អ្នកឃ្លាំមើលបរិស្ថាននិងធនធានធម្មជាតិ ព្រួយបារម្ភចំពោះបញ្ហាកម្ពស់ទឹកទន្លេមេគង្គថយចុះ
2024.08.09
ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា កម្ពស់ទឹក ក្នុងអាងទន្លេមេគង្គនៃប្រទេសកម្ពុជា បានថយចុះជាលំដាប់ ចាប់តាំងតែពីចុងខែកក្កដា រហូតមកដល់ពេលនេះ។
ក្នុងពេលជាមួយគ្នា របាយការណ៍គ្រប់គ្រងទិន្នន័យមេ (MDM) របស់មជ្ឈមណ្ឌលស្ទីមសុន (Stimson)បានបង្ហាញថា ការថយចុះកំពស់ទឹកនៅអាងទន្លេមេគង្គ គឺបណ្ដាលមកពីទំនប់ទួបា (Tuoba) របស់ប្រទេសចិន បានបើករំហូរទឹកទន្លេមេគង្គចំនួនជាង ១ពាន់(១.២១៥)លានម៉ែត្រគូប មកឱ្យអាងស្តុកទឹកផ្នែកខាងក្រោមក្នុងរយៈពេលក្រោម៦ខែឆ្នាំ២០២៤។
ក្រុមអ្នកឃ្លាំមើលធនធានធម្មជាតិនិងសហគមន៍ការពារបរិស្ថាន បង្ហាញការព្រួយបារម្ភចំពោះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា បានថយចុះនៅក្នុងរដូវវស្សានេះ។
អ្នកស្រាវជ្រាវនិងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ ខែសីហា ថា ទន្លេមេគង្គជាប្រភពទឹកយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ទឹក ទៅឱ្យស្ទឹង បឹងបួ ព្រែកនិងទន្លេសាបជាដើម។
លោកថា ប្រសិនកម្ពស់ទឹកទន្លេមេគង្គ នៅតែថយចុះដូចនេះ វានឹងគំរាមកំហែងដល់ជីវចម្រុះ ដូចជាត្រីមិនអាចបម្លាស់ទីទៅរកកន្លែងពងកូន ដែលធ្វើឱ្យទិន្នផលត្រីអាចថយចុះ ចំណែករំហូរដីល្បាប់ជីវជាតិក៏មានការប្រែប្រួល ហើយព្រៃលិចទឹកក៏ប្រឈមនឹងការបាត់បង់។
លោក សេង សុខហេង៖ «ទន្លេមេគង្គនិងទន្លេសាបវាជាអាយុជីវិតរបស់ប្រជាជនខ្មែរ។ ទន្លេទាំងពីរនេះបានផ្ដល់ស្បៀងអាហារនិងចំណូលសព្វបែបយ៉ាងឱ្យពលរដ្ឋដែលរស់នៅតាមដងទន្លេស្ទើរតែទូទាំងប្រទេសកម្ពុជា។ ដូច្នេះប្រសិនបើទន្លេនេះបាត់បង់ទឹក វានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន»។
នាយកអង្គការអឹម វី អាយ(MVI) ដែលកំពុងធ្វើការជាមួយសហគមន៍ នៅតាមដងទន្លេមេគង្គខេត្តស្ទឹងត្រែង លោក លន់ ពេជ្រតារា ក៏បង្ហាញកង្វល់ប្រហាក់ប្រហែលគ្នាដែរថា ប្រសិនបើកម្ពស់ទឹកទន្លេមេគង្គ មានការប្រែប្រួល ខ្លាំងគឺវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ ពូជត្រី នៅតាមដងទន្លេ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋច្រើនពាន់គ្រួសារផងដែរ។
លោក លន់ ពេជ្រតារា៖ «សហគមន៍ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គគឺជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ ពឹងផ្អែកទាំងអាហារហូបចុក ក៏រកបានពីការនេសាទតាមដងទន្លេ ទាក់ទងនឹងការធ្វើដំណើរនាវាចរក៏តាមដងទន្លេមេគង្គដែរ ហើយប្រព័ន្ធជីវចម្រុះមានសារៈសំខាន់ណាស់ វាផ្ដល់ធនធានត្រី ធនធានទឹក ដីមានជីវជាតិ សព្វគ្រប់បែបយ៉ាងនេះ គឺជាធនធានសេដ្ឋកិច្ចដែលមិនអាចកាត់ថ្លៃបានទេ។ ដូច្នេះទន្លេមេគង្គ វាមានសារៈសំខាន់ទាំងអស់ សម្រាប់សេដ្ឋកិច្ចក្នុងតំបន់នៃប្រទេសកម្ពុជាទាំងមូល»
ការបង្ហាញក្តីបារម្ភ របស់អ្នកឃ្លាំមើលធនធានធម្មជាតិនិងសហគមន៍ការពារបរិស្ថានដូចនេះ បន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយម បានផ្សព្វផ្សាយឱ្យដឹងថា កម្ពស់ទឹកនៅក្នុងអាងទន្លេមេគង្គនៃប្រទេសកម្ពុជា បានថយចុះបន្តិចម្ដងៗចាប់តាំងតែពីចុងខែកក្កដារហូតមក។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា និងពីអគ្គលេខាធិការគណៈកម្មាធិការទន្លេមេគង្គកម្ពុជា លោក សូរ សុភ័ទ្ទ បាននៅឡើយនៅថ្ងៃទី៧ខែសីហា ដោយសារតែលោកទាំងពីរមិនទទួលទូរស័ព្ទ។
ប៉ុន្តែយោងតាមព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កំពស់ទឹក របស់ក្រសួងធនធានទឹកនិងឧតុនិយម ឱ្យដឹងថា ចាប់តាំងតែពីថ្ងៃទី៣ ខែសីហា មក កម្ពស់ទឹកទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងទន្លេបាសាក់ ចតុមុខជាដើមបានថយចុះ។
ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កំពស់ទឹក ឱ្យដឹងទៀតថា នៅថ្ងៃទី៧ខែសីហា នេះ កម្ពស់ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងមាន៧.៣២ម៉ែត្រ ខេត្តក្រចេះកម្ពស់១៧ម៉ែត្រ ខេត្តកំពង់ចាមកម្ពស់១០.៥៦ម៉ែត្រ និងទន្លេបាសាក់ ចតុមុខកម្ពស់៦.៥៦ម៉ែត្រ ហើយកម្ពស់ទឹកនេះ នឹងបន្តថយចុះនៅថ្ងៃទី៨ខែសីហាថែមទៀត។
ប្រជានេសាទ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក ស្រី ខា ស្រស់ ឱ្យដឹងថា ចាប់តាំងពីកម្ពស់ទឹកទន្លេមេគង្គ បានថយចុះ គឺធ្វើឱ្យសហគមន៍នេសាទរបស់គាត់រកត្រីមិនបាន ចំណែកឯស្រូវក៏ក្រៀមស្វិត ដោយសារពុំមានទឹកស្រោចស្រព។
លោក ស្រី ខា ស្រស់៖ «កាលពីមុនមកនៅខែនេះ ពួកខ្ញុំរកស៊ី ដាក់ចាន ដាក់លប ដាក់មងនៅតាមអូរគឺបានត្រី ប៉ុន្តែដល់ពេលទន្លេមិនសូវមានទឹក គឺត្រីក៏មិនសូវមានដែរ។ បើមានទឹកធំគឺត្រីវាអាចឡើងតាមប្រឡាយ តាមអូរ យើងរកទៅចេះតែបាន ដល់ទឹកខ្សត់នេះ ត្រីក៏គ្មាន ហើយការរកស៊ីរបស់ប្រជាពលរដ្ឋក៏ពិបាក»។
នាយកប្រតិបត្តិអង្គការទន្លេបី លោក លាង ប៊ុនលាភ អះអាងថា ជារៀងរាល់ឆ្នាំ ទន្លេមេគង្គ តែងទទួលរបបទឹក ពីទន្លេសេងកុង ទន្លេស្រែពក និងទន្លេសេសាន។
លោក លាង ប៊ុនលាភ យល់ថា បញ្ហាកម្ពស់ទឹកទន្លេមេគង្គ ថយចុះ ក្នុងរដូវវស្សាឆ្នាំនេះ អាចបណ្ដាលមកពីទន្លេទាំងបី មិនបានផ្ដល់ទឹកទៅឱ្យដូចទន្លាប់ធម្មជាតិកាលពីពេលមុនទេ ពីព្រោះតែ ទំនប់វារីអគ្គីសនីរបស់ចិន នៅផ្នែកខាងលើ បានស្ដុកទឹកទាំងនោះ មិនឱ្យហូរចុះមកផ្នែកខាងក្រោម។
លោក លាង ប៊ុនលាភ៖ «ជាធម្មតានៅក្នុងខែសីហា ខែកញ្ញា គឺទឹកមានច្រើនណាស់នៅតាមទន្លេ ដូច្នេះខ្ញុំនឹងរង់ចាំមើលបន្តទៀតថា តើទឹកនៅក្នុងទន្លេវានឹងឡើងច្រើន ទៅតាមទម្លាប់ធម្មជាតិដែរឬក៏យ៉ាងណា? ។ បើសិនជានៅក្នុងខែសីហានិងដើមខែកញ្ញា ទឹកទន្លេនៅតែតិចទៀត វានឹងធ្វើឱ្យប៉ះពាល់ទៅដល់កត្តាពីរ ជាសំខាន់គឺប្រឈមផ្នែកជលផលនិងអាងទឹកសម្រាប់ផលិតកសិកម្ម នៅអមសងខាងនៃទន្លេមេគង្គហើយ»។
គេហទំព័រឌឺឌីប្លូមម៉ាត (The Diplomat) ដែលចេញផ្សាយកាលពីថ្ងៃទី២៧ខែកក្កដាបានដកស្រង់របាយការណ៍គ្រប់គ្រងទិន្នន័យមេ(MDM)របស់មជ្ឈមណ្ឌលស្ទីមសុន (Stimson) ដែលនិយាយថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ ទំនប់ទួបា (Tuoba)នៅខេត្តយូណាន (Yunan) របស់ប្រទេសចិន បានដាក់កម្រិតរំហូរទឹកចំនួនជាង១ពាន់(១.២១៥)លានម៉ែត្រគូប មកឱ្យអាងស្តុកទឹកនៃទន្លេមេគង្គផ្នែកខាងក្រោម។
ការផ្ដល់ទឹកមានកំរិត មកឱ្យទន្លេមេគង្គផ្នែកខាងក្រោមនេះ គឺជាយុទ្ធសាស្ត្ររបស់ប្រទេសចិន ដើម្បីសន្សំទឹកទុកសម្រាប់ផលិតវារីអគ្គីសនីក្នុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខ។
ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលបានធ្វើវេទិកាបរិស្ថានទន្លេមេគង្គនៅក្នុងប្រទេសវៀតណាម កាលពីពេលថ្មីៗ បានអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសនៅតាមដងទន្លេមេគង្គទាំងអស់ គួរតែលើកយកកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងច្បាប់អន្តរជាតិស្ដីពីដែនទឹកឆ្លងដែន មកពិភាក្សាជាមួយប្រទេសចិននិងប្រតិបត្តិករទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គឡើងវិញ ដើម្បីរក្សារំហូរទឹកនៅក្នុងអាងទន្លេមេគង្គឱ្យមានភាពប្រក្រតី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។