កម្ពុជានឹងបន្តជួបព្យុះ២បន្ថែមទៀត ដែលបង្កជាជំនន់ទឹកភ្លៀងលិចខេត្តមួយចំនួនទៀត
2020.10.10

ក្រសួងធនធានទឹកប្រកាសថា កម្ពុជានឹងបន្តជួបព្យុះ ២បន្ថែមទៀត ដែលបង្កឲ្យមានជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនទៀតនៅបណ្ដាខេត្តពាយ័ព្យ និងភាគខាងជើង ស្ថិតនៅតំបន់ភ្នំ។ អាជ្ញាធរខេត្តមួយចំនួនបានជម្លៀសពលរដ្ឋ សត្វចិញ្ចឹម និងសម្ភារៈរបស់ពលរដ្ឋដែលងាយរងគ្រោះទៅលើខ្នងភ្នំ និងទីទួលមានសុវត្ថិភាព បន្ទាប់ពីជំនន់ទឹកភ្លៀងធ្លាក់ជាប់ៗ គ្នា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់ស្លាប់ ដោយសារលង់ទឹកក្នុងគ្រោះជំនន់ទឹកភ្លៀងនេះ។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី៧ ដល់ទី១០ តុលា បង្កជាទំនន់ទឹកភ្លៀង គឺដោយសារកម្ពុជាកំពុងទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ)។ លោកថា តំបន់មួយចំនួននៅភាគពាយ័ព្យ និងភាគខាងជើង ព្រមទាំងតំបន់ភ្នំ ដូចជាខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យជាដើមងាយនឹងរងគ្រោះដោយជំនន់ទឹកភ្លៀង៖ «យើងមិនអាចជម្នះនូវធម្មជាតិបានទេ គ្រាន់តែធ្វើម៉េចសម្រួលកុំឲ្យមានផលប៉ះពាល់ និងមានការខូចខាតធ្ងន់ធ្ងរតែប៉ុណ្ណោះ។ ហើយក្រសួងនឹងធ្វើសេចក្តីជូនដំណឹងមួយជម្រាបជូនថា សភាពការណ៍នៅបន្តៗទៅមុខទៀត គឺអាចមានព្យុះ ២ កើតខាងមុខទៀត។ ព្យុះនោះ ឆាប់ៗនេះនឹងមានកកើតទៅវិសម្ពាធហើយ តែឥទ្ធិពលមិនធ្ងន់ធ្ងរពេកទេចំពោះកម្ពុជាយើង»។
ជំនន់ទឹកភ្លៀង ដែលបានហូរបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះនៅផ្នែកទំនាប ហើយជន់លិចស្រុកមួយចំនួនដូចជា ស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបវេល ជាដើម។
ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង លោកស្រី ធួន ធនធាន រៀបរាប់ថា ភ្លៀងធ្លាក់លិចផ្ទះលោកស្រី មិនអាចចុះទៅណាបាននោះទេ ដោយសារលោកស្រីមានកូនតូចៗ ហើយត្រូវឲ្យកូនប្រុសលោកស្រីម្នាក់ទៀតហែលទឹកទៅទិញចំណីអាហារ ឬសម្ភារៈផ្សេងៗជូនលោកស្រី។ ក្រៅពីបារម្ភពីសុវត្ថិភាពរបស់កូនៗ លោកស្រីថា ជំនន់ទឹកភ្លៀងធ្វើឱ្យខូចខាតដំណាំជាច្រើននៅក្នុងភូមិចំនួន ៧នោះ ដូចជាស្រូវ២ហិកតារ ស្លឹកគ្រៃ១ហិកតារ ផលដំណាំផ្សេងទៀត៖ «លិចទាំងអស់ត្រឹមទ្រូងហ្មង បង្គោលរបងភូមិអីលិចផុតអស់ អត់មានអីទេ ស្រូវអីខូចខាតទាំងអស់ ម្នាស់ស្អីៗហ្នឹងមិនមានទេអូន។ សុំសំណូមពររាជរដ្ឋាភិបាលឲ្យជួយដល់គ្រួសារបងផ្ទាល់ ហើយនឹងប្រជាជនទាំងអស់គ្នាហ្នឹងអូន។ ជនរងគ្រោះអ៊ីចឹងសុំឲ្យគាត់ជួយកុំឲ្យសុំរើសអើង សុំឲ្យជួយទាំងអស់គ្នាទៅអ្នករងគ្រោះហ្នឹង បងសុំចង់បានប៉ុណ្ណឹងណាអូន ព្រោះបងអត់ដែលបានអីទេអូន ខូចខាតអីក៏ដោយ»។
រីឯនៅខេត្តប៉ៃលិនវិញ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ផលប៉ះពាល់ធ្ងន់ធ្ងរ និងការខូចខាតដោយសារជំនន់ទឹកភ្លៀង គឺនៅស្រុកសាលាក្រៅ ទឹកជន់លិចផ្ទះប្រជាពលរដ្ឋ ៣៩៨ខ្នង សាលារៀន ១កន្លែង វត្តចំនួន ២កន្លែង និងកំពុងបន្តជន់លិចចូលចំណុចផ្សេងទៀត គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនលោក រឿន រ៉ុង ឲ្យអាស៊ីសេរីដឹងថា ភ្លៀងធ្លាក់ខ្លាំងចុងក្រោយនេះ ធ្វើឲ្យទឹកជនលិចផ្ទះ ភូមិ ស្រុកជាច្រើន ក្នុងខេត្តប៉ៃលិន និងខូចខាតសម្ភារៈ ដំណាំដំឡូងរបស់លោក ចំនួន ៣ហិកតារ ស្រូវ២ហិកតារ និងសត្វចិញ្ចឹមរបស់លោករាប់សិបក្បាលងាប់ និងហូរទៅតាមខ្សែទឹក។ លោកបន្តថា សត្វចិញ្ចឹមរបស់អ្នកភូមិ និងពលរដ្ឋជាច្រើន រួមទាំងក្មេងតូចៗត្រូវបានជម្លៀសទៅលើខ្នងភ្នំ និងទីទួលមានសុវត្ថិភាពជាដើម។
លោក រឿន រ៉ុង បញ្ជាក់ទៀតថា លោកមានការលំបាកក្នុងការធ្វើដំណើរ ដោយសារទឹកជន់លិចផ្លូវ ដែលមានកម្ពស់ខ្ពស់ផុតទ្រូង ហើយត្រូវហែលទឹកគ្រប់ពេល ដូចជាទិញអីវ៉ាន់ ឬទៅធ្វើអ្វីមួយជាដើម៖ «គេឡើងទៅភ្នំអស់ នៅតែផ្ទះ មនុស្សទុកចោលគេឡើងទៅភ្នំអស់ អត់មានអ្នកហ៊ាននៅទេ ព្រោះវាលិចជ្រៅពេក។ សុំឲ្យគាត់ជួយដោះស្រាយដល់ប្រជាពលរដ្ឋលិចលង់ហ្នឹងឲ្យគាត់ជួយដោះស្រាយផង ព្រោះវាលិចលង់អស់តែហ្មង លិចអស់តែហ្មង ដំឡូង ស្រូវ លិចអស់តែហ្មង និយាយរួមវាជម្រៅទឹកជ្រៅមែនទែនតែហ្មង»។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ បន្តប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ស្របពេលអាជ្ញាធរនៅតំបន់ដែលមានទឹកជំនន់ កំពុងមមាញឹកក្នុងប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសពលរដ្ឋ។
ចំណែកនៅក្នុងខេត្តពោធិ៍សាត់វិញ ឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល ៥ថ្ងៃជាប់ៗ គ្នានេះ បានបង្កឲ្យមានទឹកជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ ចំនួន ៥ក្រុង/ស្រុក និង ២៩ឃុំ/សង្កាត់ ដែលបានប៉ះពាល់ដល់លំនៅឋាន ស្រូវ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងស្រុកវាលវែង ក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ស្រុកភ្នំក្រវាញ និងបាកាន។
កាលពីថ្ងៃទី១០ តុលា កម្ពស់ទឹក នៅស្រុកក្រវាញ មានចំនួនជាង ៧ម៉ែត្រ (៧,១៩ម៉ែត្រ) ចំណែកនៅក្រុងពោធិ៍សាត់ កំពុងឡើងបន្តទៀត ដែលទាមទារឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។