សកម្មជនបរិស្ថាន និងសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរខេត្តកោះកុង បង្ក្រាបអ្នកពាក់ព័ន្ធធ្វើអាជីវកម្មវល្លិរមៀតឲ្យបានតឹងរ៉ឹង បើពុំដូច្នេះទេ ការរត់ពន្ធ និងធ្វើអាជីវកម្មវល្លិរមៀតនឹងបន្តកើតមានគ្រប់កន្លែងជាក់ជាមិនខាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរខេត្តកោះកុង បានបង្ក្រាបរថយន្តសំាយ៉ុងមួយគ្រឿងដឹកជញ្ជូនវល្លិរមៀត ជាង១តោន ចេញពីតំបន់អភិរក្សតាតៃ។
ក្រុមអ្នកធ្វើការការពារធនធានធម្មជាតិ ទទូចឲ្យអាជ្ញាធរស្វែងរកអ្នកជាប់ពាក់ព័ន្ធរត់ពន្ធវល្លិរមៀត ដែលដឹកចេញពីដែនជម្រកសត្វព្រៃតាតៃ ស្រុកកោះកុង ខេត្តកោះកុង។
អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែធ្នូថា លោកសាទរដែលអាជ្ញាធរបានបង្ក្រាបការជួញដូរវល្លិរមៀត ហើយអាជ្ញាធរត្រូវតែស្វែងរកទីតាំងធ្វើអាជីវកម្មវល្លិរមៀត ដើម្បីបិទទីតាំងទាំងនោះ។ លោកថា នៅពេលមានអ្នកជួញដូរបែបនេះ ប្រាកដជាមានអ្នកទិញ និងមានកន្លែងធ្វើអាជីវកម្មទ្រង់ទ្រាយធំ ដូច្នេះអាជ្ញាធរត្រូវតែសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់កុំឲ្យអាជីវកម្មនេះកើតឡើងបន្តទៀត។
លោក ម៉ា ចិត្រា៖ «ប្រសិនបើនៅក្នុងខេត្តកោះកុង នៅតែមានបញ្ហាវល្លិរមៀតនេះ នៅតែបន្តកើតមានចរាចរណ៍ការទិញលក់វល្លិរមៀតនេះ ខ្ញុំគិតថា វាអាចប្រទេសកម្ពុជាយើងធ្លាក់ទៅក្នុងអន្លង់មួយជ្រៅពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន អ៊ីចឹងសូមឲ្យរដ្ឋាភិបាលជួយយកចិត្តទុកដាក់អំពីបញ្ហានេះឲ្យខ្លាំងមែនទែនដើម្បីជាប្រយោជន៍សម្រាប់សង្គមរបស់យើងទាំងមូល»។
ការលើកឡើងនេះ បន្ទាប់ក្រសួងបរិស្ថាន បានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូថា មន្ត្រីជំនាញបានឃាត់រថយន្តប្រភេទសាំងយ៉ុង ១គ្រឿង ដែលមានដឹកជញ្ជូនវល្លិរមៀតចំនួន២០បាវ ស្មើ១ពាន់៣រយ(១៣០០) គីឡូក្រាម ដឹកចេញពីដែនជម្រកសត្វព្រៃតាតៃ ស្ថិតនៅឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។ អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន២នាក់ និងបានបញ្ជូន ទៅមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីបន្តនីតិវិធី ប៉ុន្តែក្រសួងបរិស្ថាន មិនបានបញ្ជាក់ថាការដឹកជញ្ជូនវល្លិរមៀតទាំងនោះ យកទៅទីតាំងណានោះឡើយ។
ក្រៅពីការជួញដូរវល្លិរមៀតនៅខេត្តកោះកុង កាលពីដើមឆ្នាំ២០២៤ ក៏មានក្រុមឈ្មួញមានអំណាចនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាំគ្នាលួចរត់ពន្ធដើមវល្លិរមៀត យកទៅលក់នៅប្រទេសឡាវ ដោយខុសច្បាប់ ម្ដងរួចមកហើយ ប៉ុន្តែត្រូវបានអាជ្ញាធរបង្ក្រាបភ្លាមៗ បន្ទាប់ពីពលរដ្ឋផ្សព្វផ្សាយព័ត៌មានទាំងនោះជាសាធារណៈ។

ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ឃើញថាការជួញដូរ និងធ្វើអាជីវកម្មផលិតវល្លិរមៀត គឺជាបទល្មើសឧក្រិដ្ឋ ដូច្នេះអាជ្ញាធរត្រូវតែស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធនៅពីខាងក្រោយខ្នងបន្ថែមទៀត ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ និងធានានូវការទប់ស្កាត់កុំឲ្យការជួញដូរ និងធ្វើអាជីវកម្មវល្លិរមៀតបែបនេះកើតឡើងតទៅទៀត។
លោក ហេង គឹមហុង៖ «ត្រូវតែមានការស៊ើបអង្កេតរកមើលភាគីពាក់ព័ន្ធផ្សេងទៀត មកទទួលខុសត្រូវចំពោះមុខច្បាប់ ដូច្នេះអាជ្ញាធរគួរបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហានេះបន្ថែមទៀត»។
នៅក្នុងអំឡុងពីឆ្នាំ២០១២ សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញម្នាក់គឺ លោក ឈុត វុទ្ធី ក៏ត្រូវបានមន្ត្រីយោធាការពារក្រុមហ៊ុន ធីមប័រ ហ្គ្រីន (Timber Green) បាញ់សម្លាប់នៅនឹងកន្លែង ក្រោយពីលោក និងអ្នកកាសែតខេមបូឌា ដេលី (Cambodia Daily) ចុះទៅស៊ើបអង្កេតការធ្វើអាជីវកម្មចម្រាញ់វល្លិរមៀតដោយខុសច្បាប់ នៅត្រង់ចំណុចវាលបី ដងជួរភ្នំក្រវាញកណ្ដាល ក្នុងស្រុកកោះកុង ខេត្តកោះកុង ។
ក្រោយមកនៅចុងឆ្នាំ២០១៦ក្រុមហ៊ុនចិន ជីនយ័ន ហ្វីងលាន ត្រេដឌីង (Jinyian Huanglian Trading) និងក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប (Chhay Ching Heang Group) បានសាងសង់រោងចក្រកែច្នៃដើមវល្លិរមៀត ស្ថិតនៅឃុំប្ញស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដោយគ្រោងប្រមូលវល្លិរមៀត នៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកោះកុង ។ ប៉ុន្តែត្រូវ ក្រសួងបរិស្ថានបញ្ជាឲ្យបិទកន្លែងកែច្នៃវល្លិរមៀតនោះវិញភ្លាម បន្ទាប់ពីមានការផ្សព្វផ្សាយជាសាធារណៈ។
សកម្មជនបរិស្ថាន និងសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់បង្ក្រាប ការជួញដូរ និងការធ្វើអាជីវកម្មកែច្នៃវល្លិរមៀតនេះ ពីព្រោះរុក្ខជាតិមួយប្រភេទនេះ គេអាចយកទៅផលិតចេញជាគ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយ៉ធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
