សកម្មជនបរិស្ថានគ្រោងដាក់ញត្តិទៅក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដោយស្នើឱ្យស្ថាប័នទាំងនោះ កុំទទួលយកគម្រោងយុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ របស់ក្រុមហ៊ុន ទ្រី ភាព។ ពួកគេប្តេជ្ញាថា នឹងបន្តធ្វើយុទ្ធនាការផ្សេងៗទៀត ដើម្បីជំទាស់ការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មបូមខ្សាច់តាមដងទន្លេមេគង្គ។
សកម្មជនបរិស្ថាន និងក្រុមយុវជនអំពាវនាវឱ្យអន្តរក្រសួងពិចារណាឡើងវិញ និងសិក្សាឱ្យស៊ីជម្រៅ នូវសំណើរបស់ក្រុមហ៊ុន ទ្រី ភាព ដែលសុំសិក្សាគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍ច្រាំងទន្លេ និងធ្វើអាជីវកម្មខ្សាច់ខ្នាតធំតាមបណ្តោយទន្លេមេគង្គ និងទន្លេបាសាក់ មានប្រវែងជាង ៣រយគីឡូម៉ែត្រ។
ខ្លឹមសារញត្តិ ២ទំព័រ បានស្នើឱ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធបដិសេធសំណើគម្រោងយុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ របស់ក្រុមហ៊ុន ទ្រី ភាព តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ មេសា។ លើសពីនេះ ការបូមខ្សាច់ធ្វើឱ្យពលរដ្ឋព្រួយបារម្ភដោយសារបាក់ច្រាំងទន្លេ ប៉ះពាល់លំនៅឋានប្រជាជន ជីវចម្រុះ និងបរិស្ថានទន្លេ។ ខ្លឹមសារញត្តិបន្ថែមថា ក្រុមហ៊ុន ទ្រី ភាព ធ្លាប់មានឈ្មោះមិនល្អ ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំកន្លងទៅ។
ប្រធានក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួរ ឱ្យដឹងនៅថ្ងៃទី២២ ឧសភា ថា ញត្តិនេះ ពួកគេនឹងដាក់នៅក្រសួងបរិស្ថាន ក្រសួងធនធានទឹក ក្រសួងរ៉ែ និងថាមពល ព្រមទាំងឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់នៅថ្ងៃទី២៤ ឧសភាខាងនេះ។ លោកសង្កត់ធ្ងន់ថាប្រសិនបើស្ថាប័នពាក់ព័ន្ធទាំងនេះ ធ្វើកិច្ចការងារដើម្បីបម្រើប្រយោជន៍ពលរដ្ឋ និងសង្គមជាតិ គួរទទួលយកញត្តិរបស់ពួកគេ ហើយគិតឱ្យល្អិតល្អន់បញ្ហានេះ។ លោកថា គម្រោងសិក្សាស្រាវជ្រាវបូមខ្សាច់នេះ មានទំហំធំធេង ហើយផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើក្រសួងអនុញ្ញាតឱ្យក្រុមហ៊ុននេះ សិក្សា ស្រាវជ្រាវធ្វើអាជីវកម្មខ្សាច់៖ «យើងចង់បង្ហាញថា ក្នុងនាមយើងជាពលរដ្ឋ និងក្រុមយុវជន មុននឹងក្រុមហ៊ុន ទ្រី ភាព ធ្វើអ្វីមួយគួរតែត្រូវការស៊ើបអង្កេតមួយ ក៏ដូចជា ពិភាក្សាជាមួយសហគមន៍ផ្ទាល់ តើសហគមន៍នៅតំបន់នោះគាត់សប្បាយចិត្ត ឬពេញចិត្តឱ្យធ្វើអត់។ គោលបំណងរបស់ក្រុមហ៊ុន ទ្រី ភាព តើប៉ះពាល់ច្រើនជាង ឬប្រយោជន៍ច្រើនជាង ?»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ឃើញថាក្រុមយុវជនគ្រោងប្រជុំពិភាក្សាគ្នាបញ្ហានេះដែរ ដើម្បីស្វែងរកដំណោះស្រាយរួមមួយថាតើ ការសិក្សា និងស្រាវជ្រាវរបស់ក្រុមហ៊ុន ទ្រី ភាព មានតុល្យភាព និងគុណភាពកម្រិតណា ទាក់ទិនការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងផលចំណេញ។ កញ្ញាយល់ថា ប្រសិនបើបណ្តោយឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ បូមខ្សាច់តែឯង នឹងធ្វើឱ្យសាធារណៈជន បាត់បង់ទំនុកចិត្ត៖ «ធ្វើឱ្យរដ្ឋាភិបាលធ្វើការសិក្សាតែម្នាក់ឯង ការសិក្សាហាក់មិនសូវមានគុណភាពប៉ុន្មានទេ ចំពោះទំនុកចិត្តសាធារណជន នេះអ្វីដែលខ្ញុំមើលឃើញ។ តែខ្ញុំក៏គាំទ្រដែរចំពោះការសិក្សារបស់រដ្ឋាភិបាល តែការសិក្សាទាមទារឱ្យមានគុណភាពផងដែរ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មានប្រសាសន៍ថា លោកមិនទាន់អត្ថាធិប្បាយលើបញ្ហានេះទេ ព្រោះដំណើរការនីតិវិធីនេះ មិនទាន់ដល់ក្រសួងបរិស្ថាន។ លោកថា លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកន្លងទៅ គ្រាន់តែជាសំណើសុំគោលការណ៍អនុញ្ញាតចុះសិក្សាតែប៉ុណ្ណោះ ហើយសំណើនេះរដ្ឋាភិបាលក៏មិនទាន់បានអនុញ្ញាតដែរ ដោយត្រូវឆ្លងក្រសួងធនធានទឹក ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធជាមុនសិន។ លោកបញ្ជាក់ថា ព្រោះក្រសួងពាក់ព័ន្ធនឹងសិក្សាលម្អិតពីផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមានជុំវិញសំណើសុំការសិក្សានេះ ដែលត្រូវប្រើពេលយូរ មុននឹងដាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង។ លើសពីនេះលទ្ធផលនៃការសិក្សា និងការវាយតម្លៃរួម រដ្ឋាភិបាលគឺជាអ្នកសម្រេចអនុញ្ញាត ឬមិនអនុញ្ញាតឱ្យក្រុមហ៊ុន ទ្រី ភាព ធ្វើសកម្មភាពសិក្សា។
អាស៊ីសេរីបានទូរស័ព្ទទៅអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលគ្មានអ្នកលើកនៅថ្ងៃទី២២ ឧសភា។
សកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា គាំទ្រខ្លឹមសារញត្តិនេះ ហើយលោកនឹងចូលរួមផ្តិតមេដៃស្នើឱ្យក្រសួងពាក់ព័ន្ធពិចារណាឱ្យល្អិតល្អន់ជុំវិញ សំណើសិក្សាបូមខ្សាច់នេះដែរ ចៀសវាងប្រព្រឹត្តអំពើពុករលួយជាថ្នូរអនុញ្ញាតឱ្យសិក្សាបូមខ្សាច់ និងធ្វើអាជីវកម្មក្នុងអាងទន្លេមេគង្គក្នុងទម្រង់ណាមួយនោះ៖ «ការបូមខ្សាច់ទន្លេ នឹងប៉ះពាល់ផ្នែកខាងក្រោម អាចថាប៉ះពាល់បរិស្ថានទាំងមូលទាំងជីវចម្រុះក្រោមទឹក និងបរិស្ថាន ជាពិសេសជីវភាពពលរដ្ឋ។ ការដាក់ញត្តិរបស់ពួកគាត់ខ្ញុំគាំទ្រពេញទំហឹង»។
សកម្មជនបរិស្ថានព្រមានថា នឹងបន្តធ្វើយុទ្ធនាការផ្សេងៗ បន្ទាប់ពីរដាក់ញត្តិនេះរួចរាល់ ដើម្បីប្រកាសជំហរប្រឆាំងគម្រោងយុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ ដែលពួកគេចាត់ទុកថា ជាយុទ្ធសាស្ត្របំផ្លាញទន្លេ និងជីវភាពប្រជាជន។
ក្រុមហ៊ុន ទ្រី ភាព របស់ឧកញ្ញា ទ្រី ភាព ដែលស្និទ្ននឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឈ្មោះក្នុងបញ្ជីខ្មៅរបស់អង្គការបរិស្ថានជាតិ និងអន្តរជាតិ ថា ជាប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាជាច្រើនឆ្នាំមកហើយ តរហូតមកដល់បច្ចប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។