អ្នកការពារបរិស្ថាន ជំរុញឱ្យអាជ្ញាធរព្រះសីហនុចាត់វិធានការតាមផ្លូវច្បាប់ទៅលើមជ្ឈមណ្ឌលកម្សាន្តចិនមួយកន្លែងនៅលើកោះរ៉ុងសន្លឹម ដែលបន្តធ្វើអាជីវកម្ម ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរ។ អាជ្ញាធរខេត្តព្រះសីហនុបញ្ជាក់ថា នឹងអនុវត្តច្បាប់លើទីតាំងអាជីវកម្មនោះ។
សកម្មជនបរិស្ថាន លោក ម៉េង ហេង ថ្លែងថា អាជ្ញាធរខេត្តព្រះសីហនុមិនចាំបាច់ចំណាយពេលវេលាចុះទៅត្រួតពិនិត្យមជ្ឈមណ្ឌលកម្សាន្ត ជីន ទីង (JINGDING) ទៀតទេ ព្រោះទីតាំងអាជីវកម្មមួយនេះមិនបានគោរពតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរនោះឡើយ។ លោកបន្តថា សណ្ឋាគារ និងកាស៊ីណូចិនមួយកន្លែងនេះ នៅតែបើកដំណើរការដូចធម្មតា មិនបានបិទអាជីវកម្មឡើយ ហេតុដូច្នេះលោកថា អាជ្ញាធរខេត្តព្រះសីហនុដល់ពេលត្រូវយកច្បាប់មកប្រើហើយ៖ «ប្រសិនបើដឹងថា មជ្ឈមណ្ឌលហ្នឹងខុសច្បាប់ហើយ មិនអាចចុះទៅពិនិត្យបានទៀតទេ គឺមានតែបញ្ជាពីថ្នាក់លើទៅ ឱ្យអាជ្ញាធរមូលដ្ឋានធ្វើការបិទចោលតែម្តង។ អាហ្នឹងបើតាមផ្លូវច្បាប់»។
កាលពីខែមីនាកន្លងទៅ អាជ្ញាធរខេត្តព្រះសីហនុបានប្រកាសបិទមជ្ឈមណ្ឌលកម្សាន្ត ជីន ទីង ក្រោមហេតុផលថា ទីតាំងអាជីវកម្មនោះមិនបានអនុវត្តត្រឹមត្រូវតាមច្បាប់ និងបង្កផលប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ។ សកម្មភាពល្មើសច្បាប់ទាំងនោះរួមមាន ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដោយមិនបានឆ្លងកាត់ការចម្រោះ ការសាងសង់ទីតាំងកាស៊ីណូរំលោភលើដីឆ្នេរសមុទ្រ ការដាក់ម៉ាស៊ីនភ្លើងនៅលើផែធ្វើឱ្យមានប្រេងហូរចូលសមុទ្រប៉ះពាល់ដល់បរិស្ថាន និងការចាក់ធុងបាសខ្លាំងបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលកម្សាន្តចិនមួយនេះ បានប្រើប្រាស់អាជ្ញាប័ណ្ណល្បែងភ្នាល់អនឡាញដែលហួសសុពលភាព និងមានករណីបាញ់បោះហិង្សា ប្រព្រឹត្តដោយអ្នកគ្រប់គ្រងសន្តិសុខនៅទីនោះទៀតផង។
អាជ្ញាធរតម្រូវឱ្យម្ចាស់មជ្ឈមណ្ឌលកម្សាន្តចិនមួយនេះ បិទអាជីវកម្មរបស់ខ្លួនជាកំហិត ត្រឹមថ្ងៃទី២២ មីនា កន្លងទៅ។ ក៏ប៉ុន្តែសកម្មជនបរិស្ថាន អះអាងថា មកដល់ពេលនេះ មជ្ឈមណ្ឌលកម្សាន្តនេះនៅតែអាចបើកដំណើរការដដែល។
អាស៊ីសេរីមិនអាចទាក់ទងម្ចាស់មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង ដើម្បីសុំការបំភ្លឺអំពីបញ្ហានេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ អះអាងថា រដ្ឋបាលខេត្តបានដឹងពីព័ត៌មាននេះហើយ។ លោកថា ការធ្វើបែបនេះ គឺជាការផ្គើននឹងបទបញ្ជារបស់អាជ្ញាធរ ហើយអាជ្ញាធរនឹងមានចំណាត់ការតឹងរ៉ឹងទៅលើទីតាំងអាជីវកម្មនោះ។ លោកបន្តថា ជំហររបស់រដ្ឋបាលខេត្តព្រះសីហនុ គឺមិនគាំទ្រសកម្មភាពល្មើសច្បាប់របស់ទីតាំងអាជីវកម្មណាមួយឡើយ៖ «គាត់ធ្វើនៅលើឆ្នេរ សំណង់ហ្នឹង ដែលមិនមានការឯកភាពពីរដ្ឋបាលខេត្តតាំងពីដើមទី អ៊ីចឹងការដែលគាត់ផ្គើនជាបន្តបន្ទាប់ហ្នឹង អាហ្នឹងហើយដែលគេត្រូវកសាងសំណុំរឿង។ គាត់មិនអនុវត្តតាមការណែនាំ ល្មើសច្បាប់ ហើយនៅតែបន្តភាពល្មើសច្បាប់ហ្នឹងហើយ ដែលនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ធ្ងន់ធ្ងរ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះមិនទាន់អាចបញ្ជាក់ពីពេលវេលាពិតប្រាកដនៃការចាត់វិធានការតាមច្បាប់ទៅលើមជ្ឈមណ្ឌលកម្សាន្ត ជីន ទីង នេះនៅឡើយទេ។
សកម្មជនបរិស្ថានលោក ម៉េង ហេង សង្ស័យថា ការដែលមជ្ឈមណ្ឌលកម្សាន្តចិនមួយកន្លែងនេះ នៅតែអាចបើកដំណើរការបាន ទំនងជាដោយសារមានអ្នកនៅក្រោយខ្នងជួយសម្របសម្រួលរឿងនេះ ឬក៏មានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងអំពើពុករលួយ។ យុវជនរូបនេះសង្កត់ធ្ងន់ថា ប្រសិនបើមជ្ឈមណ្ឌលកម្សាន្តនេះនៅតែបន្តធ្វើអាជីវកម្ម លោកនឹងធ្វើបណ្តឹងបរិហារដាក់ទៅតុលាការខេត្តព្រះសីហនុ ជុំវិញការមិនអនុវត្តច្បាប់របស់អាជ្ញាធរ៖ «ស្រុកខ្មែរយើង ខ្មៅទៅជាស ល្អទៅជាអាក្រក់ ហើយជាមួយគ្នានេះ ខុសច្បាប់ទៅជាស្របច្បាប់ អ៊ីចឹងបានន័យថា មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង ហ្នឹង ប្រហែលជាមានគេកាងនៅពីក្រោយខ្នង ដើម្បីឱ្យអាជីវកម្មមួយហ្នឹងពីខុសច្បាប់ទៅស្របច្បាប់ ហើយវាពាក់ព័ន្ធនឹងអំពើពុករលួយផ្សេងៗ ទៀត»។
ក្រុមអ្នកការពារបរិស្ថាននៅតែរិះគន់ថា អាជ្ញាធរខេត្តព្រះសីហនុ ហាក់ដូចជាអសមត្ថភាពក្នុងការគ្រប់គ្រង និងអនុវត្តច្បាប់លើក្រុមហ៊ុនចិន ដែលប្រព្រឹត្តល្មើសច្បាប់កម្ពុជា។ ពួកគេបន្តថា ការកៀរគរអ្នកវិនិយោគចិន ឱ្យមកបណ្ដាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ ដាច់ខាតត្រូវតែឈរលើគោលការណ៍ច្បាប់ជាធំ ហើយករណីមជ្ឈមណ្ឌលកម្សាន្ត ជីង ទីង នេះ អាជ្ញាធរត្រូវតែហ៊ានធ្វើតាមច្បាប់ ដើម្បីជាគំរូដល់ទីតាំងអាជីវកម្មដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។