ្លាញព្រៃឈើនៅជុំវិញពិភពលោក។ កិច្ចព្រមព្រៀងបឋមនេះ ត្រូវបានអនុម័តជាផ្លូវការដោយសភាសហភាពអឺរ៉ុប តម្រូវឱ្យក្រុមហ៊ុនឯកជកទាំងអស់ ផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ថា រាល់ទំនិញដែលពួកគេលក់នៅសហភាពអឺរ៉ុប គ្មានប្រភព មកពីការដុតបំផ្លាញព្រៃឈើ និងការរេចរឹលព្រៃឈើគ្រប់ទីកន្លែង នៅជុំវិញពិភពលោកគិតត្រឹមឆ្នាំ២០២១។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន មើលឃើញថា ចំណាត់ការរបស់សហភាពអឺរ៉ុបនេះ អាចជាផ្នែកមួយបញ្ឈប់សកម្មភាពទន្ទ្រានដីព្រៃអភិរក្សទ្រង់ទ្រាយធំ ស្របពេលដែល បច្ចុប្បន្នចលនាកាប់រុករានព្រៃក្នុងតំបន់អភិរក្សនៅតែបន្តកើតមានយ៉ាងពេញទំហឹង ធ្វើឱ្យដែនជម្រកសត្វព្រៃ និងតំបន់អភិរក្សគ្រប់តំបន់ បានក្លាយជាវាលរហោឋានអស់រាប់ម៉ឺនហិកតារនៅរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។
លោកបន្ថែមថា ពេលនេះតំបន់អភិរក្សទាំងនោះបានក្លាយជាវាលអស់មួយផ្នែកធំ ដែលគ្រប់គ្រងដោយក្រុមអ្នកមានលុយមានអំណាច និងអាជ្ញាធរខិលខូច បានដាំដំណាំឧស្សាហកម្ម បន្ទាប់ពីកាប់ទន្ទ្រានព្រៃអស់៖
«អនាគតគឺតំបន់ដែនជម្រកទូទាំងប្រទេស ដែលគ្មានតំបន់ការពារទេ គឺអស់ព្រៃតែម្តង មិនថា តំបន់ឱរ៉ាល់ទេ តំបន់ឧទ្យានជាតិ និងតំបន់ដែនជម្រក ពោរពេញដោយការទន្ទ្រានទាំងអស់»។
សហភាពអឺរ៉ុប (EU) បន្ថែមថា ព្រៃឈើនៅជុំវិញពិភពលោកកំពុងទទួលរងការគំរាមកំហែងកាន់តែខ្លាំងដោយសារកាប់ឈើធំៗធ្វើជំនួញ និងការទន្ទ្រានព្រៃឈើ ដើម្បីយកដីធ្វើកសិកម្មរួមមាន ដាំសណ្ដែក សៀងនិងដូងប្រេងជាដើម។
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ប៉ាន់ប្រមាណថា ព្រៃឈើចំនួន ៤២០ លានហិកតារ ដែលជាផ្ទៃដីធំជាងសហភាពអឺរ៉ុប ត្រូវបានបំផ្លាញ ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ ២០២០។
ប្រធានគណៈកម្មាធិការបរិស្ថាននៃសភាអឺរ៉ុប លោក ផាសស្កែល ខេនហ្វីន (Pascal Canfin) បានថ្លែងថា អឺរ៉ុបនឹងបិទទ្វាររបស់ខ្លួនចំពោះផលិតផលប្រចាំថ្ងៃដែលមានឥទ្ធិពលខ្ពស់បំផុតលើការកាប់បំផ្លាញព្រៃឈើនៅលើពិភពលោក។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា តំបន់ដែលសំបូរព្រៃឈើ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យកាប់បំផ្លាញនោះទេ ហើយច្បាប់របស់កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគតែតំបន់ព្រៃ រេចរឹល ឬតំបន់គ្មានព្រៃឈើប៉ុណ្ណោះ ហើយពេលនេះ រដ្ឋាភិបាលបានបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចហើយ។ លោកបដិសេធមិនឆ្លើយសំណួរផ្សេងទៀត ដោយបង្វែរឱ្យសួរក្រសួងកសិកម្មវិញ៖
«ព្រៃក្រាសគេមិនឱ្យរំលាយព្រៃឈើទេ ព្រោះឥលូវយើងចូលកម្មវិធីលក់កាបូន មានតែទីកន្លែងគ្មានដីទើបយើងអាច ធ្វើកសិកម្មបាន»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បាននៅឡើយទេ នៅថ្ងៃទី៨ ខែធ្នូ ដោយទូរស័ព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។
ទាក់ទងរឿងនេះដែរ ទីប្រឹក្សាបណ្តាញជនជាតិដើមភាគតិចកម្ពុជា និងជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាហុកខេត្តមណ្ឌលគិរី លោក គ្រើង តុលា មើលឃើញថា កន្លងទៅ ផ្ទៃដីរាប់ម៉ឺនហិកតារ ក្នុងខេត្តមណ្ឌលគិរីគ្រប់ដណ្ដប់ដោយព្រៃស្រោង ប៉ុន្តែពេលនេះជំនួសមកវិញដោយដំណាំឧស្សាហកម្មរួមមាន កៅស៊ូ និងដូងប្រេង គ្រប់គ្រងដោយក្រុមហ៊ុន និងអ្នកមានឥទ្ធិពល។
លោកថា អំពើពុករលួយជាដើមចម ធ្វើឱ្យព្រៃស្រោង និងពាក់កណ្តាលស្រោង រលាយយ៉ាងឆាប់រហ័យ បើទោះបីជា ច្បាប់របស់កម្ពុជាមិនអនុញ្ញាតឱ្យវិនិយោគនៅតំបន់សំបូរព្រៃឈើក្តី៖
«អ្នកមានៗតម្រូវរកដីឱ្យគាត់ រាប់ហិកតារ ធ្វើឱ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋជម្រកសត្វ ហូរហែ។ គ្រាន់ខេត្តមណ្ឌលគិរីមួយផ្តល់ដីសម្បទានឱ្យឧកញ៉ា អ្នកមាន និងក្រុមហ៊ុន ហើយអ្នកមានអំណាចគាត់អាងមានលុយ ទន្ទ្រានព្រៃសាធារណៈរបស់រដ្ឋ និងដណ្តើមដីពលរដ្ឋជាដើម»។
កន្លងមក សកម្មជនបរិស្ថាន និងរបាយការណ៍អន្តរជាតិជាច្រើនរកឃើញថា រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយក្រុមហ៊ុនរបស់ឧកញ៉ាមួយចំនួន និងមន្ត្រីរបស់លោក ក្នុងការកាប់ព្រៃឈើ ហើយនាំឈើចូលទៅលក់នៅទីផ្សារអឺរ៉ុប និងការច្បាមយកដីពីប្រជាពលរដ្ឋ និងជនជាតិដើមភាគតិច ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច។
របាយការណ៍អង្កេតលើកទី២ របស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យកូពែនហេហ្គែន (Copenhagen) នៃប្រទេសដាណឺម៉ាក (Denmark) ចេញផ្សាយកាលពីថ្មីៗនេះ បង្ហាញថា កម្ពុជាបានបាត់បង់ព្រៃឈើជាង ១៤ម៉ឺនហិកតារ (១៤៤.០០០) កាលពីឆ្នាំមុន។ ក្នុងនោះ ការបាត់បង់គម្របព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់បានកើនឡើង ២២% ព្រៃព្រះរកាកើនឡើង ៤៣% និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នចំនួន ៤៧%។
កាលពីខែកញ្ញា កន្លងទៅ អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ក៏ធ្លាប់បានចេញលទ្ធផលស្រាវជ្រាវអំពីមែកធាងអំពើខុសច្បាប់នៃរចនាសម្ព័ន្ធកាប់ឈើខុសច្បាប់នៅកម្ពុជា (Branches Of Illegality Cambodia's illegality structures) ដែរ។ របាយការណ៍នោះបង្ហាញថា ប្រព័ន្ធការពារគ្នាទៅវិញទៅមកដែលបង្កើតឡើងដោយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយក្រុមឧកញ៉ា និងកងកម្លាំងប្រដាប់អាវុធ គឺជាកត្តាចម្បងធ្វើឱ្យមានវិនាសកម្មព្រៃឈើនៅកម្ពុជានៅតែបន្តកើតមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។