អាជ្ញាធរខេត្តបាត់ដំបងបានបញ្ជូនសមត្ថកិច្ចជាច្រើននាក់ ទៅច្រកដីខ្សាច់ដាក់ស្បោងយកទៅទប់នៅទីទំនាបតាមមាត់ស្ទឹងសង្កែនៅក្រុងបាត់ដំបង ដើម្បីការពារមិនឲ្យទឹកជំនន់ហូរចូលក្រុងបាត់ដំបង។ប្រជាពលរដ្ឋអះអាងថា ផលដំណាំ និងផ្ទះរបស់ពលរដ្ឋជាច្រើនខ្នងនៅប៉ែកខាងក្រោមដងស្ទឹងសង្កែក្នុងស្រុកឯកភ្នំ ត្រូវបានទឹកជន់លិចបណ្ដើរៗហើយ។
ប្រជាពលរដ្ឋនៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ លោក រ៉េន សារ៉េត ឲ្យដឹងនៅរសៀលថ្ងៃទី១៦ សីហាថា ទឹកជំនន់នៅក្នុងស្ទឹងសង្កែ បានហក់ឡើងខ្លាំង តាំងព្រឹកព្រលឹមថ្ងៃទី១៦ សីហា ហើយគិតត្រឹមរសៀលថ្ងៃដដែល ទឹកបានឡើងលិចដំណាំស្រូវរបស់ពលរដ្ឋនៅតំបន់ពួកគាត់រស់នៅខូចខាតអស់ប្រមាណ៣០០ ហិកតារ។ ពលរដ្ឋរូបនេះអះអាងទៀតថា ចំណែកផ្ទះរបស់ពលរដ្ឋនៅអមដងស្ទឹងសង្កែក្នុងភូមិរាជដូនកែវ និងភូមិព្រែកត្រប់រាប់រយខ្នងផ្ទះត្រូវបានទឹកហូរចូលត្រឹមក្បាលជង្គង់អស់ហើយ។ «»
លោកបន្ថែមទៀតថា ទឹកជំនន់ក្នុងស្ទឹងសង្កែនេះ ជាលើកដំបូងហើយ ដែលហក់ឡើងខ្លាំងក្នុងឆ្នាំ២០១៨នេះ ក្រោយពីទឹកបានហក់ឡើងជាច្រើនដង តែមិនបានលិចផ្ទះរបស់ប្រជាពលរដ្ឋដូចពេលនេះទេ។
អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ផ្ដល់បទសម្ភាសន៍ឲ្យអ្នកកាសែតនៅព្រឹកថ្ងៃទី១៦ សីហាថា ស្ថានភាពទឹកជំនន់នៅក្នុងស្ទឹងសង្កែឡើងដល់កម្រិតប្រកាសអាសន្នហើយ ប៉ុន្តែលោកអះអាងថា ទឹកមិនទាន់ហូរចូលខូចខាតផលដំណាំនិងផ្ទះសម្បែងរបស់ពលរដ្ឋនៅក្រុងបាត់ដំបងនៅឡើយទេ។
អាជ្ញាធរខេត្តបាត់ដំបងបានដឹកនាំកម្លាំងសមត្ថកិច្ច ប្រមាណ ៥០នាក់ ហើយនាំគ្នាយកការ៉ុងច្រកដីខ្សាច់ទប់ទឹកនៅមាត់ស្ទឹងសង្កែត្រើយខាងកើត នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ដើម្បីការពារកុំឲ្យទឹកហូរចូលក្រុងបាត់ដំបង។
ទឹកស្ទឹងសង្កែហក់ឡើងនេះ ដោយសារមានជាប់ៗគ្នានៅតំបន់ប៉ែកខាងលើ នៃស្ទឹងសង្កែ ក្នុងស្រុកសំឡូត នឹងទឹកហូរចេញពីតំបន់ព្រំដែនកម្ពុជាថៃ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាស កាលពីរសៀលថ្ងៃទី១៦ សីហា ឲ្យប្រជាពលរដ្ឋនៅតាមដងស្ទឹងសង្កែ មានការប្រុងប្រយ័ត ព្រោះទឹកបន្តហក់ឡើងបន្ថែមទៀតរហូតដល់យប់ថ្ងៃដដែល ទើបស្រកចុះវិញ។
ចំណែកនៅខេត្តព្រៃវែងឯណោះវិញ ទឹកទន្លេមេគង្គបានឡើងហូរឆ្លងកាត់ផ្លូវលំចំនួន២ខ្សែ មានប្រវែងជាង២០គីឡូម៉ែត្រ នៅឃុំកំពង់សឹង និងឃុំរាធរ ស្រុកព្រះស្ដេច ហើយអាជ្ញាធរស្រុកនេះក៏បានចាក់ដីទប់ទឹកការពារកុំឲ្យលិចផ្លូវ ដែលប៉ះពាល់ដល់អ្នកធ្វើដំណើរនៅផ្លូវទាំង២ខ្សែនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។