សមត្ថកិច្ច​រារាំង​ក្រុម​ពលរដ្ឋ​និង​បណ្ដាញ​ព្រះសង្ឃ​ដើរ​ហែ​ក្បួន​ប្រឆាំង​នឹង​ការ​លុប​បឹង

ដោយ អ៊ួន ឈិន
2016-03-31
Share
តវ៉ា​ប្រឆាំង​​ការ​លុបបឹង ៨៥៥ ទិដ្ឋភាព​សមត្ថកិច្ច​រារាំង​ក្រុម​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ដោយសារ​ការ​លុបបឹង និង​បណ្ដាញ​ព្រះសង្ឃ នៅ​ចំណុច​បឹងកក់ មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Uon Chhin
RFA/Uon Chhin

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​រារាំង​ការ​ដើរ​ហែ​ក្បួន​យុទ្ធនាការ​របស់​សហគមន៍​ដីធ្លី​ជាង ៤០​សហគមន៍ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់​ពី​ទូទាំង​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ទាមទារ​ឲ្យ​បញ្ឈប់​ការ​លុប​បឹង​នានា​នៅ​កម្ពុជា។

ខណៈ​ការ​ដើរ​ក្បួន​ហែ​ឆ្ពោះ​ទៅ​មន្ទីរ​រដ្ឋសភា បាន​ចាក​ចេញ​ពី​តំបន់​បឹងកក់ មក​ដល់​ប៉ែក​ខាង​ត្បូង ត្រង់​ចំណុច​មុខ​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កង​កម្លាំង​ប៉ូលិស ប៉េអឹម និង​កង​សន្តិសុខ​រាប់​សិប​នាក់​បាន​ស្ទាក់​ជាប់។

មន្ត្រី​សាលា​ខណ្ឌ​ដូនពេញ បាន​ជំរុញ​ឲ្យ​អ្នក​ហែ​ក្បួន​ជិះ​រ៉ឺម៉ក​ទេសចរណ៍​ទាំង​អស់​គ្នា ជំនួស​ឲ្យ​ការ​ដើរ ក្រោម​ហេតុផល​ថា ធ្វើ​ឲ្យ​រំខាន​ដល់​ចរាចរណ៍​សាធារណៈ។ ក្រុម​អ្នក​តវ៉ា​បាន​សុំ​ដើរ​តែ ១០០​នាក់ នៅ​សល់​ប៉ុន្មាន​ពួក​គាត់​ព្រម​ជិះ​រ៉ឺម៉ក។

ដោយ​ការ​ចរចា​មិន​បាន​សម្រេច អ្នក​ហែ​ក្បួន​បាន​ជិះ​រ៉ឺម៉ក​ទៅ​មន្ទីរ​រដ្ឋសភា។ តំណាង ៥​នាក់ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​យក​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋសភា។

ខ្លឹមសារ​នៃ​ញត្តិ​ដែល​ក្រុម​អ្នក​ហែ​ក្បួន​ផ្ញើ​ជូន​ចំពោះ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន គឺ​ពួក​គាត់​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ទៅ​លើ​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​ផ្ដល់​សិទ្ធិ​ដល់​វិនិយោគិន ឈ្មួញ និង​អ្នក​មាន​អំណាច ដើម្បី​វិនិយោគ និង​លុប​បឹង​ធម្មជាតិ។

តំណាង​ស្ត្រី​សហគមន៍​បឹងកក់ អ្នកស្រី បូវ សោភា ដែល​បាន​ចូល​ទៅ​ប្រគល់​ញត្តិ ថ្លែង​ថា អ្នកស្រី​មិន​សូវ​មាន​សង្ឃឹម​អំពី​ការ​ទប់​ស្កាត់​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្នកស្រី​ខំ​ឲ្យ​អស់​ចិត្ត៖ «ទាមទារ​ខាង​សភា កោះ​ហៅ​លោក ប៉ា សុជាតិវង្ស លោក កែប ជុតិម៉ា ឲ្យ​គាត់​មក​បក​ស្រាយ​រឿង​លុប​បឹង។ សួរ​ថា តើ​ការ​លុប​បឹង​ហ្នឹង​ចំណេញ​អី​ចំពោះ​ពលរដ្ឋ និង​ចំណេញ​អី​ដល់​រដ្ឋាភិបាល?...»

នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម មាន​ប្រសាសន៍​ថា បឹង​ចំនួន ២៥​ត្រូវ​បាន​គេ​លុប នៅ​រាជធានី​ភ្នំពេញ ក្នុង​អាណត្តិ​អភិបាល​ក្រុង​ពីរ​រូប គឺ​លោក កែប ជុតិម៉ា និង លោក ប៉ា សុជាតិវង្ស៖ «រយៈពេល​ជាង ១០​ឆ្នាំ​នេះ លុប​បឹង​សឹង​ថា ស្ទើរ​ថា​ផុត​បឹង​តែម្ដង ហើយ​ចុង​ក្រោយ​នេះ​មាន​បឹង​ទំពុន ដែល​មាន​ផ្ទៃ​ទឹក​ធំ​មែនទែន ហើយ​រដ្ឋាភិបាល​កំពុង​តែ​លុប​បឹង​ដើម្បី​អភិវឌ្ឍន៍ សង់​ផ្លូវ​មរតក​តេជោ​អី​នេះ។ បឹង​ដែល​សំខាន់​មួយ​ទៀត គឺ​ទំនប់​កប់​ស្រូវ...»

ស្ដី​អំពី​ការ​រារាំង​ការ​ហែ​ក្បួន​យុទ្ធនាការ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​លុប​បឹង មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា អះអាង​ថា វិធានការ​របស់​អាជ្ញាធរ​មាន​ភាព​លម្អៀង៖ «បើ​ប្រៀបធៀប​ទៅ​ក្រុម​លោក ស្រី ចំរើន ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​ដោយ​រលូន​ដូច​គណៈប្រតិភូ​មួយ​អ៊ីចឹង ហើយ​ការ​ដាក់​ញត្តិ​ទី​ណា​មួយ គឺ​មាន​សុវត្ថិភាព ហាក់​ដូច​ជា​មាន​អភ័យឯកសិទ្ធិ​ពិសេស។ នេះ​ជា​ការ​អនុវត្ត​ស្តង់ដារ​២ របស់​សមត្ថកិច្ច»

ទោះ​យ៉ាង​ណា​ក្ដី សកម្មជន​ដីធ្លី ជា​ពិសេស​តំណាង​ស្ត្រី​មក​ពី​សហគមន៍​បឹងកក់ ប្ដេជ្ញា​ថា នឹង​បន្ត​ការ​តស៊ូ​មតិ​តទៅ​ទៀត ដោយ​រួបរួម​គ្នា​ជាមួយ​សហគមន៍​ដីធ្លី​មក​ពី​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល