ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ​ជួប​ការ​លំបាក​ព្រោះ​ជំនន់​ទឹក​ភ្លៀង​លិច​លង់​ភូមិ​ឋាន

ជំនន់​ទឹក​ភ្លៀង​​លិច​ផ្ទះ​ពលរដ្ឋ​នៅ​ក្រុម ២៧ ភូមិ ៥ សង្កាត់​លេខ ៤ ​ក្រុង​ព្រះសីនុ នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ២០១៩។
ជំនន់​ទឹក​ភ្លៀង​​លិច​ផ្ទះ​ពលរដ្ឋ​នៅ​ក្រុម ២៧ ភូមិ ៥ សង្កាត់​លេខ ៤ ​ក្រុង​ព្រះសីនុ នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ២០១៩។ (រូប៖ អង្គការ អាដហុក ខេត្ត​ព្រះសីហនុ)

0:00 / 0:00

ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ កំពុង​ជួប​ការ​លំបាក​ព្រោះ​ជំនន់​ទឹកភ្លៀង ធ្វើ​ឱ្យ​លិចលង់​ភូមិឋាន​របស់​ពួកគេ។ ពេលនេះ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​កំពុង​បារម្ភ​ពី​បញ្ហា​សុខភាព​ព្រោះ​ពួកគេ​លើកឡើង​ថា ទឹក​ដែល​លិចលង់​ទាំងនោះ​ហូរហៀរ​ចេញ​បង្គន់ និង​ប្រឡាយ​ទឹក​ស្អុយ និង​ពោរពេញ​ដោយ​សំរាម។

ពលរដ្ឋ​រស់នៅ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ម្នាក់​លោក សំ សុខចក្រឌិន ប្រាប់​អាស៊ីសេរី​ថា ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ​ធ្វើ​ផ្ទះ​របស់​លោក និង​ផ្ទះ​ពលរដ្ឋ​ផ្សេងទៀត រង​ការ​លិចលង់​។ លោក​ឱ្យ​ដឹង​ទៀត​ថា ទឹក​នោះ​លាយឡំ​នឹង​កាកសំណល់​កខ្វក់ និង​សំរាម និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ជួប​បញ្ហា​កន្ទួល​របស់​រមាស់​ស្បែក៖ «សុទ្ធ​ទឹក​កាកសំណល់​ទាំងអស់​ទឹក​ចេញពី​បង្គន់ ចេញ​ពី​អូរ​ដែល​ចោល​គេ​កាក​សំណល់ និយាយ​ទៅ​ទឹក​ហ្នឹង​ត្រូវតែ​រមាស់​ហើយ»។

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា តំបន់​ដែល​ជួប​បញ្ហា​លិចលង់​ខ្លាំង​ជាងគេ​គឺ​នៅ​តំបន់​អូរ ហើយ​ទឹក​ឆ្នាំនេះ​ខ្លាំង​ជា​ឆ្នាំ​មុនៗ និង​កខ្វក់​ជាង​ឆ្នាំ​មុនៗ។

ពលរដ្ឋ​ម្នាក់ទៀត​លោក ស៊ុន សុផាត ឱ្យ​ដឹង​ដែរ​ថា ជំនន់​ទឹក​ប៉ុន្មាន​ថ្ងៃនេះ ធ្វើ​ឱ្យ​ដាច់​ខូច​ផ្លូវ​បណ្ដាល​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត​ផង។ លោក​រិះគន់​ថា បញ្ហា​ខូច​ផ្លូវ​នេះ​ព្រោះ​អាជ្ញាធរ​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ដឹកទំនិញ​លើស​ទម្ងន់ និង​ភាព​គ្មាន​ម្ចាស់ការ​របស់​អាជ្ញាធរ​ខេត្ត៖ «ផ្លូវ​ខូច​ខ្ទិច​ខ្ទី​អស់​ហើយ គេ​ដឹក​ឡាន​ធ្ងន់ៗ ការ​អភិវឌ្ឍ​ហ្នឹង អត់​រៀបចំ​ប្រព័ន្ធ​ទឹក​មុន​ឃើញ​តែ​សាងសង់​អភិវឌ្ឍ​អគារ​សុទ្ធតែ​រាប់​ជាន់​អត់​រៀបចំ​ប្រព័ន្ធ​ទឹក​ឱ្យ​ហើយ»។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី សង្កេត​ឃើញ​ថា តំបន់​ដែល​ជួប​បញ្ហា​លិចលង់​មាន​ពីរ​ភូមិ​គឺ​ភូមិ​៤ និង​ភូមិ​៥ ក្នុង​ក្រុងព្រះសីហនុ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ជួប​ការ​លំបាក​។ អ្នកស្រី​យល់ថា អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុងព្រះសីហនុ​ជួប​បញ្ហា​នេះ ព្រោះ​ប្រព័ន្ធ​បង្ហូរ​ទឹក​តូច​ចង្អៀត និង​សំរាម​យ៉ាង​ច្រើន​បាន​ធ្វើ​ឱ្យ​ស្ទះ​មាត់​លូ ហើយ​ចំណុច​សំខាន់​មួយទៀត​នោះ​គឺ បឹង អូរ ដែល​ជា​កន្លែង​ស្តុប​ទឹក​សំខាន់ៗ ត្រូវ​ជនខិលខូច​លុប​ចោល​យក​ធ្វើជា​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ៖ «បឹង អូរ ប្រឡាយ​ពី​ដើម​ធំៗ​ដែរ ប៉ុន្តែ​ឥឡូវ​វា​ត្បៀត​តូចៗ​អស់ហើយ ហើយ​ការដ្ឋាន​សំណង់​មួយ​ចំនួន​ក៏​បង្ក​ឱ្យ​ស្ទះ​ចរន្ត​ទឹក​ដែរ»។

អាស៊ីសេរី​មិនទាន់​បញ្ជាក់​ពី​ចំនួន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់ ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៧ ខែ​សីហា។

ជុំវិញ​ដំណោះ​បញ្ហា​សំរាម និង​ទឹក​កខ្វក់​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ខេត្ត​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ យ៉ាង​ចិត្ត​ទុកដាក់។ អ្នកនាំពាក្យ​រូប​នេះ ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​កំពុង​ជួសជុល​ផ្លូវ​ចំនួន ២២​ខ្សែ រៀបចំ​ធ្វើ​ប្រព័ន្ធ​លូ អាង​ស្តុប​ទឹក​កខ្វក់​បន្ថែម​៖ «រឿង​ប្រព័ន្ធ​លូ​កាក​សំណល់​ការដ្ឋាន និង​សំណល់​ដែល​ចេញពី​ការប្រើប្រាស់​យើង​កំពុង​ប្រឈម ប៉ុន្តែ​ក៏​យើង​ព្យាយាម​ដោះស្រាយ​ដែរ​ធ្វើជា​ប្រចាំ​ហើយ​មិន​ត្រឹមតែ​រដ្ឋបាល​ខេត្ត​ទេ អ្នក​ពាក់ព័ន្ធ​ត្រូវ​ជួយ​ធ្វើ​ទាំងអស់​គ្នា​ដើម្បី​ដោះ​បញ្ហា​ហ្នឹង»។

ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់ ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​និង​ថែទាំ​សុខភាព។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អំពាវនាវ​ដល់​ពលរដ្ឋ ត្រូវ​សម្រាក​ក្នុង​មុង​ឱ្យ​បាន​គ្រប់​វេលា ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​ផ្សេងៗ​។ អាណាព្យាបាល​ត្រូវ​នាំទៅ​ចាក់​ថ្នាំ​បង្ការ​តាម​ការកំណត់​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ និង​ត្រៀម​ទុក​ថ្នាំពេទ្យ​ចាំបាច់​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ។ ករណី​មាន​ពស់​ចឹក សូម​បញ្ជូន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​ជិត​បំផុត ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ។

ក្រសួង​ណែនាំ​ពលរដ្ឋ​ឱ្យ​បរិភោគ​ចំណីអាហារ​ស្អាត ទឹក​ស្អាត និង​អនាម័យ​ខ្លួនប្រាណ​ឱ្យ​បាន​ស្អាត ដើម្បី​ជៀសវាង​នូវ​ជំងឺ​ផ្សេងៗ​។ ដើម្បី​ជៀសវាង​បញ្ហា​រាគ​រួស រាគ​មួល ពុល​ចំណីអាហារ ឬ​ជំងឺ​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​ទឹក សូម​ពិសា​ទឹក​ស្អាត​ដោយ​ប្រើ​ធុង​ចម្រោះ ឬ​ដាំ​ទឹក​ឱ្យ​ពុះ ឬក៏​ប្រើ​ថ្នាំ​ក្លរីន​ដើម្បី​សម្លាប់​មេរោគ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។