ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យពលរដ្ឋនៅខេត្តចំនួន១៤ ប្រុងប្រយ័ត្នជាមុន ដែលនឹងរងការជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី១៥ ដល់១៩ កញ្ញា។ បណ្ដាខេត្តចំនួន១៤ នោះ គឺមានខេត្តត្បូងឃ្មុំ កំពង់ចាម រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ កំពង់ធំ ព្រៃវែង ស្វាយរៀង និងខេត្តទាំង៤ជាប់មាត់សមុទ្រ។
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដែរថា ខេត្ត រាជធានីទាំង១៤ នឹងរងការជន់លិច ៤ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ដោយសារភ្លៀងធ្លាក់ខ្លាំងនោះ។ ពលរដ្ឋរស់នៅ ក្បែរស្ទឹងសែន នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ម្នាក់ គឺលោក ចែ ស៊ីណា ប្រាប់ថា ទឹកនៅស្ទឹងសែន បានហក់ឡើងខ្លាំង ពៀបមាត់ច្រាំងនៃស្ទឹងហើយ។ លោកបន្តថា នៅថ្ងៃទី១៤ កញ្ញា គ្មានភ្លៀងធ្លាក់ទេ ដូច្នេះ ទឹកនៅស្ទឹងសែន មិនទាន់ហក់ឡើងបន្ថែមទេ។ តែប្រសិនបើភ្លៀងនៅពេលយប់ ឬថ្ងៃទី១៥ កញ្ញា ទឹកស្ទឹងអាចនឹងហក់ឡើងថែមទៀត។
សេចក្ដីជូនដំណឹងបញ្ជាក់បន្ថែមដែរថា ចំណែកខេត្តផ្សេងទៀត ក៏រងការធ្លាក់ភ្លៀង រប៉ាត់រប៉ាយដែរ ខណៈបាតុភូត ផ្គរ រន្ទះ នឹងកើតមានញឹកញាប់។ ឯរលកសមុទ្រ នឹងមានកម្ពស់ខ្ពស់ ដូច្នេះ ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋនៅប៉ែកខាងសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។