ជនជាតិ​ដើម​ភាគតិច​ស្នើ​ឱ្យ​អាជ្ញាធរ​រតនគិរី​ការពារ​ដើមឈើ​ធំៗ​លើ​កោះ​មួយ​កំពុង​ប្រឈម​ការ​កាប់​បំផ្លាញ

ដោយ ខែ សុណង
2022.05.07
Share on WhatsApp
Share on WhatsApp
ជនជាតិ​ដើម​ភាគតិច​ស្នើ​ឱ្យ​អាជ្ញាធរ​រតនគិរី​ការពារ​ដើមឈើ​ធំៗ​លើ​កោះ​មួយ​កំពុង​ប្រឈម​ការ​កាប់​បំផ្លាញ គំនរ​ឈើ ដែរ​ឈ្មួញ​វៀតណាម ដឹក​ពី​ព្រៃ​សហគមន៍​ឃុំ​សេសាន និងឃុំ​ញ៉ាង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី មក​គរ​ទុក​មាត់​ទន្លេ​សេសាន ត្រៀម​ដឹក​ចូល​ទឹកដីវៀតណាម ក្បែរ​នោះ កាល​ពី​ថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២០១៨។
Photo Provided

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​រាប់​រយ​គ្រួសារ រស់​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កៀក​ព្រំដែន​ប្រទេស​វៀតណាម អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ជួយ​ការពារ និង​អភិរក្ស ដើមឈើ​ធំៗ នៅ​លើ​កោះ​គ្រាំ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ កំពុង​ប្រឈម ការ​កាប់ បំផ្លិចបំផ្លាញ​ទ្រង់ទ្រាយ​ធំ​។ ប្រជា​សហគមន៍​នេសាទ រស់នៅ​តំបន់​នោះ ចាត់ទុក​កោះ​នេះ មាន​ទេសភាព​ធម្មជាតិ​ស្រស់បំព្រង ផ្តល់​ជម្រក​ត្រី​ពង​កូន បក្សាបក្សី និង ព្រៃ​ព្រឹក្សា ផ្តល់​ប្រយោជន៍​ច្រើន​ជួយ​សេដ្ឋកិច្ច​អ្នកភូមិ។

ប្រជា​សហគមន៍​នេសាទ និង​ជា​ជនជាតិ​ដើម​ភាគតិច រស់នៅ​ភូមិ​ប៉ាដល់ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ព្រួយ​បារម្ភ​ខ្លាចក្រែង ដើមឈើ​ធំៗ ប្រភេទ​ស្រឡៅ ផ្ចិក គគីរ និង ឈ្លីច ជាដើម ដុះ​នៅ​លើ​កោះ​គ្រាំ ដែល​អ្នកភូមិ​ខំ​ថែទាំ ទាញ​ប្រយោជន៍​ពី​ទេសភាព ដើម្បី​បង្កើត​អេកូ​ទេសចរ​ធម្មជាតិ​នៅ​តំបន់​នោះ ត្រូវ​បាន​កាប់​បំផ្លាញ ដោយ​ពលរដ្ឋ​មួយចំនួន​នៅ​មូលដ្ឋាន។

តំណាង​សហគមន៍​នេសាទ​ភូមិ​ប៉ាដល់ លោក វ៉ា វុធ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៦ មេសា​ថា មក​ទល់​ពេល​នេះ ដើមឈើ​ធំៗ​ជាង ១០​ដើម ឋិត​នៅ​លើ​កោះ​នេះ ត្រូវ​គេ​លួច​កាប់​រំលំ នៅ​រយៈពេល​ជិត ១​សប្តាហ៍​ចុង​ក្រោយ​នេះ​។ លោក​ថា ពួកលោក​បាន​ផ្តល់​ដំណឹង​នេះ ប្រាប់​នគរបាល​មូលដ្ឋាន និង អាជ្ញាធរ​ភូមិ​ដែរ ប៉ុន្តែ​គ្មាន​បាន​ផល​នោះ​ឡើយ​។ លោក​បន្ថែម​ថា កោះ​ធម្មជាតិ​មួយ​នេះ នៅ​សល់​ដើមឈើ​ធំៗ​ច្រើន​ជាងគេ មាន​កោះ​តូចៗ​ចំនួន ៥​ទៀត នៅ​កណ្តាល​ទន្លេសេសាន អម​ដោយ​ទេសភាព​ធម្មជាតិ គ្រប់​រដូវ​កាល ទាក់ទាញ​ភ្ញៀវ​ទេសចរ កំពុង​ប្រឈម​ការ​គំរាមកំហែង ដោយ​សកម្មភាព​កាប់​ឈើ​លក់​៖ «បើ​ជុំវិញ​កោះ​ហ្នឹង វា​មាន​ទឹក​ជួរ និង​ទឹកធ្លាក់ វា​ឮ​សំឡេង​ពីរោះ​។ មាន​ស្វា​ច្រើន អ្នកទិញ​ឈើ និង​ដឹកឈើ​ទៅមក ខ្ញុំ​ព្រួយបារម្ភ​ទៅ ហើយ​កាត់​វា​នៅ​ជុំវិញ​ហ្នឹង​ទៀត»

ជនជាតិ​ដើម​ភាគតិច រស់នៅ​ភូមិ​ប៉ាដល់ ស្រុក​អូរយ៉ាដាវ លោកស្រី ផា សុភី សង្កេត​ឃើញ​ថា ដើមឈើ​ធំៗ ដុះ​នៅ​លើ​កោះ​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់​រួមមាន ជម្រក​ស្វាព្រៃ កំប្រុក បក្សាបក្សី និង កន្លែង​ត្រី​ពង​កូន​យ៉ាង​សំខាន់ នៅ​តាម​ដង​ទន្លេសេសាន។ លោកស្រី អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ នៅ​តំបន់​នោះ ព្រោះ​អ្នក​ភូមិ មាន​គ្នា​តិច ពុំ​មាន​លទ្ធភាព​ទប់ទល់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​បាន​ទេ ៖«​នៅ​លើ​កោះ​ហ្នឹង​សំបូរ​ដោយ​ធនធាន​ធម្មជាតិ ដល់​ខែ​រដូវវស្សា របស់​ហូប​ផ្លែ​ក៏​មាន សត្វ​ស្វា ក៏​មាន កាលណា​កាប់​ឈើ​មានអី​នៅ ជម្រក​សត្វ​គ្រប់​ប្រភេទ​រត់​អស់​ហើយ បើ​កាប់​រំលំ​ព្រៃឈើ​អស់​ហើយ»

កោះ​គ្រាំ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា កោះ​ក្រំ មាន​ផ្ទៃដី​ជាង ៣០​ហិកតារ ដោយ​មាន​ព្រៃឈើ​ហ៊ុមព័ទ្ធ​គ្រប់​ច្រក​ល្ហក​។ កោះ​នេះ ឋិត​នៅ​កណ្តាល​ទន្លេ​សេសាន ក្នុង​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ជាប់​ព្រំប្រទល់​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី កៀក​ព្រំដែន​វៀតណាម។

ឆ្លើយតប​រឿង​នេះ នាយ​ប៉ុស្តិ៍​នគរបាល ឃុំ​សេសាន លោក រម៉ាប ផាត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​ទេ​នៅ​ឡើយ​ទេ។ តែ​យ៉ាងណា​លោក​ថា នឹង​ចុះ​ពិនិត្យ​ទីតាំង​បទល្មើស​ព្រៃឈើ​នៅ​លើ​កោះ​នោះ ប្រសិនបើ​រក​ឃើញ​ថា កើត​មាន​បទល្មើស​ព្រៃឈើ លោក​នឹង​អនុវត្ត​ច្បាប់។

ចំណែក អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី លោក នាង សំអាត មាន​ប្រសាសន៍​ថា សហគមន៍​អាច​សរសេរ​លិខិត​ផ្ញើ​មក​សាលាខេត្ត​រតនគិរី ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យ​មើល​ថា តើ​គួរ​ឱ្យ​មន្ត្រី​ជំនាញ​ណាមួយ​ដោះស្រាយ​រឿង​នេះ​។ លោក​ថា ចំពោះ​ការ​កាប់​ឈើ នៅ​លើ​កោះ​នេះ លោក​មិន​បានដឹង​នោះ​ទេ ហើយ​ប្រសិន​បើ​សហគមន៍​ចង់​អភិរក្ស​កោះ​នោះ គឺជា​សិទ្ធិ​របស់​ពលរដ្ឋ តែ​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​នី​វិធី៖«យើង​អត់​ទាន់​ហ៊ាន​ថា អាហ្នឹង​វា​យ៉ាងម៉េច​ទេ ប៉ុន្តែ​បើសិនជា​បញ្ហា​ហ្នឹង វា​អ៊ីចឹង​មែន ឱ្យ​គាត់​ដាក់​មក​ខេត្ត​មក បើ​គាត់​ដាក់​មក​ឃុំ និង​ស្រុក​មិន​ធ្វើការ​។ អភិរក្ស​ជា​សិទ្ធិ​របស់​សហគមន៍​ទេ ឱ្យ​តែ​ស្របតាម​នីតិវិធី»

ជុំវិញ​រឿង​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ ដែល​ចុះ​អង្កេត​រឿង​នេះ បារម្ភ​ថា ភូមិ​ប៉ា​ដល់​ធ្លាប់​មាន​រៀង​អាស្រូវ​ច្រើន ដែល​អាជ្ញាធរ​ខ្មែរ និង​វៀតណាម ប្រព្រឹត្ត​អំពើពុករលួយ នាំ​ឈើ​ហ៊ុ​ប​ធំៗ ដឹក​ឆ្លង​ដែន ទៅ​លក់ នៅ​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៩​។ ប្រការ​នេះ លោក​បារម្ភ​ថា ដើមឈើ​ធំៗ​មាន​តម្លៃ នៅ​លើ​កោះ​នេះ អាច​នឹង​បាត់បង់ ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​អើពើ៖ «អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ធ្វើ​យ៉ាងណា​ជួយ​ថែរក្សា​អ្វី​ដែល​ផលប្រយោជន៍​ពលរដ្ឋ និង ប្រយោជន៍​ជាតិ យើង​គួរតែ​ថែរក្សា​ទាំងអស់គ្នា​មិនមែន​ឃើញ​លុយ​ហើយ ត្របាក់​លុយ​គេ​អ៊ីចឹង​ទេ»

កាល​ពី​ចុង​ឆ្នាំ​២០១៨ ពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​នាំគ្នា​លក់​ឈើមូល​ក្នុង​ព្រៃ​ឲ្យ​ឈ្មួញ​ខ្មែរ និង​ឈ្មួញ​ជនជាតិ​វៀតណាម ក្នុង​តម្លៃ ៤​ម៉ឺន​ដុល្លារ ដើម្បី​យក​ប្រាក់​ស្ថាបនា​ផ្លូវថ្នល់​មួយ​ខ្សែ ក៏ប៉ុន្តែ​ឈ្មួញ​បែរជា​លួច​អារ​រំលំ​ឈើ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ លើស​ពី​កិច្ចព្រមព្រៀង​។ អ្នកភូមិ​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ខ្លះ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ជនជាតិ​វៀតណាម ប្រព្រឹត្ត​អំពើពុករលួយ នាំ​ឈើ​ពី​តំបន់​នោះ ដឹក​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ប្រធានាធិបតី​អាមេរិក​ប្រាប់​ឱ្យ​កែ​លំអ​ស្ថានភាព​សិទ្ធិមនុស្ស មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។