មន្ត្រី​បរិស្ថាន​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​បន្ត​កាប់​ទន្ទ្រាន​ព្រៃឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​ជនជាតិ​ដើម​អាស្រ័យ​ផល

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​អះអាង​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​មាន​ចេតនា​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​បន្ត​កាប់​ទន្ទ្រាន​ព្រៃឡង់​ក្នុង​ខេត្តស្ទឹងត្រែង​ដែល​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​ផល។

ពួកគាត់​មើលឃើញ​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ថា នឹង​បង្ក្រាប​បទល្មើស ១០០​ភាគរយ គឺ​ជា​ពាក្យភូតភរ​ពលរដ្ឋ។

ប្រជា​សហគមន៍​ខេត្តស្ទឹងត្រែង​អះអាង​ថា អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​មាន​វិធានការ​ច្បាប់ និង​ផ្ដន្ទាទោស​ជនល្មើស ដែល​ជា​ឈ្មួញ​មាន​លុយ​មានអំណាច អ្នក​ពាក់ព័ន្ធ ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឡង់​ឱ្យ​ក្លាយ​ជា​វាល​ជាច្រើន​ពាន់​ហិកតារ ដែល​ធ្វើ​ឱ្យ​កាប់​ទន្ទ្រានព្រៃ​អភិរក្ស​មួយ​នេះ​នៅតែ​កើត​មាន​ដដែលៗ។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ លោក អ៊ុក ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៨ កុម្ភៈ ថា ក្រុម​កម្មករ ១៣​នាក់ កំពុង​មមាញឹក​អារ​ផ្តួល​ដើមឈើ​តូច​ធំ​រួច​ដុត​កម្ទេច​ចោល ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ក្នុង​តំបន់​ព្រៃឡង់ នៅ​ចំណុច​ភូមិ​ស្ពង់​ជាប់​ព្រំ​ប្រទល់​ភូមិ​ផ្អាវ ក្នុង​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់។

លោក​បន្ថែម​ថា ក្រុម​កម្មករ​ដែល​ជា​អ្នកស៊ីឈ្នួល​អារឈើ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច បាន​ប្រើ​រណា​យន្ត​ស្ទើរ​គ្រប់​ដៃ​ជា​មធ្យោបាយ​អារឈើ ហើយ​ពួក​លោក​នៅ​មិន​ទាន់​រក​ឃើញ​អត្តសញ្ញាណ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជន​ប្រព្រឹត្ត​ទាំង​នេះ​នៅ​ឡើយ​ទេ។

លោក អ៊ុក ម៉ៅ៖ «ខ្ញុំ​សោកស្តាយ​ណាស់​មន្ត្រី​បរិស្ថាន​សព្វថ្ងៃ​នេះ គាត់​ស៊ីប្រាក់ខែ​រាស្ត្រ ការពារ​ព្រៃឈើ​យូរៗ ឈើ​កាន់តែ​អស់ ខ្ញុំ​លែង​ជឿ​ហើយ​។ បង្កើត​មន្ត្រី​បរិស្ថាន​ច្រើន ព្រៃឈើ​កាន់តែ​អស់​ទៅ មានតែ​ប្រជា​សហគមន៍​ខ្ញុំ​ទេ​ដែល​អាច​ទប់​ស្កាត់​បាន។ អ្នកការពារ​ព្រៃឈើ​បាន ឡើង​តុលាការ គេ​គំរាមកំហែង​ដូច​រូប​ខ្ញុំ គ្រាន់តែ​ការពារ​ព្រៃ និយាយ​រឿង​ព្រៃ​មិនបាន ធ្វើទុក្ខបុកម្នេញ​រហូត»។

កាលពី​ថ្ងៃទី ២៤ កុម្ភៈ សកម្មជន​ការពារ​ព្រៃ​ឡង់ ៤​នាក់ បាន​ចុះ​ល្បាត​ព្រៃ​ឡង់​ប្រទះឃើញ​ដើមឈើ​ធំៗ ត្រូវ​គេ​កាប់​ផ្តួល​ក្លាយជា​ល្វឹងល្វើយ ក្នុង​ចំណុច​ភូមិ​ស្ពង់​ជាប់​ព្រំ​ទល់​ភូមិ​ផ្អាវ ក្នុង​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់។ ប្រជា​សហគមន៍​ថា សកម្មភាព​កាប់​ទន្ទ្រានព្រៃ​អភិរក្ស​នេះ​នៅ​ចំពោះមុខ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​ឈរ​ជើង ការពារ​ព្រៃ​នៅ​តំបន់​នោះ ព្រោះ​តំបន់​នោះ មន្ត្រី​បរិស្ថាន​តែងតែ​ជិះ​ម៉ូតូ​ឆ្លងកាត់ ដើម្បី​ចុះ​ល្បាត​ព្រៃឡង់។

លោក អ៊ុក ម៉ៅ បន្ថែម​ថា សកម្មភាព​កាប់​ទន្ទ្រានព្រៃ​អភិរក្ស​នេះ​អស់​ជាង ១០​ហិកតារ​ទៀត នៅ​រយៈពេល​ជាង ៣​សប្តាហ៍​ចុងក្រោយ​នេះ ស្រប​ពេល​ដែល​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​តំបន់​នោះ​មិន​អើពើ​អនុវត្ត​ច្បាប់។ លោក​ថា កន្លង​ទៅ​តំបន់​នោះ​ជា​កន្លែង​ដែល​ជនជាតិ​ដើម​ភាគតិច​កួយ ដង​ជ័រទឹក រក​ឃ្មុំ បោចវល្លិ និង​ជា​ជម្រក​សត្វព្រៃ​កំពុង​ក្លាយជា​វាលរហោឋាន​ជា​បន្តបន្ទាប់ ជំនួស​មក​វិញ​ដីចម្ការ​ជា​កម្មសិទ្ធិ​ឯកជន។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ស្រេង ជាហេង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៨ កុម្ភៈ។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា អភិបាល​ខេត្ត​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជា​សហគមន៍​រាយការណ៍​បទល្មើស​ព្រៃឈើ មក​អាជ្ញាធរ​ជំនាញ​ដើម្បី​អន្តរាគមន៍​វិធានការ​ច្បាប់​ភ្លាមៗ។

លោក​ថា ប្រសិនបើ​រក​ឃើញ​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ណា​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​អាជ្ញាធរ​ខេត្ត​នឹង​មាន​វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សេងៗ​ទៀត។

លោក ម៉ែន គុង៖ «រដ្ឋបាល​ខេត្ត មិន​ទាន់​បាន​រក​ឃើញ​ទឡ្ហីករណ៍​ណាមួយ​ដែល​បញ្ជាក់​ថា មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​មន្ត្រី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ក្នុង​មូលដ្ឋាន​នោះ មាន​ការ​បណ្តែតបណ្តោយ ឬ​ធ្វេសប្រហែស​ផ្តល់​ឱកាស ឱ្យ​មាន​បទល្មើស​ក្នុង​មូលដ្ឋាន​នោះ​ទេ​។ បើ​រក​ឃើញ​ថា ពិតជា​មាន​ការ​បណ្តែតបណ្តោយ វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សេងៗ ពិត​ជា​មាន​ចំពោះ​ករណី​ទាំងអស់​នេះ»។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន សង្កេត​ឃើញ​ថា សកម្មភាព​ទន្ទ្រានព្រៃ​ឡង់​គឺជា​បញ្ហា​ចម្រូងចម្រាស​ដែល​រដ្ឋាភិបាល​ពិបាក​នឹង​ដោះស្រាយ ដោយសារ​ករណី​កាប់​ទន្ទ្រាន​ចាស់ៗ​កន្លងទៅ​មិន​ទាន់​ដោះស្រាយ​រួចរាល់ ស្រាប់​តែ​ករណី​កាប់​ទន្ទ្រាន​ថ្មីៗ នៅតែ​កើត​មាន​ច្រើន​ទៀត។

លោក អូត ឡាទីន៖ «ចំណាត់ការ​របស់​មន្ត្រី​បរិស្ថាន មាន​ភាព​រង្វើល​មែនទែន ដែល​គាត់​មិន​ដោះស្រាយ​បញ្ហា​ហ្នឹង​រហូត​មក ធ្វើ​ឱ្យ​បញ្ហា​នឹង​អត់​បាន​បញ្ឈប់​ទេ​។ ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​អត់​បាន​បញ្ឈប់​ទេ ការ​កាប់​ទន្ទ្រានព្រៃ​ឡង់ ស្រប​ពេល​ដែល​មន្ត្រី​គាត់​បាន​ពង្រាយ ក្នុង​ព្រៃ​ឡង់​រួចហើយ»។

ប្រជា​សហគមន៍​បារម្ភ​ថា ទំហំ​ព្រៃឡង់​កាន់តែ​រួម​តូច​ជា​រៀងរាល់​ថ្ងៃ ដោយសារ​ការ​កាប់​ឈើ​ខុសច្បាប់ សកម្មភាព​ឈូស​ឆាយ និង​កាប់​ទន្ទ្រានព្រៃ បើ​ទោះ​បី​ជា​ក្រសួង​បរិស្ថាន​បាន​ពង្រាយ​មន្ត្រី​អភិរក្ស​ការពារ​តំបន់​នោះ​ក្តី ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។