អ្នកធ្វើការងារទាក់ទងបរិស្ថាន អ្នកឃ្លាំមើលសិទ្ធិមនុស្ស សាស្ត្រាចារ្យសាកលវិទ្យាល័យ និងអ្នកសិក្សាស្រាវជ្រាវអន្តរជាតិចំនួន ១១០នាក់ មកពីជុំវិញពិភពលោក បាននាំគ្នាចេញសេចក្តីថ្លែងការណ៍រួមបង្ហាញក្ដីបារម្ភរបស់ពួកគេចំពោះការរឹតត្បិតសិទ្ធិសេរីភាពអ្នកការពារព្រៃឈើនៅកម្ពុជា។
សេចក្តីថ្លែងការណ៍រួមគ្នានេះ ធ្វើឡើងក្រោយពេលអាជ្ញាធរកម្ពុជាបានឃាត់ខ្លួនសកម្មជនព្រៃឈើ ដែលក្នុងនោះរួមមាន ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោក អ៊ូច ឡេង និងសកម្មជនព្រៃឈើជាច្រើននាក់ទៀត ក្នុងពេលអ្នកទាំងនោះចូលល្បាតព្រៃឈើក្នុងតំបន់ព្រៃឡង់ម្តងហើយម្ដងទៀត។
លិខិតចុះថ្ងៃទី០៥ ខែមីនា ដែលពួកគេផ្ញើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ និងនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជាអ្នកស្រី វ៉េណា រ៉េដឌី (Veena Reddy) សង្កត់ធ្ងន់ថា នេះជាការធ្វើទុក្ខបុកម្នេញលើអ្នកការពារព្រៃឈើ ដែលចុះស៊ើបអង្កេតវិនាសកម្មព្រៃឈើទ្រង់ទ្រាយធំក្នុងតំបន់ព្រៃឡង់។ ពួកគេបន្តថា វិធានការលើអ្នកការពារព្រៃឈើបែបនេះ បានធ្វើឱ្យឧក្រិដ្ឋកម្មព្រៃឈើរួចពីសំណាញ់ច្បាប់ ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង យល់ថា នេះជាការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិចំពោះវិនាសកម្មព្រៃឈើនៅកម្ពុជា។ លោកបន្តនេះជាប្រវត្តិសាស្រ្តដែលសហគមន៍អន្តរជាតិបង្ហាញការបារម្ភព្រមគ្នាចំពោះសុខសុវត្ថិភាពនិងសិទ្ធិរបស់អ្នកការពារព្រៃឈើ។ លោក អ៊ូច ឡេង រំពឹងថា ក្រោយមានសេចក្ដីថ្លែងការណ៍នេះ រដ្ឋាភិបាលនិងស្ថាប័នម្ចាស់ជំនួយគួរចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនដែលបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់៖ « នេះជាប្រវត្តិសាស្ត្រមួយដែលប្រជាពលរដ្ឋខ្មែរយើងទទួលបានការគាំទ្រពី១១០ស្ថាប័នក្នុងនោះមានមហាវិទ្យាល័យ សកលវិទ្យាល័យ ធំៗនៅអន្តរជាតិ»។
អាស៊ីសេរី បានទាក់ទងទៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា ដើម្បីសុំប្រតិកម្មជុំវិញកង្វល់នានាដែលបានលើកឡើងនេះ ក៏ប៉ុន្តែនៅពុំទាន់មានការឆ្លើយតបណាមួយនៅឡើយទេគិតត្រឹមល្ងាចថ្ងៃទី០៦ ខែមីនា។

ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា អះអាងថា អ្វីដែលក្រសួងបរិស្ថានបានធ្វើ និងមានវិធានការលើសកម្មជនព្រៃឈើកន្លងមក គឺជាការអនុវត្តច្បាប់។ លោកឱ្យដឹងទៀតថា ការដែលក្រសួងបរិស្ថានត្រូវមានការត្រួតពិនិត្យលើសកម្មភាពរបស់ក្រុមសកម្មជនព្រៃឈើនោះ ព្រោះកន្លងមកមានសកម្មជនមួយចំនួនគ្មានភាពស្មោះត្រង់ជាមួយក្រសួងក្នុងកិច្ចការពារព្រៃឈើនោះទេ។ អ្នកនាំពាក្យដដែលលើកជាឧទាហរណ៍ថា កន្លងមកក្រសួងធ្លាប់ធ្វើការជាមួយបណ្ដាញសហគមន៍ព្រៃឡង់ ប៉ុន្តែពេលចេញពីព្រៃមកវិញបណ្ដាញនេះបានចេញរបាយការណ៍ខុសពីក្រសួង ហើយពួកគេបានប្រើប្រាស់ទិន្នន័យគ្មានមូលដ្ឋានច្បាស់លាស់យកមកវាយប្រហារនិងរិះគន់កិច្ចប្រឹងប្រែងរបស់ក្រសួងបរិស្ថាន៖ « ពេលខ្លះយើងផ្ដល់កិច្ចសហការណ៍ ប៉ុន្តែកិច្ចសហការណ៍របស់គាត់ចាប់ដៃជាន់ជើងវិញឬក៏បង្ហាញភាពមិនស្មោះត្រង់»។
ទោះជាយ៉ាងណា អ្នកការពារព្រៃឈើម្នាក់ទៀតលោក ហេង ស្រស់ ថ្លែងថា ក្រសួងបរិស្ថានគួរដល់ពេលបើកលំហសេរីភាពឱ្យប្រជាសហគមន៍ និងក្រុមសកម្មជន បានចុះទៅល្បាត និងថែរក្សាព្រៃវិញហើយ ព្រោះបទល្មើសព្រៃឈើកំពុងកើតឡើងឥតឈប់ឈរ។ សកម្មជនដែលត្រូវអាជ្ញាធរឃាត់ខ្លួនជាច្រើនដងរូបនេះថ្លែងថា លោកអរគុណដែលក្រុមអ្នកអភិរក្ស និងអ្នកបរិស្ថានអន្តរជាតិមើលឃើញពីទុក្ខលំបាកអ្នកការពារព្រៃឈើនៅកម្ពុជា ហើយទាមទារឱ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពួកលោកបន្តទៅទៀត៖ «បើសិនគាត់ (ក្រសួងបរិស្ថាន) នៅតែមិនប្ដូរឥរិយាបទទេ យើងដឹងស្រាប់ហើយថា ធ្វើការដើម្បីអ្នកណា? ទុកឱ្យពលរដ្ឋគាត់ជាអ្នកពិចារណា»។
អង្គការជាតិ និងអន្តរជាតិបានរកឃើញថា ក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ ទំហំព្រៃឡង់ជាង ១សែន ហិកតារ (១០២.៤៣៦) ឬស្មើនឹង ២៤% បានបាត់បង់ ក្លាយជាវាលរហោឋាន។ សកម្មជនព្រៃឈើលោក អ៊ូច ឡេង ស្នើទៅរដ្ឋាភិបាល និងអង្គការម្ចាស់ជំនួយ ត្រូវមានភាពក្លាហានទទួលស្គាល់ការពិតអំពីវិនាសកម្មព្រៃឈើនៅកម្ពុជា និងបើកទូលាយឲ្យសកម្មជនបរិស្ថានបំពេញការងារការពារព្រៃឈើឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។