ស្រូវ​ប្រាំង​ប្រមាណ​២​ពាន់​ហិកតារ​រង​ការ​លិចលង់​ដោយសារ​ជំនន់​ទឹក​ស្ទឹងសែន

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្ដីដូង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បារម្ភ​ថា ប្រសិន​បើ​ស្ថានភាព​ទឹក​ជំនន់​ស្ទឹងសែន​បន្ត​ឡើង​ទៀត នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​ស្ថានភាព​ទឹក​ស្ទឹងសែន​បាន​ហក់​ឡើង​ខ្ពស់​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ធ្វើ​ឲ្យ​ស្រូវ​ប្រាំង​របស់​ពលរដ្ឋ​ប្រមាណ ២​ពាន់​ហិកតារ​រង​ផល​ប៉ះពាល់។ អាជ្ញាធរ​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ស្ថានភាព​ទឹក​ស្ទឹងសែន នៅ​មិន​ទាន់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ ហើយ​ពួក​គេ​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ។

ពលរដ្ឋ​នៅ​ឃុំ​ក្ដីដូង បារម្ភ​ថា ប្រសិន​បើ​ស្ថានភាព​ទឹក​ជំនន់​ស្ទឹងសែន​បន្ត​ឡើង​ទៀត ស្រូវ​ប្រាំង​រង​ផល​ប៉ះពាល់​កាន់​តែ​ច្រើន ម្យ៉ាង​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​តែ​ម្តង។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន និង​ស្វែងរក​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​នៅ​ពេល​ទឹក​លិច​ភូមិដ្ឋាន និង​សម្រាប់​រក្សា​ទុក​សត្វ​ពាហនៈ គេច​ផុត​ពី​ការ​លិចលង់ ជាដើម។

ពលរដ្ឋ​នៅ​ឃុំ​ក្ដីដូង លោក ផូ សង្ហា មាន​ប្រសាសន៍​ថា ពួក​គាត់​ដែល​រស់នៅ​ផ្នែក​ខាង​ក្រោម​ដង​ស្ទឹងសែន កំពុង​ប្រឈម​ការ​ខូចខាត​ស្រូវ​ប្រាំង​រាប់​ពាន់​ហិកតារ ហើយ​ស្ថានភាព​ទឹក​នៅ​តែ​កើន​ឡើង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ លោក​បន្ត​ថា ទឹក​ស្ទឹង​ចាប់​ផ្ដើម​សម្រុក​ឡើង​ខ្លាំង​ចាប់​ពី​ថ្ងៃ​ទី​២២ កក្កដា បណ្ដាល​ឲ្យ​ស្រូវ​ប្រាំង​របស់​ពលរដ្ឋ​លិចលង់ ហើយ​អ្នក​ភូមិ​បង្ខំ​ចិត្ត​ច្រូត​ទាំង​ខ្ចី​ទាំង​ទុំ ព្រោះ​ខ្លាច​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​ត្រូវ​ប្រជែង​គ្នា​ដើម្បី​បាន​ជួល​ម៉ាស៊ីន​ច្រូត​ស្រូវ​រៀងៗ​ខ្លួន​ទៀត​ផង៖ « ធម្មតា​ អ្នក​ស្រែ ​តែង​ យក​លុយ ​អង្គការ​ អ៊ីចឹង ​ទៅ ដើម្បី​មក​ធ្វើ​ដើមទុន​ធ្វើ​ស្រូវ​ប្រាំង ព្រោះ​ស្រូវ ​ប្រាំង​ត្រូវការ​ ដើម​ទុន ​ច្រើន មិន​ដូច​ ស្រូវ​វស្សា ​ទេ »

ពលរដ្ឋ​ដដែល​បញ្ជាក់​ថា ទឹក​ស្ទឹងសែន​នឹង​អាច​ហក់​ឡើង​បន្ត​ទៀត ហើយ​ស្រូវ​ប្រាំង​របស់​ពួក​គាត់​នឹង​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ។ លោក​ឲ្យ​ដឹង​ថា ពលរដ្ឋ​កំពុង​ស្វែងរក​ទីទួល​សុវត្ថិភាព​បណ្ដើរៗ ដើម្បី​ទប់ទល់​ស្ថានភាព​ទឹក​ជំនន់​នេះ ម្យ៉ាង​ការពារ​ទ្រព្យ​សម្បត្តិ និង​ជា​កន្លែង​សម្រាប់​សត្វ​គោ​ក្របី​ផង។

ស្រូវ​ប្រាំង​ដែល​ពលរដ្ឋ​ប្រមូល​ផល នៅ​ឃុំ​ក្ដីដូង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided
ស្រូវ​ប្រាំង​ដែល​ពលរដ្ឋ​ប្រមូល​ផល នៅ​ឃុំ​ក្ដីដូង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided (Photo Provided)

ជំទប់​ទី​២ ឃុំ​ក្ដីដូង លោក ជូ ភី ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​កំពុង​យក​ចិត្ត​ទុក​ដាក់​តាមដាន​ស្ថានភាព​ទឹក​ជំនន់​មួយ​នេះ និង​ធ្វើ​របាយការណ៍​ពី​ផល​ប៉ះពាល់​ដើម្បី​រាយការណ៍​ទៅ​មន្ត្រី​ពាក់ព័ន្ធ។ លោក​អះអាង​ថា ក្នុង​ចំណោម​ភូមិ​ចំនួន​៤ នៅ​ឃុំ​ក្ដីដូង គឺ​មាន​ពលរដ្ឋ​នៅ​ភូមិ​ចំនួន​បី​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ស្ទឹងសែន លិច​ស្រូវ​ប្រាំង​របស់​ពួក​គាត់ ហើយ​លោក​ប៉ាន់​ប្រមាណ​ថា ស្រូវ​ប្រាំង​របស់​អ្នក​ភូមិ​ប្រហែល ២​ពាន់​ហិកតារ​កំពុង​រង​ផល​ប៉ះពាល់៖ « ប្រសិន​បើ ​ទឹក​ហ្នឹង​ នៅ​តែ ​ឡើង ខ្ញុំ​ គិត​ថា ​នឹង​ ប៉ះពាល់​ដល់ ​សត្វ និង​មនុស្ស​ ទៅ​ទៀត »

ជំទប់​ឃុំ​រូប​នេះ​បន្ថែម​ថា ផែនការ​បន្ត​ទៀត ទាំង​អាជ្ញាធរ​ឃុំ និង​មេ​ភូមិ​ទាំងអស់ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​តាមដាន​បញ្ហា​ប្រឈម​មួយ​នេះ។

ខេត្ត​កំពង់ធំ មាន​ក្រុង​មួយ និង​ស្រុក​ចំនួន​៣ ដែល​នៅ​ជាប់​ដង​ស្ទឹងសែន គឺ​ស្រុក​សណ្ដាន់ ស្រុក​ប្រាសាទសំបូរ ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន។

អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា កម្ពស់​ទឹក​ស្ទឹងសែន​នៅ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​ទេ ហើយ​ស្ថានភាព​ទឹក​ឡើង​យឺត ព្រោះ​កម្ពស់​ទឹក​បឹង​ទន្លេសាប​នៅ​ទាប បណ្ដាល​ឲ្យ​ទឹក​ហូរ​លឿន។ យ៉ាង​នេះ​ក្តី លោក​បារម្ភ​ថា ទឹក​នឹង​អាច​ឡើង​ក្នុង​រយៈពេល ២​ថ្ងៃ​ទៀត បើ​ទោះ​បី​ជា​ទឹក​ស្ទឹងសែន​នៅ​ផ្នែក​ខាង​លើ​ក្នុង​ខេត្ត​ព្រះវិហារ ស្រក​ក៏ដោយ៖ « ជា​រួម ខ្ញុំ​បាន​ ជម្រាប​ជូន ​ហ្នឹង។ ទី​មួយ គឺ​អាជ្ញាធរ​ខេត្ត ​បាន​ ត្រៀម​លក្ខណៈ ​ជួយ​ បង​ប្អូន​ជម្លៀស​បង​ប្អូន ទៅ​កាន់ ​ទីទួល​សុវត្ថិភាព។ អា​នេះ យើង​បាន​ ត្រៀម​លក្ខណៈ ក្នុង​ករណី ​លិច​ភូមិ​របស់​ បង​ប្អូន »

អភិបាល​ខេត្ត​ដដែល​បញ្ជាក់​ថា ការ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ទេ ហើយ​ក៏​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់​ដោយ​ទឹក​ជំនន់​ដែរ ប៉ុន្តែ​បើ​មាន​ការ​ខូចខាត​ស្រូវ​ពលរដ្ឋ​ច្រើន អាជ្ញាធរ​ខេត្ត​ក៏​បាន​ត្រៀម​ពូជ​ស្រូវ​មួយ​ចំនួន​ផ្តល់​ជូន​ពួក​គាត់​នៅ​ក្រោយ​ពេល​ទឹក​ស្រក។

ក្រៅ​ពី​ត្រៀម​លក្ខណៈ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​តាមដាន​ស្ថានភាព​ទឹក​ជំនន់ ព្រម​ទាំង​ពិនិត្យ​ស្ថានភាព​រស់នៅ​ដល់​ពលរដ្ឋ​ហើយ លោក សុខ លូ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ដង​ស្ទឹងសែន និង​តំបន់​ផ្សេង​ទៀត ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​កូន​ចៅ​តូចៗ​របស់​ខ្លួន។ បន្ថែម​ពី​នេះ ត្រូវ​ត្រៀម​លក្ខណៈ​ស្វែងរក​ទីទួល​សុវត្ថិភាព និង​សហការ​ជាមួយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​មូលដ្ឋាន ប្រសិន​បើ​មាន​បញ្ហា​ប្រឈម​កើត​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។